រឿងនិទាន សត្វដំរីនិងអង្រ្កង
រឿងនិទានដំណាលថា
មានសត្វដំរីមួយក្បាល ប្រកាន់ខ្លួនថា ជាសត្វខ្លួនធំ
និងមានកម្លាំងខ្លាំងជាងសត្វទាំងឡាយទាំងពួង
ទើបច្រើនតែដើររុករានទន្រ្ទានសត្វតូចធំក្នុងព្រៃជានិច្ច ។ ថ្ងៃមួយ
ខណៈដែលកំពុងស៊ីនោះ ទៅប៉ះសំបុកអង្រ្កងមួយសំបុក ទើបយកប្រមោយទាញកន្ត្រាក់ទម្លាក់ចុះមក
បំណងនឹងញីឲ្យខ្ទេចខ្មុកទាំងសំបុក ។ ដោយសញ្ជាតញាណក្នុងស្មារតីការពារខ្លួន
អង្រ្កងមួយសំបុកនោះ ទើបនាំគ្នាស្ទុះចូលទៅខាំប្រមោយដំរី ហើយខ្លះទៀតក៏ស្ទុះចូលទៅខាំក្នុងរន្ធច្រមុះ
និងទីផ្សេងៗទៀត ធ្វើឲ្យដំរីក្បាលខូចមួយក្បាលនោះ បានទទួលរងនូវការឈឺចាប់រហូតដល់ទីបំផុត
។
ទុកណារឿងនេះ
មានត្រឹមតែរឿងនិទានក៏ដោយ ប៉ុន្តែរឿងនេះពោរពេញទៅដោយសារៈសំខាន់ ព្រោះថាវាបញ្ជាក់ទៅលើមូលដ្ឋាននៃការយករួចខ្លួន
សំដៅទៅលើភាពសាមគ្គីគ្នា ប្រមូលរួបរួមកម្លាំងគ្នា ដែលធ្វើឲ្យអង្ក្រងខ្លួនតូចៗ
អាចយកឈ្នះដំរីខ្លួនធំបាន ។ ក្នុងក្រុមមនុស្ស ភាពសាមគ្គីនោះ រមែងកើតឡើងបាន ព្រោះទង្វើ
៣ យ៉ាងគឺ៖
១)
ផ្លូវកាយ
ការប្រើកម្លាំងកាយ ជួយគ្នាធ្វើកិច្ចការ ឬភារកិច្ចណានីមួយ ដោយការព្រមព្រៀងគ្នា
មិនប្រកែងទាស់ទែងខ្វែងគំនិតគ្នា រហូតដល់សម្រេចការងារនោះបាន ។
២)
ផ្លូវវាចា
និយាយក្នុងរឿងដែលមានប្រយោជន៍ មានសារៈ មិនប្រើមាត់ទៅទាស់ទែងបង្កជម្លោះឈ្លោះវិវាទគ្នា
ប៉ុន្តែនិយាយស្តី ក្នុងន័យឲ្យមានមេត្រីភាព មិត្តភាពជាមួយគ្នា ។
៣) ផ្លូវចិត្ត មានមេត្តាស្រឡាញ់រាប់អាន មានបំណងល្អចំពោះគ្នា ដោយចិត្តស្មោះសរ ទោះបីនឹងមានគំនិតយោបល់ផ្សេងៗក៏ដោយ តែក៏មិនបែកខ្ញែកសាមគ្គីគ្នានេះដែរ ។
ភាពសាមគ្គីជាកម្លាំងដ៏រឹងមាំបង្កឲ្យមានសេចក្ដីសុខ
ជាមូលដ្ឋានគ្រឹះនៃសេចក្ដីរីកចម្រើនគ្រប់ផ្នែក ។ ដូចនោះ
ទើបគួរដល់ការបណ្ដុះភាពសាមគ្គីនេះឲ្យកើតមានឡើង ដោយការប្រកាន់យកទស្សនគតិអង្ក្រងជាគំរូ
៕

No comments:
Post a Comment