៧វិធីសាងសំណាងឱ្យជារបស់ខ្លួនឯង
តើអ្នកធ្លាប់ជួបប្រសព្វដែរទេថា
អ្នកខ្លះគិតឆោងចាប់ធ្វើអ្វីក៏បានសម្រេច បានជោគជ័យ ជីវិតសមប្រកបទៅដោយសុភមង្គល
សមក្ដីប្រាថ្នា ថែមទាំងមើលទៅមានសេចក្ដីសុខបំផុតតែម្ដង ហើយអ្នកដឹងដែរទេថា
ជីវិតដែលមើលទៅសំណាងបែបនេះ ពុំមែនព្រោះតែជោគជតាពីកំណើតត្រឹមតែម្យ៉ាងប៉ុណ្ណោះទេ
តែកើតមានព្រោះតែពួកគេប្រឹងប្រែងអភិវឌ្ឍខ្លួនឯងបានច្រើនជាង?
បើសិនអ្នកមានបំណងប្រាថ្នាចង់មានជីវិតបែបនេះ មិនចាំបាច់ទៅបន់ស្រន់អ្នកតា ទេវតាឯណាទេ
គ្រាន់តែធ្វើតាមវិធីទាំង៧នេះ ធានាថា ខ្លួនអ្នកផ្ទាល់សាងលាភសំណាង ហេងៗ ឱ្យធ្វើជារបស់ខ្លួនបានមិនមែនជារឿងអីត្រូវពិបាកឡើយ
។
១.
ឈប់ដ្រាម៉ាជាមួយជីវិត តើអ្នកដឹងដែរទេថា រឿងទាំងឡាយនានា
ដែលបានកើតឡើងចំពោះជីវិតមនុស្សយើង សុទ្ធតែជាផលមកពីការគិតរបស់យើងខ្លួនឯងទាំងអស់
ដូចជា អ្នកប្រាប់ខ្លួនឯងជារឿយៗថា អ្នកជាមនុស្សកំសាកញី នឹងធ្វើអ្វីមិនល្អលើសអ្នកដទៃ
មិនពូកែជាងអ្នកដទៃ មិនថាមានរឿងអ្វីឡើយចាំមើលចុះ បើមិនយូរក៏ឆាប់ អ្នកនឹងក្លាយទៅជាមនុស្សកំសាកបំផុត
តាមបែបដែលអ្នកមានចំណុចខ្សោយរបស់ខ្លួនឯងពិតមែននៅថ្ងៃណាមួយ ។ ដូចនោះ
ឈប់ដ្រាម៉ាជាមួយជីវិតខ្លួនឯងបានហើយ សាកល្បងប្ដូរផ្លាស់សាជាថ្មី ចូរប្រាប់ខ្លួនឯងជារៀងរាល់ថ្ងៃថា
អ្នកមានសក្ដានុពលអាចធ្វើសុបិនរបស់អ្នកក្លាយជាការពិតក្នុងថ្ងៃអនាគតបាន។ ចូរបណ្ដុះកម្លាំងវិជ្ជមានដែលមាននៅក្នុងខ្លួនរបស់អ្នកឱ្យវាកើតមានឡើង
។
២.
មានស្មារតីជានិច្ច កុំធ្វើខ្លួនជាមនុស្សសញ្ជក់សញ្ជឹង ត្រមង់ត្រមោចខ្លោចផ្សា ឯកា
ឬជាមនុស្សស្ពឹកស្រពន់ខ្ជិលច្រអូស ព្រោះនោះ មិនបានធ្វើអ្វីឱ្យប្រសើរឡើងសោះ
ចូរសាកល្បងប្ដូរផ្លាស់ខ្លួនឯងឱ្យប្រែក្លាយជាមនុស្សរហ័សរហួនរវាសរវៃ
ស្រស់បស់រីករាយសប្បាយ ជាមនុស្សចង់ដឹងចង់ឃើញ ពូកែសង្ស័យងើយឆ្ងល់
និងព្រមទាំងបើកទទួលយកចំណេះដឹងថ្មីៗជានិច្ច ។ ក្នុងពេលទន្ទឹមគ្នានេះដែរ
ចាំធ្វើតេស្ដពិសោធខ្លួនឯងឱ្យបានរឿយៗថា ខ្លួនឯងត្រូវការកែលំអត្រង់ចំណុច
ឬអភិវឌ្ឍស្ថាបនាត្រង់ចំណុចណា ដែលមើលទៅខ្លួនឃើញថា មានចំណុចខ្សោយ ។ ចូររៀនដឹង
និងដុសខាត់គំនិតទស្សនវិស័យនោះឱ្យបានស្ទាត់ជំនាញខ្លាំងឡើង ហ៊ានធានាថា
អ្នកប្រើពេលមិនយូរទេ អ្នកនឹងបានឃើញរឿងល្អៗ
កើតឡើងមានចំពោះជីវិតរបស់អ្នកជាក់ជាមិនខានឡើយ ។
៣.
នឹកឃើញធ្វើភ្លាម ប្រសិនបើអ្នកកើតមានគំនិតអ្វីមួយឡើង
មានគំរោងផែនការថ្មីកើតឡើងក្នុងខួរក្បាល កុំបង្អែរបង្អង់រង់ចាំឱ្យខាត់ពេល
កុំចូលចិត្តនិយាយថា “ចាំមើលសិន” ។ ពេលគិតនឹងធ្វើអ្វីមួយហើយ
ត្រូវហ៊ានពុះពារធ្វើឱ្យបាន បើសិនអ្នកមិនបានចាប់ផ្ដើមធ្វើអ្វីមូយសោះ
យូរៗទៅនឹងមានលក្ខខណ្ឌនេះលក្ខខណ្ឌនោះមានជាហូរហែកើតឡើងជាបន្តបន្ទាប់
រហូតដល់អ្នកមានអារម្មណ៍ធុញទ្រាន់នឿយណាយ លែងចង់គិតលែងចង់ធ្វើតទៅទៀត
ហើយក៏លើកគំរោងការនេះទុកមួយអន្លើសិន។ នៅជាទីបញ្ចប់ទៅ អ្នកគ្មានបានចាប់ផ្ដើមធ្វើអ្វីមួយសោះ។
អ្នកត្រូវទន្ទេញឱ្យជាប់ទុកក្នុងខួរក្បាលថា មនុស្សដែលមានទម្លាប់ជោគជ័យ
មិនព្រមលែងឱកាសឱ្យរបូតចេញពីកណ្ដាប់ដៃខ្លួនឡើយ ដោយមិនធ្វើអ្វីក្រៅពីនេះទៀតឡើយ ។
៤.
បញ្ឈប់ទម្លាប់ចូលចិត្ត “រកលេសអាង” មនុស្សជាច្រើនជាប់ទម្លាប់ចូលចិត្តរកលេសអាងនេះអាងនោះដោយមិនដឹងខ្លួន
ជាពិសេសមនុស្សដែលមានប្រាក់ខែ ចូលចិត្តរកលេសអាងថា គ្មានពេល និងរកលេសថា
ការងារដែលខ្លួនធ្វើមមាញឹកណាស់ (សឹងតែរកដង្ហើមដកមិនចង់រួច)
ដើម្បីជាសំអាងឱ្យមនុស្សដែលនៅជិតខាងយល់ឃើញថា ខ្លួនឯងធ្វើអ្វីផ្សេងទៀតមិនបាន ។
តើមនុស្សទាំងអស់នេះអាចជួបភាពជោគជ័យបានដែរឬទេ? យើងមិនបានប្រាប់ថា
មនុស្សជោគជ័យគឺជាមនុស្សមានសេចក្ដីព្យាយាមធ្វើការងារមិនព្រមឈប់នោះទេ
ប៉ុន្តែយើងកំពុងតែចង់ប្រាប់ថា មនុស្សជោគជ័យ គឺជាមនុស្សដែលចេះគ្រប់គ្រងចាត់ចែងការងារគ្រប់យ៉ាងក្នុង២៤ម៉ោងបានទៅវិញទេ
ហើយនិងចង់ប្រាប់ថា មានពេលកាន់តែតិច កាន់តែល្អ
ព្រោះថ្ងៃមួយអ្នកនឹងបានរៀនដឹងអំពីវិធីធ្វើការងារក្នុងលក្ខណៈយ៉រៗ ហើយនឹងងាយស្រួលឡើង
ព្រមទាំងមានប្រសិទ្ធភាពខ្លាំងឡើងជាងមុន ។
៥.
បើកចិត្តទទួលយកពាក្យរិះគន់ មនុស្សដែលមានចិត្តប្រកាន់តួអត្តាខ្លាំង
ធ្វើខ្លួនដូចជាទឹកពេញកែវ មិនព្រមទទួលស្តាប់មតិយោបល់ ពាក្យរិះគន់
និងពាក្យណែនាំទូន្មានអប់រំរបស់អ្នកដទៃ រមែងមិនអាចរៀនយល់ដឹងបាន
និងមិនអាចអភិវឌ្ឍអ្វីបានឡើយ ។ អ្នកអាចសាកដាក់បន្ទាបខ្លួនរបស់អ្នកចុះ
ហើយបើកចិត្តទទួលស្ដាប់ពាក្យរិះគន់ពីមនុស្សដទៃនោះបាន។ ពេលណាដែលអាចធ្វើបាន
អ្នកនឹងបានយល់ថា ពាក្យរិះគន់ហ្នឹងឯងហើយ គឺជាកាដូរដ៏មានតម្លៃសម្រាប់ខ្លួនអ្នក
និងបានជាឱកាសសំខាន់បំផុត ដែលអាចធ្វើឱ្យអ្នកបានអភិវឌ្ឍខ្លួនឱ្យកាន់តែប្រសើរទៅទៀត ។
៦.
ជួបការបរាជ័យខ្លះក៏ល្អម្យ៉ាងដែរ មិនចាំបាច់ធ្វើខ្លួនឯងឱ្យល្អឥតខ្ចោះពេកនោះទេ ជីវិតមនុស្សគ្រប់រូបសុទ្ធតែធ្លាប់ជួបនូវភាពបរាជ័យ
និងការខកបំណងខូចចិត្តនេះទាំងអស់ កុំទៅខ្មាសដែលមានភ្នែកសម្លឹងមើលអ្នកក្នុងន័យចំអក
ចូរហាត់រៀនទទួលស្គាល់ពីភាពបរាជ័យ ឬការខកចិត្តនោះវិញទើបជាការល្អ ដើម្បីមិនឱ្យហេតុការណ៍ដ៏អាក្រក់នេះកើតមានឡើងម្ដងទៀត
ហើយរឿងដែលសំខាន់ អ្នកមិនត្រូវកាត់ស្មានថា “ដឹងយ៉ាងនេះធ្វើបែបនេះល្អជាង”ទេ ចូររៀនហាត់ឱ្យអភ័យខ្លួនឯងឱ្យបាន ផ្ដល់ឱកាសឱ្យខ្លួនឯងសោកសៅ ខូចចិត្ត
តូចចិត្តបានត្រឹម១០នាទីប៉ុណ្ណោះ បន្ទាប់ពីនោះ ចេះរៀនដាក់ចុះនូវសេចក្ដីទុក្ខសោក បែរមុខសម្លឹងទៅខាងមុខ
រួចហើយចាប់ផ្ដើមសាជាថ្មីឱ្យល្អជាង ប្រសើរជាងមុនឱ្យបាន ។
៧.
ញញឹមទទួលយកការផ្លាស់ប្ដូរ គ្មានអ្វីអាចជាប់គង់បានយូររហូតនោះទេ បើវាមានឡើង
វាក៏មានចុះដែរ បើមានថ្ងៃសប្បាយរីករាយ វាក៏មានថ្ងៃកើតទុក្ខសោកដែរ បើមានការចាប់ផ្ដើម
វាក៏មានការបញ្ចប់ទៅដែរ។ រឿងសំខាន់គឺមិនត្រូវមានចិត្តភិតភ័យជាមួយការប្រែប្រួលផ្លាស់ប្ដូរនៃវត្ថុទាំងអស់នោះទេ។
ចូរញញឹមទទួលយកអ្វីគ្រប់យ៉ាងដែលវាកំពុងប្ដូរផ្លាស់ ដែលកំពុងកើតមានឡើងចំពោះជីវិត
និងចូរសម្លឹងមើលថា ការផ្លាស់ប្ដូរអ្វីផ្សេងៗនេះ វាធ្វើឱ្យខ្លួនយើងបានជួបគប់ប្រសព្វនូវបទពិសោធថ្មីៗ និងធ្វើឱ្យខ្លួនយើងរីកធំធាត់ឡើង ។ នៅពេលណាមួយ
អ្នកនឹងបានយល់ពីសច្ចភាពនៃជីវិតនេះ អ្នកមិនចាំបាច់ភ័យខ្លាចថា
ជីវិតនឹងមានរឿងអាក្រក់ៗកើតឡើងឡើយ ។ សំណាងល្អសាងខ្លួនឯងបាន
មិនចាំបាច់ពឹងផ្អែកលើជោគជតារាសីឡើយ ៕
No comments:
Post a Comment