Sunday, November 5, 2017

និទានមុនចូលដេកៈ អាថ៌កំបាំងមិនមានទេក្នុងលោក


និទានមុនចូលដេក
អាថ៌កំបាំងមិនមានទេក្នុងលោក

ស្រងចេញពីរឿងនិទានក្នុងជាតកមួយដំណាលថា មានគ្រូអាចារ្យម្នាក់ ចង់លើកកូនស្រីក្រមុំឲ្យរៀបការជាមួយកូនសិស្សដែលមានគុណធម៌  ទើបខ្លួនរកកលឧបាយថា ឲ្យសិស្សទៅលួចទ្រព្យរបស់ពីឪពុកម្ដាយ ឬសាច់ញាតិមិត្តបងប្អូនមកឲ្យបានច្រើនបំផុត ។ កូនសិស្សម្នាក់ៗក៏ទៅលួចទ្រព្យរបស់មកឲ្យគ្រួអាចារ្យតាមដែលខ្លួនអាចធ្វើបាន ។ អ្នកខ្លះលួចរបស់មានតម្លៃខ្ពស់ អ្នកខ្លះលួចបានរបស់មានតម្លៃមធ្យម និងខ្លះទៀតលួចបានរបស់មានតម្លៃទាប ប៉ុន្តែក្នុងចំណោមពួកគេមានសិស្សម្នាក់ ត្រឡប់មកមានតែដៃទទេ ។ ពេលគ្រូអាចារ្យសាកសួរ ក៏បានទទួលចម្លើយតបពីកូនសិស្សនោះថា ហេតុផលដែលគេមិនលួចរបស់ ព្រោះគេជឿថា អាថ៌កំបាំងក្នុងការធ្វើអាក្រក់មិនមានទេក្នុងលោក មិនថានៅក្នុងផ្ទះ ឬក្នុងព្រៃ ទោះបីគ្មានអ្នកដទៃជួបឃើញ ក៏ប៉ុន្តែខ្លួននៅមើលឃើញ ហើយខ្លួនហ្នឹងឯងរមែងដឹងថា ធ្វើល្អឬអាក្រក់ ។ គ្រូអាចារ្យបានឃើញភាពមានគុណធម៌របស់សិស្សម្នាក់នោះហើយ ទើបលើកកូនក្រមុំឲ្យ ព្រមទាំងលើកស្ទួយគេឲ្យធ្វើជាគំរូនៃមនុស្សល្អ មានគុណធម៌ដល់សិស្សដទៃៗទៀត ។

ចេញពីរឿងនេះអប់រំឲ្យដឹងថា មនុស្សធ្វើអំពើអាក្រក់ក្នុងទីកំបាំងដោយគិតថា មិនមានអ្នកណាដឹង ជាពិសេសអំពើអាក្រក់ជូរជាតិ ដូចជា មនុស្សឃាត ឬការលួចឆក់ប្លន់ ចាប់រំលោភបំពាន ជាដើម ។ ក្នុងទីបំផុតអំពើអាក្រក់នោះ ក៏បើកបង្ហាញឲ្យគេឃើញឮទាល់តែបាន មនុស្សទុច្ចរិតមានគំនិតមិនល្អ មិនស្មោះត្រង់ ទោះបីខាងដើមមិនមានអ្នកណាគេជួបឃើញ ឬចាប់មិនបានដេញមិនទាន់ក៏ដោយ ព្រោះមនុស្សដែលធ្វើអាក្រក់គ្រប់គ្នា រមែងព្យាយាមធ្វើយ៉ាងម៉ត់ចត់ល្អបំផុត តែចុងក្រោយអាថ៌កំបាំងក្នុងការសាងអាក្រក់ ក៏ត្រូវបានលាតត្រដាងចេញមក បើមិនឆាប់ក៏យូរប៉ុណ្ណោះ ។

ចេញពីរឿងនិទានគុណធម៌នេះ ភាពអាថ៌កំបាំងមិនមានទេក្នុងលោក ទាក់ទងជាមួយគោលធម៌ត្រង់ចំណុចលោកបាលធម៌ ធម៌រក្សាលោក២ប្រការ បានដល់អារម្មណ៍ខុសត្រូវល្អអាក្រក់គឺ ហិរិ សេចក្ដីខ្មាសបាប មិនហ៊ានធ្វើអំពើបាបទាំងនៅក្នុងទីកំបាំង និងទីវាល ។ ឱត្តប្បៈ សេចក្ដីក្រែងខ្លាចបាប ខ្លាចផលពីការធ្វើអាក្រក់នឹងតាមមកតបស្នង អាចកើតមាននៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា ។ ដូចនោះ មុននឹងទៅគិតធ្វើអ្វី ប្រព្រឹត្តអ្វី ទើបគួរនឹកដល់ពាក្យពុទ្ធដីកា របស់ព្រះសម្មាសម្ពុទ្ធបរមគ្រូជាម្ចាស់នៃយើងថា នត្ថិ លោកេ រហោនាម ដែលមានសេចក្ដីប្រែថា អាថ៌កំបាំងមិនមានទេក្នុងលោក ហើយជីវិតនឹងមានសុវត្ថិភាពទាំងនៅក្នុងទីកំបាំង និងទាំងនៅក្នុងទីវាល ក្នុងជាតិនេះ និងជាតិខាងមុខ ៕

ស្រង់ចេញពីនិទានមុនចូលដេក
ប្រែ.គោលគំនិតល្អដើម្បីជីវិត

No comments:

Post a Comment