និទានសាងកម្លាំងចិត្តៈ ទេសភាពដែលនៅក្រៅមាត់បង្អួច
ថ្ងៃនេះ
គោលគំនិតល្អដើម្បីជីវិត
បានជ្រើសរើសរឿងនិទានមួយមកសរសេរទុកជាការអានកំសាន្តលេង
នៅពេលសម្រាកពីការសិក្សារៀនសូត្រ
ធ្វើការរកស៊ី
និងបំពេញកិច្ចការអស់ពេញមួយថ្ងៃមកនោះ ដើម្បីទុកជាកម្លាំងចិត្ត
ប្រឹងប្រែងស៊ូបន្ដដំណើរទៅមុខទៀត
ដើម្បីគោលដៅ
សម្រេចក្ដីបំណងបង់ប្រាថ្នា
នៅក្នុងសុបិនរបស់ខ្លួន ឲ្យក្លាយជាការពិត ។
រឿងមិត្តភាពរវាងបុរសពីរនាក់នេះ
ឬទេសភាពដែលនៅក្រៅមាត់បង្អួច
បើបានអានហើយ
អ្នកគួរឲ្យស្ញើចសរសើរបុរសម្នាក់នោះជាក់ជាមិនខានឡើយ ។
តើបុរសនោះមានភាពអស្ចារ្យយ៉ាងណា
សម្រាប់ការលើកទឹកចិត្តដល់មិត្តរបស់គេ
នៅក្នុងមន្ទីរពេទ្យមួយ
មានបុរសឈឺធ្ងន់ពីរនាក់
បានមកសម្រាកព្យាបាលជំងឺខ្លួនក្នុងបន្ទប់តែមួយ
ដោយមានត្រឹមតែស្បៃវាំងននស្តើងៗបាំងបិទ
រវាងគ្រែអ្នកទាំងពីរប៉ុណ្ណោះ
។
ដើម្បីដោះស្រាយភាពតានតឹងអារម្មណ៍
អ្នកទាំងពីរក៏បបួលគ្នានិយាយលេងពីនេះពីនោះសព្វបែបយ៉ាង
ទាំងរឿងគ្រួសារ
រឿងផ្ទះសម្បែង រឿងការងារ និងរឿងការធ្វើដំណើរ។ល។
បុរសដែលដេកសម្រាកគ្រែនៅជាប់មាត់បង្អួច
បានទទួលការអនុញាតពីពេទ្យ
ឲ្យក្រោកអង្គុយមួយថ្ងៃបានមួយម៉ោងរាល់ថ្ងៃ
ដើម្បីឲ្យសារជាតិពុលហូរចេញពីសួត
។
ចំណែកឯបុរសនាក់ទៀតនោះ
ត្រូវដេករាបស្មើនឹងគ្រែប៉ុណ្ណោះ ។
រាល់ៗពេល
ដែលបុរសដេកគ្រែនៅជាប់មាត់បង្អួចក្រោកឡើងអង្គុយ
គេតែងតែពោលបរិយាយរឿងរ៉ាវផ្សេងៗ
ដែលគេបានឃើញ
ឲ្យដល់មិត្តរបស់គេរួមបន្ទប់ស្ដាប់ផងដែរ
។
គេនិយាយថា
ផ្នែកខាងក្រៅមានសួនច្បារជាប់ជាមួយនឹងបឹងដ៏ធំមួយ
ដែលមានក្ងានហែលទឹកលែងជាហ្វូងៗ
មានគ្រួសារច្រើនណាស់នាំគ្នាមកជិះទូកលេងកំសាន្ត
គូសេ្នហ៍កម្លោះក្រមុំដើរចាប់ដៃគ្នាយ៉ាងស្អិតរមួត
មានដើមឈើធំៗខ្ពស់ស្កឹមស្កៃមានស្លឹកពណ៌ខៀវស្រងាត់ជាជួរៗ
គយគន់មើលទៅត្រជាក់ភ្នែក
និងមានសភាពរស់វើកជានិច្ច ។
កំឡុងពេលបុរសដេកគ្រែជាប់មាត់បង្អួច
ពិពណ៌នាអំពីទេសភាពខាងក្រៅ ។
ឯបុរសម្នាក់ទៀត
ក៏បិទភ្នែកទាំងគូនឹកស្រមៃ និងបញ្ចេញស្នាមញញឹមទៅជាមួយដែរ ។
ក្នុងពេលរសៀលថ្ងៃមួយ
ពេលដែលមានអាកាសធាតុល្អមេឃស្រឡះ
បុរសដែលដេកគ្រែនៅជាប់មាត់បង្អួច
បានបរិយាយពីក្បួនព្យុហយាត្រា
ដែលធ្វើដំណើរឆ្លងកាត់ទីនោះ
ទោះបីថាបុរសម្ខាងទៀតមិនបានឮសូរសំឡេងតន្ត្រី
និងមើលមិនឃើញក្បូនដង្ហែនោះក៏ដោយ
គេក៏នៅតែបិទភ្នែកនឹកសញ្ជឹងគិតដល់ទិដ្ឋភាព
និងបានឮសំឡេងយ៉ាងច្បាស់ក្នុងខួរក្បាលរបស់គេ
។
ជាច្រើនសប្ដាហ៍កន្លងផុតទៅ
នៅថ្ងៃមួយពេលនាងគិលានុបដ្ឋាយិកាដើរចូលមកក្នុងបន្ទប់ស្នាក់
ក៏បានឃើញរាងកាយដែលវិញ្ញាណរបស់បុរស
ដែលដេកសម្រាកព្យាបាលនៅជាប់មាត់បង្អួច
គេបានលាចាកលោកនេះទៅដោយស្ងប់ស្ងៀម
។
នៅសប្ដាហ៍បន្ទាប់មក
បុរសដែលនៅមានជីវិត
ទើបសុំដូរគ្រែទៅដេកឯគ្រែជាប់មាត់បង្អួចវិញម្ដង
នាងគិលានុបដ្ឋាយិកា
ទើបរៀបចំប្តូរគ្រែឲ្យគេដោយត្រេកអរ
។
អាការៈជំងឺរបស់បុរសម្នាក់នោះបានល្អប្រសើរឡើងជាលំដាប់
រហូតដល់ល្មមក្រោកឡើងអង្គុយខ្លួនឯងបាន
គេទើបជ្រោងខ្លួនដោយកែងដៃរបស់ខ្លួនឡើងសន្សឹមៗថ្នមៗ
រួចហើយបោះភ្នែកសំឡឹងមើលទៅខាងក្រៅតាមមាត់បង្អួច
ដើម្បីឲ្យខ្លួនឯងបានមើលឃើញពិភពខាងក្រៅ
ដោយផ្ទាល់ភ្នែកជាលើកដំបូង
តែគេត្រឡប់ជាមិនឃើញមានអ្វីសោះ
ក្រៅពីកំផែងជញ្ជាំងទទេប៉ុណ្ណោះ ។
គេទើបបែរមកសួរគ្រូពេទ្យថា
“ក្រៅពីបន្ទប់នេះមិនមានអ្វីទេឬ?
ហេតុអ្វីបានជាបងម្នាក់នោះ
អាចនិយាយរឿងរ៉ាវបានប្រទាក់ក្រឡាគ្នា
មានភាពណែងណងស៊ីគ្នាដល់ថ្នាក់នេះ
បាទ?”
“គាត់ប្រហែលជាចង់ផ្ដល់កម្លាំងចិត្តឲ្យលោកហ្នឹង ច៎ា
តាមពិតគាត់មើលអ្វីមិនឃើញទាំងអស់
ព្រោះគាត់ជាមនុស្សពិការភ្នែក
តាំងពីពេលចូលមកសម្រាកព្យាបាលមន្ទីរពេទ្យនេះម្ល៉េះ” ។
—-
ប្រែ.គោលគំនិតល្អដើម្បីជីវិត


No comments:
Post a Comment