Thursday, October 19, 2017

គិតរំពឹងផលនៅឆ្ងាយ


គិតរំពឹងផលនៅឆ្ងាយ

កាលវេលាដែលមានញាតិញោមប្រុសស្រី ឬមានឧបាសកឧបាសិកា មកថ្វាយបង្គំលោកឪតា មានតាមប្រក្រតី លោកមិនធ្លាប់សួរអ្នកណាមួយពីរឿងអ្វីដែលនៅឆ្ងាយឡើយ លោកឪតាច្រើនតែសួរថា តើមានញាតិញោមណាធ្លាប់បានចម្រើនសមាធិភាវនាខ្លះដែរទេ? អ្នកខ្លះក៏តបថា មិនធ្លាប់បានធ្វើទេ មានញោមស្រីម្នាក់ក្នុងចំណោមញាតិញោមទាំងនោះ ដឹងច្បាស់ជាងគេ គាត់និយាយឡើងថា 

ខ្ញុំព្រះករុណាយល់ឃើញថា ពួកយើងទាំងអស់គ្នានេះ មិនចាំបាច់ត្រូវប្រតិបត្តិសមធិវិបស្សនាអ្វីទេ នាំឱ្យតែលំបាក ព្រោះមួយឆ្នាំៗ ខ្ញុំព្រះករុណាបានស្ដាប់លោកទេសនាមហាជាតិទាំង ១៣ កណ្ឌ អស់ច្រើនថ្ងៃ លោកទេសន៍ថា អានិសង្សនៃការស្តាប់លោកទេសនាមហាជាតិ នឹងបានទាន់សាសនាព្រះសិអាមេត្រិយ ហើយនឹងជួបគប់ប្រសព្វតែសេចក្ដីសុខសប្បាយតែម្យ៉ាង នឹងឱ្យត្រូវមកទ្រាំវេទនាលំបាកធ្វើអ្វី ។

លោកឪតាមានថេរដីកាដាស់តឿនថា រឿងដ៏ឧត្តុង្គឧត្តមក្រៃលែង ដែលមាននៅចំពោះមុខ មិនគិត បែរជាទៅគិតរំពឹងទុករឿងនៅឆ្ងាយឯណាឯនោះទៅវិញ គ្រាន់តែជារឿងសំដែលពោលដល់ ជាលក្ខណៈរបស់មនុស្សមិនចេះគិតវែងឆ្ងាយ ក្នុងពេលមគ្គផលនិព្វាន ក្នុងព្រះសាសនាសមណគោតម ក្នុងពេលបច្ចុប្បន្ននេះ នៅមានយ៉ាងសម្បូរបែប មិននាំគ្នាចាប់អារម្មណ៍ បែរជានាំគ្នាគិតរឿងនៅឆ្ងាយ កាលបើដល់សាសនាព្រះសិអាមេត្រិយពិតមែន នឹងជួបផលលំបាកជាងនេះ” ៕

អប់រំដោយ
លោកឪតា អតុលោ

No comments:

Post a Comment