ក្នុងវិបត្តិក៏មានឱកាស
ក្នុងសេចក្ដីស្លាប់ក៏មានដូចគ្នា
កាលបើនិយាយដល់សេចក្ដីស្លាប់
យើងនឹងនឹកដល់ការឈឺចាប់ ភាពចាស់ជរាគ្រាំគ្រា និងការព្រាត់ប្រាសចាកនិរាសពីវត្ថុជាទីស្រឡាញ់ ហើយមានអ្នកខ្លះទៀត នឹងនឹកទៅដល់រឿងអាថ៌កំបាំងខ្មៅងងឹត
ឬសេចក្ដីទុក្ខវេទនា ដែលកំពុងរង់ចាំខាងមុខ ។ ក្រោយពីការដាច់ខ្យល់ដង្ហើមស្លាប់ទៅ
ទើបជារឿងដែលគួរឲ្យខ្លាចក្នុងអារម្មណ៍របស់មនុស្សម្នាផងទាំងឡាយ សូម្បីតែការនិយាយរក ក៏មិនហ៊ាននិយាយរកផង
។ ក្នុងន័យនេះអាចនិយាយបានថា សេចក្ដីស្លាប់ជាវិបត្តិដ៏អាក្រក់បំផុត
ដែលវាអាចកើតឡើងគ្រប់មនុស្សសត្វទាំងឡាយ ព្រោះអ្វីៗនៅទីបំផុតនៃការព្រាត់ប្រាស ក្រៅពីសេចក្ដីស្លាប់នេះមិនមានឡើយ
ប៉ុន្តែក្នុងវិបត្តិនេះ ក៏នៅមានឱកាសជានិច្ចផងដែរ ។
កាលបើយើងទាំងអស់គ្នាសម្លឹងត្រង់រូបកាយនេះ សេចក្ដីស្លាប់ជាវិបត្តិដ៏ធំ ដែលនាំទៅរកការបែកធ្លាយ និងដល់ការផុតរលត់នៃជីវិតពិតមែនហើយ តែក្នុងពេលនេះដែរ ក៏បានបើកឱកាសឲ្យជីវិតជាច្រើនបានរស់នៅបន្តពេលយ៉ាងយូរផងដែរ ដោយអាស្រ័យលើអវយវៈពីបុគ្គលស្លាប់មកបណ្ដុះជំនួសវិញ ឬអាស្រ័យលើចំណេះចេះដឹងពីរូបកាយរបស់បុគ្គលស្លាប់ យកមកអភិវឌ្ឍវិធីសាស្ត្រព្យាបាលរក្សាជំងឺ ដើម្បីស្រោចស្រង់ជីវិតរបស់អ្នកដទៃ ។ មិនតែប៉ុណ្ណោះសោត សេចក្ដីស្លាប់ ថែមទាំងជាឱកាសក្នុងផ្លូវចិត្តវិញ្ញាណផងដែរ ពោលគឺជាទ្វារបើកទៅកាន់ពិភពថ្មីជាន់ខ្ពស់ ដូចចាស់បុរាណ លោកជឿថា បើសិនតាំងចិត្តជាកុសលមុននឹងស្លាប់ ក៏បានច្យុតពីមនុស្សនេះទៅកើតក្នុងឋានសួគ៌ ឬបានជួបជាមួយនឹងព្រះសិអាមេត្រីក្នុងជាតិណាមួយ បើអ្នកស្រុកភាគខាងឦសានជឿថា នឹងបានទៅធ្វើគ្រឿងសក្ការបូជាព្រះកេសាកែវចុឡាមណីចេតិយលើឋានសួគ៌ជាន់តាវតឹង្ស ។
ទោះបីមានមនុស្សមិនជឿថា មានជាតិមុខក៏ដោយចុះ
សេចក្ដីស្លាប់ក៏អាចគាំទ្រឲ្យកើតការលើកកំពស់ផ្លូវចិត្តបាន ចាប់ពីថ្នាក់សាមញ្ញរហូតដល់ថ្នាក់ឧត្តម
គឺការសម្រេចបានជាព្រះអរហត្តផល ។ ក្នុងគម្ពីរព្រះត្រៃបិដក
មានរឿងរ៉ាវជាច្រើនទាក់ទងជាមួយបុគ្គលដែលបានសម្រេចធម៌ថ្នាក់ខ្ពស់ ក្នុងខណៈពេលដែលសេចក្ដីស្លាប់កំពុងបានផ្ចាលផ្ចាញ់ខ្លួន
មានជាអាទិ៍ ព្រះបាទសិរីសុទ្ធោធនៈ ដែលជាបិតារបស់ព្រះពុទ្ធជាម្ចាស់
ក្នុងវារៈចុងក្រោយដែលព្រះអង្គទ្រង់មានព្រះឈួនខ្លាំង មានទុក្ខវេទនាខ្លាំងក្លា។
ព្រះពុទ្ធជាម្ចាស់នៃយើង ព្រះអង្គទ្រង់បាននិមន្តទៅសំដែងធម៌ឲ្យព្រះបិតាស្ដាប់ អស់ពេល៧ថ្ងៃ៧យប់
។ ក្នុងយប់ចុងក្រោយ ព្រះអង្គបានលើកយកធម៌មិនទៀងមកសំដែងថា “សង្ខារធម៌ទាំងឡាយ
មិនទៀងមែនពិត មានកិរិយាកើតឡើង នឹងវិនាសទៅវិញជាធម្មតា រមែងកើតឡើងហើយរលត់ទៅវិញ
លុះតែរលត់នូវសង្ខារទាំងឡាយនោះហើយ ទើបបាននូវសេចក្ដីសុខគ្រប់យ៉ាង” ។
ព្រះបាទសិរីសុទ្ធោធនៈ ទ្រង់បានពិចារណាតាមក្រសែនៃធម៌នោះ
ហើយបានឃើញជាក់ច្បាស់ដោយខ្លួនព្រះអង្គឯងថា សង្ខារនោះជាទុក្ខក្រៃលែង
ក្នុងទីបំផុតព្រះអង្គ ទ្រង់បានសម្រេចអរហត្តផលមុន នឹងស្ដេចសោយទីវង្គតរលត់ខន្ធនេះទៅ ក្នុងយប់រាត្រីនោះឯង
។
ចំណែកឯព្រះតិស្សត្ថេរមួយព្រះអង្គទៀត
ដែលបានទទួលរងទុក្ខវេទនាខ្លាំងណាស់ក្នុងពេលជិតលោកសុគត មិនតែប៉ុណ្ណោះសោត លោកត្រូវបានសហកល្យាណមិត្តដែលជាមិត្តនឹងលោកបានបោះប៉ង់ទុកចោល
ក្រោយពីលោកកើតជំងឺគួរឲ្យខ្ពើមរអើម លោកត្រូវបានគេទុកចោលនៅលើគំនរខ្ទុះឈាមទឹករងៃហូរចេញមកប្រឡាក់ពេញទាំងខ្លួនប្រាណទាំងអស់របស់លោក
។ ពេលព្រះពុទ្ធអង្គ ទ្រង់បានជ្រាបដំណឹងនេះ ទ្រង់ស្ដេចយាងនិមន្តទៅមើលថែលោក
ស្រង់ទឹកដុសលាងជំរះកាយឲ្យលោក ទ្រង់ផ្លាស់ប្ដូរច្បង់ចីវរថ្មីប្រគេនលោក លើសពីនោះទៅទៀត
ព្រះអង្គទ្រង់បានលើកយកគោលធម៌ខ្លីៗ មកសំដែងថា “កាយនេះមិននៅយូរប៉ុន្មានឡើយ
តែងមានវិញ្ញាណទៅប្រាសហើយ ជាកាយគឺគេបោះបង់ចោល ក៏នឹងដេកសង្កត់នៅលើផែនដី
ដូចជាអង្កត់ឧសរកប្រយោជន៍គ្មាន” ។ នេះអាចក្នុងន័យថា
មិនយូរប៉ុន្មានទៀតទេ កាយនេះនឹងប្រាសចាកវិញ្ញាណ ត្រូវបានគេបោះប៉ង់ចោលនៅលើផែនដីនេះ
ដូចជាអង្កត់ឧសរកប្រយោជន៍មិនបាន ។ ព្រះតិស្សត្ថេរបានពិចារណាតាមក្រសែនៃព្រះធម៌នេះ
ក៏បានប្រត្យក្សឡើងដោយព្រះអង្គឯង ។ រូបរាងកាយនេះ ក៏មិនគួរដល់ការប្រកាន់ហួងហែងឡើយ ហុចផលឲ្យលោកបានសម្រេចធម៌អរហត្តផល
ក្នុងខណៈពេលដែលលោកសុគតនោះឯង ។
មួយវិញទៀត រីឯព្រះសប្បទាសត្ថេរ
មានប្រវត្តិរៀងឆ្ងាយពីខាងលើបន្តិច
ពោលគឺលោកមានសេចក្ដីទុក្ខវេទនានេះគ្រប់សង្កត់ខ្លាំងបំផុត ដែលលោកមិនធ្លាប់បានជួបប្រទះជាមួយសេចក្ដីស្ងប់ចិត្តអស់រយៈពេល២៥ព្រះវស្សាក្នុងជីវិតសាងផ្នួស
ទើបលោកសម្រេចចិត្តផ្ដាច់ប៉ងជីវិតខ្លួនឯង ក្នុងពេលលោកចងកសម្លាប់ខ្លួនឯងនុ៎ះ
លោកមានសតិបែរមកពិចារណាពីភាពឈឺចាប់ដ៏មានកម្លាំង ដែលកំពុងកើតឡើងនោះ ហើយបានយល់ឃើញថា
សង្ខារនេះជាទុក្ខដ៏ក្រៃលែង ចិត្តទើបផុតស្រឡះពីការប្រកាន់ហួងហែងក្នុងតួខ្លួន ។
ក្នុងខណៈនោះឯង លោកក៏បានសម្រេចអរហត្តផលទៅមុននឹងដាច់ខ្យល់ដង្ហើមសុគតពីលោកនេះទៅ ។
សេចក្ដីស្លាប់នោះកាត់ផ្ដាច់ជីវិត
និងច្របាច់រួបរឹតកាយនិងចិត្តក៏ពិតមែន តែក្នុងដំណាលគ្នានេះ
ក៏អាចប្រកាសសច្ចធម៌យ៉ាងច្បាស់ថា សង្ខារនោះមិនទៀង មិនមានអ្វីគួរឲ្យប្រកាន់មាំថាជារបស់ខ្លួនយើងគេបានឡើយ
ព្រោះយកទៅជាមួយមិនបាន ចំណែកទុក្ខវេទនាដ៏មានកម្លាំងនោះ ក៏ជាចំណុចរសើបថា
សង្ខារនោះជាទុក្ខក្រៃលែង មិនគួរដល់ការប្រកាន់ហួងហែង មិនគួរដល់ការយកកាន់ទៅបាន
ដូចជាគ្រូវាយដំមិនឈប់ឈរទម្រាំដល់យើងរាងចាល និងព្រមលែងចោលសង្ខារនោះទៅក្នុងទីបំផុត ។
ដោយហេតុនេះ ក្នុងពេលដែលសេចក្ដីស្លាប់កំពុងគំរាមគំហែងខ្លួន
ទើបមានឱកាសយ៉ាងច្រើន ដែលនាំឲ្យបុគ្គលកើតមានបញ្ញាដឹងច្បាស់ឃើញច្បាស់ក្នុងសច្ចធម៌
រហូតដល់ទំលាក់ចុះនូវសេចក្ដីតោងប្រកាន់មាំក្នុងសង្ខារ ចូលដល់មគ្គផលនិព្វាន
ឬសម្រេចដល់ឥស្សរភាពខាងផ្លូវចិត្តវិញ្ញាណបាន លោកម្ចាស់ពុទ្ធទាសភិក្ខុ លោកមានថេរដីកាពេលវេលាជិតស្លាប់នេះថា
“ជានាទីមាសនៃជីវិត” ។
សម្រាប់មនុស្សសាមញ្ញទូទៅដែលនៅឆ្ងាយពីវត្ត ឬគ្មានសង្ឃឹមនិព្វានក្នុងជាតិនេះ
សេចក្ដីស្លាប់ក៏នៅជាឱកាសឲ្យបានជួបរឿងល្អៗ តាមប្រាថ្នារបស់ពួកបុថុជ្ជនដែលចង់បាន
ដូចជា បានឃើញកូនចៅ ឬបងប្អូនត្រូវជានាស្រុះស្រួលគ្នាវិញ ព្រោះយល់មុខមនុស្សចាស់មនុស្សឈឺដែលកំពុងរកកលនឹងស្លាប់នោះ
។ ក្នុងដំណើរនេះដូចគ្នា អ្នកខ្លះបានបង្កហេតុភាពឈឹចាប់ បំផ្លាញទឹកចិត្តដល់ភរិយា
រហូតដល់ចែកផ្លូវគ្នា កាលបើស្វាមីខ្លួនធ្លាក់ខ្លួនឈឺធ្ងន់ ភរិយាទ្រាំនៅស្ងៀមលែងបាន ក៏ត្រឡប់មកមើលថែខ្លួនយ៉ាងយកចិត្តទុកដាក់បានជិតស្និត
ស្វាមីទើបមានឱកាសនិយាយសុំទោសភរិយា និងនាំទៅរកផ្លូវជានាត្រូវរ៉ូវគ្នាវិញ។
កាលបើដល់ខ្លួនដាច់ខ្យល់ស្លាប់ទៅ ស្វាមីលាចាកលោកនេះទៅបានដោយស្ងប់ចិត្ត ។
ទាំងដឹងថារូបកាយនេះជិតដល់ការបែកធ្លាយ
ប៉ុន្តែមានមនុស្សជាច្រើនបានជួបនូវភាពស្ងប់ចិត្តក្នុងពេលជិតស្លាប់
ព្រោះបានដាក់ចុះនូវភារៈអ្វីសព្វបែបយ៉ាងក្នុងជីវិត ដោយដឹងថា មិនមានប្រយោជន៍នឹងត្រូវរែកពុនលីសែងយកទៅបាន
។ ជួនកាលពេលខ្លះ ក៏បែរមកឲ្យពេលវេលាដល់កូនចៅ និងឪពុកម្ដាយ បានទទួលភាពកក់ក្ដៅចិត្ត
និងសប្បាយចិត្ត ដែលខ្លួនបានធ្វើរឿងសំខាន់ក្នុងជីវិតមុនដល់ពេលខ្លួនស្លាប់ទៅ
ហើយអ្នកខ្លះទៀត ពេលដឹងថា នៅមានពេលតិច បានបែរមុខមករកព្រះធម៌ ចំរើនសមាធិភាវនា
សាងបុណ្យសាងកុសលអស់ពីចិត្តពីពុង ទើបបានជួបសេចក្ដីសុខដែលខ្លួនមិនធ្លាប់បានជួបពីមុនមកសោះ
។
បើគ្មានមរណភ័យនេះមកផ្ទាលផ្ចាញ់ខ្លួនទេ
មនុស្សម្នាទាំងនេះ ប្រហែលជានៅជាប់ខ្វល់ជាមួយកិច្ចការងារទាំងឡាយ
ស្វែងរកទ្រព្យសម្បត្តិ មាសប្រាក់ កិត្តិយស កេរ្ដិ៍ឈ្មោះ មុខមាត់តំណែងតួនាទី
ខ្វល់ខ្វាយជាមួយភារៈផ្សេងៗ រកពេលទំនេរមិនបាន
ក៏ភ្លើតភ្លើនភ្លេចអាត្មាជាមួយសេចក្ដីត្រេកត្រអាលលិចលង់ក្នុងកាមគុណប្រាំ ដល់ភ្លេចឈឹងទៅថា
នៅមានរឿងល្អជាង ឬសំខាន់ជាងក្នុងជីវិតនេះ ដែលខ្លួនត្រូវយកចិត្តទុកដាក់គិតគូរ
មិនថាសេចក្ដីស្លាប់ចូលមកដាស់តឿនកើនរំលឹក ឲ្យខ្លួនងាកមុខមកធ្វើរឿងល្អៗ
ដែលមានគុណតម្លៃចំពោះចិត្តយ៉ាងពិតប្រាកដនោះទេ។ រង្វាន់ដែលខ្លួនទទួលពីកិច្ចការនេះគឺសេចក្ដីស្ងប់ត្រជាក់
និងសេចក្ដីសុខចិត្តដែលខ្លួនមិនធ្លាប់ទទួលបានមកពីមុន រហូតដល់នាទីចុងក្រោយនៃជីវិត
ក៏បានជួបនូវសេចក្ដីស្ងប់នេះបាន មិនញាប់ញ័រភ័យខ្លាច
ទោះបីជាទុក្ខវេទនានេះកំពុងញំញីខ្លួនប្រាណក៏ដោយ ។
ការស្លាប់ទៅ
ទើបមិនចាំបាច់ត្រូវបញ្ចប់ទៅដោយទុក្ខវេទនាឈឺចាប់ខ្លោចផ្សាឡើយ ហើយមានមនុស្សម្នាជាច្រើនណាស់
ដែលស្លាប់ពីលោកនេះទៅ ក្នុងចំណោមភាពអាឡោះអាល័យ
និងបីតិសោមនស្សរបស់សាច់ញាតិមិត្តបងប្អូនកូនចៅ ដែលបានឃើញមនុស្សជាទីស្រឡាញ់របស់ខ្លួន
ស្លាប់ទៅដោយស្ងប់ចិត្ត និងគ្មានមន្ទិលសៅហ្មងអ្វីមកដិតដាម។
ម៉ារី កូរី អ្នកវិទ្យាសាស្ត្រល្បីឈ្មោះបាននិយាយថា
“ក្នុងលោកនេះគ្មានអ្វីគួរឲ្យភ័យខ្លាចទេ មានតែរឿងត្រូវធ្វើដោយការយល់ប៉ុណ្ណោះ”
។ បរិបទនេះ យើងអាចប្រើជាមួយសេចក្ដីស្លាប់នេះបានផងដែរ ។
សេចក្ដីស្លាប់នោះមិនមានអ្វីគួរឲ្យខ្លាចឡើយ បើសិនជាយើងយល់ពីការស្លាប់ដោយល្អិតល្អន់
និងជ្រៅជ្រះគ្រប់ជ្រុងជ្រោយ រហូតដល់យល់ឃើញថា ការស្លាប់នេះមិនមែនជាវិបត្តិ
តែជាឱកាសដ៏មានគុណតម្លៃថ្លៃថ្លាបំផុតសម្រាប់យើង ។
សរុបរួមមកវិញ ពិតមែនហើយមានមនុស្សជាច្រើនណាស់ ដែលនៅមានជីវិតជាបុថុជ្ជនសាមញ្ញ មិនទាន់បានសម្រេចគុណធម៌ថ្នាក់ខ្ពស់ តែងតែមានចិត្តភ័យខ្លាច ក្រែងរអាចំពោះសេចក្ដីស្លាប់នេះ ឃើញមានជាហូរហែ ប៉ុន្តែក៏មានមនុស្សជាច្រើនណាស់ដែរ ជាពិសេសក្នុងសម័យពុទ្ធកាល បានគិតពិចារណាទៅលើសេចក្ដីស្លាប់នេះ ក៏បានសម្រេចមគ្គផលនិព្វាន ដូចជារឿងនិទានទាំងប៉ុន្មានខាងលើស្រាប់ បើមិនបានដល់ថ្នាក់នោះទេ ក៏អាចទទួលបានផលប្រយោជណ៍ផ្សេងៗទៀត ជាពិសេសនោះ គឺធ្វើឲ្យមនុស្សគ្រប់គ្នាបានស្គាល់សេចក្ដីពិត ពីតថភាពជីវិតថា ជីវិតនេះមិនទៀត ជីវិតនេះមានទុក្ខដ៏ក្រៃលែង នៅវារៈចុងក្រោយនៃជីវិតគ្មានអ្វី ដែលខ្លួនអាចកាន់យកទៅជាមួយបាន ក្រៅពីអំពើល្អ និងអាក្រក់ដែលខ្លួនបានទុកប៉ុណ្ណោះឯង ៕
អត្ថបទនេះ និ.ព្រះផៃសាល វិសាលោ
ប្រែ.ចាន់/គោលគំនិតល្អដើម្បីជីវិត
No comments:
Post a Comment