ធម្មៈអប់រំចិត្តៈ សសរនៃជីវិត
ក្នុងការសាងសង់អាគារ
ផ្ទះសម្បែង ចាំបាច់មានសរសជាគោលទប់តួអាគារ ឬផ្ទះយ៉ាងណា ក្នុងការសាងអំពីល្អគ្រប់ប្រភេទ
ក៏ចាំបាច់មានសេចក្ដីមិនប្រមាទជាខ្លឹម ជាគោល ជាចន្ទល់ ក៏យ៉ាងនោះដែរ ។ ការមិនប្រមាទ
ទើបរាប់ថា ជាគោល ជាគ្រឹះធម្មៈដ៏សំខាន់ក្រៃលែង ក្នុងការគ្រប់គ្រងខ្លួន
គ្រប់គ្រង់មនុស្ស និងគ្រប់គ្រងការងារ ឲ្យសម្រេចទៅតាមគោលដៅគ្រប់ផ្នែក ។
ការមិនប្រមាទ គឺ ការមានសតិគ្រប់គ្រងខ្លួនជានិច្ច មិនថាខ្លួននឹងគិត នឹងនិយាយ
នឹងធ្វើអ្វីៗ មិនឲ្យផុងខ្លួនចូលទៅក្នុងហាយនៈ សេចក្ដីវិនាស ឬសេចក្ដីអាប់ឱនថោកទាប
និងមិនឲ្យខកបាត់ឱកាសក្នុងការធ្វើអំពើល្អ ដឹងច្បាស់អំពីរឿងដែលខ្លួនត្រូវធ្វើ អំពីកម្មមិនល្អ
ដែលខ្លួនត្រូវវៀរចាក យកចិត្តទុកដាក់គិតដល់តួនាទី ដែលខ្លួនត្រូវទទួលខុសត្រូវជានិច្ចថា
“បើខ្លួនមានសេចក្ដីប្រមាទគ្រប់រឿង ភាពរីកចម្រើនលូតលាស់ ក៏មិនអាចកើតមានឡើងបានដែរ”
ក្នុងបទប្រសូត្រ សំយុត្តនិកាយ មហាវារវគ្គ ព្រះពុទ្ធជាអង្គម្ចាស់នៃយើង
ទ្រង់ត្រាស់សំដែងថា
“ម្នាលភិក្ខុទាំងឡាយ ស្នាមដានជើងរបស់សត្វទាំងឡាយ អ្នកត្រាច់ចរទៅលើភពផែនប្រថពីនេះប្រភេទណាមួយ
ទាំងអស់នោះ រមែងដល់ការប្រជុំចុះក្នុងដានជើងដំរី ។ ដានជើងដំរី បណ្ឌិតពោលថា
លើសជាងដានជើងទាំងនោះ ព្រោះជាដានជើងធំ មានប្រការយ៉ាងណា កុលសកម្មណាមួយទាំងអស់
មានសេចក្ដីមិនប្រមាទជាឫស(មូល) រមែងរួមចុះក្នុងសេចក្ដីមិនប្រមាទ ។ ការមិនប្រមាទ បណ្ឌិតពោលថា
លើសជាងកុសលធម៌ទាំងនោះ ក៏មានប្រការដូច្នោះឯង ។ ដូចជាបុគ្គលប្រមាទ
ស្រវឹងវង្វេងក្នុងជីវិតនោះ បណ្ឌិត លោកឧបមាទុកថា ដូចជាបុគ្គលដែលស្លាប់ហើយ
ទាំងដែលនៅមានជីវិតរស់” ។ លក្ខណៈរបស់បុគ្គលប្រមាទ លោកចែកចេញជា ៣
ប្រភេទគឺ៖
១)
គុសីតៈ
គឺ មិនធ្វើហេតុ ប៉ុន្តែគិតផល ដូចជាពេលរៀនសូត្រមិនតាំងចិត្តរៀន ប៉ុន្តែចង់ប្រឡងជាប់
មិនតាំងចិត្តធ្វើការងារ ប៉ុន្តែចង់បានគុណសម្បត្តិ មានឋានៈតួនាទី មុខតំណែង ឡើងប្រាក់ខែខ្ពស់
សីល ទាន ភាវនា មិនប្រតិបត្តិ ប៉ុន្តែចង់បានឋានសួគ៌ និព្វាន ជាដើម ។
២)
ទុច្ចរិតៈ
គឺ ធ្វើហេតុខូច(អាក្រក់) ប៉ុន្តែនឹងគិតផលល្អ ដូចជា ខ្ជិលធ្វើការងារ
ប៉ុន្តែចង់បានផលរបស់ការងារល្អ និយាយអាក្រក់
ប៉ុន្តែចង់ឲ្យមនុស្សដទៃចូលចិត្តពេញចិត្ត ចង់បានភាពជោគជ័យ ប៉ុន្តែមិនខិតខំប្រឹងប្រែព្យាយាម
ជាដើម ។
៣)
សិថិលៈ
គឺ ធ្វើហេតុតិចតួច ប៉ុន្តែគិតយកផលច្រើន ចូលលក្ខណៈ ផលកម្រៃកើនគួរ ដូចជា អានសៀវភៅបន្តិចបន្តួច ប៉ុន្តែសង្ឃឹមប្រឡប់ជាប់បានលេខ១
ឲ្យទានបន្តិចបន្តួចប៉ុន្តែសង្ឃឹមបានបុណ្យលើសលុប ឬសង្ឃឹមនឹងត្រូវឆ្នោតរង្វាន់ទី១
ជាដើម ។
បុគ្គលប្រមាទក្នុងការធ្វើហេតុ
៣ ប្រភេទ ដូចបានពោលខាងដើម រមែងខកឱកាសសម្រេចជោគជ័យ ក្នុងរឿងដែលខ្លួនគិត
ក្នុងកិច្ចដែលខ្លួនត្រូវធ្វើ និងពាក្យដែលខ្លួនត្រូវនិយាយទាំងឡាយទាំងពួង ។ ដូចនោះ
បុគ្គលមានប្រាជ្ញាទើបគួររលឹកជារឿយៗថា បុគ្គលធ្វើហេតុល្អ រមែងបានទទួលផលល្អ
បុគ្គលធ្វើហេតុខូច រមែងបានទទួលផលខូច បុគ្គលធ្វើហេតុនៃភាពជោគជ័យទុកច្រើន
រមែងជួបភាពជោគជ័យបានច្រើន ទាំងការទ្រទ្រង់ជីវិតប្រកបដោយសេចក្ដីមិនប្រមាទ ហើយជីវិតនឹងមានស្ថិរភាពរឹងមាំ
មិនញាប់ញ័រទៅងាយៗ ក្នុងពេលដែលលោកធម៌ផ្នែកខាងអាក្រក់ចូកមកប៉ះទង្គិច
ព្រោះមានសេចក្ដីមិនប្រមាទជាសសរលក្ខនៃជីវិតហើយ ៕
ប្រែ.គោលគំនិតល្អដើម្បីជីវិត

No comments:
Post a Comment