Monday, November 6, 2017

និទានធម្មៈសម្រាប់ជីវិតៈ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត


និទានធម្មៈសម្រាប់ជីវិតៈ ស្ដីពីក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត

និទានធម្មៈប្រចាំរាត្រីថ្ងៃទី០៦ខែវិច្ឆិកា ព.ស. ២៥៦១ ស្តីពី វិធីសាស្រ្តការធានារ៉ាប់រងអាយុជីវិតដូចអ្វីដែលមនុស្សមួយចំនួនធំ ជាពិសេសអ្នករស់នៅតាមប្រជុំជនធំៗ ដូចជាទីក្រុងភ្នំពេញ កំពុងចាម បាត់ដំបង សៀមរាប។ល។ បានយល់ជ្រោតជ្រាបពីព័ត៌មានអំពីក្រុមហ៊ុនធានារ៉ាបរងអាយុជីវិតយូរមកហើយ ។ ការធានារ៉ាប់រងអាយុជីវិត គឺជាការដាក់ប្រាក់បញ្ញើធានាទៅឲ្យក្រុមហ៊ុន ហើយក្រុមហ៊ុនបានទទួលការគ្រប់គ្រងតាមរង្វង់សាច់ប្រាក់ និងលក្ខខណ្ឌដែលក្រុមហ៊ុនបានកំណត់ទុកក្នុងច្បាប់គោលនយោបាយ ។ ពេលមានជំងឺដង្កាត់កើតឡើង ឬបាត់បង់អាយុជីវិត នឹងអាចទទួលបានផលប្រយោជន៍ ក្នុងរូបភាពនៃតម្លៃចំណាយចាយវាយផ្សេងៗ ទុកជាការកាត់បន្ថយបន្ទុកភាពក្ដៅក្រហាយដល់ខ្លួនឯង និងមនុស្សដែលរស់នៅខាងក្រោយបានមួយចំណែក ។  វាគឺជាវិធីសាស្ត្រធានារ៉ាប់រងអាយុជីវិតដោយវត្ថុ ជាវិធីសាស្ត្រធានារ៉ាប់រងតាមផ្លូវលោក ។

ប៉ុន្តែនៅមានការធានារ៉ាប់រងអាយុជីវិតដ៏ល្អជាងនេះ គឺការធានារ៉ាប់រងអាយុជីវិតដោយគុណធម៌ ជាវិធីសាស្ត្រផ្លូវធម៌ ដែលញ៉ាំងឲ្យជីវិតមានស្ថិរភាព មានក្ដីសុខ និងរីកចម្រើនរុងរឿងយ៉ាងពិតប្រាកដ ដោយការសាងលក្ខគោលធានារ៉ាប់រង ៣ យ៉ាង ឲ្យកើតមានឡើងក្នុងខ្លួនឯងគឺ៖

១) សីល ហ្វឹកហ្វឺន និងគ្របគ្រង់ពាក្យសម្ដី ទង្វើកាយវិការឲ្យស្ថិតនៅក្រោមច្បាប់វិន័យ និងសីលធម៌ ជាលក្ខគោលធានារ៉ាប់រងថា នឹងមិនសាងភាពក្ដៅក្រហាយឲ្យខ្លួនឯង និងអ្នកដទៃ ។
    
២) សមាធិ ហ្វឹកហាត់ និងគ្រប់គ្រងចិត្តខ្លួនឲ្យនឹងន មិនច្របូកច្របល់ ប្រសេចប្រសាច អណ្ដែតអណ្ដូង ទៅតាមហេតុការណ៍ និងទៅតាមអារម្មណ៍ដោយគ្មានគោលដៅច្បាស់លាស់ ជាលក្ខគោលធានារ៉ាប់រងថា នឹងមានកម្លាំងចិត្តដ៏រឹងប៉ឹង មិនញាប់ញ័រទៅតាមអារម្មណ៍ថោកទាបផ្សេងៗ មានកម្លាំងថាមពលដឹកនាំជីវិត ឲ្យឈានឆ្ពោះទៅរកគោលដៅ ដោយគ្មានចិត្តរុញរាឡើយ ។

៣) បញ្ញា អភិវឌ្ឍចិត្តគំនិតដល់យល់ក្នុងហេតុនិងផល មិនជាប់ជំពាក់ក្នុងវត្ថុដែលឃើញក្នុងចំណុចដែលកើតឡើង ប៉ុន្តែចូលទៅប៉ះត្រូវដល់សភាវៈពិត (សច្ចភាព) ដែលមាននៅក្នុងវត្ថុនោះៗ ជាលក្ខគោលធានារ៉ាប់រងថា ការដោះស្រាយបញ្ហា និងការច្នៃប្រឌិតឡើងទាំងឡាយ នឹងត្រូវចំពោះសច្ចភាព មិនភ្លាំងភ្លាត់ និងទំនេរពីវត្ថុទាំងឡាយក្នុងលោកបានយ៉ាងឆ្លាតវៃ ដោយមិនកើតទុក្ខទោមនស្សឡើយ ។

ប្រសិនបើនឹងធានារ៉ាប់រងអាយុជីវិតតាមលក្ខគោលនយោបាយផ្លូវលោកនោះ វាជារឿងល្អប្រពៃហើយ ព្រោះធ្វើឲ្យខ្លួនបានទទួលអត្ថប្រយោជន៍ ពេលខ្លួនជួបប្រទះហានីភ័យគ្រោះថ្នាក់ ឬបាត់បង់អាយុជីវិត ប៉ុន្តែត្រូវគិតផងដែរថា ខណៈដែលខ្លួននៅមិនទាន់ឈឺ មិនទាន់ស្លាប់ គឺជាពេលដែលនៅល្អវិសេសហ្នឹងឯង ។ បើសិនយើងបានធ្វើការធានារ៉ាងរងសម្រាប់ជីវិតបានពិតឲ្យដល់ខ្លួនឯងហើយ ហ៊ានធានាថា ជីវិតរបស់យើងនឹងមានស្ថិរភាព មានក្ដីសុខ មិនធ្លាក់ចុះទៅកាន់ទីអាក្រក់ដោយពិត ហើយពេលបាត់បង់អាយុជីវិតទៅហើយ តែងតែបានទទួលការឃុំគ្រងរក្សារហូតទៅ ។ បើសិនខ្លួនមិនទាន់បានធ្វើ សូមមេត្តាគិតពិចារណាលក្ខគោលការធានារ៉ាប់រងទាំង ៣ប្រការ ខាងលើនេះ តាមការគួរផងចុះ


ប្រែ.គោលគំនិតល្អដើម្បីជីវិត

No comments:

Post a Comment