Friday, October 27, 2017

មានតែត្រីងាប់ប៉ុណ្ណោះដែលហូរតាមបណ្ដោយខ្សែទឹក


មានតែត្រីងាប់ប៉ុណ្ណោះដែលហូរតាមបណ្ដោយខ្សែទឹក

ធម្មជាតិ គឺជាគ្រូដែលបង្រៀនយើងល្អបំផុត
ហើយអាចអប់រំយើងបាន ដោយគ្មានការលាក់លៀមអ្វីទាំងអស់ ។

មេឃ ដី ខ្យល់អាកាស
គឺជាវត្ថុដែលនៅជិតខ្លួន
ដែលព្រមបង្រៀនយើងឲ្យឃើញពីសច្ចភាពនៃជីវិត ។

បើសិនយើងចេះសង្កេតមើល បើកចិត្តព្រមទទួល
ដូចជាការហែលទឹករបស់ត្រី វាអាចបង្រៀនយើងអ្វីម្យ៉ាងបាន
ធម្មជាតិរបស់ត្រី ចូលចិត្តហែលបញ្ច្រាសទឹកហូរ
ទោះបីពួកវាត្រូវការបញ្ចេញថាមពលច្រើនក៏ដោយ ត្រីដែលរឹងមាំគឺជា
ត្រីដែលចូលចិត្តហែលបញ្ច្រាសក្រសែទឹកហូរជានិច្ច
ប៉ុន្តែសាច់ដុំត្រីទាំងនោះ ក៏មានសភាពរឹងមាំ ។

តើអ្នកធ្លាប់ស្គាល់ត្រីឈ្មោះ ហ្សែលម៉ុន ដែរទេ?
ត្រីហ្សែលម៉ុន គឺជាត្រីចម្លែកជាងត្រីផ្សេងៗទៀត ។

ព្រោះត្រីហ្សែលម៉ុន រមែងហែលបញ្ច្រាសទឹកហូរ
ឡើងពីមហាសមុទ្រទៅកាន់ទីកំណើតរបស់ពួកវាវិញ
ដើម្បីទៅពង ផ្ដល់កំណើតឲ្យកូនត្រីតូចៗជាបន្តរាប់ពាន់ម៉ឺនក្បាល
នៅតាមផ្លូវដែលវាហែលទៅ ត្រូវពុះពារគ្រប់ឧបសគ្គយ៉ាងច្រើន ។

ឆ្លងកាត់ច្រអូទឹករាក់ ទឹកជ្រៅ ឆ្លងកាត់តាមចំរែះថ្មតូចធំ
ដើម្បីវិលត្រឡប់ទៅពងនៅឯក្បាលទឹក
ដែលពួកវាធ្លាប់បានទទួលកំណើត ។  

ជីវិតមនុស្សយើងក៏ដូចគ្នា
បើសិនជាយើងគិតតែពីចុះចាញ់
មិនធ្លាប់ហ៊ានបែរមុខតស៊ូ
ឬសម្លឹងមើលឧបសគ្គត្រង់ៗ
ចុះឲ្យទៅយកឈ្នះវាបានយ៉ាងម៉េច?

ប្រាប់ដល់ខ្លួនឯង
ឲ្យមើលត្រីហ្សែលម៉ុនជាតួយ៉ាង
ហើយនឹងដឹងថា ត្រូវបែរមុខរកបញ្ហា
តស៊ូប្រយុទ្ធជាមួយវា
ដោយគ្មានគំនិតចុះចាញ់នៅក្នុងខួរក្បាល
ខាំមាត់សង្កត់ចិត្តពុះពារ ដោយមិនរាថយឡើយ ។

ជីវិតរបស់មនុស្សយើង
តែងតែឆ្លងកាត់ពេលវេលានៃជីវិត
ព្រមទាំងត្រូវចំណាយកម្លាំងយ៉ាងច្រើន
មានទាំងជោគជ័យ
មានទាំងបរាជ័យ
ខកចិត្ត ខូចចិត្ត អស់សង្ឃឹម ព្រមទាំងមានការឈឺចាប់។ល។

ទោះបីជួបប្រទះថ្មរដិបរដុប និងទឹកហូរខ្មួលខ្មាញ់ជាឧបសគ្គក៏ដោយ
ត្រីហ្សែលម៉ុនក៏មិនរាថយក្នុងការហែលឆ្លងកាត់
ព្យាយាមផ្ទាត់ខ្លួនឡើងម្ដងហើយម្ដងទៀត
ដើម្បីឲ្យខ្លួនឆ្លងផុតទៅបាន ។

មនុស្សយើងកាលបើជួបឧបសគ្គ កុំអាលដកថយគេចចេញ
កាលបើមិនព្រមចុះចាញ់ចំពោះឧបសគ្គ
ឱកាសក្នុងការយកឈ្នះនៅមានសង្ឃឹម
ការហែលបញ្រ្ចាសទឹកហូររបស់ត្រីហ្សែលម៉ុន
មិនខុសអ្វីពីការចេញដំណើរតាមរកក្ដីសុបិនអ៊ីចឹងដែរ ។

ទាំងនេះ ដូចជាយើងចេញទៅតាមរកវត្ថុដែលយើងមើលមិនឃើញ
ប៉ុន្តែក្នុងចិត្តយើងដឹងថា វាមានពិត
ហើយវាជារឿងដែលធ្វើឲ្យជីវិតរបស់យើងមានន័យ ។

យើងត្រូវហ៊ានប្រើជីវិតបែបមានគោលដៅ
មានក្ដីសុបិនដ៏ខ្ពស់ ដ៏ធំល្មមនឹងធ្វើឲ្យយើងចាក់បំពេញបាន ។

ព្រោះថា ជីវិតដែលគ្មានក្ដីសុបិន និងគ្មានសង្ឃឹម
ប្រហែលមិនមែនជាជីវិតដ៏គួរឲ្យរីករាយសែនមនោរម្យប៉ុនណាទេ ។

សំឡេងដែលយើងនិយាយឮខ្លាំងៗ
ឲ្យអ្នកដទៃបានឮ
អាចមិនមែនជារឿងកំណត់ជីវិតរបស់យើងឡើយ ។

សំឡេងដែលយើងនិយាយទៅខ្សឹបៗចេញពីបេះដូង
ដែលយើងប្រាប់ដល់ខ្លួនឯងទៅវិញទេ
គឺជារឿងដែលមានកម្លាំងច្រើនជាង
ដែលអាចកំណត់ជោគជ័យឲ្យដល់ជីវិតយើងបាន ។

“ជីវិតដែលមានតម្លៃ
គឺជាជីវិតដែលជឿថា ក្ដីសុបិនអាចក្លាយជាការពិត” ។

“មនុស្សដែលមិនហ៊ានប្រថុយធ្វើអ្វី
ខ្លួនមិនដឹងទេថា គេកំពុងប្រើជីវិតបែបប្រថុយប្រថានបំផុត
ព្រោះគេគ្មានឱកាស
ជួបប្រទះជាមួយភាពជោគជ័យនេះបានឡើយ” ៕

គោលគំនិតល្អដើម្បីជីវិត


No comments:

Post a Comment