តើបុណ្យមិនយក
បាបក៏មិនយក មានន័យថាយ៉ាងម៉េច?
តាមចម្លើយរបស់ព្រះតេជគុណ ព្រះមហាបវរវិទ្យ
រតនជោតោ ដែលគោលគំនិតល្អដើម្បីជីវិត សូមស្រង់នូវសេចក្ដីនេះ
សរសេរទុកក្នុងគេហទំព័ររបស់ខ្លួន ដើម្បីបានជាប្រយោជន៍ សម្រាប់ប្រិយមិត្តអ្នកអាន
បានក្នុងការគិតពិចារណា ហើយបានជាប្រទីបបំភ្លឺគំនិត សតិបញ្ញា
ដើម្បីឲ្យខ្លួនជ្រើសរើសយកទៅអនុវត្តឲ្យបានត្រឹមត្រូវ
តាមអ្វីដែលព្រះពុទ្ធសាសនាបានអប់រំ សម្រាប់សេចក្ដីសុខចំរើនអស់កាលដ៏យូរអង្វែង ។ បុគ្គលដែលមានផ្នត់គំនិតយល់ឃើញថា
បាបមិនយក បុណ្យក៏មិនយកនេះ លោកមានថេរដីកាឆ្លើបតបនូវសំនួរនេះយ៉ាងណានោះ
សូមប្រិយមិត្តអ្នកអាន អាចចុចមើលខ្លឹមសារសេចក្ដីនេះ ដូចខាងក្រោម៖
បុគ្គលដែលមានគំនិតយល់ឃើញថា បុណ្យមិនយក បាបក៏មិនយក មានន័យ២ប្រការ ពោលគឺ ប្រការទីមួយ ជាបុគ្គលដែលមិនធ្វើទាំងបុណ្យ មិនធ្វើទាំងបាប គឺក្នុងន័យថា មិនធ្វើអ្វីទាំងអស់ក្នុងផ្លូវកាយ និងវាចា ដែលសំដែងឲ្យឃើញជាអាការៈប្រាកដបាន តែសម្រាប់ផ្លូវចិត្តវិញមិនប្រាកដទេ ព្រោះតួមនោកម្ម វាកើតឡើងបានងាយខ្លាំងណាស់ អាចគិតក្នុងផ្លូវល្អ អាចគិតទៅក្នុងផ្លូវអាក្រក់ ក៏អាចថាបាន ដរាបណាខ្លួននៅជាបុថុជ្ជន តែងតែមានឱកាសភ្លាំងភ្លាត់បានជានិច្ច ។ ជួនកាល ខ្លួនថ្នាក់ដល់មានការយល់ច្រឡំខុស ដែលជាគំនិតមិច្ឆាទិដ្ឋិ ដោយយល់ច្រឡំគិតថាខ្លួនឯងបានដើរតាមផ្លូវកណ្ដាល ហើយប្រព្រឹត្តិកម្មបែបនេះ គឺជាលក្ខណៈរបស់បុគ្គលដែលមានសេចក្ដីប្រមាទ បើមិនទទួលបានការអប់រំហ្វឹកហ្វឺនផ្លូវចិត្តឲ្យបានគ្រប់គ្រាន់ ទាំងមិនបានអប់រំសតិបញ្ញាឲ្យបានខ្ពស់ទេ កាលបើមានអារម្មណ៍ណាមួយចូលមកប៉ះទង្គិច រមែងគ្រប់គ្រងអារម្មណ៍របស់ខ្លួននោះមិនបានឡើយ ។
ចំណែកឯប្រភេទទីពីរនេះវិញ ជាលក្ខណៈរបស់ព្រះអរហន្ដ
ដែលលោកមានចិត្តនឹងថឹងភ្ជាប់ភ្ជួនមួនមាំល្អហើយ អាចហ៊ាន
មានសតិបញ្ញាមុតស្រួចភ្លឺច្បាស់ បានពិចារណាឃើញនូវសង្ខារ និងសភាវធម៌ទាំងឡាយទាំងពួង
សុទ្ធតែធ្លាក់ចុះក្នុងច្បាប់នៃត្រៃលក្ខណ៍គឺ អនិច្ចំ ទុក្ខំ និងអនត្តា
សុទ្ធតែកើតឡើងហើយរលត់ទៅវិញទាំងអស់ ទើបមិនមានភាពកង្វល់
អាឡោះអាល័យអារម្មណ៍មានចិត្តផូរផង់បរិសុទ្ធស្អាតមុតហ្មង ។
អានិសង្សនៃគុណសម្បត្តិរបស់លោក ដែលជាហេតុបង្កឲ្យកើតជាបុណ្យ ទើបមិនមានផលណាធ្វើឲ្យចិត្តរបស់លោកប៉ោងឡើងផតចុះ
ឃ្លេងឃ្លោង និងស្រស់ស្រាយរីករាយដោយបីតិបមោជ្ជៈជាមួយផលបុណ្យនោះ គឺលោកដាក់ចុះបាន
លះបង់បាន មិនតោងប្រកាន់មាំបុណ្យកុសលនោះ ចំណែកឯបាបនោះ មិនចាំបាច់និយាយទៅថ្វី
ព្រោះលោកលែងតោងប្រកាន់មាំយូរមកហើយ ។
ដូចនោះ
បុគ្គលដែលមានបញ្ញាគប្បីធ្វើបុណ្យនោះឲ្យបានរឿយៗ
សមដូចពុទ្ធតម្រាស់ថា “សុខោ បុញ្ញស្ស ឧច្ចយោ ការសន្សំនូវបុណ្យ
រមែងនាំសេចក្ដីសុខមកឲ្យ”។ បើដឹងថាខ្លួនថា មិនបានធ្វើបុណ្យក្នុងគ្រាណា
ក៏ត្រូវប្រញាប់ធ្វើនូវបុណ្យនោះភ្លាម ព្រោះបើបង្អង់ពន្យាពេលមិនប្រញាប់ធ្វើបុណ្យនេះទេ
មិនយូរមិនឆាប់ទេ ចិត្តបាបអកុសលនឹងមកជំនួសវិញ លែងមានឱកាសបានកសាងសន្សំបុណ្យនេះតទៅទៀត
។ មនុស្សយើងកើតមកច្រើនភព ច្រើនជាតិកំណើត ហើយក៏មិនដឹងនឹងកើតប៉ុន្មានជាតិកំណើតតទៅទៀតដែរ
ព្រោះហេតុតែយើងមិនដឹងនេះឯង ទើបយើងត្រូវស្វះស្វែងរកស្បៀងបង្កាទុកឲ្យហើយ សម្រាប់ការធ្វើដំណើរឆ្លងភពឆ្លងជាតិ
ដូចជា ព្រះពុទ្ធអង្គ កាលទ្រង់សោយជាតិកំណើតជាព្រះពោធិសត្វក្ដី
ព្រះអរិយសាវកដែលបានសម្រេចមគ្គផលនិព្វានទៅហើយក្ដី សុទ្ធតែជាអ្នកបានសន្សំបុណ្យបារមីមកទាំងអស់
។ តួបុណ្យកុសលមិនមែនជារនាំងរារាំងព្រះនិព្វានទេ តែបុណ្យកុសលទាំងអស់នេះ
ជាអ្នកជាជួយទំនុកបំរុងគាំទ្រឲ្យមានបដិបទា ក្នុងការធ្វើព្រះនិព្វានឲ្យជាក់ច្បាស់
ហើយពាក្យថា បុណ្យកុសលនេះ ក៏មានអត្ថន័យធំទូលាយណាស់ដែរ ។ដូចនេះ
ព្រះអង្គទ្រង់ត្រាស់សំដែងថា ហេតុដែលនាំឲ្យសម្រេចបានជាបុណ្យកុសលនេះ មាន១០ប្រការ
ដូចខាងក្រោម៖
១) ទានមយៈ បុណ្យសម្រេចដោយការលះវត្ថុរបស់ខាងក្រៅឲ្យជាទាន
ជាការលះបង់នូវសេចក្ដីកំណាញ់ស្វិតដែលជាប់ស្អិតនៅក្នុងខន្ធសន្តានរបស់មនុស្ស និងសាងក្ដីមេត្តា ករុណាធម៌ឲ្យកើតឡើងក្នុងចិត្ត ឲ្យចិត្តមានសភាពទន់ភ្លន់
ប្រកបព្រមដោយសេចក្ដីសុខ មិនបៀតបៀតយកប្រៀបអ្នកដទៃ មិនវាយប្រហារគ្នានិងគ្នា ឲ្យកើតជាបុណ្យតែម្យ៉ាងប៉ុណ្ណោះ ដែលខ្លួនត្រូវលះទ្រព្យសម្បត្តិមាសប្រាក់ធ្វើជាទាន ជាដើម ។
២) សីលមយៈ
បុណ្យសម្រេចដោយការរក្សាសីល បុគ្គលរក្សាសីល រមែងមានជីវិតសុវត្ថិភាព
ឋិតថេរចេរកាលយូរអង្វេង ស្ងប់ត្រជាក់កាយនិងចិត្ត ។
៣) ភាវនាមយៈ បុណ្យសម្រេចដោយការចំរើនចិត្តឲ្យមានសតិបញ្ញារីកចម្រើន
ដឹងទាន់សភាវធម៌ទាំងឡាយទាំងពួង រហូតដល់បានសណ្ដកឫសគល់អកុសលធម៌ក្នុងតណ្ហាទាំងមូលអស់
នឹងមិនធ្លាក់ខ្លួនទៅជាទាសៈខ្ញុំកញ្ចាស់របស់អារម្មណ៍នោះៗ ។
៤) អបចាយនមយៈ
បុណ្យសម្រេចដោយការប្រព្រឹត្តឱនលំទោនដាក់បន្ទាបនូវខ្លួន មិនច្រលើសបើស មិនកោងកាច មិនច្រងេងច្រងាង
មិនអួតក្អេងក្អាង និងផ្ដល់ការគោរពមតិយោបល់របស់អ្នកដទៃ ។
៥)
វេយ្យាវច្ចមយៈ
បុណ្យសម្រេចដោយការខ្វល់ខ្វាយជួយឈឺឆ្អាលក្នុងកិច្ចការតាមកម្លាំងយើងមាន
មិនថាជាកម្លាំងកាយក្ដី កម្លាំងទ្រព្យក្ដី និងកម្លាំងសតិបញ្ញាក្ដី
មិននៅព្រងើយកន្តើយនៅស្ងៀមធ្វើហីៗ កាលបើមានឱកាសនឹងបានធ្វើ បានប្រព្រឹត្តនោះ ។
៦) បត្តិទានមយៈ
បុណ្យសម្រេចដោយការឧទ្ទិសចំណែកបុណ្យកុសលឲ្យដល់អ្នកដទៃ ដែលមានព្រះគុណ ដូចជាមាតាបិតា
។ល។ និងសព្វសត្វទាំងឡាយ ជាការតបស្នងសងគុណបុណ្យ ដែលបុព្វជនបានគិតស្រាវជ្រាវគាស់កកាយរកឃើញនូវវត្ថុរបស់ផ្សេងៗ
ដល់យើងគ្រប់គ្នាបានសេពសោយសុខក្នុងពេលបច្ចុប្បន្ននេះ ចាត់ទុកថាអំពើនេះ
ជាការសំដែងនូវកតញ្ញូតកវេទីធម៌ ដើម្បីឲ្យអនុជនជំនាន់ក្រោយបានមើលឃើញ យកជាគំរូតាមផង ។
៧)
បត្តានុមោទនាមយៈ បុណ្យសម្រេចដោយការត្រេកអរអនុមោទនា ការសម្រេចសមបំណងរបស់អ្នកដទៃ
ជាការកាត់បន្ថយភាពច្រណែនឫត្យានៃឧបកិលេស ដែលជាមន្ទិលសៅហ្មងដល់ចិត្ត ឲ្យផុតស្រឡះចេញពីខន្ធសន្តានរបស់ខ្លួន
។
៨)
ធម្មស្សវនមយៈ
បុណ្យសម្រេចដោយការស្ដាប់ធម្មៈ បើសិនបានស្ដាប់ធម្មៈញឹកញយៗ
នឹងធ្វើឲ្យមានភាពច្បាស់ឡើងក្នុងសារធម្មៈច្រើនឡើង រហូតដល់បាត់អស់នូវមន្ទិលសង្ស័យ
រហូតដល់កើតមានបញ្ញាក្នុងការដោះស្រាយបញ្ហា និងឧបសគ្គនានា
រហូតដល់អាចយកឈ្នះកិលេសទាំងឡាយទាំងពួងបានជាស្ថាពរ ។
៩)
ធម្មទេសនាមយៈ បុណ្យសម្រេចដោយការសំដែង ពោលថ្លែងពន្យល់ប្រាប់ និងប្រកាសធម្មៈ ដែលជាសច្ចធម៌បំភ្លឺលោកា ឲ្យសព្វសត្វមានចក្ខុភ្លឺច្បាស់ អំពីត្រៃលក្ខណ៍ធម៌។
កាលបើមានសេចក្ដីយល់ដោយច្បាស់លាស់ក្នុងបរិយត្តិធម៌ បដិបត្តិធម៌ និងបដិវេធធម៌ហើយ
ទើបបានចែករំលែកពោលប្រាប់ក្នុងសារធម្មៈឲ្យដល់អ្នកដទៃ មានសេចក្ដីយល់
និងទទួលបានអត្ថប្រយោជន៍ពីការស្ដាប់ធម៌នោះៗ ។
១០)
ទិដ្ឋុជុកម្មៈ បុណ្យសម្រេចដោយការយល់ឃើញត្រូវតាមសភាវៈពិត
មិនមែនលុះក្នុងអគតិធម៌ចូលមកបាំងបិទ ពោលគឺការបានឃើញ បានយល់ដ៏ត្រឹមត្រូវក្នុងរឿងបាប
បុណ្យ គុណ ទោស រឿងណាមានខ្លឹមសារ រឿងណាគ្មានខ្លឹមសារ រហូតដល់ធ្វើខ្លួនឲ្យរួចផុតស្រឡះអំពីអន្ទាក់នៃមារ
កើត ចាស់ ឈឺ ស្លាប់ រួចផុតអំពីវដ្ដសង្សារ សម្រេចមគ្គផលនិព្វាន ជាទីអាវសានហោង ។
សរុបរួមមកវិញ ក្នុងចម្លើយតបខាងលើនេះ
អាចបញ្ជាក់អំពីគតិរបស់បុគ្គល ដែលមានគំនិតយល់ឃើញថា បាបមិនយក បុណ្យក៏មិនយក នោះមានពីរចំណុចគឺ
មួយ ដែលជាគំនិតរបស់បុថុជ្ជន មិនអាចយកជាគតិបានថា គិតបែបនេះពិតប្រាកដបានទេ
ជួនកាលអាចគិតក្នុងបាបអកុសលក្នុងផ្លូវមិច្ឆាទិដ្ឋិក៏មាន ជួនកាលអាចគិតក្នុងបុណ្យកុសល
ដែលជាសម្មាទិដ្ឋិក៏មាន។ បុគ្គលដែលរង់ចាំពេល ពន្យាពេល
មិនប្រញាប់ប្រញាល់ធ្វើបុណ្យកុសលនេះ អាចជាឱកាសបើកឲ្យបាបអកុស ចូលមកដេកត្រាំសង្ងំក្នុងចិត្តយើងជំនួសវិញ ។
ដូច្នោះហើយ បុគ្គលដែលមានបញ្ញាដឹងច្បាស់ហើយ ត្រូវធ្វើបុណ្យនេះឲ្យបានរឿយៗ ព្រោះថាការធ្វើបុណ្យនេះ
រមែងនាំសេចក្ដីសុខមកឲ្យ ។ បុណ្យនេះឯង រមែងជាទីពឹងពំនាក់របស់សត្វនៅក្នុងបរលោក។
យើងបានសិក្សាឈ្វេងយល់ដំណើរកសាងបារមីរបស់ព្រះពុទ្ធ កាលនៅជាបរមពោធិសត្វ និងអរិយសាវកដែលបានសម្រេចចូលកាន់ព្រះនិព្វាននោះ
ព្រោះអាស្រ័យផលបុណ្យដែលខ្លួនបានធ្វើសន្សំនេះទាំងអស់។
បុណ្យកុសលនៅក្នុងព្រះពុទ្ធសាសនានេះ
មានច្រើនយ៉ាងច្រើនប្រការណាស់ តែក្នុងថ្ងៃនេះគោលគំនិតល្អដើម្បីជីវិតបានលើកយក នូវការសំដែងឆ្លើយតបរបស់បុគ្គលបាបមិនយក
បុណ្យក៏មិនយក តាមថេរដីការបស់ព្រះមហាបវរវិទ្យ រតនជោតោ
ដែលគោលគំនិតល្អដើម្បីជីវិតបានសរសេរបកស្រាយពន្យល់ខាងលើបែបសង្ខេបខ្លីមកហើយ។ ថ្ងៃនេះ បើអ្នកចេះពីការធ្វើបុណ្យ អ្នកនឹងបានយល់ក្នុងប្រធានបទខាងលើជាក់ជាមិនខានឡើយ គោលគំនិតល្អដើម្បីជីវិតត្រឹមតែផ្ដល់ឧទាហរណ៍មួយឲ្យគិតថា បើបុគ្គលឡើងដើមត្នោតដល់ចុងត្នោត ស្រាប់តែលែងដៃទាំងពីររបស់ខ្លួនចេញ សួរថា តើបុគ្គលនោះនឹងទៅណា មកក្រោមឬក៏ទៅលើ? យ៉ាងណាមិញ បុគ្គលដែលមានចិត្ត ជីវិតនៅជាបុុថុជ្ជននៅឡើយ អាចដូចជាបុគ្គលឡើងដើមត្នោតនោះ ក៏អាចថាបាន ៕
ប្រភព៖ទស្សនាវដ្ដី Secret និង Dhamma
Daily ឬក៏dhammadaily2015@gmail.com
ប្រែ.ចាន់/គោលគំនិតល្អដើម្បីជីវិត
នៅថ្ងៃទី១រោច ខែភទ្របទ ឆ្នាំរកា នព្វស័កព.២៥៦១
No comments:
Post a Comment