Tuesday, September 5, 2017

បច្ចេកវិទ្យារបស់ចិត្ត អត្ថបទអប់រំក្នុងការគិត


បច្ចេកវិទ្យារបស់ចិត្ត អត្ថបទអប់រំក្នុងការគិត

ប្រិយមិត្តអ្នកអានប្រហែលជានឹកស្មានទុកមុនហើយថា តើគោលគំនិតល្អដើម្បីជីវិតនឹងសរសេរអំពីរឿងអ្វី? ជួនកាលប្រិយមិត្តអ្នកអានអាចគិតទុកថា តើបច្ចេកវិទ្យាទាក់ទង់ជាមួយចិត្តបានយ៉ាងដូចម្ដេច? តើចិត្តមានបច្ចេកវិទ្យាផងដែរឬ? តើការធ្វើការងាររបស់គ្រឿងបច្ចេកវិទ្យាដូចជាចិត្តដែរឬ? ក្នុងបញ្ហាកម្មនេះ អាចមានសំនួរសួរចោទជាបញ្ហាច្រើន ដែលកើតឡើង។ ដើម្បីឈ្វេងយល់នូវបញ្ហាកម្មនេះ ប្រិយមិត្តអ្នកអានអាចចុចអានមើលខ្លឹមសារទាំងនេះ ដូចមានសេចក្ដីខាងក្រោម៖


គោលគំនិតល្អដើម្បីជីវិត នឹងមានគំនិតថា វត្ថុគ្រប់បែបយ៉ាងដែលបានកំពុងប្រើប្រាស់សព្វថ្ងៃនេះ ដែលមនុស្សផលិតឡើងបានមកនេះ សុទ្ធតែចេញមកអំពីថាមពលរបស់ចិត្តមុនទាំងអស់ ប្រការបន្ទាប់មកគឺការកែច្នៃប្រឌិតត្រាប់តាមម៉ូដែលរបស់ធម្មជាតិ ។ ដូចជាយើងទាំងគ្នាបានមើលឃើញបក្សាបក្សីហោះហើរលើអាកាសវេហារ ក៏ចង់ហោះហើរដូចជាបក្សាបក្សីទាំងនោះដែរ ម្លោះហើយចិត្តក៏គិតរកមធ្យោយ រកវិធីផលិតគ្រឿងហោះ ដែលបំពាក់ម៉ាស៊ីន ក្រោយមកក៏បានក្លាយជាយន្តហោះ ដូចយើងឃើញសព្វថ្ងៃនេះស្រាប់ ។ ម្យ៉ាងទៀតយើងមើលឃើញត្រីហែលច្រមុជក្នុងទឹក មនុស្សយើងក៏ចង់ជ្រមុជក្នុងទឹកដូចជាត្រីដែរ  ដូច្នេះ ចិត្តក៏សញ្ជឹងគិតរកនឹកវិធីសាងនាវាជ្រមុជទឹកទៅ ។ សួរថា តើបច្ចេកវិទ្យាទាំងអស់នេះ ដែលបានកើតឡើងដោយសារអ្វី? បើមិនកើតឡើងដោយសារចិត្តរបស់មនុស្សយើងមិនអ៊ីចឹង!

បើយើងក្រឡេកបែរមកមើលចិត្ត ជាមួយនឹងប្រព័ន្ធការងាររបស់កុំព្យូទ័រ ដែលចិត្តមនុស្សផលិតឡើងមកប្រើការងារជំនួសសមត្ថភាពការចងចាំរបស់មនុស្ស ។ មនុស្សក៏បានផលិតត្រាប់តាមបែបប្រព័ន្ធរូបរាងកាយ គឺខួរក្បាល និងចិត្តរបស់យើងនេះឯង បង្កើតឲ្យមានហាដវែរ៍ និងហ្សហ្វវែរ៍ ធ្វើការងាររួមគ្នា មានប្រព័ន្ធអង្គចងចាំ ប្រព័ន្ធការពារមេរោគ (វ៉ៃរើស) ប្រព័ន្ធលុបទិន្នន័យ ដែលមានការខូចខាតហើយ និងដំឡើងកម្មវិធីថ្មី ដើម្បីប្រើប្រាស់បានជាបន្តទៅទៀត ។

ការធ្វើការងាររបស់កុំព្យូទ័រ ត្រាប់តាមបែបប្រព័ន្ធធ្វើការងាររបស់រូបរាងកាយ និងចិត្តរបស់មនុស្សយើងគ្រប់យ៉ាង ។ ចំណែកខាងព្រះពុទ្ធសាសនា ព្រះពុទ្ធអង្គទ្រង់ឈ្វេងយល់ថា តទៅអនាគតខាងមុខ មនុស្សនឹងលំបាកខ្លាំង ព្រោះតែមានឧបករណ៍បច្ចេកវិទ្យាមកបន្ថែមល្បឿនរបស់ចិត្ត បន្ថែមអង្គចងចាំ មនុស្សនឹងឈប់មិនបាន និងមិនអាចធ្វើការងារបានដោយខ្លួនឯង ខួរក្បាលមិនអាចធ្វើបាន ព្រោះតែមានម៉ាស៊ីនមកជួយខ្លួន ។ ព្រះពុទ្ធអង្គ ទ្រង់ឈ្វេងយល់ ប្រមើលមើលឃើញថា ទោះបីមានបច្ចេកវិទ្យាទំនើបបែបនេះក៏ដោយ ក៏មិនអាចធ្វើការងារល្អិតល្អន់ស្មើនឹងចិត្តបានដែរ មនុស្សអាចគិតបាន ប៉ុន្តែកុំព្យូទ័រមិនអាចគិតបាន ធ្វើបានត្រឹមតែត្រាប់ច្បាប់ចម្លងប៉ុណ្ណោះ ។

ព្រះពុទ្ធអង្គ ទ្រង់កសាងប្រព័ន្ធការងាររបស់ចិត្តឡើងជាគោលការណ៍បី ពោលគឺ ត្រៃសិក្ខា បានដល់សីលសិក្ខា សមាធិសិក្ខា និងបញ្ញាសិក្ខា ។ សីល ព្រះពុទ្ធអង្គទ្រង់សំដែងទុកដូចជាប្រព័ន្ធការពារមេរោគ (វ៉ៃរើស) ព្រះពុទ្ធអង្គ ទ្រង់សំដែងថា កិលេសរបស់មនុស្ស ទុកដូចជាវ៉ៃរើស(មេរោគ) ។ សមាធិ ព្រះអង្គទ្រង់សំដែងទុកដូចជាប្រព័ន្ធអង្គចងចាំ រៀបចំប្រមូលទិន្នន័យផ្សេងៗរបស់ចិត្ត ធ្វើឲ្យការគិតតាមបែបបទជាប្រព័ន្ធ ឲ្យទៅតាមលំដាប់លំដោយរបស់វា។ បញ្ញា ព្រះអង្គទ្រង់សំដែងប្រៀបដូចជាប្រព័ន្ធលុបបំបាត់ចោលទិន្នន័យ ដែលមានការខូចចេញ ហើយតម្ដើងកម្មវិធីសាថ្មី ឲ្យម៉ាស៊ីននេះមានដំណើរការដើរស្រួលឡើងវិញ។  ព្រះពុទ្ធអង្គទ្រង់ហៅថា វិបស្សនា គឺជាគ្រឿងពិចារណារឿងរ៉ាវដាក់ចុះ ទំនេរ ត្រជាក់ មិនតោងប្រកាន់មាំក្នុងវត្ថុអ្វីមួយ មើលឃើញអ្វីគ្រប់យ៉ាងដែលនៅជុំវិញខ្លួន សុទ្ធតែមានការប្រែប្រួល ទ្រាំបានដោយលំបាក និងមិនស្ថិតនៅក្រោមអំណាចរបស់ខ្លួន សត្វ បុគ្គល យើង គេឡើយ ។

កាលណាបើបានដាក់ចុះ ទម្លាក់ចោលយ៉ាងនេះហើយ ក៏មានឈ្មោះថា លុបទិន្នន័យទាំងអស់នោះចោល ដោយមិនចាំបាច់ដំឡើងកម្មវិធីថ្មីតទៅទៀត ។ ព្រះពុទ្ធអង្គទ្រង់បានហៅអង្គធាតុនេះថា និព្វានគឺមានន័យថា លុបបំបាត់ទុក្ខទាំងឡាយទាំងពួងក្នុងសង្សារវដ្ដនេះឲ្យអស់ ។

រួមសេចក្ដីមក ការរីកចំរើនរបស់បច្ចេកវិទ្យានៃវិទ្យាសាស្ត្រនេះ កាន់តែទំនើបទៅៗ ដើម្បីបំរើការងាយស្រួលដល់មនុស្សលោក ប៉ុន្តែបច្ចេកវិទ្យាទាំងនេះ នាំផលលំបាកដល់មនុស្សវិញ ដូចជា អសកម្មភាពមួយចំនួន ធ្វើឲ្យកិលេសតណ្ហារបស់មនុស្សកើនឡើងខ្ពស់ មនុស្សត្រូវការស្វែងរកអ្វីផ្សេងៗដើម្បីយកមកដោះដូរវត្ថុ ដែលខ្លួនត្រូវការជានិច្ចគ្មានពេលណាឈប់ មនុស្សរស់នៅខ្វះសេចក្ដីសុខផ្លូវចិត្តអស់ ។ បច្ចេកវិទ្យានេះ លោកប្រៀបប្រដូចការងាររបស់រូបកាយ និងចិត្ត ព្រោះចិត្តនិងកាយនេះ ត្រូវមានប្រព័ន្ធការពារ ការរៀបចំទុកដាក់ទិន្នន័យឲ្យបានល្អទៅតាមលំដាប់លំដោយ និងការលុបបំបាត់ទិន្នន័យដែលមានការខូចបង់ ដែលមិនអាចដំណើរការបាន ។ ព្រះពុទ្ធទ្រង់សំដែងប្រព័ន្ធកាយនិងចិត្ត គ្រប់គ្រងត្រូវអាស្រ័យលើអង្គធាតុ៣ គឺសីល ទុកដូចជាប្រព័ន្ធការពារមេរោគ គឺកិលេសគ្រឿងស្មៅហ្មងរបស់ចិត្ត សមាធិ ទុកដូចជាអង្គចងចាំ រៀបចំទិន្នន័យឲ្យបានល្អទៅតាមលំដាប់លំដោយ មិនឲ្យច្របូកច្របល់គ្នា បញ្ញា ទុកដូចអង្គលុបបំបាត់ចោលនូវទិន្នន័យ ដែលមានការខូច ហើយដំឡើងបច្ចូលកម្មវិធីថ្មីអាចប្រើប្រាស់ឡើងវិញបាន រីឯវិបស្សនាបញ្ញា ទុកដូចអង្គធាតុលុបបំបាត់ចោលនូវទិន្នន័យខូចទាំងអស់ មិនអាចដំឡើងប្រើប្រាស់វិញបាន ពោលគឺ និព្វាន ៕  

អប់រំដោយ
លោកម្ចាស់បិយសោភណ
ប្រែ.ចាន់/គោលគំនិតល្អដើម្បីជីវិត

No comments:

Post a Comment