Tuesday, November 7, 2017

ចេះរៀនមើលក្នុងផ្នែកទាំងពីរ


ចេះរៀនមើលក្នុងផ្នែកទាំងពីរ

និទានធម្មៈ ចេះរៀនមើលក្នុងផ្នែកទាំងពីរ អាននិទានខ្លីៗ ជានិទានក្មេងអាចអានបាន ចាស់ទុំអានក៏កាន់តែល្អ ព្រោះមិនមែនត្រឹមតែនិទានខ្លី ផ្ដល់ភាពសប្បាយៗ ប៉ុន្តែថែមទាំងមាននិទានធម្មៈអប់រំចិត្ត តាមពាក្យអប់រំទូន្មានរបស់ព្រះពុទ្ធជាអង្គម្ចាស់នៃយើងផង ។ ការអាននិទានធម្មៈ គតិអប់រំចិត្តខ្លីៗ ជាមួយនឹងគោលគំនិតល្អដើម្បីជីវិត គ្រប់ពេល បានរាល់ថ្ងៃ ។

មានរឿងដំណាលថា ក្នុងកម្មវិធីជប់លៀងមង្គលការមួយ ឪពុករបស់កូនក្រមុំ បានផ្ដល់ឱវាទវិធីសាស្ត្រគ្រប់គ្រងជីវិតគូស្រករឲ្យឋិតថេរយូរអង្វែង និងមានសុភមង្គលក្នុងគ្រួសារ ដោយនិយាយក្នុងវគ្គមួយថា កូនក្រមុំដែលខ្លួនគិតថា ល្អឥតខ្ចោះនោះ ពេលនៅជាមួយគ្នាបានមួយរយៈ ក៏នឹងចាប់ផ្ដើមមើលឃើញពីការខ្វះខាត ចន្លោះប្រហោងក្នុងខ្លួននាង ហើយពេលណាដែលខ្លួនចាប់ផ្ដើមសង្កេតឃើញពីភាពខ្វះខាត ចន្លោះប្រហោងទាំងនេះ សូមឲ្យកូនកម្លោះកត់ចំណាំទុកថា បើសិនកូនក្រមុំមិនមានប្រការខ្វះខាតចន្លោះប្រហោងទាំងនោះមកតាំងពីដំបូងទេ នាងក៏ប្រហែលបានស្វាមីដ៏ល្អជាងកូនកម្លោះតាំងពីយូរមកហើយ

មនុស្សម្នាដែលជាភ្ញៀវកិត្តិយស ចូលរួមក្នុងវិធីមង្គលនោះ ម្នាក់ៗក៏មានអារម្មណ៍ចម្លែកចិត្តជាមួយឱវាទដូចពោលខាងដើម ព្រោះតាមធម្មតា គេច្រើនតែណែនាំដោយពាក្យពេជន៍ដ៏ពីរោះ ស្តាប់ទៅរណ្ដំត្រចៀក ស្តាប់ហើយមានកម្លាំងចិត្តស៊ូ ដូចជាពាក្យថា ឲ្យមានភាពស្មោះត្រង់ចំពោះគ្នា យកចិត្តយកថ្លើមគ្នា ឲ្យយល់ចិត្តគ្នាទៅវិញទៅមក ឲ្យមានការទុកចិត្តគ្នា ជាដើម ។ ប៉ុន្តែគិតឲ្យបានច្បាស់លាស់ និងគិតឲ្យស៊ីជម្រៅទៅបន្តិច ក៏រកឃើញគុណតម្លៃក្នុងពាក្យណែនាំរបស់ឪពុកកូនក្រមុំខាងលើ ពោលគឺ មនុស្សយើងគ្រប់រូប តែងតែមានពីរផ្នែកជានិច្ច បានដល់ផ្នែកខាងល្អ និងផ្នែកខាងអាក្រក់ ។ ក្នុងពេលជួបគ្នា បានគ្នាថ្មោងថ្មីនោះ ម្នាក់ៗខំបញ្ចេញតែសារធាតុល្អរបស់ខ្លួនមក ហើយខិតខំបិទបាំងផ្នែកអាក្រក់របស់ខ្លួនទុកមួយអន្លើសិន ប៉ុន្តែពេលបានគ្នាជាប្តីប្រពន្ធពិតប្រាកដ ច្រើនតែទប់ស្កាត់សារធាតុអាក្រក់របស់ខ្លួនមិនបាន ។ ការណែនាំឲ្យសង្កេតមើលផ្នែកអាក្រក់ឲ្យបានដឹងតាំងពីគ្រាដំបូងនោះ ទើបជារឿងល្អ ព្រោះនឹងដឹងទាន់សភាពពិតក្នុងធម្មជាតិរបស់មនុស្ស រួចហើយត្រូវរកផ្លូវដោះស្រាយក្នុងមធ្យោបាយដ៏សមគួរ ។ រឿងនេះក៏អាចជួយឲ្យការគ្រប់គ្រងជីវិតគូឲ្យនៅជាសុខដោយគង់វង់បាន ។ បើសិនដៃគូនីមួយៗអាចធ្វើបាន ភាពខ្វះខាត ចន្លោះប្រហោងក៏ជាកម្លាំងជំរុញឲ្យមានភាពសំបូរបែប ចូរធ្វើក្ដីវិបត្តិឲ្យទៅជាឱកាសវិញ ។

ឱវាទរបស់ឪពុកកូនក្រមុំខាងលើ មិនមែនទាល់តែកូនកម្លោះក្រមុំរៀបការហើយទេ តែក្នុងការប្រតិបត្តិការងារ និងក្នុងសង្គមទូទៅ ក៏ចាំបាច់មើលទាំងពីរផ្នែកនេះដូចគ្នា  ព្រោះក្នុងលោកមួយនេះ មិនមានអ្នកណាមួយល្អឥតខ្ចោះ គ្រប់កាលៈទេសៈទេ ហើយគោលគំនិតនេះ មានគោលបំណងចង់ឲ្យយើងមានជីវិតដ៏សម្បូណ៌បែបឡើងបាន ក្នុងចំណោមវត្ថុដែលមិនទាន់បានសំបូរបែបនោះ ៕

ប្រែ.គោលគំនិតល្អដើម្បីជីវិត

No comments:

Post a Comment