និទានធម្មៈ កាំជណ្ដើរជីវិត
ក្នុងការសាងសង់
ផ្ទះសម្បែង ឬអាគារខ្ពស់ៗ ។ រឿងមួយដែលមនុស្សយើងអាចខ្វះមិនបាននោះគឺ កាំជណ្ដើរឡើង-ចុះ
។ ទោះបីក្នុងពេលបច្ចុប្បន្ននេះ ដែលជាសម័យវិទ្យាសាស្ត្រមានបច្ចេកវិជ្ជាទំនើបរីកចម្រើនកប់ពពកយ៉ាងណា
ការសាងសង់ផ្ទះ ឬអាគារមានច្រើនរាប់រយជាន់ ច្រើនតែគេបំពាក់ជណ្ដើរយន្ត
ដើម្បីភាពងាយស្រួល ឆាប់រហ័ស និងសន្សំសំចៃពេលវេលាក្នុងការឡើង-ចុះក៏ពិតមែនក៏ដោយ តែខណៈស្របគ្នានេះដែរ វាក៏បង្កប់ទៅដោយគ្រោះថ្នាក់ ដូចជា
បើអគ្គិសនីជណ្ដើរយន្តដាច់ ត្រូវជាប់នៅខាងក្នុង ស្រួលមិនស្រួល អាចមានដល់ស្លាប់ក៏អាចថាបាន
។ ពេលកាំជណ្ដើរយន្ដមានទុកសម្រាប់ឡើង-ចុះ អ្នកប្រើប្រាស់
ក៏ត្រូវប្រុងប្រយ័ត្នប្រយែងក្នុងការប្រើ គឺបើសិនដើរមិនបានប្រយ័ត្ន
រវល់តែអើតមើលទៅកន្លែងផ្សេងៗក៏អាចជំពប់ជើងនឹងកាំជណ្ដើរ ធ្វើឲ្យទទួលរងរបួស
ឬក៏ធ្លាក់ពីលើកាំជណ្ដើរយន្តក៏ថាបាន ។ អ្នកខ្លះពុះកញ្រ្ជោលជំនួសនឹងឡើង-ចុះម្ដងថ្នាក់ៗ
តែត្រឡប់ជាបោះជំហានលោតរំលងថ្នាក់ ទើបមានឱកាសដល់គោលដៅបានលឿន
ស្មើនឹងមានឱកាសធ្លាក់ពីកាំជណ្ដើរបានយ៉ាងងាយស្រួលផងដែរ ។
ក្នុងការទ្រទ្រង់ដំណើរជីវិតរបស់មនុស្សយើង
ក៏ប្រៀបដូចជាការឈានឡើងដល់កាំជណ្ដើរអ៊ីចឹងដែរ ។ នៅក្នុងព្រះពុទ្ធសាសនាបានបែងចែកជីវិតរបស់មនុស្សជា
៣ ថ្នាក់ ឬ ៣ វ័យគឺ៖
១)
បឋមវ័យ
កំណាត់ពេលអាយុតាំងពី ១-២៥ ឆ្នាំ ជាវ័យដែលលោកសង្កត់ធ្ងន់ទៅលើការស្វះស្វែងរកវិជ្ជា
ពុទ្ធិ ចំណេះដឹង ចំណេះជំនាញ សិល្បសាស្ត្រផ្សេងៗ ដើម្បីជាលក្ខគោលធានាក្នុងការប្រកបអាជីពមុខរបរ
រកស៊ី ធ្វើការងារយកមកចិញ្ចឹមជីវិត ។
២)
មជ្ឈិមវ័យ
កំណត់ពេលអាយុតាំងពី ២៦-៥០ ឆ្នាំ ជាវ័យដែលលោកសង្កត់ធ្ងន់ទៅក្នុងការធ្វើការងារ
សាងជីវភាពឋានៈគ្រួសារ កសាងប្រព័ន្ធស្ថិរភាពផ្នែកសេដ្ឋកិច្ចឲ្យដល់ជីវិត
ដើម្បីជាលក្ខគោលធានា ក្នុងពេលចាស់ជរានៅពេលខាងមុខ ។
៣)
បច្ឆិមវ័យ
កំណត់ពេលអាយុតាំងពី ៥១ ឆ្នាំឡើងទៅ
ជាវ័យដែលលោកសង្កត់ធ្ងន់ទៅក្នុងការធ្វើបុណ្យធ្វើកុសល កសាងគុណសម្បត្តិផ្សេងៗ
ដើម្បីជាលក្ខគោលធានាក្នុងភពខាងមុខជាបន្តទៅទៀត ។
បើសិនប្រតិបត្តិតាមតួនាទីរបស់ជីវិតតាមវ័យនីមួយៗ
មិនបានត្រឹមត្រូវតាមថ្នាក់តាមវគ្គ តាមវ័យដែលលោកកំណត់ទេ ទៅរំលងថ្នាក់ ឬខុសថ្នាក់
ដូចជា បឋមវ័យសង្កត់ធ្ងន់ទៅលើការធ្វើការងារជំនួស ក្នុងការរៀនក្រេបយកចំណេះវិជ្ជា
ឬបច្ឆិមវ័យ ដែលមានរាងកាយ និងខួរក្បាលធ្លាក់ចូលដល់សភាពទន់ខ្សោយហើយ ត្រឡប់ជាទៅប្រឹងប្រែងរៀនសូត្រជំនួសក្នុងការផ្គងចិត្ត
តាំងចេតនាធ្វើបុណ្យកុសលទៅវិញ ។ ឱកាសអាចភ្លាត់ធ្លាក់ពីកាំជណ្ដើរជីវិតបានក៏មានច្រើន
ត្រង់ដែលពោលមកនេះ មិនមែនមានន័យថា ហាមធ្វើតួនាទីខុសវ័យតែទាំងអស់នោះទេ ពោលគឺ បឋមវ័យ
អាចនឹងធ្វើបុណ្យ ធ្វើកុសលក៏បាន ព្រោះថាជីវិតមិនទៀង ព្រោះមនុស្សភាគច្រើនមិនអាចឆ្លងកាត់ដល់វ័យទាំងបីនេះបានទេ
ការបំពេញបុណ្យកុសលទៅតាមការគួរ និងឱកាស
ប៉ុន្តែការស្វះស្វែងរកចំណេះដឹងត្រូវតែលក្ខគោលសំខាន់ ។ មជ្ឈិមវ័យ អាចសិក្សារៀនក្រេបជញ្ជក់យកចំណេះដឹងក៏បាន
មិនជាខុសទាស់អីទេ ប៉ុន្តែក្នុងវ័យនេះ លោកសង្កត់ធ្ងន់ទៅលើការរកស៊ី ធ្វើការងារ
សាងឋានៈគ្រួសារ ឲ្យមានមុខមាត់នៅក្នុងសង្គម ជារឿងសំខាន់ជាង ។
បើសិនយើងទ្រទ្រង់ជីវិត
ឲ្យប្រព្រឹត្តទៅតាមថា្នក់ តាមវគ្គ តាមវ័យ ដូចបានពោលមកខាងលើ ក៏អាចជឿជាក់បានថា
ជីវិតក្នុងវ័យនីមួយៗ នឹងមានលក្ខគោលធានាដ៏ឋិតថេរ មានស្ថិរភាព និងសុវត្ថិភាពបាន
ទាំងឥធលោក និងបរលោកផងដែរ ៕
ប្រែ.គោលគំនិតល្អដើម្បីជីវិត

No comments:
Post a Comment