Monday, September 4, 2017

បរាជ័យ៩ដងជោគជ័យតែម្ដងក៏យក គន្លឹះជោគជ័យរបស់ក្រុមហ៊ុនយ៉ូកណិកខ្លូ


 បរាជ័យ៩ដងជោគជ័យម្ដងក៏យក គន្លឹះជោគជ័យរបស់ក្រុមហ៊ុនយ៉ូកណិកក្លូក 

សព្វថ្ងៃនេះ យើងអាចមើលឃើញមនុស្សជាច្រើនណាស់ ចូលចិត្តរកស៊ី ជាងទៅស្វះស្វែងរកការងារធ្វើឲ្យគេ ។ ទោះបីជាការរកស៊ី មានមុខរបរតូចក្ដី ធំក្ដី ជោគជ័យក្ដី បរាជ័យក្ដី ក៏ពួកគេធ្វើដែរ។


ការរកស៊ីនេះទៀតសោត អ្នកខ្លះបង្កើតការរកស៊ីឡើងដោយគំនិតខ្លួនឯង គ្មានបទពិសោធ គ្មានចំណេះដឹងច្បាស់លាស់ ឃើញគេធ្វើ ឃើញគេរក ឃើញគេមាន ក៏ធ្វើឲ្យចិត្តចង់រកស៊ីហ្នឹងគេដែរទៅ។ ហើយអ្នកខ្លះទៀត ចេះរកស៊ីតាមរយៈគ្រួសារ ដែលធ្លាប់ធ្វើកិច្ចការងារនេះ អស់រយៈពេលយ៉ាងយូរ សឹងតែថា មួយជីវិតរបស់គ្រួសារគេ បានពឹងផ្អែកលើមុខរបររកស៊ីមួយនេះ ដោយមិនបានសិក្សារៀនសូត្រពីណាមកពីអ្នកណា មកពីសាលាណាទេ គេថាមានចំណេះធ្វើ តែគ្មានទ្រឹស្ដីបទ ឬចេះគ្មានគ្រូ។ ហើយមួយទៀត អ្នកដែលបានចូលសិក្សាក្នុងសាលា ចេញមកវិញ រៀនធ្វើកិច្ចការងាររកស៊ីនេះ តាមមុខជំនាញ តាមចំណេះរបស់ខ្លួន បូកផ្សំពីបំនិនគ្រួសារអ្នកធ្លាប់រកស៊ីផង ក៏ចេះតែរកស៊ីបន្ដទៅទៀត លើមុខរបរមួយនេះ។

បុគ្គលខាងក្រោមនេះ គឺជាបុគ្គលដែលរកស៊ីមានភាពប៉ិនប្រសព្វជាង ហើយអាចរកឃើញពីគន្លឹះជោគជ័យ អាចពង្រីកមុខរបររកស៊ីពីតូច(ប្រពៃណី) ឡើងទៅដល់ការបើកក្រុមហ៊ុនរកស៊ីធំៗបាន។ ឧទាហណ៍មួយ របស់ស្ថាបនិកក្រុមហ៊ុន យ៉ូណាកអ៊ិក និងអនុសាសន៍មួយចំនួនរបស់ស្ថាបនិករូបនេះ ដូចមានសេចក្ដីខាងក្រោម៖

បុគ្គលគ្រប់គ្រងលំដាប់ខ្ពស់បំផុត ក្នុងការរៀបចំលេខរៀង មហាសេដ្ឋី៤០រូបរបស់ប្រទេសជប៉ុនដោយទស្សនាវដ្ដីហ្វប កាលពីឆ្នាំ២០១២ និង ២០១៣ កន្លងទៅ គឺលោក តាកដាកស៊ិក យ៉ាកណាកអ៊ិក ប្រធានក្រុមហ៊ុនយ៉ូកណិកខ្លូ ដែលជាក្រុមហ៊ុនលក់សំលៀកបំពាក់ ដែលមានទំហំធំបំផុតក្នុងប្រទេសជប៉ុន និងធំលំដាប់លេខ៤របស់ពិភពលោក ដោយមានទ្រព្យសម្បត្តិគិតជាតម្លៃទឹកប្រាក់ប្រហែលជា ៦,១០០ លានដុល្លា យូអេសអេ ។ លោក យ៉ាកណាកអ៊ិក បញ្ចប់ការសិក្សាពីមហាវិទ្យាល័យ រដ្ឋសាស្ត្រ និងសេដ្ឋសាស្ត្រ នៃមហាវិទ្យាល័យវ៉ាសេដាក និងចាប់ផ្ដើមធ្វើការងារនៅឯក្រុមហ៊ុនចាកកូក (បច្ចុប្បន្នគឺ អ៊ីអនរីថេល) ប៉ុន្តែធ្វើការងារនេះ បានត្រឹមតែ៩ខែ ក៏ដាក់ពាក្យលាឈប់ពីការងារ ត្រឡប់ទៅធ្វើការឲ្យក្រុមហ៊ុន អូកកូករិក សូកជិកហាងលក់សំលៀកបំពាក់សម្រាប់បុរស ដែលជាក្រុមហ៊ុនរបស់លោកប៉ាលោកនៅឯស្រុកកំណើត ក្នុងក្រុង អុកប៉ិក ជាទីក្រុងតូចមួយ ដែលមានសភាពស្ងប់ស្ងាត់ក្នុងខេត្តយ៉ាកម៉ាកង៉ុកជិក និងបានអភិវឌ្ឍក្រុមហ៊ុនតូចមួយនេះឲ្យក្លាយជាក្រុមហ៊ុនធំ ដែលមានកេរ្ដិ៍ឈ្មោះបោះសំឡេងពាសពេញសាកលលោក ។

ខណៈពេលដែលយើងកំពុងគិតថា គាត់ប្រហែលជាជោគជ័យគ្រប់ពេលហើយមើលទៅ ប៉ុន្តែតាមការពិតលោក យ៉ាកណាកអ៊ិក បាននិពន្ធសៀវភៅមួយក្បាល ដែលមានចំណងជើងថា ឈ្នះមួយ ចាញ់ប្រាំបួន។ ក្នុងសៀវភៅមួយក្បាលនេះ លោកបានបង្ហើបបង្ហាញប្រាប់ថា រូបលោកបានដាក់ផែនការធ្វើ ១០យ៉ាង ប៉ុន្តែវាបានបរាជ័យអស់ទៅ ៩ យ៉ាងហើយ បានជោគជ័យតែមួយគត់ ដែលបានធ្វើឲ្យរូបលោកមកដល់ចំណុចឈរសព្វថ្ងៃនេះ ។

ទោះបីត្រូវបរាជ័យច្រើនលើកច្រើនសាក៏ដោយ បើសិនវាអាចស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួនឯងបាន ដូចជា មិនបង្កឲ្យកើនប្រាក់បំណុលច្រើនពេក យើងគ្រប់គ្នាអាចក្រោកឡើងតស៊ូសាជាថ្មីបានជានិច្ច ព្រមទាំងបានសាកល្បងធ្វើកិច្ចការផ្សេងៗច្រើនយ៉ាងថែមទៀត នឹងជាការបើកឱកាសឲ្យយើងជួបភាពជោគជ័យដ៏ត្រចះត្រចង់នៅពេលណាមួយជាក់ជាមិនខាន ។ យើងមិនត្រូវសង្ឃឹមរំពឹងខ្ពស់ដល់ធ្វើជំនួញលំដាប់លោក ដូចយ៉ាងលោក យ៉ាកណាកអ៊ិក ទេ យើងគ្រាន់តែគិតក្នុងចំណុចជោគជ័យតូចៗក្នុងមួយថ្ងៃៗនេះប៉ុណ្ណោះ ។ ត្រង់ចំណុចនេះចង់ប្រាប់ថា ឲ្យសាកល្បងលោមើល៍ ប្រហែលមិនដល់បង់ខាតទុនអ្វីច្រើនពេកទេ បើពិតជាដូច្នោះ យើងត្រូវហ៊ានបរាជ័យបន្ដិចហើយទើបបាន ។ ឲ្យសាកល្បងធ្វើនេះធ្វើនោះច្រើនកិច្ចការ បើជោគជ័យមួយណាយកមួយហ្នឹងទៅ ។ ជាចុងក្រោយនេះ ភាពបរាជ័យក៏ជាវិថីមួយទៅកាន់ភាពជោគជ័យនុ៎ះឯង ដូចពាក្យដែលស្មេរធ្លាប់និយាយនៅពេលប្រឡងធ្លាក់ម្ដង បានរំលឹកខ្លួនឯងថា ភាពបរាជ័យ ជាមាតានៃជ័យជំនះ។ មុនពេលខ្លួនអ្នកដទៃមានចលនាធ្វើ ហើយយើងក៏បានចាប់ផ្ដើមធ្វើមុនគេបាត់ទៅហើយ ។

សម័យនេះទៅហើយ យើងមិនចាំបាច់ប្រើសេចក្ដីព្យាយាមមាំទាំពេកទេ ដូចពាក្យសុភាសិតថា មានសេចក្ដីព្យាយាមនៅទីណា ភាពជោគជ័យនឹងនៅទីនោះតទៅទៀតអី ។ ផ្ទុយមកវិញ បើសិនជាយល់ឃើញថា រឿងដែលខ្លួនសាកល្បងធ្វើប្រើការមិនកើត ត្រូវប្ដូរផ្លាស់វាចោលចេញភ្លាមៗ ។ ការធ្វើបែបនេះ អាចមានឱកាសទទួលបានភាពជោគជ័យដ៏ធំធេងច្រើនជាង ។ 

បើយើងបានដឹងបែបនេះទៅហើយ បើសិនជាប់រវល់និយាយថា ចាប់ផ្ដើមធ្វើអ្វីមិនបានសោះឬ “មិនព្រមចាប់ផ្ដើមធ្វើអ្វីសោះយើងក៏មិនបានដឹងថា ខ្លួនឯងគួរអស់សំណើចដល់ថ្នាក់នេះដែរ ។ គ្រប់វិនាទី ដែលអ្នកអស់មន្ទិលសៅហ្មងចិត្ត បើសិនបោះជើងឈានមកមួយជំហានហើយ អ្នកក៏បាននាំមុខគូប្រកួតហើយ ។

សរុបមកវិញ បើសិនខ្លួនចង់រកស៊ីឲ្យបានជោគជ័យ កុំព្យាយាមធ្វើរឿងដដែលយូរពេក បើសិនជាឃើញជើងលេខមិនសូវស្រួលហើយ ត្រូវប្ដូរវាចេញភ្លាម ដើម្បីយើងមានឱកាស ពេលវេលា ចាប់យកការងារថ្មីមួយផ្សេងទៀត ក្រែងមានឱកាសជោគជ័យច្រើនជាងមុខរបរចាស់ គន្លងចាស់ ដែលមើលទៅមានការយឺតយ៉ាវ ឬពន្យាពេលដល់ការជោគជ័យរបស់ខ្លួន ឬថាកម្រនឹងជោគជ័យបាន។ ការចាប់ផ្ដើមបោះជំហានមុនគេ យើងអាចនឹងឈ្នះគូប្រកួតបាន តែក៏មិនអាចខ្វះធាតុផ្សំ ស្រឡាញ់ចូលចិត្ត ព្យាយាម យកចិត្តទុកដាក់ និងពិសោធលើកិច្ចការរកចំណុចខ្សោយ និងចំណុចខ្លាំងទាំងអស់នេះបានដែរ ៕


ប្រែ.ចាន់/គោលគំនិតល្អដើម្បីជីវិត 

No comments:

Post a Comment