ប្រយោគដាស់ចិត្តខ្លួនឯងឱ្យមានកម្លាំង
កុំរំពឹងតែសេចក្តីសុខស្រួល ព្រោះផ្លូវទៅកាន់ភាពជោគជ័យត្រូវប្រកបព្រមដោយពាក្យថា តស៊ូ ពុះពារព្យាយាម។
កុំបណ្តោយឲ្យអ្នកដទៃគ្រប់គ្រងជីវិតអ្នក
ព្រោះជោគវាសនារបស់អ្នក ស្ថិតនៅក្នុងដៃអ្នកផ្ទាល់។
កុំធ្លាក់ខ្លួនជាទាសកររបស់លុយ
ព្រោះពាក្យថាសេចក្តីសុខបានមកពីពាក្យថាគ្រប់គ្រាន់។
កុំបណ្តោយឲ្យកំហឹងក្លាយជាមហារីកមកបំផ្លាញជីវិតអ្នក
ព្រោះសេចក្តីស្ងប់សុខនឹងកើតឡើងមួយរំពេចនៅពេលដែលអ្នកចេះដោះលែងចិត្តឲ្យស្ងប់។
កុំពាក់ស្រោមមុខតួឯកដើម្បីតែភាពអាត្មានិយម
ព្រោះពេលណាមួយដែលស្រោមមុខអ្នករបូតចេញឃើញមុខដ៏កខ្វក់របស់អ្នក
ពិតជាធ្វើឲ្យគេពិបាកទទួលយកណាស់ ។
ក្រៅពីជំនឿចិត្តលើខ្លួនឯង
ភាពមោះមុតដាច់ខាត ក៏នៅមានកើតចេញពីកត្តាសំខាន់មួយទៀតដែរគឺការទទួលស្គាល់ភាពឯកា។
បើទោះបីថាមានឬគ្មាន
អ្នកដែលគេដឹង គេយល់ពីអារម្មណ៍នៃការឈឺចាប់ដែលយើងបានឆ្លងកាត់កន្លងមកក្តី
អ្វីដែលយើងត្រូវចេះគឺការលួងលោម
មើលថែព្យាបាលស្នាមរបួសខ្លួនឯងដោយខ្លួនឯង។
ពាក្យថាឯកា
ស្តាប់មើលទៅហាប់បីដូចជាការរស់នៅដោយកណ្តោចកណ្តែងតែម្នាក់ឯង
តែការពិតទៅ
វាគឺជាទំនាក់ទំនងកាន់តែជិតដិតទៅកាន់ខ្លួនឯងទៅវិញទេ
ព្រោះភាពឯកា
គឺជាការស្វែងយល់ពីខ្លួនឯងបានយ៉ាងប្រត្យក្ស ។
មនុស្សដែលនឹករលឹកអ្នកពិត
គេនឹងមានពេលទំនេរសំរាប់អ្នកជានិច្ច
អ្នកដែលចង់ជួយអ្នកពិត
ទោះបីជាមានការលំបាកប៉ុនណាក៏គេនៅតែព្យាយាមរកផ្លូវដោះស្រាយបញ្ហាជួយអ្នកឲ្យទាល់តែបាន។
អ្នកដែលនិយាយស៊ីចង្វាក់គ្នាជាមួយអ្នក
គឺជាមនុស្សដែលមិនខ្វល់ថាអ្នកលើកប្រធានបទអំពីអ្វី
ព្រោះគេតែងតែមានវាចាស្តីជាមួយអ្នកបានគ្រប់រឿង។
មនុស្សដែលលង់ស្រលាញ់អ្នក
នឹងព្យាយាមរកវិធីចូលមកក្បែរអ្នក និងធ្វើឲ្យអ្នករីករាយ។
មនុស្សដែលចូលចិត្តអ្នក
ទោះអ្នកជាមនុស្សបែបណាក៏ក្នុងចិត្តដ៏ជ្រាលជ្រៅរបស់គេនៅតែចូលចិត្តអ្នក។
មនុស្សដែលស្អប់អ្នក
ទោះបីជាអ្នកធ្វើល្អកំរិតណាក៏គ្មានពាក្យថាវិជ្ជមានសំរាប់អ្នក ក្នុងផ្នត់គំនិតរបស់គេ។
ចូរមានជីវិតដើម្បីខ្លួនឯង
កុំប្តូរខ្លួនឯងដើម្បីទាក់ទាញការស្រលាញ់ការចូលចិត្តពីអ្នកដទៃ។
ដើមឈើ
អាចលាស់កោងដំណេកទៅតាមកំលាំងខ្យល់បក់
តែជីវិតខ្ញុំផ្ទាល់
គឺខ្ញុំជាអ្នកកំណត់ដោយខ្លួនឯង។
វាសនាអ្នកណាក៏មាន
ប៉ុន្តែឲ្យវាសនារត់តាមយើង
ឬក៏យើងដើរតាមវាសនាអាស្រ័យលើការតស៊ូព្យាយាម
ធ្វើជាខ្លួនឯងឲ្យបានពេញលេញ
កុំគិតតែបំពេញក្តីស្រមៃអ្នកដទៃ ។
ថ្ងៃណាដែលបានសម្រេចបំណងសមប្រាថ្នា
កុំភ្លេចដាស់តឿនខ្លួនងឯងផងណា
កុំឱ្យភាពជោគជ័យដែលសំរេចក្តីប្រាថ្នានោះមកបិតបាំងសតិបញ្ញាស្មារតីរបស់អ្នក។
ថ្ងៃណាដែលខកបំណងប្រាថ្នា
ត្រូវចេះប្រយ័ត្នប្រយែងខ្លួនឯង
កុំឱ្យភាពចំបែងសោកសៅមកបំផ្លាញគោលដៅជីវិតដែលបានកំណត់។
ថ្ងៃណាដែលមានស្តុកស្តម្ភធូរធារ
កុំធ្វើជាអឿអត់ចិត្តភ្លេចគ្រាកំសត់
កុំឱ្យលុយកាក់ទ្រព្យធនដែលពីមុនធ្លាប់អត់
ក្លាយជាអាវុធមកបំផ្លាញខ្លួនឯងនិងមនុស្សជុំវិញខ្លួន។
ថ្ងៃណាដែលក្រលំបាកកំសត់
ត្រូវចេះអត់ធ្មត់រឹងមាំតស៊ូ
កុំបណ្តោយឱ្យផ្លូវដែលកំពុងដើរឆ្ពោះទៅក្លាយជាផ្លូវទាល់។
ថ្ងៃណាដែលឈឺចាប់
ត្រូវចេះផ្គាប់លួងលោមខ្លួនឯង
កុំបណ្តោយឱ្យភាពចំបែងសៅហ្មងចងរិតបំផ្លាញជីវិតចិត្តគ្មានសល់អ្វី។
កុំរំពឹងចង់បានអ្វីមួយខ្លាំងជ្រុលពេក
ព្រោះថ្ងៃណាមួយដែលបានមកហើយ
ក៏គង់តែបាត់នាថ្ងៃណាមួយវិញដូចគ្នា។
កុំទុកចិត្តមនុស្សដោយភាពស្មោះហួស
ព្រោះថ្ងៃណាមួយដែលគេធ្វើខុស
អ្នកនឹងក្លាយជាមនុស្សខ្លាក់ខ្លៅការពារគេ។
មាសប្រាក់លុយកាក់ទ្រព្យសម្បត្តិ
នៅពេលដែលផុតដង្ហើមបាត់ មិនអាចវេចខ្ចប់យកទៅបាន
ចូរចេះបំលែងលុយឱ្យក្លាយជាបុណ្យ
ធ្វើគុណជាប្រយោជន៍ដល់មនុស្សទូទៅ។
កេរ្តិ៍ឈ្មោះកិត្តិយសល្បីរន្ទឺ
លេចលឺថ្ងៃនេះបានហើយ
ក៏អាចស្ងប់រលាបនៅថ្ងៃស្អែកក៏ថាបាន។
ភាពជោគជ័យប្រៀបដូចជាផ្លែផ្កា
ដែលបានមកពីការដាំដុះភ្ជួររាស់ កសិផលដែលទទួលមិនមែនមានគ្រប់រដូវនោះទេ
លុះត្រាតែអ្នកដាំដុះកសិផលនានាជាច្រើនប្រភេទមិនមែនតែមួយមុខ។
ជីវិតដូចជារង្វង់
ចំនុចចាប់ផ្តើមគឺជាចំនុចបញ្ចប់
ចប់ហើយក៏ចាប់ផ្តើមជាថ្មី
អ្នកចេះនូវអ្វីដែលអ្នកបានធ្វើ
អ្នកធ្វើនូវអ្វីដែលធ្លាប់ជាខ្លួនអ្នក
ជ្រើសធ្វើនូវអ្វីដែលល្អប្រសើរ
រឿងដែលល្អប្រសើរនោះនឹងកើតឡើងចេញពីបុណ្យដែលអ្នកធ្លាប់សាង ។
បើមិនស្រលាញ់ខ្លួនឯង
ចាំឱ្យអ្នកណាស្រលាញ់
បើមិនលើកទឹកចិត្តខ្លួនឯង
ចាំឱ្យអ្នកណាមកជួយលើក
មិនជឿជាក់លើខ្លួន
រងចាំអ្នកណាគេមកជឿ
ដួលដោយខ្លួនឯង
ក្រោយដោយខ្លួនឯង ដើរបន្តដោយខ្លួនឯង
វិថីនៃជីវិត
ជ្រើសដោយខ្លួនឯង ត្រូវតែដើរដោយខ្លួនឯង ។
ប្រសិនបើអ្នកមិនអាចហោះបាន
គួរតែចេះគ្រប់គ្រងអារម្មណ៍ត្រូវការចង់បានរបស់អ្នក
របស់ឬក៏វត្ថុខ្លះវាទាក់ទាញ
រហូតឱ្យស្រក់ទឹកមាត់ចង់លេប
ប៉ុន្តែវាអាចនឹងមិនសក្តិសមជាមួយអ្នក។
ត្រូវចាំទុកថា
ពេលដែលអ្នកគ្មានលទ្ធិភាពតតាំងជាមួយនិងការវិនាសខូចខាតដែលនឹងកើតឡើង
ក៏គួរតែគ្រប់គ្រងអារម្មណ៍តណ្ហានៃការចង់មានចង់បានមកគ្រប់គ្រងរបស់អ្នកឱ្យបានគ្រប់គ្រាន់
កុំបណ្តោយឱ្យអារម្មណ៍ត្រូវការបំផ្លាញអនាគតរបស់អ្នក។
ព្រោះទោះបីជាអ្នកតម្កើងខ្លួនគិតថាអ្នកគឺជា
សត្វចចកដ៏រឹងមាំអង់អាចអស្ចារ្យ
តែកុំភ្លេចថា
អ្នកក៏អាចស្លាប់ដោយសារតែសត្វស្លាបតូចល្អិតដែលគ្មានតម្លៃមួយក្បាលដូចគ្នា ។
ចង់បានតែមិនបាន
ទើបធ្វើឱ្យកើតទុក្ខ
ទទួលបានមកហើយ
បារម្ភខ្លាចបាត់បង់ទៅវិញ
ទើបធ្វើឱ្យកើតទុក្ខ
ទទួលបានមកហើយ
តែបាត់បង់ទៅវិញ
ទើបធ្វើឱ្យកើតទុក្ខ
កាន់តែខំក្តាប់វាឱ្យណែនជាប់ខ្លាំងប៉ុនណា
ការឈឺចាប់និងសេចក្តីទុក្ខ
ធ្វើឱ្យយើងមិនបានសុខប៉ុណ្ណោះ
គិតត្រឡប់មកក្រោយឡើងវិញ
តាំងពីដើមដំបូង
គ្មានអ្វីដែលជារបស់យើង
វាគឺជារឿងធម្មតាស្រាប់ទៅហើយ
ដូចនេះ
កុំកើតទុក្ខ ៕
No comments:
Post a Comment