Tuesday, October 3, 2017

គ្មានអ្នកណាហ៊ានលះបង់ពិត ស្រឡាញ់យើងស្មោះ ដូចជាម្ដាយឪពុកយើងទេ?


គ្មានអ្នកណាហ៊ានលះបង់ពិត ស្រឡាញ់យើងស្មោះ ដូចជាម្ដាយឪពុកយើងទេ?

ប្រិយមិត្តអ្នកអានបានដឹងបានជ្រាបរួចមកហើយ ហើយក៏ប្រហែលជាធ្លាប់ហែលឆ្លងកាត់នៅស្នេហាមួយសឹងតែគ្រប់គ្នាផងដែរក៏មិនដឹង ។ ហើយរូបភាពស្នេហានេះ មានគ្រប់មនុស្សប្រុសស្រីទាំងអស់ សូម្បីតែសត្វក៏មានក្ដីស្រឡាញ់តាមបែបផែនរបស់វាដែរ ។ ស្នេហាអ្នកខ្លះ ទទួលបានផលវិជ្ជមានចំពោះខ្លួនឯង និងស្នេហាអ្នកខ្លះទៀត ក៏ទទួលបានផលអវិជ្ជមានផងដែរ ។ អ្នកខ្លះយកស្នេហាធ្វើជាត្រីមុខនាំខ្លួនឱ្យធ្លាក់ទាបថោក ហើយអ្នកខ្លះទៀតយកស្នេហាជាស្ពានចំលងឆ្លងកាត់ឧបសគ្គទាំងឡាយ ដើម្បីសាងអនាគតដ៏ត្រចះត្រចង់របស់ខ្លួនដែរ ។

ក្នុងស្នេហានេះ មានមនុស្សមិនតិចទេ ដែលភ្លេចគិតស្រឡាញ់ខ្លួនឯង ថែរក្សាខ្លួនឯងឱ្យរឹងប៉ឹង ឱ្យស្វាហាប់ចង់ឃើញក្ដីសុបិនរបស់ខ្លួនក្លាយជាការពិត ហើយមានអ្នកខ្លះទៀតមិនទាំងស្រឡាញ់ខ្លួនហើយ ថែមទាំងភ្លេចស្រឡាញ់មនុស្សដែលធ្លាប់ស្រឡាញ់ខ្លួន ថែរក្សាខ្លួនតាំងពីនៅក្នុងផ្ទៃរហូតដល់ធំ ព្រមទាំងចិញ្ចឹមមើលថែបីបាច់ខ្លួនដោយការថ្នាក់ថ្នម យកចិត្តទុកដាក់ ដោយមិនបានគិតពីការហត់នឿយ ឈឺចាប់របស់ខ្លួនឯងឡើយ ដូចជារឿងរ៉ាវខាងក្រោមនេះ 

“សំណាង ថ្ងៃនេះកូនអត់ទៅធ្វើការទេឬ?
ម៉ាក់សំណាង សួរសំណាងយ៉ាងនេះ មកពីរបីថ្ងៃហើយ ព្រោះតែសំណាងកូនគាត់ មិនព្រមនិយាយជាមួយអ្នកណាឡើយ បាយក៏មិននឹក ទឹកក៏មិនឃ្លាន បានត្រឹមតែដេកសំកុកសង្ងំលាក់ខ្លួនពួននៅក្នុងបន្ទប់យ៉ាងនេះទាំងថ្ងៃទាំងយប់ !!!
សំណាងមិនឆ្លើយតបអ្វីសោះ!!! បែរជាមានអារម្មណ៍តានតឹងសឹងស្ទើរប្រេះរលេះរលួយទៅវិញជាមួយពាក្យសួរដដែលៗរបស់ម៉ាក់គេបែបនោះ ។ សំណាង គេធ្វើការជាជាងជុសជុលផ្ទះមួយកន្លែងក្នុងទីរួមខេត្ត គេធ្វើការងារសំណង់នេះអស់រយៈពេលពីរបីឆ្នាំមកហើយ។ ការងារសំណង់នេះ ធ្វើឱ្យរូបគេបានស្គាល់នារីម្នាក់ នាងឈ្មោះ ពីន ជានារីរឹងប៉ឹង និងស្រស់ស្អាតម្នាក់នៅក្នុងកែវភ្នែកនិងបេះដូងរបស់គេ ដូចជារកពាក្យអ្វីមកបរិយាយមិនត្រូវ ។
នាង និងគេបានរាប់អានស្រឡាញ់គ្នា និងមានទំនាក់ទំនងស្នេហាជាមួយគ្នាអស់ពេលបីឆ្នាំមកហើយ ។ អ្នកទាំងពីរបានគិតគូរថា នឹងរៀបការជាមួយគ្នាពីរឆ្នាំខាងមុខ ប៉ុន្តែហាក់ស្នេហានេះហាក់ដូចជាផ្លេកបន្ទោរន្ទះបាញ់ បានបាញ់បំបែកក្បាលគេអ៊ីចឹង នៅពេលដែលពីនស្រីស្នេហ៍គេមកប្រាប់ថា ឈប់ទាក់ទង់ជាមួយគេដោយគ្មានហេតុផលច្បាស់លាស់ ។ សំណាងសួរខ្លួនឯង គេគិតចុះគិតឡើងអស់ពេលជាយូរថា តើខ្លួនគេបានធ្វើអ្វីខុស? ហេតុអ្វីស្នេហាបីឆ្នាំមកនេះ ដែលមានតែភាពល្អូកល្អើនមករហូត មកកាត់ផ្ដាច់ផឹងៗដូចមិនមានអ្វីអាល័យអាឡោះសោះ នៅពេលមានបុរសម្នាក់ទៀត ដែលទើបតែត្រឡប់មកពីប្រទេសក្រៅ គ្រាន់តែគេប្រាប់នាងថា
រូបគេនៅតែស្រឡាញ់នាង តើនាងនឹងអាចវិលមកនៅជាមួយគេដូចដើមវិញបានទេ?
សំណាងយល់ពាក្យថា ស្នេហាដំបូងកប់ជ្រៅយ៉ាងនេះហើយ
ប៉ុន្តែគេមិនធ្លាប់គិតថា ហេតុការណ៍នេះ នឹងកើតឡើងជាមួយស្រ្តីដែលគេសំដៅមកជាម្ដាយរបស់គេទេ នាងបានយល់ព្រមជាមួយគេម្នាក់នោះ ដោយមិនបានគិតថា មនុស្សម្ខាងទៀតត្រូវខូចចិត្ត លែងមានចិត្តចង់ធ្វើអ្វីតទៅទៀត។
“ញ៉ាំបាយទេកូនម៉ាក់ ម៉ាក់ធ្វើប្ហូមចាប់ឆាយដែលកូនម៉ាក់ចូលចិត្តទុកក្នុងឆ្នាំង កូនឃ្លានពេលណាកូនទៅញ៉ាំចុះ ឥឡូវយកខោអាវទៅឱ្យម៉ូយនៅខាងមាត់ផ្លូវសិន តិចទៀតម៉ាក់នឹងត្រឡប់មកវិញ ។
ម៉ាក់របស់សំណាងកម្មង់នេះកម្មង់នោះត្រៀមទុកជាសម្រេចពីព្រលឹម មិនមែនត្រឹមតែមួយព្រឹកនេះទេ គឺរាល់ព្រឹក តាំងពីគេដឹងក្ដីមកម្ល៉េះ ម៉ាក់មិនធ្លាប់ភ្លេច នឹងដេញដោលសួររកហេតុផលរបស់កូនគាត់ទេ តែមានសំឡេងរអ៊ូរថា
មែនហើយ! ពីនមានសភាពដូចជាម៉ាក់នេះឯង នាងយកចិត្តទុកដាក់ ចាំមើលថែគេជានិច្ច នោះគឺជារឿងដែលធ្វើឱ្យសំណាងកូនគាត់ជាប់ចិត្តដិតអារម្មណ៍ដក់ចិត្តងើបមុខលែងរួចច្រើនឡើងរាល់ថ្ងៃ ។
សំណាងសម្លឹងរូបថតរបស់នាងលើក្បាលដំណេក រូបថតស្រ្តីដែលចងសក់រៀងជាកន្ទុយសេះញញឹមយ៉ាងស្រស់ស្អាតជាមួយអាកប្បកិរិយារៀងខ្មាសអៀន ក្នុងឈុតអាវដៃខ្លីពណ៌ស យកដៃបាំងមុខដើម្បីហាមគេមិនឱ្យថតរូបរបស់នាង វាពិតជារូបថតតាមចរិតធម្មជាតិមែន។ ចាប់ពេលនោះមក សំណាងបានយករូបថតមួយសន្លឹកនេះមកដាក់តាំងលើក្បាលដំណេករហូតមកដល់ថ្ងៃនេះ និងប្រហែលជាដាក់បែបនេះបន្តទៀតរហូតដល់ប្រាកដក្នុងចិត្តថា
 លែងមានតម្លៃចំពោះនាង
កាលវេលាចេះតែកន្លងផុតទៅ រហូតដល់ថ្ងៃត្រង់មួយ សំណាងនៅតែដេកសំឡឹងមើលពិដានផ្ទះ និងលើកយករូបថតនាងឡើងមកមើលយ៉ាងនោះ អស់ពេលយ៉ាងយូរសែនយូរ និងសួរខ្លួនឯងថា
ខ្ញុំនឹងរស់នៅយ៉ាងម៉េច បើគ្មានវត្តមានរបស់នាង?”
 សំណាងកូន ម៉ាក់ចូលទៅបានទេ?”
"គេមិនឆ្លើយ នឹងនៅរក្សាភាពស្ងៀមស្ងាត់នោះដដែល រួចម៉ាក់គេចាប់ផ្ដើមនាំនិយាយពីនេះពីនោះ សំណាងក៏ឆ្លើយតបមកម្ដងៗ តែម៉ាក់គេនៅតែនាំគេនិយាយទៅរឿយៗ រហូតមកដល់ចំណុចសន្ទនាស្ទើរតែបេះដូងរបស់គេលែងលោត ក្នុងវគ្គនោះ
ម៉ាក់គេសួរទាំងដឹងច្បាស់ក្នុងចិត្ត គេនៅតែស្ងៀមស្ងាត់បន្ត ប្រហែលជាក្នុងចិត្តគិតថា ពេលណាម៉ាក់គេ នឹងដើរចេញពីបន្ទប់នេះទៅ គេចង់នៅម្នាក់ឯង ប៉ុន្តែរូបគេមិនអាចហាមាត់និយាយបែបនោះរួចឡើយ។
ម៉ាក់ស្គាល់នារីម្នាក់ ចង់ណែនាំកូនឱ្យបានស្គាល់
សំណាងបែរមុខមើលម៉ាក់គេបន្តិច ម៉ាក់គេញញឹមដាក់ ព្រមទាំងយកដៃអង្អែលសក់ក្បាលដោយគ្មានកម្លាំងកម្ហែង ដោយសារគេដាច់បាយដាច់ទឹកអស់ជាច្រើនថ្ងៃ។
ម៉ាក់ដឹងថាកូនឈឺចាប់ ពេលម៉ាក់ដឹងថា កូនមានសភាពបែបនេះ រូបម៉ាក់ក៏ឈឺចាប់មិនចាញ់កូនម៉ាក់ប៉ុន្មានដែរគាត់និយាយទាំងសំឡេងសោកសៅខូចចិត្ត។
នារីម្នាក់នោះបានលួចស្រឡាញ់កូនយូរណាស់មកហើយ
ម៉ាក់គេសម្រួលទឹកមុខរៀងស្រស់ជាងមុនបន្តិច
 នរណា?” សំណាងប្រើពាក្យកំបុតៗ ដូចជារៀងបែបមិនសមគួរពិតមែន
នាងចេះដាំស្លរ ចេះថែរក្សាផ្ទះសម្បែង និងព្រមទាំងមើលថែកូនជាប់ជានិច្ច
ម៉ាក់គេរៀបរាប់អំពីគុណសម្បត្តិរបស់នារីម្នាក់នោះមួយៗ
 នាងមានមុខមាត់មិនសូវស្អាត ដូចនាងដែលកូនម៉ាក់ស្រឡាញ់ទេ រូបមិនស្អាត មិនទាន់សម័យ ការងារក្រៅផ្ទះមិនពូកែ ប៉ុន្តែការងារក្នុងផ្ទះ ម៉ាក់ថាពូកែណាស់
ម៉ាក់គេផ្អៀងមុខមើលគេបន្តិច រួចហើយលើកដៃមកចាប់សក់ដែលជាប់លើអាវយឺតចេញយឺតៗ
 នាងមើលទៅរៀងធាត់ និងមានវ័យចំណាស់បន្តិចហើយ
កែវភ្នែករបស់ម៉ាក់គេមានពន្លឺរស្មីបន្តិចចេញមក
 នាងមិននៅឆ្ងាយពីកូន តែនាងនៅក្បែរជិតកូនហ្នឹងឯង
ហើយសំណាងក៏ងាកមុខដែលគេចចេញពីម៉ាក់គេ ត្រឡប់មកសម្លឹងម៉ាក់គេវិញភ្លាម នៅពេលដែលម៉ាក់គេនិយាយពាក្យនេះ រួចម៉ាក់គេពោលនិយាយបន្តថា 
 សំណាងកូនម៉ាក់ សាកល្បងស្រឡាញ់នារីម្នាក់នេះខ្លះបានទេកូន?…”
ទឹកមុខរបស់ម៉ាក់គេចាប់ផ្ដើមរៀងធូរស្រាល សំណាងរកពាក្យអ្វីនិយាយមិនចេញទេ ប៉ុន្តែគេក្រោកឡើង ដើររៀងទុរិនទុរាចូលមកឱបម៉ាក់គេ ដោយសភាពស្ងៀមស្ងាត់ ហើយទីបំផុតរូបគេក៏និយាយឡើងថា 
កូនព្រមស្រឡាញ់នារីម្នាក់នេះបាទនឹងស្រឡាញ់នាងគ្រប់វិនាទី គ្រប់នាទី គ្រប់ម៉ោង និងស្រឡាញ់អស់មួយជីវិតរបស់កូន
ម៉ាក់គេក៏លែងនិយាយអ្វីទៀតដែរ ទុកបណ្ដោយឱ្យកូនរបស់គាត់ឱបជាប់យ៉ាងនោះទៅ។
ជួនកាលយើងភ្លេចគិតថា នៅមានមនុស្សម្នាក់ទៀតដែលស្រឡាញ់យើងអស់ពីចិត្តថ្លើមប្រមាត់ ចាំមិនបានថាយើងភ្លេចលោកអស់យូរប៉ុនណាទេ ប៉ុន្តែនឹងមិនមានហេតុការណ៍បែបនេះកើតឡើងម្ដងទៀតទេ សំណាងបានសន្យាជាមួយម៉ាក់របស់គេថា
 មិនថាមាននារីណាទេ ក៏មិនអាចធ្វើឱ្យខ្ញុំរងការឈឺចាប់ វេទនាចិត្តបានទៀតទេ ព្រោះខ្ញុំមាននារីម្នាក់បានស្រឡាញ់ខ្ញុំ និងនៅក្បែរខ្ញុំគ្រប់ពេលហើយបាទ





No comments:

Post a Comment