Saturday, September 30, 2017

តើមនុស្ស មានន័យថាយ៉ាងម៉េច?


តើមនុស្ស មានន័យថាយ៉ាងម៉េច?

ជាបឋម សូមលើកំប៉ង់អញ្ជលីលើកដៃទាំងពីរនៃម្រាមទាំងដប់ ផ្គងចិត្តចំពោះត្រង់ព្រះមានព្រះភាគជាអម្ចាស់ ជាមង្កុដិលើលោកា ជាគ្រូនៃមនុស្សនិងទេវតា ប្រោសព្រះទានព្រះធម៌ទេសនា អស់៤៥ព្រះវស្សា ឱ្យឆ្លងផុតវាលទុក្ខក្នុងសមុទ្រសង្សារវដ្ដ រាប់ប្រមាណមិនបាន ។ សូមគោរពថ្វាយបង្គំព្រះធម៌ ជាឱសថល្អឆើត សត្វណាបានក្រេបផឹក នឹងភ្ញាក់កំណើតកើតគំនិត គប់ប្រសព្វកើតបញ្ញា កាប់ឆ្ការព្រៃស្នាប់ពោលគឺកិលេសតណ្ហា បាលដល់ត្រើយគឺសុខានិព្វានហោង ។  ជាទីបញ្ចប់ សូមក្រាបថ្វាយបង្គំព្រះសង្ឃ ជាសាវកពុទ្ធល្អបរិសុទ្ធ លោកប្រតិបត្តិហើយដោយប្រពៃត្រង់ ដើម្បីបានសម្រេចមគ្គផលនិព្វាន លោកជាបុញ្ញក្ខេត្តជាទីដុះឡើងនៃពូជរបស់មនុស្សសត្វ  អ្នកមានចិត្តប្រាថ្នាចង់ដួសដងយកមគ្គផល ទុកជាស្ពាន ទុកជាស្បៀងសម្រាប់ជាតិភពផ្សេងៗរបស់ខ្លួន ។ ដោយអានុភាពនៃការធ្វើបទនមស្សការ ថ្វាយបង្គំ ដោយអំណាចតេជគុណព្រះតរនត្រៃទាំងបីនេះ និងដោយសច្ចវាចារបស់ខ្ញុំ សូមកំចាត់បង់នូវឧបទ្រុពទាំងឡាយទាំងពួង ទាំងសេចក្ដីអន្តរាយទាំងឡាយជាអនេក ក៏ចូរឱ្យវិនាសទៅកុំបីមានសេសសល់ឡើយ ។ 


តើមនុស្ស មានន័យថាយ៉ាងម៉េច? មនុស្សនេះ មកពីពាក្យបាលីថា មនុស្ស ឬមនធាតុ+ឧស្សៈបច្ច័យ មានន័យថា អ្នកមានចិត្តខ្ពស់ ។ ចិត្តខ្ពស់ដោយគុណធម៌ ចិត្តខ្ពស់ដោយអំពើល្អគ្រប់ប្រការ ខ្ពស់ដោយសីល ខ្ពស់ដោយសេចក្ដីព្យាយាម ខ្ពស់ដោយការប្រព្រឹត្តល្អប្រសើរ ខ្ពស់ដោយស្ថិរភាពដែលមានសេចក្ដីចំរុងចំរើន និងអំពើល្អមានប្រការផ្សេងៗ និងមានក្រៅពីនោះទៀត ។ មនុស្ស ថែមទាំងមានន័យថា បុគ្គលស្គាល់រឿងដែលមានប្រយោជន៍ និងគ្មានប្រយោជន៍ផងដែរ ។ កាលបើស្គាល់រឿងដែលមានប្រយោជន៍ និងគ្មានប្រយោជន៍ហើយ ក៏បង្អោនចិត្តខ្លួនប្រព្រឹត្តធ្វើរឿងដែលមានប្រយោជន៍តែម្យ៉ាង វៀរបង់ធ្វើរឿងដែលគ្មានប្រយោជន៍ នេះគឺជាអត្ថន័យរបស់មនុស្ស និងជាមនុស្សពិតប្រាកដ ។

មនុស្ស មានន័យថា អ្នកដែលមានចិត្តខ្ពស់ អ្នកមានចិត្តប្រសើរ លោកបែងចែកជាច្រើនប្រភេទ ដូចខាងក្រោម៖

ជាការពិតណាស់ បុគ្គលណាដែលកើតជាមនុស្ស ធ្វើកម្មដែលមិនគួរ មានការសម្លាប់សត្វ ជាដើម បុគ្គលនោះក៏សមគួរដល់ការទទួលទោសទណ្ឌ កាលបើបានទទួលទោសទណ្ឌ មានការកាត់ដៃកាត់ជើង ជាដើម ពីពួកអាជ្ញាជាដើម ក្នុងទីនោះៗ រមែងរង់ទុក្ខវេទនាយ៉ាងខ្លាំង បុគ្គលនោះឈ្មោះថា មនុស្សនរក ។ មនុស្សមួយប្រភេទទៀត បានកើតជាមនុស្សខ្វះខាតអាហារ ខ្វះគ្រឿងស្លៀកពាក់ ព្រោះកម្មដែលខ្លួនបានធ្វើទុកពីកាលមុន ត្រូវស្រេកឃ្លាន ត្រូវដាច់ពេល ច្រើនប្រកបដោយទុក្ខវេទនាពន់ពេកប្រមាណ កាលបើមិនបានរបស់ទាំងនេះ ក៏ត្រូវដល់ការទុក្ខក្ដៅខ្លោចផ្សា បុគ្គលនេះឈ្មោះថា មនុស្សប្រេត ។ មនុស្សមួយប្រភេទទៀត បានកើតជាមនុស្ស អាស្រ័យចិញ្ចឹមជីវិតដោយសារអ្នកដទៃ ត្រូវធ្វើការធ្ងន់ៗឱ្យគេ ឬជាមនុស្សខ្វះមារយាទ ប្រព្រឹត្តតែអំពើអានាចារ (អំពើអាក្រក់អបាយមុខគ្រប់យ៉ាង) ត្រូវបានគេគំរាមគំហែង ភ័យខ្លាចស្លាប់ ក៏ទៅអាស្រ័យក្នុងព្រៃក្នុងផ្សៃ ច្រើនប្រកបដោយទុក្ខវេទនា ត្រូវលាក់ពួនអាត្មា គ្មានស្គាល់រឿងគ្មានប្រយោជន៍ និងរឿងមានប្រយោជន៍ បានតែបន្ធូបន្ថយទុក្ខគឺសេចក្ដីស្រេកឃ្លាន  ដោយការដេកជាដើមជាដើមចមរបស់បុគ្គលនេះ ឈ្មោះថាមនុស្សតិរច្ឆាន ។ ចំណែកបុគ្គលណា ដែលស្គាល់រឿងមានប្រយោជន៍ ស្គាល់រឿងគ្មានប្រយោជន៍របស់ខ្លួន ជឿផលនៃកម្ម មានហិរិ(មានសេចក្ដីខ្មាសបាប) ឱត្តប្បៈ (មានសេចក្ដីក្រែងខ្លាចបាប) ពេញបរិបូណ៌ ប្រកបព្រមដោយសេចក្ដីអាណិតអាសូរចំពោះមនុស្សសត្វទាំងឡាយទាំងពួង តក់ស្លុតចំពោះជីវិតនិងសង្ខារ វៀរចាក់អំពើអាក្រក់គ្រប់បែបយ៉ាង ដោយកាយ ដោយវាចា និងដោយចិត្ត ប្រព្រឹត្តធ្វើតែអំពើល្អ ជួយស្រោចស្រង់ បំពេញតែបុញ្ញកិរិយាវត្ថុទាំងឡាយ បុគ្គលនេះតាំងនៅក្នុងមនុស្សធម៌ ឈ្មោះថា មនុស្សមនុស្សោ ដោយបរមត្ថ(មនុស្សពិតប្រាកដមែន) ។
    
យើងទាំងអស់គ្នានឹងបានយល់ឃើញថា ការបែងចែកលក្ខណៈរបស់មនុស្សតាមប្រភេទផ្សេងៗ ខាងមនុស្សប្រព្រឹត្តអំពើអាក្រក់ ហើយបានទទួលទោសទណ្ឌ ដូចជានៅក្នុងនរក ទើបគេហៅថា មនុស្សនរក ។ មនុស្សប្រេត ជាមនុស្សដែលមានសេចក្ដីស្រេកឃ្លាន ខ្លាំងជាឧបមា តាមលក្ខណៈការទ្រទ្រង់ជីវិតរបស់មនុស្សនោះ ។ មនុស្សតិរច្ឆាន ដែលមានការប្រើប្រាស់ខ្សែជីវិតប្រព្រឹត្តទៅដូចជា សត្វ។ មនុស្ស ដែលពិតប្រាកដ ជាមនុស្សដែលមានចិត្តប្រសើរ ជាបុគ្គលដែលបានតម្កល់ខ្លួនក្នុងមនុស្សធម៌ គឺតម្កល់ក្នុងគុណធម៌ ក្នុងអំពើល្អផ្សេងៗ ហើយវៀរចាកការប្រព្រឹត្តធ្វើអំពើអាក្រក់ផ្សេងៗ ទើបបានឈ្មោះថា មនុស្សពិត មនុស្សប្រសើរ មនុស្សខ្ពស់ដោយបរមត្ថ៕



No comments:

Post a Comment