Sunday, November 26, 2017

រឿងសត្វក្អែក និងមៀម


រឿងសត្វក្អែក និងមៀម

ធម្មៈមុនចូលដេកៈ រឿងសត្វក្អែកនិងមៀមមានរឿងនិទានក្នុងជាតកមកថា ក្នុងកាលមួយនោះ ពួកបក្សាបក្សីមកប្រជុំគ្នា ដើម្បីជ្រើសរើសមេដឹកនាំ ។ ហ្វូងបក្សាបក្សីទាំងអស់នោះសុំស្នើរឲ្យសត្វមៀមឡើងធ្វើជាមេដឹកនាំ ប៉ុន្តែមានសត្វក្អែកមួយក្បាលជំទាស់ថា សត្វមៀមមិនសក្ដិសមនឹងក្លាយជាមេដឹកនាំទេ ព្រោះតែមុខមាត់គួរឲ្យខ្លាច ធ្វើឲ្យសត្វមៀមខឹងណាស់ ដែលត្រូវសត្វក្អែកបំបាក់មុខខ្លួនក្នុងជំនុំដូច្នេះ ទើបហើរដេញចឹកសត្វក្អែកឲ្យចេញក្រៅពីទីប្រជុំទៅ ។ ចុងក្រោយ ពួកបក្សាបក្សីទើបសម្រេចចិត្តជ្រើសរើសសត្វហង្សមាសឡើងធ្វើជាមេដឹកនាំ ។ ចំណែកសត្វក្អែកនិងមៀមក៏ក្លាយជាសត្រូវស៊ូពូជនឹងគ្នា ឆ្លងភពឆ្លងជាតិរហូតមកដល់សព្វថ្ងៃនេះ ។

ការព្យាបាទចងកម្មចងពៀរគ្នានោះ មិនថានឹងកើតឡើងចំពោះសត្វ ឬមនុស្សក៏ទេ សុទ្ធតែប្រព្រឹត្តទៅដើម្បីហាយនភាព(សេចក្ដីវិនាស)ទាំងអស់ ។ ឧបាយវិធីនឹងរម្ងាប់ការចងកម្មវេរាគ្នា រាប់ថាជារឿងសំខាន់ខ្លាំងណាស់ ។ ខាងពុទ្ធសាសនា លោកប្រៀនប្រដៅអប់រំទូន្មានវិធីសាស្ត្រឈប់ចងកម្មពៀរវេរាគ្នា ដោយការឲ្យអភ័យ ឲ្យអហោសិកម្មចំពោះគ្នា ។ វិធីដទៃក្រៅពីនេះ ទោះជាមានក៏ដោយ ប៉ុន្តែឲ្យផលមិនដាច់លះស្មើនឹងការឲ្យអភ័យ ឬឲ្យអហោសិកម្មចំពោះគ្នាទេ ។ ក្នុងផ្លូវប្រតិបត្តិ ការឲ្យអភ័យ ឬឲ្យអហោសិកម្ម ក៏ចាត់ទុកថា ធ្វើបានដោយក្រ ល្មមសមគួរដែរ ។ ម្យ៉ាងវិញទៀត ក៏ព្រោះតែមានទោសៈមានះទិដ្ឋិក្នុងចិត្តសន្តាន របស់មនុស្សម្នាក់ៗ មករារាំងស្ទះជាប់ និងមួយវិញទៀត ក៏ព្រោះតែខ្វះភាពខន្តី អំណត់អត់ធ្មត់ ខ្វះសេចក្ដីស្រឡាញ់បរិសុទ្ធចិត្តចំពោះគ្នា ទើបធ្វើឲ្យវេរានោះនៅតែមានបន្ត ជាពិសេសបើជារឿងរបស់ក្រុមមនុស្សច្រើនតែមានពៀរវេរាចំពោះគ្នាស្រាប់ហើយ ។ ភាពលំបាកក្នុងការប្រតិបត្តិ រួមទាំងសេចក្ដីក្ដៅក្រហាយចំពោះខ្លួនឯង និងបុគ្គលដែលមិនពាក់ព័ន្ធក៏ច្រើនទ្វេរគុណទៅតាមនោះផងដែរ ។ ការរម្ងាប់ពៀរដោយការមិនចងពៀរ ត្រឹមតែប្រការមួយអាចមិនបានផល ក្នុងករណីក្រុមមនុស្សច្រើនទេ ទើបចាំបាច់ត្រូវប្រើឧបាយកលវិធីដទៃមកគ្រប់គ្រងផងដែរ ។ ការបែរមុខមករកគ្នា សម្រិតសម្រាំងពិនិត្យមើលទៅលើចំណុចល្អរបស់ភាគីខ្លួនទៅវិញមក ជាដើម ការចងកម្មចងពៀរនោះនឹងស្ងប់រម្ងាប់ទៅបាន ៕




No comments:

Post a Comment