Tuesday, November 7, 2017

និទានធម្មៈមុនចូលដេកៈ វិថីជីវិត


និទានធម្មៈមុនចូលដេកៈ វិថីជីវិត

សម័យមួយ ព្រះពុទ្ធជាអង្គម្ចាស់ទ្រង់ត្រាស់សួរក្មេងស្រីម្នាក់ថា  ក្មេងតូច តើនាងមកពីទីណា? ក្មេងស្រីនោះឆ្លើយតបថា មិនដឹងទេ ។ ព្រះអង្គទ្រង់ត្រាស់សួរបន្តទៅទៀតថា ចុះនាងនឹងទៅកាន់ទីណា? នាងឆ្លើយថា មិនដឹងទៀត ។ អ្នកភូមិទាំងឡាងដែលនៅក្នុងបរិវេននោះ ក៏សម្ដែងឡើងនូវអាការៈមិនពេញ នាំគ្នាតិះទៀនមានប្រការផ្សេងៗថា និយាយមិនចេះស្គាល់ខ្ពស់ស្គាល់ទាប មិនដឹងកាលៈទេសៈ មិនមានការអប់រំទូន្មានប្រៀនប្រដៅ ជាដើម... ។ ប៉ុន្តែមនុស្សគ្រប់គ្នាត្រូវចម្លែកក្នុងចិត្តទៅតាមគ្នា នៅពេលដែលព្រះពុទ្ធជាអង្គម្ចាស់ទ្រង់ត្រាស់ថា នាងតូច នាងពិតជាមានបញ្ញាមុតស្រួចណាស់ ឆ្លើយសំនួរទាំងនេះបានល្អ ។ 

មុនឈានដល់ការយល់ដឹង អំពីអត្ថន័យរបស់ចម្លើយនោះ យើងត្រូវយល់ជាមុនសិនថា មនុស្សដែលកើតមកហើយក្នុងលោកមួយនេះ ក្រៅពីការធ្វើដំណើរទៅមកៗ តាមផ្លូវគមនាគម មានផ្លូវទឹក ផ្លូវគោក និងផ្លូវអាកាសហើយ ថែមទាំងមានផ្លូវជីវិត ដែលយើងម្នាក់ៗ ត្រូវដើរទៅដល់ផ្លូវ ៣ ទៀត ។ ព្រះពុទ្ធបរមគ្រូជាម្ចាស់ ទ្រង់ត្រាស់សំដែងប្រាប់ផ្លូវទាំងនេះទុកថា

ផ្លូវទី១ លោកឲ្យឈ្មោះថា កាមសុខល្លិកានុយោគៈ ដើរងាយ ដើរស្រួល ជាទីពេញនិយមរបស់មនុស្សភាគច្រើន ក្រៅពីមានការប្រើប្រាស់ជីវិតយ៉ាងហ៊ឺហា ខ្ជះខ្ជាយ សើចសប្បាយក្អាកក្អាយ ភ្លើតភ្លើន ផ្អាប់ផ្អួរនៅជាមួយការស៊ីផឹក សេពសុខតាមផ្លូវកាមារម្មណ៍ផ្សេងៗ ប៉ុន្តែចុងក្រោយបំផុតក៏កើតទុក្ខ ក្ដៅក្រហាយ ជីវិតគ្មានខ្លឹមសារ មានបញ្ហាកើតឡើងតាមក្រោយរាប់មិនអស់ ជាដើម ។

ផ្លូវទី២ លោកឲ្យឈ្មោះថា អត្តកិលមថានុយោគៈ ដើរលំបាក កើតទុក្ខ វេទនា ឈឺចាប់ ជាការប្រើប្រាស់ជីវិតដោយខ្វះខាត ស៊ីអត់ស៊ីឃ្លាន ដាក់លក្ខខណ្ឌឲ្យដល់ជីវិតច្រើនពេក រហូតទាល់តែរកសេចក្ដីសុខដល់ខ្លួនឯងមិនបាន ជីវិតប្រព្រឹត្តទៅផ្ទុយពីប្រការទីមួយខាងលើ ។

ផ្លូវទី៣ លោកឲ្យឈ្មោះថា មជ្ឈិមាបដិបទា គឺផ្លូវដែលមានភាពល្មមល្អ ដំណើរទៅតាមលក្ខគោលសម្មាបដិបត្តិគឺ សីល សមាធិ និងបញ្ញា ។ ជីវិតនឹងជួបប្រទះសេចក្ដីសុខដ៏ពិតប្រាកដ រីកចម្រើនរុងរឿង និងរួចផុតទុក្ខផុតភ័យក្ដីអន្តរាយផ្សេងៗ នៅចុងក្រោយបំផុតនៃជីវិត ។

ពាក្យថា មិនដឹងរបស់ក្មេងស្រីម្នាក់នេះ មានន័យថា នាងមិនដឹងថា ជីវិតរបស់នាងមកពីទីណាទេ ដែលមកកើតក្នុងទីនេះ និងមិនដឹងទៅកើតឯណាដែរ បន្ទាប់ពីស្លាប់នេះទៅ ។ ដូចគ្នានឹងមនុស្សទូទៅ ដែលមិនអាចជ្រោតជ្រាបដឹងបានអំពីអតីតជាតិ និងអនាគតនៅមិនទាន់មកដល់យ៉ាងណាមួយ ។ រឿងតែមួយគត់ដែលមនុស្សយើង អាចធ្វើបានល្អបំផុត គឺដំណើរទ្រទ្រង់ជីវិតក្នុងបច្ចុប្បន្ននេះឲ្យនៅលើផ្លូវទី ៣ ដែលប្រកបព្រមដោយ ការរក្សាសីល ចម្រើនសមាធិ និងបញ្ញា ។ បើធ្វើបានហើយ ទុកណាជាខ្លួនមិនដឹងអតីតជាតិមានមកយ៉ាងណា និងអនាគតប្រព្រឹត្តទៅយ៉ាងណាមួយនោះ មិនមែនជារឿងត្រូវបាត់បង់ ឬសោកស្តាយឡើយ ៕


ប្រែ.គោលគំនិតល្អដើម្បីជីវិត

No comments:

Post a Comment