Sunday, October 29, 2017

ចង់មានបានត្រូវចាយវាយតាមបែបសេដ្ឋី


ចង់មានបានត្រូវចាយវាយតាមបែបសេដ្ឋី

មនុស្សយើងគ្រប់គ្នា
រមែងត្រូវឈានជើងដើរឡើង និង
ឈានជើងដើរចុះនៃជីវិតទាំងអស់គ្នា ។

គ្មានអ្នកណាមួយមានជីវិតបែបរមៀលចុះរកចំណុចផ្លាស់ប្ដូរមិនបានទេ
ហើយប្រហែលជាគ្មានអ្នកណាមួយមានជីវិតរុងរឿងគ្រប់ពេល និង
បែបមិនធ្លាប់ឈានជើងដើរចុះដែរ ។

យើងខំតស៊ូពុះពារមកយ៉ាងខ្លាំង
ដើម្បីសាងឋានៈជីវភាពរបស់ខ្លួន និង
ដើម្បីសាងមុខងារតួនាទីឲ្យមានស្ថិរភាពឡើង
ប៉ុន្តែកុំភ្លេចថា ការគ្រប់គ្រង់ប្រាក់ចំណូលឲ្យមានសមតុល្យ
ក៏ជារឿងមួយខ្លួនត្រូវគិតផងដែរ ។
មានមនុស្សច្រើនណាស់​ដែលមិនធ្លាប់មាន
កាលបើមានមុខងារឋានៈតួនាទីរីកចម្រើនឡើង
មានជីវភាពឋិតថេរល្អប្រសើរឡើង
មានប្រាក់ចំណូលកាន់តែច្រើនឡើងជាងដែលខ្លួនមិនធ្លាប់មាន ។

ស្រួលមិនស្រួល ត្រឡប់ក្លាយទៅជា
មានប្រាក់ចំណូលកើនឡើង ប៉ុន្តែត្រូវខ្លួនចាយវាយខ្ជះខ្ជាយទៅវិញ
ត្រូវបង់ខាតប្រាក់ចំណូលទៅលើរឿងផ្សេងដោយខ្ជីខ្ជា ។

ដល់ពេលភ្ញាក់ខ្លួនឡើងវិញ លុយកាក់ទាំងប៉ុន្មាន
សឹងតែរកមួយកាក់មួយសែនគ្មាន
ថែមទាំងត្រូវជំពាក់បំណុលគេជុំទិសទៅទៀត ។

ធ្លាប់ជួបនិយាយជាមួយសេដ្ឋីលំដាប់លេខមួយនៃប្រទេសមួយ
គាត់បានមានប្រសាសន៍ថា ពិតមែនហើយ
អាថ៌កំបាំងនេះមិនមែនជារឿងអីត្រូវពិបាកយល់ទេ ។

បើចង់មានបានត្រូវចេះចាយលុយតាមបែបសេដ្ឋីគេចាយ
កុំរៀនចាយលុយតាមកូនសេដ្ឋីគេចាយ
តើវាមានន័យច្បាស់ និងស៊ីជម្រៅណាស់
ពីគោលជំហរ ចំណុចពិសេសនេះមែនទេ?

សេដ្ឋីនោះ
ទម្រាំនឹងឆ្លងកាត់ មានបានដូចថ្ងៃនេះ
ដែលមានខឿនប្រាក់ចំណូលរឹងមាំ មានស្ថិរភាពនេះ
ត្រូវបានបណ្ដាក់ទុនអស់រាប់សិបឆ្នាំ
ប្រើកម្លាំងកាយ កម្លាំងចិត្ត
កសាងជីវភាពឲ្យដល់ចំណុចមានបានដូចសព្វថ្ងៃនេះ ។

ឬត្រូវជួបការហ៊ានប្រថុយប្រថាផ្សេងព្រេង ហ៊ានកាត់ចិត្ត មិនរាថយ
រួចហើយប្រឹងប្រែងធ្វើឲ្យបានសម្រេច
តែងតែមើលឃើញពីគុណតម្លៃនៃប្រាក់ចំណូល
ដោយការចេះចាយវាយសន្សំសំចៃត្បិតត្បៀតបំផុត ។

ប៉ុន្តែកូនសេដ្ឋីវិញ
ធំធាត់ឡើងមកឃើញតែភាពស្រណុកស្រួល
ពិតណាស់​ដែលភូមិគ្រឹះដ៏ស្កឹមស្កៃ
ជិះរថយន្ដម៉ាកស៊េរីខ្ពស់ តម្លៃថ្លៃ ទូរស័ព្ទល្អប្រណីត
គឺទទួលបានពីការបង្ហូរញើសឈាមរបស់ឪពុកម្ដាយខ្លួនប៉ុណ្ណោះ ។

គេចាយលុយកាក់ទៅដោយមិនចាំបាច់គិតច្រើន
ផ្នត់គំនិតនេះខុសគ្នាដាច់ស្រឡះ……
សម្រាប់មនុស្សដែលរស់នៅក្នុងពេល
នៃការសាងជីវភាពឲ្យមានបានឡើង ។

យ៉ាងណាក៏ដោយ កុំភ្លេចគិតអំពីការរៀបចំខ្ទងចំណូលចំណាយខ្លួន
ការបែងចែកទៅជាប្រាក់សន្សំ ជាប្រាក់ក្នុងការបណ្ដាក់ទុន និង
ជាប្រាក់លើកទឹកចិត្តឲ្យខ្លួនឯង ព្រមទាំងគ្រួសារ ។

កុំចាយវាយប្រាក់ដោយខ្ជះខ្ជាយ
ពេលវេលាជាមាសប្រាក់ អាចផ្លាស់ប្តូរជីវិតរបស់យើងបាន
ក្លាយទៅជាអតីត ដែលយើងអាចធ្វើបានត្រឹមតែការនិយាយដល់
ឬសម្លឹងមើលទៅវាត្រឹមតែមានចិត្តសោកស្តាយប៉ុណ្ណោះ ។

តើជីវិតនេះនឹងបានល្អប្រសើរឡើងបានទេ?
តើជីវិតនេះនឹងឋិតថេរគង់វង់បានដែរទេ?
ខ្លួនយើងហ្នឹងឯង គឺជាអ្នកឆ្លើយសំនួរនេះ ។

“ណាៗ នឹងមានអាយុក្ខ័យ្យច្រើនឡើង
យើងក៏នឹងមានភាពវៃឆ្លាត និងពូកែឡើងផងដែរ
បើខ្លួនចាស់ទៅ ឲ្យក្មេងគេរាប់អាន
ល្អជាងចាស់ទៅ បែបក្មេងគេមិនលើកដៃសំពះគោរព” ។

“មានតែថ្ងៃនេះទេ
ដែលមានសារៈសំខាន់ជាងម្សិលមិញ
និងថ្ងៃស្អែក” ។

“ការជំពប់ជើងដួល
វាមិនថ្វីទេ
គ្រាន់តែបោសធុលីចោល
ក្រោកឡើងស៊ូ ចាប់ផ្ដើមសាជាថ្មីម្ដងទៀត” ៕

គោលគំនិតល្អដើម្បីជីវិត




No comments:

Post a Comment