Sunday, October 1, 2017

វិធីសាស្ត្រងាយៗ៧យ៉ាងប្រើរក្សាអាការៈបាក់ទឹកចិត្ត


វិធីសាស្ត្រងាយៗ៧យ៉ាងប្រើរក្សាអាការៈបាក់ទឹកចិត្ត

តើប្រិយមិត្តអ្នកអានជឿទេថា មានមនុស្សច្រើនណាស់ ប្រហែលជាធ្លាប់ប្រឈមមុខជាមួយអារម្មណ៍តានតឹង(ស្ត្រេស) រងសម្ពាធពីរឿងរ៉ាវច្រើនប្រការ រហូតដល់ធ្វើឱ្យចិត្តមានសភាពង៉ាក់ងើ ធេងធោង ល្ហិតល្ហៃ អស់កម្លាំងចិត្ត លែងចង់ធ្វើអំពើល្អផ្សេងៗ ឬតាមអ្នកស្រុកគេហៅថា អាការៈបាក់ទឹកចិត្ត ឬជំងឺបាក់ស្បាត ។ បើសិនអ្នកព្យាយាមទាញខ្លួនឯងឱ្យចេញពីអារម្មណ៍ទាំងនេះបានហើយ តែនៅមិនទាន់បានរសាត់បង់ទៀតនុ៎ះ គោលគំនិតល្អដើម្បីជីវិត សូមណែនាំឱ្យប្រិយមិត្តអ្នកអានទាំងអស់គ្នា បែរមកសាកល្បងធ្វើតាមវិធីសាស្ត្រងាយៗទាំង៧ ប្រើរក្សាអាការៈបាក់ទឹកចិត្ត ឬជំងឺបាក់ស្បាត ដែលបានដកស្រង់ចេញពីសៀវភៅ ស្រឡាញ់បំផុត ត្រង់ចំណុចដែលខ្លួនឯងមានហ៊ានធានាថា ប្រិយមិត្តអ្នកអានដែលធ្លាប់បានកំពុងជួបជំងឺបាក់ស្បាត អស់កម្លាំងចិត្ត លែងមានអារម្មណ៍ និងក្លាយជាមនុស្សមានអារម្មណ៍ស្រស់ស្រាយ និងប្រែក្លាយខ្លួនមករកសភាពដើមវិញជាក់ជាមិនខានឡើយ ។  

១. នាំយករឿងល្អៗមកដាក់ក្នុងចិត្ត យកមកអប់រំទូន្មានខ្លួន ពេលចិត្តមានអារម្មណ៍បាក់ស្បាតនោះ វាជាឱកាសមាសប្រាក់ដែលធ្វើឱ្យប្រិយមិត្តអ្នកអាន បានឈប់ស្ទាបស្ទង់ប្រមើលមើលថា រឿងណាជារឿងសំខាន់សម្រាប់ជីវិតខ្លួន។ ប្រិយមិត្តអ្នកអាន អាចរៀនឈ្វេងយល់ទាំងខាងផ្លូវលោក និងទាំងខាងផ្លូវធម៌ចេញពីរឿងទាំងអស់នោះបានយ៉ាងច្រើនហួសពីគណនា ។ ក្រៅពីប្រិយមិត្តអ្នកអាន នឹងបានរៀនឈ្វេងយល់អំពីរឿងសំខាន់ហើយ ការគិតគូរត្រូវប្រកបដោយសមហេតុសមផលនោះ ខួរក្បាលថតផ្នែងខាងមុខនឹងបំពេញការងារ ទើបអាចនិយាយបានថា ការគិតប្រកបដោយសមហេតុសមផល ជាការទាញយកថាមពលពីប្រព័ន្ធលិមប៊ិករបស់ខួរក្បាល ដែលកំពុងបាក់ទឹកចិត្ត ឬមានជំងឺបាក់ស្បាត ពេលដែលយើងមានជំងឺបាក់ស្បាតនេះមកដងទៀត ។

២. ការចម្រើនសតិ បើសិនប្រិយមិត្តអ្នកអាន ព្យាយាមចម្រើនសតិឱ្យបានជាប្រចាំក្នុងកាយរបស់យើងក្នុង ខណៈបច្ចុប្បន្នជាប់មិនដាច់ ឧបាយលើកកំពស់ចិត្តបានផលភ្លាមៗ វិធីនេះក៏នឹងផុសឡើង ហើយជួយឱ្យប្រិយមិត្តដោយស្វ័យប្រវត្តិ បើសិនជាយើងតាមដានសង្កេតពិនិត្យមើលឱ្យបានច្បាស់ យើងនឹងរកឃើញថា អាការៈបាក់ស្បាត (បាក់ទឹកចិត្ត) វាកើតឡើងនៅពេលចិត្តរបស់យើងរត់ទៅរករឿងអតីត ឬអនាគតតែប៉ុណ្ណោះ ។

. គយគន់រករឿងដែលគួរដល់ការអរគុណជុំវិញខ្លួនរបស់អ្នក រឿងដែលគួរដល់ការអរគុណនោះ វាមានច្រើនជាងដែលយើងគិត ត្រឹមតែការញ៉ាំងជីវិតមួយនេះឱ្យតាំងនៅបានល្អ មានអាវយវៈ៣២គ្រប់គ្រាន់ មានសតិប្រកបនៅ។ល។ ក៏ជារឿងដែលគួរដល់ការអរគុណច្រើនហើយ ។ បើសិនជាខ្លួនគិតល្អ នឹងរកឃើញថា ការឈានទៅដល់ការផុតទុក្ខទាំងពួង វាអាស្រ័យលើកាយនិងចិត្តនេះប៉ុណ្ណោះ។ វាមានន័យថា យើងគ្រាន់តែប្រើកាយ និងចិត្តក្នុងការហ្វឹកហាត់ការចម្រើនសតិវិបស្សនានេះ។ ដូចនោះ បើសិនថ្ងៃនេះ យើងនៅមានកាយ និងចិត្តដែលអាចល្មមនៅប្រើការបាន ក៏រាប់បានថា វាជាការល្អប្រពៃបាត់ទៅហើយ ។

. នឹកដល់បុណ្យកុសលដែលខ្លួនធ្លាប់ធ្វើ គឺឱ្យនឹកទាន សីល ភាវនា ដែលខ្លួនឯងធ្លាប់បានបំពេញម្ដងៗ តើអ្នកដឹងទេថា យើងនឹងនឹកដល់បុណ្យកុសលទាំងអស់នេះបានងាយឡើង បើសិនយើងជាមនុស្សគិតចាប់ផ្ដើមចង់ធ្វើបុណ្យកុសលទាំងអស់នោះ ដោយមិនចាំបាច់មានជនណាមកបបួល ឬដឹកនាំឡើយ ។ ដូចនោះ សូមព្យាយាមចាប់ផ្ដើមធ្វើបុណ្យកុសលទុកឱ្យបានច្រើន ថ្ងៃណាមួយ ពេលណាមួយយើងនឹងបានជាទីពឹងបុណ្យកុសល ដែលបានសន្សំទុកនេះយ៉ាងពិតប្រាកដ យ៉ាងយូរនៅពេលកំពុងទៀបជិតនឹងស្លាប់ដែរ ។

. ផ្សាយមេត្តាឱ្យខ្លួនឯង បើសិនជារឿងដែលធ្វើឱ្យចិត្តតក់ស្លុតភ័យញ័ររន្ធត់នោះ សាកល្បងបិទភ្នែកទាំងពីរ ដកដង្ហើមចូលឱ្យវែង ដកដង្ហើមចេញឱ្យវែង មួយៗ ព្រមទាំងបញ្ជូនមេត្តាចិត្ត សន្ដោសប្រណីអាណិតអាសូរចំពោះខ្លួនឯងដោយពាក្យខ្លីៗថា សូមឱ្យយើងនៅជាសុខចុះ កុំគប្បីមានទុក្ខកាយ ក្ដៅក្រហាយចិត្តឡើយធ្វើបែបនេះឱ្យបានជាប់តៗគ្នា បីបួនដប់ដង្ហើម (ចេញ និងចូលម្ដង) ក៏បានផលល្អប្រសើរខ្លះដែរ ។

៦. រកមើលរឿងគួរដល់ការអនុមោទនា សាកល្បងសម្លឹងមើលទៅជុំវិញខ្លួន ដើម្បីស្វែងរកអំពើល្អរបស់មនុស្សជិតខាងខ្លួន ហើយនឹកគិតអនុមោទនាទៅជាមួយពួកគេ មិនថារឿងនោះតូចប៉ុនណា យើងអាចនឹកអនុមោទនាត្រេកអរជាមួយពួកគេបានតែទាំងអស់ ដូចជា លោក ក នេះ ប្រើសម្ដីវាចាទន់ភ្លន់ផ្អែមពីរោះ មានក្ដីមេត្តាចំពោះមេផ្ទះរបស់ក្រុមហ៊ុនល្អណាស់ គួរឱ្យកោតសរសើរបំផុត ។

៧. រកមើលកិច្ចការណាដែលជាកិច្ចការមនុស្សធម៌ធ្វើ ការក្រោកឡើងចាប់ផ្ដើមធ្វើអ្វីៗ ដើម្បីអ្នកដទៃនោះ អាចជួយលើកកំពស់ចិត្តយើងបានយ៉ាងល្អប្រសើរ ទោះបីមានប្រការខ្លះថា ត្រូវធ្វើដោយចិត្តលះបង់ ដើម្បីប្រយោជន៍សុខរបស់អ្នកដទៃពិតនោះក៏ដោយ ក៏គ្មានចេតនាណាចង់បានអ្វីមកវិញឡើយ សូម្បីតែការញញឹករកដោយចិត្តស្មោះសរ ដោយគ្មានចិត្តពុតត្បុត ដាក់មនុស្សដែលដើរកាត់មុខ ក្នុងកន្លែងធ្វើការងារ ព្រមទាំងមានចេតនាបំណងល្អចំពោះពួកគេ ក៏អាចលើកកំពស់ចិត្តយើងបានដែរ ។

បើសិនប្រិយមិត្តអ្នកអានគ្រប់គ្នា ធ្វើបានគ្រប់ប្រការខាងលើហើយ ប៉ុន្តែនៅមានអារម្មណ៍តានតឹងដដែល ក៏ឱ្យដកខ្លួនចេញពីបរិស្ថាននោះសិន បើសិនមានឱកាសគួរចេញទៅដើរស្រូបយកខ្យល់អាកាស មើលទិសភាពខាងក្រៅ បើកកាយបើចិត្តទទួលយកសម្រស់ធម្មជាតិគ្រប់កាយឥន្ទ្រិយ ស្រូបយកខ្យល់អាកាសដ៏បរិសុទ្ធចូលឱ្យបានជ្រៅ ធ្វើដងខ្លួនឱ្យបានត្រង់ ចេញមកទទួលយកកំដៅរស្មីព្រះអាទិត្យ ខ្យល់ជំនោរ ជ្រកក្រោមម្លប់ឈើ ស្ដាប់សំឡេងទឹកហូរ វាអាចជួយលើកកំពស់ចិត្តអ្នកបាន ព្រោះថាធម្មជាតិគឺជាធម្មៈព្យាបាលចិត្តបានយ៉ាងល្អនោះឯង ៕



No comments:

Post a Comment