Sunday, November 5, 2017

ធម្មៈមុនចូលដេកៈ ស្តីអំពី ភាពស្មោះត្រង់ជិតខ្លួន


ធម្មៈមុនចូលដេកៈ ស្តីអំពី ភាពស្មោះត្រង់ជិតខ្លួន

ជាធម្មតារឿងដែលនៅជិតៗខ្លួន យើងច្រើនតែអាចនឹងមើលឃើញ ឬបានឮ បានស្តាប់មុនរឿងដែលនៅឆ្ងាយខ្លួនជានិច្ច ។ ភាពស្មោះត្រង់ក៏ដូចគ្នា បើសិនយើងសង្កេតមើល ក៏នឹងរកឃើញថា វានៅជិតខ្លួនយើងដូចគ្នា ។ ឧទាហរណ៍ ភាពស្មោះត្រង់ចំពោះអង្គភាព ស្ថាប័ន ស្មោះត្រង់ចំពោះតួនាទី ស្មោះត្រង់ចំពោះមនុស្សរួមការងារ និងស្មោះត្រង់ចំពោះខ្លួនឯង ជាដើម ។ ក្នុងផ្នែកធម្មៈវិញ បុគ្គលនឹងទ្រទ្រង់ជីវិតក្នុងការស់នៅប្រកបដោយភាពស្មោះត្រង់យ៉ាងឋិតថេរ និងមានសេចក្ដីសុខបាន រមែងត្រូវអាស្រ័យគុណធម៌ដទៃមកជួយគាំទ្រ ។ គុណធម៌ដែលពោលថាមកនេះ លោកហៅថា ធម្មឆន្ទៈ ប្រែថា សេក្ដីស្រឡាញ់ ការពេញចិត្ត និងការចូលចិត្ត ​ព្រោះអ្វីគ្រប់យ៉ាងក្នុងលោកនេះ បើសិនចាប់ផ្ដើមធ្វើអ្វីដោយការស្រឡាញ់ និងការពេញចិត្តពេញថ្លើមហើយ ក៏អាចនឹងទាញស្រូបយកវត្ថុដែលជាគុណសម្បត្តិផ្សេងៗចូលមករួមជាមួយគ្នា ដូចជា ទាញយកនូវសេចក្ដីព្យាយាមចេញមកជួយ ទាញយកការអត់ធន់ និងភាពឆ្លាតវៃឲ្យចូលមកជាបក្សជាពួក ជាដើម ។ ប្រការនេះ គប្បីមើលឃើញតួយ៉ាងពី កម្លោះម្នាក់ដែលស្រឡាញ់នារីម្នាក់  តែងតែមិនខ្លាចខ្មោចលង ទោះបីត្រូវដើរឆ្លងកាត់ព្រៃខ្មោចក្នុងពេលយប់កណ្ដាលរាត្រី ដើម្បីទៅជួបនារីដែលខ្លួនឯងស្រឡាញ់ ​មានប្រការយ៉ាងណា ការទ្រទ្រង់ខ្លួនឲ្យមានភាពឋិតថេរក្នុងភាពស្មោះត្រង់ក៏មានប្រការយ៉ាងនោះដែរ ។ បើសិនមើលឃើញគុណប្រយោជន៍រហូតទាល់តែកើតក្ដីស្រឡាញ់ និងការពេញចិត្តក្នុងការប្រតិបត្តិហើយ ទុកណាត្រូវប្រឈមមុខជាមួយស្ថានការណ៍វរវឹក ឬវិប្បលាសដូចម្ដេចក្ដី ក៏មិនអាចធ្វើឲ្យធ្លាក់ស្រុតចុះពីភាពស្មោះត្រង់នេះបានដែរ ។

 ភាពស្មោះត្រង់នេះ ទោះបីយើងនឹងបានឮ បានស្ដាប់មកច្រើនយ៉ាងណា ប៉ុន្តែគ្រប់ផ្នែកនៃភាពស្មោះត្រង់ មានរសតែម្យ៉ាងគត់ នោះគឺ មានកត្តិយស មានកេរ្ដិ័ឈ្មោះបោះសំឡេង បានទទួលការលើកស្ទួយ គួរឲ្យរាប់អាន ទទួលបានពាក្យសរសើរ ទាំងនេះជារស ។ ដូចពាក្យព្រះលោកនាថ ទ្រង់ត្រាស់សំដែងទុកថា "សច្ចេន កិត្តឹ បប្បោតិ" ប្រែជាសេចក្ដីថា "មនុស្សបានកិត្តិយសដោយសារភាពស្មោះត្រង់" ដូច្នោះ ។ ការទ្រទ្រង់ជីវិតរស់នៅក្នុងភាពស្មោះត្រង់ ជាការសាងកិត្តិយសកេរ្តិ៍ឈ្មោះឲ្យដល់ខ្លួនឯង ដោយត្រង់នេះឯង ៕

ស្រង់ចេញពីធម្មៈមុនចូលដេក
ប្រែ.គោលគំនិតល្អដើម្បីជីវិត

No comments:

Post a Comment