រឿង ចិត្តឳពុកអ្នកក្រ
ថ្ងៃមួយកូនស្រីដែលមានអាយុប្រាំឆ្នាំបានសួរទៅកាន់បុរសម្នាក់ដែលជាឳពុករបស់ខ្លួន៖
កូនស្រី៖
ប៉ាប៉ា ម៉េចបានជាយើងអត់មានឡានជិះហ្នឹងគេអ៊ីចឹង?
ឳពុក៖
មកពីប៉ាជាអ្នកក្រ ប៉ាអត់មានលុយទិញឡានជិះទេ ហើយបើមានឡានវិញ ក៏គ្មានលុយចាក់សាំងគ្រប់ដែរកូន
។
កូនស្រី៖
ប៉ុន្តែបើសិនប៉ាសន្សំលុយទិញវានោះគឺពិតជាបានជាមិនខានឡើយប៉ា ។
ឳពុក៖
បើប៉ាសន្សំ គឺពិតជាទិញបានមិនខានមែន ។ ប៉ុន្តែតើឡានពិតជាសំខាន់មែនឬអត់?
កូនស្រី៖
មានឡាន គឺយើងអាចធ្វើដំណើរដោយសុវត្ថិភាពបានណ៎ាប៉ា ។
ឳពុក៖
ជិះម៉ូតូចាស់ដូចប៉ា ក៏មានសុវត្ថិភាពដែរកូន។ ម៉ូតូប៉ាវាចាស់ហើយ វាបើកអត់បានលឿនទេ
ដូច្នេះមានអីត្រូវបារម្ភពីរឿងគ្រោះថ្នាក់នោះ?
កូនស្រី៖
ប៉ុន្តែចុះពេលមេឃភ្លៀងនោះ?
មិនទទឹកភ្លៀងអស់ហើយទេឬ?
ឳពុក៖
ពិតមែនហើយ ពេលភ្លៀងមក អ្នកជិះឡានគឺពិតជាមិនទទឹកមែន ហើយយើងជិះម៉ូតូក៏មិនទទឹកដែរ ។
យើងអាចទៅជ្រកភ្លៀងនៅកន្លែងណាមួយបាន ដូចជាតាមការ៉ាស់សាំង តាមកន្លែងសាធារណៈដទៃ ។ កូនដឹងទេ
អ្នកជិះឡាន គឺពួកគេគ្មានថ្ងៃបានស្គាល់ពីធម្មជាតិនៃទឹកភ្លៀង ដូចអ្នកក្រដែលជិះម៉ូតូនេះបានឡើយ។ ពេលជ្រកភ្លៀង
ពួកគេអាចរីករាយជាមួយនឹងសំឡេងទឹកភ្លៀង ភាពត្រជាក់នៃទឹកភ្លៀង ព្រមទាំងសំឡេងជជែកគ្នានៃមនុស្សម្នាដែលមកជ្រកភ្លៀងជាមួយយើង។
កូនសាកគិតទៅមើល តើវាសប្បាយប៉ុណ្ណាទៅ នៅពេលដែលជ្រកភ្លៀងជាក្រុមនោះ?
កូនស្រី៖
ពេលគ្មានឡាន ហើយចង់ទៅឆ្ងាយគឺមិនសូវស្រួលទេ ពិបាកណាស់ប៉ា។
ឳពុក៖
តើមានប្រយោជន៍អីទៅកូនប៉ា នៅពេលទៅឆ្ងាយកូននៅក្នុងឡានលេងជាមួយប្អូន
ចំណែកប៉ាជាអ្នកបើក ធ្វើម្តេចប៉ាអាចអង្គុយនិយាយលេងជាមួយកូន និងប្អូនបាន? ធ្វើម្តេចប៉ានឹងអាចនិយាយប្រាប់កូនពីសត្វនានាដែលមាន
ឬទីកន្លែងនានាដែលកូនបានឃើញតាមផ្លូវបាន? កូនស្រីរបស់ប៉ា
យើងអាចជិះឡានក្រុងជំនួសបានដែរតើ មិនចាំបាច់ហត់អស់កម្លាំង ហើយប៉ាអាចមានពេលនិយាយនិងលេងជាមួយកូននិងប្អូនបាន
ហើយប៉ាអាចរៀបរាប់ប្រាប់កូនពីឈ្មោះនៃទីកន្លែង
និងសត្វនានាដែលកូនមិនដែលបានស្គាល់ពីមុនមក ។ កូនគិតទៅមើលថា
ជិះឡានផ្ទាល់ខ្លួន និងឡានក្រុង តើមួយណាសប្បាយជាង?
ឳពុកបានបន្តទៀតថា៖
ឳពុក៖
ជិះឡានគឺពិតជាល្អហើយ ប៉ុន្តែកូនសាកគិតទៅមើល ថាវានឹងចំណាយច្រើនប៉ុណ្ណា? ជិះឡានជូនកូនទៅរៀន
អាចនឹងយឺត ដូច្នេះកូនត្រូវក្រោកពីព្រឹកដើម្បីទៅឱ្យទាន់សាលាចូលរៀន
ហើយបើពុំដូច្នោះទេ កូននឹងទៅយឺត ព្រោះតែស្ទះចរាចរណ៍តាមដងផ្លូវ ។ ពេលស្ទះម្តងៗគឺចំណាយពេលយ៉ាងយូរ
និងអស់លុយច្រើនណាស់ ជាពិសេសគួរឱ្យធុញថប់តានតឹងអារម្មណ៍ផងដែរ ។ ជិះម៉ូតូជាមួយប៉ាទៅរៀន
កូនមិនចាំបាច់ត្រូវក្រោកពីព្រឹកពេកទេ កូនអាចគេងបានយូរ
និងអាចញាំអាហារពេលព្រឹកជាមួយប៉ានិងប្អូនបាន ហើយកូនក៏អាចនឹងទៅទាន់ម៉ោងចូលរៀនបានដូចគ្នា។
កូនស្រី៖
ពេលយើងមានឡាន គឺមានន័យថា យើងជាអ្នកមាន
ឳពុក៖
កូនស្រីសម្លាញ់ប៉ា មានឬក្រ គេមិនអាចយកសម្ភារៈដូចជា ម៉ូតូ ឡាន ទូរស័ព្ទ
ឬផ្ទះមកវាយតម្លៃបានទេ ។ មានឬក្រគឺអាស្រ័យទៅលើសមានចិត្តរបស់កូន
ថាតើចិត្តរបស់កូន វាបរិសុទ្ធ និងល្អផូរផង់ដល់កម្រិតណាប៉ុណ្ណោះ?
វត្ថុទាំងនោះគឺគ្រាន់តែជារបស់ក្រៅខ្លួនតែប៉ុណ្ណោះ
វាមិនអាចនឹងស្ថិតនៅជាមួយយើងរហូតទេ វានឹងបាត់បង់ទៅពីយើងនៅពេលណាមួយមិនខានឡើយ ។ ហើយអ្វីដែលនៅជាមួយយើងបានស្ថិតស្ថេរនោះគឺ
សេចក្តីល្អរបស់កូន ជាពិសេសគឺគុណធម៌ និងភាពស្មោះត្រង់របស់កូនតែម្តង ។
កូនមានគុណធម៌
កូនមានសេចក្តីស្មោះត្រង់ កូនមានសន្តានចិត្តដ៏បរិសុទ្ធ
ប៉ុន្តែកូនគ្មានទ្រព្យសម្បត្តិទាំងនោះ ក៏រាប់ថាកូនជាអ្នកមានដូចគេដែរ ។ ក្នុងន័យថា
គឺកូនមាននូវអ្វីដែលមនុស្សដទៃទៀតគ្មាន ។ កូនត្រូវចាំថា អ្នកដែលមានឡានជិះទាំងអស់នោះ
គឺមិនប្រាកដថាជាអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភនោះទេ
ជួនកាលពួកគេហ៊ុំព័ទ្ធទៅដោយវិបត្តិ ជាប់បំណុល និងការចំណាយផ្សេងៗជាច្រើន ដើម្បីបំពេញនូវអ្វីដែលហៅថាមានក្រៅខ្លួននោះ
។ ជិះម៉ូតូចាស់
ប៉ុន្តែអាចរស់នៅដោយគ្មានការគិតភ័យបារម្ភ គឺជាសេចក្តីសុខពិតណាស់ទៅហើយ ។
កូនស្រី៖
អ៊ីចឹងមានន័យថា ឡានពិតជាមិនចាំបាច់មែនទេ?
ឳពុក៖
សម្រាប់ពេលនេះ ឡានគឺមិនចាំបាច់សម្រាប់ពួកយើងនោះទេកូន ។
សូមកូនកុំព្រួយ
កូននឹងទទួលបានវានៅពេលណាមួយ ។ ប៉ាសូមឱ្យកូនរីករាយនូវអ្វីដែលកូនមាននៅពេលនេះ
ដូច្នេះកូននឹងមិនលិចលង់ទៅនឹងអ្វី ដែលអាចធ្វើឱ្យកូនមិនអាចឈានទៅមុខបាន ។ ហើយអ្វីដែលសំខាន់ជាងគេនៅពេលនេះ
គឺការអប់រំរបស់កូន ហើយនឹងប្អូន ។ កូនត្រូវចាំថា
មានតែការអប់រំនោះទេ ទើបអាចនាំឱ្យកូនទទួលបាននូវអ្វីដែលកូនចង់បាន ។ ប៉ាជាអ្នកក្រ
ប៉ាគ្មានលុយទិញរបស់របរ និងឡានសម្រាប់ជូនកូនទៅណាមកណានោះទេ
ប៉ុន្តែប៉ានឹងមានគ្រប់យ៉ាង ដើម្បីសម្រេចក្តីបំណងនៃការសិក្សារបស់កូនបាន ។ សូមទោសផង
ព្រោះប៉ាជាអ្នកក្រ!
កូនស្រី៖
សម្រាប់កូន ប៉ាគឺជាប៉ាអ្នកមានម្នាក់ ។ ប៉ាមានអ្វីឱ្យកូននិងប្អូន
ក្នុងខណៈពេលដែលអ្នកដទៃគ្មានវាទាល់តែសោះ ៕
No comments:
Post a Comment