Monday, November 6, 2017

និទានធម្មៈសម្រាប់ចិត្តៈ ទូកពីរប៉ះទង្គិចគ្នា


និទានធម្មៈសម្រាប់ចិត្តៈ ទូកពីរប៉ះទង្គិចគ្នា

លោកហ្សេនមួយរូប សម្រេចចិត្តរកកន្លែងស្ងប់ស្ងាត់
ដោយការអុំទូកចេញទៅកណ្ដាលទន្លេសាប
អង្គុយបត់ប្រភ្នែនជើងស្ដាំដាក់លើជើងធ្វេង ដៃស្ដាំដាក់លើដៃធ្វេង
ធ្វើដងខ្លួនឲ្យត្រង់ តម្រង់ខ្យល់ដង្ហើមឲ្យត្រូវ ហើយបិទភ្នែកទាំងទ្វេ
រួចចាប់ផ្ដើមចម្រើសមាធិកម្មដ្ឋាន ។

ក្រោយពីគង់អង្គុយចម្រើនចិត្តយ៉ាងស្ងប់ អស់រយៈពេលពីរម៉ោងទៅ
លោកក៏មានអារម្មណ៍នឹកភ្នក់ថា មានទូកមួយគ្រឿងអុំមកប៉ះទូក
ដែលលោកកំពុងគង់ ។ លោកក៏ចាប់ផ្ដើមមានអាការៈមួម៉ៅបន្តិចបន្ដួច
ប៉ុន្តែនៅតែអង្គុយបិទភ្នែកចម្រើនបន្តទៅទៀត ព្រោះគិតថា
បន្តិចទៀត ទូកមួយនោះនឹងអុំចេញទៅហើយ ។

កន្លងផុតទៅច្រើននាទី ទូកមួយគ្រឿងនោះ
ក៏នៅតែប៉ះទូកលោកកំពុងគង់នៅជារឿយៗ
លោករូបនោះ ក៏អស់ភាពអត់ធ្មត់ក្នុងចិត្ត និងបើកភ្នែកឡើង
ដើម្បីនឹងថាស្ដីឲ្យអ្នកដែលមានចិត្តទំនើង
មករំខានលោកធ្វើសមាធិដល់ថ្នាក់នេះ ។

ប៉ុន្តែពេលលោកបើកភ្នែកឡើងមើល
លោកឃើញមានតែទូកទទេ គ្មានមនុស្សណាជិះក្នុងទូកនោះឡើយ ។
ទូករបស់លោកនិងទូកទទេនោះ ប្រហែលជាត្រូវខ្យល់បក់មកតិចៗ
ធ្វើឲ្យប៉ះទង្គិចគ្នាឯកឯង រួចហើយសេចក្ដីក្រោធរបស់លោក
ក៏រលាយបាត់ទៅមួយប៉ព្រិចភ្នែក ។

បន្ទាប់ពីថ្ងៃនោះមក
បើសិនបានជួបជាមួយអ្នកណា
ដែលធ្វើឲ្យលោកខឹងក្រោធ ឬមានអារម្មណ៍មួមៅ
លោកតែងតែប្រាប់ខ្លួនលោកជានិច្ចថា
“នោះមានត្រឹមតែទូកទទេៗ តែសេចក្ដីខឹងក្រោធ
សុទ្ធតែផុសចេញមកពីចិត្តយើងទាំងអស់” ៕
—–

ប្រភព៖ Quora: Raja Sharma’s answer to What’s the best way to react when someone is shouting at you in anger?
ប្រែ.គោលគំនិតល្អដើម្បីជីវិត



No comments:

Post a Comment