ធម្មៈអប់រំចិត្តៈ រឿងបីសាចក្លែងកាយ វគ្គបីសាចកាមារម្មណ៍
ការដើរលេងយប់ព្រលប់នោះ
ទោះជាធ្វើឲ្យជីវិតសប្បាយរីករាយ និងបន្ធូរបន្ថយអារម្មណ៍របស់វិស័យបុថុជ្ជនក៏ដោយ
ប៉ុន្តែបើដើរលេងរហូតដល់ញៀនស្មៅជាប់ជើង នៅផ្ទះលែងបានហើយ ជាពិសេសក្នុងពេល
និងទីកន្លែងដែលមិនសមគួរ ក៏នឹងក្លាយជាទម្លាប់ខុសភ្លាត់ម្យ៉ាងនៃជីវិត ព្រោះវាកាត់បន្ថយស្ថិរភាពទាំង
៣ផ្នែកធំៗគឺ៖
១)
ផ្នែកគ្រួសារ គ្រួសារជាមូលដ្ឋានដ៏សំខាន់របស់ជីវិត ការចោលគ្រួសារទៅក្នុងពេលយប់អធ្រាត្រ ឈ្មោះថា បានតាំងនៅក្នុងសេចក្ដីប្រមាទ
។ មួយប្រការទៀត ជាការកាត់បន្ថយសេចក្ដីស្រឡាញ់ សម្ព័ន្ធមេត្រីភាពដែលអាចពឹងពំនាក់ចំពោះគ្នានិងគ្នា
ធ្វើឲ្យខ្វះភាពកក់ក្ដៅ និងប្រឈមមុខក្នុងការបែកបាក់គ្នា ។
២)
ផ្នែកសេដ្ឋកិច្ច ឈ្មោះថា មិនរក្សាទ្រព្យសម្បត្តិ ព្រោះត្រូវចាយវាយចោលទៅទទេៗដោយងាយៗ
ភាពសប្បាយរីករាយ ដែលបានកើតឡើងពីការដើរហើរប៉ោឡែរ ក៏ជារឿងមួយម្ដងមួយកាល ជាសេចក្ដីសុខមាយាដែលកើតឡើងហើយ
ក៏រលាយបាត់ទៅវិញ ប៉ុន្តែលុយដែលអស់នោះ អស់ពិត បំណុលដែលកើតឡើង ក៏កើតពិត ហើយត្រូវដោះស្រាយបង់រំលស់
ដោយការលំបាកផងដែរ ។
៣)
ផ្នែកសុវត្ថិភាព ឈ្មោះថា មិនរក្សាខ្លួន ព្រោះការញៀនដើរលេង
ជាការបើកច្រកឲ្យគ្រោះភ័យអាសន្នទាំងឡាយកើតឡើងបានងាយ មិនបានធ្វើអ្វីខុស ក៏បានជាឱកាសត្រូវគេរករឿងបង្កជាបញ្ហា
ទម្លាក់កំហុសដាក់ឲ្យខ្លួនបានងាយ ក្រៅពីនោះសុខភាពរាងកាយ ក៏ត្រូវទ្រុឌទ្រោមថមថយលឿនជាងធម្មតា
។
ដោយទូទៅ គ្មានអ្នកណាថាមិនស្រឡាញ់គ្រួសារ
មិនស្រឡាញ់ទ្រព្យសម្បត្តិ មិនស្រឡាញ់ជីវិតខ្លួនទេ ប៉ុន្តែបើឈ្លក់វង្វេងងប់ក្នុងសេចក្ដីសប្បាយរីករាយដល់ភ្លេចខ្លួន
ក៏នឹងរក្សាវត្ថុជាទីស្រឡាញ់នេះមិនបានដែរ ។ ការនៅពពាក់ពពួនសប្បាយភ្លើតភ្លើនជាមួយការដើរលេងយប់
ទើបជាផ្លូវនៃសេចក្ដីវិនាស ។ មួយប្រការទៀត ដែលចាស់បុរាណពោលទុកថា
ធ្វើឲ្យភ្លេចអាត្មាដូចខ្មោចចូលសណ្ឋិតនោះដូច្នោះ ។ បើនឹងដើរលេង ក៏ត្រូវដើរដោយមានសតិ
គឺសប្បាយយ៉ាងណាក៏ត្រូវគិតដល់ផ្ទះសម្បែង ត្រូវប្រមាណលុយកាក់
និងត្រូវគ្រប់គ្រងគ្រួសារខ្លួនឲ្យល្អប្រពៃ ទើបមានសុវត្ថិភាព
ផុតទុក្ខផុតភ័យពីឥទ្ធិឫទ្ធិនៃបីសាចកំដររាត្រីបាន … ៕
ប្រែ.គោលគំនិតល្អដើម្បីជិវិត

No comments:
Post a Comment