ព្រះពុទ្ធឧទាន!
និទានធម្មៈ
ប្រចាំផេក ក៏ដូចជាគេហំទំព័រគោលគំនិតល្អដើម្បីជីវិត ប្រចាំថ្ងៃនេះ ត្រូវនឹងព.ស.២៥៦១
ដែលបានកំពុងសម្រិតសម្រាំងសរសេរឡើងនូវនិទានធម្មៈខ្លះៗ
ដើម្បីបានជាប្រយោជន៍ដល់ប្រិយមិត្តអ្នកអាន ទុកជាកម្លាំងចិត្ត ទុកជាគតិអប់រំចិត្ត
ទ្រទ្រង់ជីវិតទៅតាមមាគ៌ាព្រះពុទ្ធសាសនា
សម្រាប់ជាកំណប់ទ្រព្យវេចខ្ចប់ទុកដំណើរទៅផ្លូវឆ្ងាយ ពោលគឺបរលោកនាយ ព្រមទាំងបានឃើញពីតម្លៃដែលបានកើតមកជាមនុស្ស
និងក្នុងនាមជាអ្នកបានយកព្រះពុទ្ធសាសនាធ្វើជាមាគ៌ាជីវិត ។ កុំឲ្យការនេះវែងឆ្ងាយ
សូមទាញយកនិទានធម្មៈសម្រាប់ជីវិត មកសរសេរទុកដូចខាងក្រោម៖
មានរឿងរ៉ាវដំណាលក្នុងគម្ពីរថា
ភិក្ខុទេវទត្ត (ដែលជាបងថ្លៃរបស់ព្រះអង្គ)
បានព្យាយាមធ្វើបាបព្រះពុទ្ធសមណគោតមជាអង្គម្ចាស់ (ដែលយើងគោរពបូជានៅសព្វថ្ងៃនេះ
ព្រះអង្គទ្រង់បានព្យាករទុកព្រះសាសនានេះកំណត់ ៥០០០ឆ្នាំ ជាកំហិត) អស់វារៈ ៣ដង ។ លើកទី១
ថាបានជួលនាយបាញ់ព្រួញ(សរ) ឲ្យលបលួចបាញ់ផ្ដាច់ផ្ដិលជិពជន្មរបស់ព្រះអង្គ ។ លើកទី ២
បានក្លែងរមៀលដុំថ្មដ៏ធំ ក្នុងបំណងឲ្យធ្លាក់ទៅសង្កត់លើព្រះពុទ្ធអង្គឲ្យសុគត ។ លើកទី៣
បានលែងដំរីឲ្យបោលរត់ចូលទៅ
ក្នុងបំណងឲ្យទៅបៀតបៀនព្រះពុទ្ធជាម្ចាស់ ប៉ុន្តែមិនបានសម្រេចបំណងទាំង ៣ លើក
ទើបបានបំបែកខ្លួនចេញពីព្រះពុទ្ធជាម្ចាស់ ទៅតាំងសំណាក់របស់ខ្លួនឯង ។ គ្រានោះ
ព្រះពុទ្ធជាអម្ចាស់ ទ្រង់បញ្ចេញឧទានថា “កម្មល្អមនុស្សល្អធ្វើបានដោយងាយ
កម្មល្អមនុស្សអាក្រក់ធ្វើបានដោយក្រ កម្មអាក្រក់មនុស្សអាក្រក់ធ្វើបានដោយងាយ
កម្មអាក្រក់ព្រះអរិយបុគ្គលទាំងឡាយធ្វើបានដោយក្រ” ។
ពីព្រះពុទ្ធឧទានខាងលើនេះ
ផ្ដល់ជាគោលគំនិតថា បរិមាណរបស់អំពើល្អ និងអំពើអាក្រក់ ដែលមានប្រាកដក្នុងសង្គមនេះ
ដែលឆ្លុះបញ្ចាំងបង្ហាញអំពីសភាពសន្ដានចិត្តរបស់មនុស្ស ក្នុងសង្គមនេះ ដែលមានន័យថា
ពេលណាដែលចិត្តស្រឡាញ់ចូលចិត្តល្អ ខ្មាសបាប ក្រែងខ្លាចបាប
ពេលនោះមនុស្សក៏នាំគ្នាធ្វើល្អ ដោយមិនចាំបាច់មកបង្គាប់បញ្ជា ព្រោះចិត្តជាបុណ្យកុសល
ចង់ធ្វើដោយខ្លួនឯង ។
ប៉ុន្តែកាលណា
ត្រូវសេចក្ដីលោភ ខឹង វង្វេងគ្របសង្កត់ រហូតដល់ហាមឃាត់ចិត្តមិនជាប់ហើយ
ការធ្វើល្អក៏លំបាក តែធ្វើអាក្រក់នឹងងាយជាង ព្រោះចិត្តត្រូវបាន លោភ ខឹង វង្វេង
នោះគ្របសង្កត់ ប្រព្រឹត្តទៅតាមលក្ខណៈនេះជាសច្ចធម៌ ដែលកើតមានយូរលង់ណាស់មកហើយ
រហូតដល់មានពាក្យនិយាយថា “ផ្លូវទៅកាន់ឋានសួគ៌វារដាក់រដុប ផ្លូវទៅកាន់នរកវាឡើងរលោង” ។ យ៉ាងណាក៏ដោយ ទុកណាជាមានអារម្មណ៍ថា ធ្វើល្អលំបាកក៏ដោយចុះ
ក៏មិនគួរអស់សង្ឃឹមទាល់តែឈប់ធ្វើនោះដែរ ព្រោះបើសិនជាអស់សង្ឃឹមពេលណា
គំនិតដែលនឹងធ្វើអាក្រក់នឹងជ្រែកចូលមកជំនួសភ្លាម ។ ពេលនោះ ដូចជាព្រះពុទ្ធបរមគ្រូ
ទ្រង់ឧទានថា “ការធ្វើល្អនោះ ធ្វើលំបាក និងឃើញផលយឺតយ៉ាវ
ចាំបាច់ត្រូវតែធ្វើ ព្រោះបើមិនធ្វើហើយ អំពើអាក្រក់ដែលនឹងធ្វើបានងាយ
នឹងចូលមកជំនួសវិញ កផ្ដុំពួនឡើងយ៉ាងឆាប់រហ័ស ដោយងាកខ្លួនសឹងតែមិនទាន់” ។
ការលះបង់អាក្រក់
ធ្វើល្អនោះ ចាត់ទុកជាការហ្វឹកហាត់ម្យ៉ាង
បើជួបប្រទះជាមួយអំពើអាក្រក់ដែលមានកម្លាំងច្រើន ហើយយើងអាចលះបង់បាន ដោយការមិនធ្វើតាមអ្វីដែលកិលេសទាមទារ
កាន់តែមានអារម្មណ៍រីករាយចំពោះខ្លួនឯងច្រើនឡើង
ព្រោះការបានហ្វឹកហាត់ខ្លួនឲ្យស្ថិតនៅក្នុងលំដាប់ខ្ពស់
ហើយពេលបានឆ្លងកាត់ការកាច់បំបាក់ចិត្តបែបនោះជារឿយៗ អំពើល្អនឹងមានកម្លាំងឡើង ។
ការធ្វើអាក្រក់ក៏នឹងមានអារម្មណ៍ថាលំបាក ចំណែកខាងធ្វើល្អ ក៏ចាប់ផ្ដើមមានការងាយឡើង នេះគឺជាពុទ្ធឧទានខាងដើម
ដែលជាសច្ចៈធម៌ អាចយកមកពិសោធដោយខ្លួនឯងបានយ៉ាងពិតប្រាកដ… ៕
ប្រែ.គោលគំនិតល្អដើម្បីជីវិត

No comments:
Post a Comment