Monday, October 30, 2017

កុំវិលវល់នៅជុំវិញបញ្ហា


កុំវិលវល់នៅជុំវិញបញ្ហា

បើយើងដឹងថា អ្វីដែលខ្លួនកំពុងបានធ្វើនោះ
វាមិនមែនទេ ឲ្យផ្លាស់ប្តូរវាចេញទៅ
រកដំណោះស្រាយ រកឱកាសក្នុងការផ្លាស់ប្តូរ
កែសម្រួលវាឲ្យបាន ។

កុំឲ្យខាតពេលវេលា កុំគិតតែពីរអ៊ូរទាំ
តែមិនគិតរកមធ្យោបាយដោះស្រាយ កែប្រែវាចេញទេ ។

ធ្វើបែបនោះ វាមិនបានជួយដោះស្រាយអ្វីទេ
មានតែធ្វើឲ្យយើងវិលវល់នៅជុំវិញបញ្ហានោះ
ដោយមិនហ៊ានគិត មិនហ៊ានចូលមកដោះស្រាយ
តើនឹងឲ្យរឿងនោះបានល្អប្រសើរយ៉ាងម៉េច?

ក្នុងគ្រាមួយនោះ
ជាចៃដន្យ ខ្ញុំបានអង្គុយស៊ីបាយនៅជាប់ក្បែរនៃគ្រួសារមួយ
ក្នុងពេលនោះ ខ្ញុំំគ្មានចេតនាបំណងណាមួយ ទៅលួចស្ដាប់រឿងគ្រួសារគេទេ
តែអង្គុយនៅក្បែរនោះ ហើយក៏បានស្ដាប់ បានជ្រុងមួយនៃការគិត
យកមកចែករំលែកទៅ ។

សាច់រឿងនោះគឺបែបនេះ គឺជាអ្នកប្រពន្ធ ជាម្ដាយម្នាក់ពូកែរអ៊ូរហូត
គាត់រអ៊ូពីរឿងធ្វើការងាររបស់គាត់ ធ្វើការមិនល្អយ៉ាងនេះយ៉ាងនោះ
ចូលចិត្តធ្វើការងារយ៉ាងនេះ មិនចូលចិត្តធ្វើការងាយយ៉ាងនោះ
ខណៈដែលប្ដីរបស់គាត់អង្គុយញញឹមតែម្យ៉ាងគិត
ចំណែកខាងលោកកូនវិញ គិតតែពីឆ្ងាញ់ម្ហូបអាហារមាន់អាំងនៅចំពោះមុខគេ ។

កន្លងផុតទៅច្រើននាទី
ភាគីប្រពន្ធនៅតែរអ៊ូមិនចេះចប់មិនចេះហើយ
ដៃកាន់ចុចលើអេក្រង់អាយផេតផងដែរ
រឿងនោះបញ្ចប់នៅត្រង់ថា ក្នុងទីបំផុត
កូនតូចរបស់គាត់ងើបងើយមើលមុខម៉ែខ្លួន
រួចហើយក៏និយាយឡើងថា
“ចុះហេតុអ្វីអ្នកម៉ាក់មិនសុំគេលាឈប់ពីការងារហ្នឹងទៅបាទ” ។

ត្រឹមតែសម្ដីប៉ុណ្ណឹង ឪពុកគេបុកពោះខឹកឡើង
ចំណែកខាងខ្ញុំក៏បានលួចញញឹមទុកក្នុងចិត្ត
សើចចំអក់មិនបាន តិចលោត្រូវមួយកំផ្លៀងឥឡូវ ។

កម្រិតនៃការគិតដោះស្រាយរបស់ក្មេង
ជារឿងគួរឲ្យអស្ចារ្យណាស់នៃពិភពលោក ។

ក្មេងៗវាមានតម្រូវការ
ការទាមទារដើម្បីឲ្យបានវត្ថុតបស្នងដ៏ច្បាស់លាស់មួយ
ពេលនៅជាទារក គេស្រេកឃ្លាន គេឈឺនោម គេឈឺជុះ
ក៏ស្រែកហៅឪម៉ែរបស់គេ
ពេលបានប៉ៅ បានផ្លាស់ប្ដូរក្រណាត់រុំខ្លួន
វាក៏មានអារម្មណ៍ស្រួលខ្លួន ក៏សម្ងំដេកស្ងាត់ឈឹងទៅ ។

ពេលមនុស្សយើងធំឡើង ពេលខ្លះក៏ភ្លេចវង្វេង
យកខ្លួនឯងទៅចង់ឱបជាប់ជាមួយបញ្ហាច្រើនហួសហេតុពេក
ថែមទាំងធ្វើឲ្យខ្លួនឯងនៅជាប់វិលវល់នៅជុំវិញនៃបញ្ហា
រអ៊ូរទាំមិនចេះចប់ម្ដងណាឡើយ  មិនគិតរកវិធីដោះស្រាយទេ ។

សាកមើលទៅជុំវិញខ្លួនសិន
តើមានមនុស្សប៉ុន្មាននាក់ដែលនៅជុំវិញខ្លួនយើង?
ដែលគិតតែពីរអ៊ូរឿងបញ្ហាធ្វើការងារជាមួយមិត្តភក្ដិ ជាមួយគ្រួសារ
ប៉ុន្តែនៅពេលអង្គុយនៅក្នុងបន្ទប់ប្រជុំ
ពេលគេបើកឱកាសឲ្យឡើងចេញមតិយោបល់
ត្រឡប់បែរជានៅស្ងាត់សូន្យឈឹងទៅវិញ ។

អាចទៅរួចទេថា គ្រប់ទីកន្លែងដែលធ្វើការងារ
ក៏មានបញ្ហាទៅតាមការងារកន្លែងនោះៗ
បែបបទ និងភាពច្របូកច្របល់នៃបញ្ហាមិនដូចគ្នា
វាអាចមានលក្ខណៈផ្សេងៗគ្នា ។

ហើយបើយើងស្វះស្វែងរកឃើញថា
ទីកន្លែងនោះវាមិនមែនជាបរិស្ថានអំណោយផល
ដល់ការរីកចម្រើនរបស់យើងទេ
យើងគួរគិតពិចារណារឿងផ្លាស់ប្តូរ ។

ព្រោះជីវិតរបស់មនុស្សយើងមានកំណត់
មិនមែនមានជីវិតណាតាំងបានជារៀងរហូតទេ ។

ប៉ុន្តែវាត្រូវតែប្រាកដក្នុងចិត្តផងដែរ
ព្រោះទោះជាឲ្យផ្លាស់ទៅទីណាកន្លែងណាក៏ដោយ
យើងអាចជួបថា បញ្ហាប្រហែលកើតតាមមកដែរ ។

បើសិនកើតមានដូច្នេះ ត្រូវងាកបែរមករំលឹកសិនថា
ប្រភពការមើលឃើញនៃបញ្ហា គឺខ្លួនយើងមិនមែនឬ?

ប៉ុន្តែ អង្គភាពធំៗ ឬស្ថាប័នធំៗ
មិនបានបើកឱកាសឲ្យក្មេងថ្មីៗ ស្នើមតិយោបល់អ្វីឲ្យជាដុំកំភួនឡើយ
អាចមិនមែនផ្លូវជ្រើសរើសសម្រាប់អ្នកណាម្នាក់ឡើយ ។

ឬថាអង្គភាព ឬស្ថាប័នខ្លះ មើលពីសំបកក្រៅទៅល្អអស់ទាស់
ប៉ុន្តែពេលចូលទៅធ្វើការ វាមិនអាចដូចអ្វីដែលខ្លួនគិតឡើយ ។

រកចំណុចពិត មកសម្រេចរឿងដែលខ្លួនឯងពេញចិត្ត
ហើយជីវិតក៏នឹងស្រុតចុះមក
មានសេចក្ដីសុខនៅពេលនៅជាមួយមិត្តភក្ដិ ជាមួយគ្រួសារ
មិនត្រូវលើកយកបញ្ហាមុនៗ មកនិយាយច្រំដែលនោះទេ ។

“កុំគិតថា ការធ្វើកិច្ចការណានីមួយដូចអ្នកដទៃ
គឺការមានសុវត្ថិភាព វាមិនមានអ្វីផ្សេងគ្នាទេ
ម្លោះហើយវាក៏មានជីវិតរស់ដូចជាអ្នកដទៃអ៊ីចឹងដែរ” ។

“ពេលមានបញ្ហា
ត្រូវស្វែងរកមូលហេតុរបស់វា
មិនមែនរកមនុស្សឲ្យមកទទួលខុសត្រូវនោះទេ” ៕

គោលគំនិតល្អដើម្បីជីវិត


No comments:

Post a Comment