Saturday, October 28, 2017

កាន់តែឲ្យ កាន់តែបាន


កាន់តែឲ្យ កាន់តែបាន

ក្នុងជីវិតបំពេញការងារ
បើសិនចង់ធ្វើអ្វីឲ្យសម្រេចបែបមហាសាល
យើងមិនអាចធ្វើអ្វីបានដោយខ្លួនតែម្នាក់ឯងបានទេ ។

យើងត្រូវរៀនដឹងអំពីការបង្កើតក្រុមដែលមានភាពរឹងមាំ
ទាំងផ្នែកចំណេះដឹង សមត្ថភាព និងទស្សនវិស័យ
ព្រមទាំងការចូលរួមចិត្តថ្លើមមានធ្លុងតែមួយ ។

មេក្រុមដែលអាចបានទឹកចិត្តកូនចៅ
រមែងជាក្រុមដ៏រឹងមាំមួយ
ច្បាស់ណាស់ថា ក្រុមធ្វើការ ការងារនឹងដើរ ។

មេដឹកនាំត្រូវចេះដាក់ខ្លួនដើម្បីឲ្យបានចិត្តកូនចៅ
ផ្ដល់ប្រឹក្សាយោបល់ មើលថែ និងផ្ដល់ពាក្យទូន្មាន
ហើយត្រូវហ៊ានបំផុសគំនិតឲ្យកូនចៅហ៊ានគិត និងហ៊ានសម្រេចចិត្ត ។

ដាក់មុខងារឲ្យម្នាក់ៗបានគិត បានសម្រេចចិត្ត
បានស្នើមតិយោបល់របស់ខ្លួនខ្លះ តាមសមគួរ ។

មិនមែនចេះតែឡូឡា ចេះតែមកបញ្ជា
រួចហើយឲ្យកូនចៅធ្វើតាមតែម្យ៉ាង ។

ពេលជំនួបក្រុម ប្រធានក្រុមជាអ្នកនិយាយនាំមុខ
ដោយមិនបើកឱកាសឲ្យកូនចៅបានបញ្ចេញគំនិតទស្សនៈខ្លះ
ការមិនចេះទទួលស្ដាប់មតិយោបល់របស់មនុស្សនៅក្នុងក្រុម
វាពិបាកក្នុងការធ្វើការឲ្យចូលជាធ្លុងតែមួយបានណាស់ ។

ក្រុមហ៊ុនខ្លះ ស្ថាប័នខ្លះ និងអង្គភាពខ្លះ
មិនបានបើកឱកាសឲ្យសមាជិកហ៊ានគិត ហ៊ានសម្រេចចិត្ត និងហ៊ានធ្វើទេ ។

ពេលមានអ្នកណាមួយលេចមុខមកធ្វើអ្វីថ្មី ហើយមានកំហុស
ត្រូវបានគេធ្វើទោស ត្រូវបានគេជេរស្តី
សកម្មភាពបែបនេះកើតមានយូរៗទៅ
ប្រហែលជាលែងមានអ្នកណាហ៊ានផ្ដល់មតិគំនិតយោបល់អស់ ។

ពេលយូរៗទៅ ក្រុមហ៊ុន ស្ថាប័ន អង្គភាព
ក្លាយទៅជាក្រុមហ៊ុន ស្ថាប័ន អង្គភាពមានតែឈ្មោះ
លែងមានសកម្មភាព រង់ចាំតែថ្ងៃរំសាយចោល ។

ផ្ទុយមកវិញ បើសិនយើងស្ថាបនាឲ្យមនុស្ស
ដែលនៅក្នុងក្រុមហ៊ុន អង្គភាព ស្ថាប័ន
ប្រគល់មុខងារឲ្យទទួលខុសត្រូវ
មុខងារឲ្យជាអ្នកសម្រេចដោយចិត្តខ្លួនឯង
ខុសភ្លាំងភ្លាត់ខ្លះ ក៏បានរៀនដឹង
មិនមែនខុសក្នុងរឿងដដែលៗ ។

ពេលកើតមានបែបនេះ អ្នកធ្វើការងារសប្បាយចិត្តបំផុត
មេដឹកនាំក៏សប្បាយចិត្ត
កូនចៅក៏មានអារម្មណ៍ល្អជាមួយដែរ ។

ថាមេដឹកនាំដាក់កាយដាក់ចិត្ត ផ្ដល់អំណាច ចាំគាំទ្រ
គេធ្វើការងារបណ្ដើរ មានអារម្មណ៍ថាខ្លួនឯងធំៗឡើង
មិនមែនធ្វើការងាររាប់ឆ្នាំ ឋានៈតួនាទីនៅកន្លែងដើមនោះទេ ។

ធម្មជាតិរបស់មនុស្ស
ត្រូវការធំធាត់រីកចំរើន
ខ្លួនឯងត្រូវមានអារម្មណ៍ថា ខ្លួនមានអនាគត
ហើយយើងក៏ត្រូវយល់ពីអារម្មណ៍របស់លោកផងដែរ ។

ខ្លួនយើងរៀនចប់មកថ្មីៗ ក៏រមែងចង់បានធំ
កូនចៅរៀនចប់មកថ្មីៗ ក៏មានអារម្មណ៍បែបនេះដូចគ្នា
មេដឹកនាំមិនត្រូវមានចិត្តចង្អៀតចង្អល់ទេ
ត្រូវយកចិត្តទុកដាក់ចំពោះកូនចៅតាមសមគួរ ។

មិនមែនមានត្រឹមតែម៉ោងធ្វើការងាររួមគ្នាប៉ុណ្ណោះ
ត្រូវចេះរកមួយម៉ោងសម្រាកសម្រាន្ត
គឺសម្រាករួមសប្បាយជាមួយគ្នា
ត្រូវធ្វើឲ្យដូចជាគ្រួសារតែមួយ ។

មេដឹកនាំ មិនត្រូវមើលលើកូនចៅ
ថាត្រឹមតែស្ពានចម្លងធ្វើឲ្យខ្លួនឈានជើងទៅដល់គោលដៅនោះទេ ។

កុំមើលងាយមើលថោកអ្នកដទៃថាទាបជាងខ្លួន
ប៉ុន្តែត្រូវសម្លឹងមើលថា មនុស្សគ្រប់គ្នាគឺជាក្រុមតែមួយ ។

នៅពេលថ្ងៃមួយ
បើបានក្លាយខ្លួនធ្វើជាចៅហ្វាយគេ កុំបោះបង់កូនចៅ ។

គិតថា ភ្នាក់ងារគឺគ្រួសាររបស់យើង
គេមកជួយធ្វើការងារឲ្យយើង គេមិនហ៊ានថា
យើងធ្វើអ្វីមិនកើតទេ
មិនមានយើង គេលំបាក
ដូចនោះ ត្រូវឈ្នះជាមួយគ្នា
ត្រូវដើរទៅជាមួយគ្នា។

ជឿចុះ មេក្រុមដែលមានទឹកចិត្តទូលាយ
ហើយមនុស្សដែលធ្វើជាប្រធានកាន់តែឲ្យ កាន់តែបាន ។

“កុំក្អេងក្អាងអំនួតពេក កុំអួតអឿថាខ្លួនល្អ
ក្នុងលោកនេះមនុស្សដែលពូកែជាងយើងមានច្រើនណាស់” ។

“គ្រប់ក្ដីសុបិន
វាក្លាយជាការពិតបាន បើយើងហ៊ាន
ចេញដើរតាមរកវា……” ៕


 គោលគំនិតល្អដើម្បីជីវិត


No comments:

Post a Comment