Saturday, November 25, 2017

រឿង ផ្លូវរីកចម្រើនសម្រាប់អ្នកធ្វើការងារ


រឿង ផ្លូវរីកចម្រើនសម្រាប់អ្នកធ្វើការងារ

ធម្មៈមុនចូលដេកៈ រឿង ផ្លូវរីកចម្រើនសម្រាប់អ្នកធ្វើការងារ… គ្រប់មនុស្សក្នុងលោកនេះ មិនថា បំពេញកិច្ចការងារអ្វីក៏ទេ ទាំងការងាររដ្ឋ ទាំងការងារឯកជន ក្រុមហ៊ុន អង្គការ ឬសូម្បីតែការងារផ្ទាល់ខ្លួនក៏ដោយ រមែងប៉ងប្រាថ្នាចង់បានភាពជោគជ័យ ភាពរីកចម្រើនដូចៗគ្នាទាំងអស់ ដូចជា បានឡើងឋានៈតួនាទី មុខតំណែង បានប្រាក់ខែខ្ពស់ បានរង្វាន់លើកទឹកចិត្ត។ល។ បើសម្រាប់អាជីវករវិញ ក៏ចង់ឲ្យទំនិញរបស់ខ្លួនលក់ដាច់ មានកម្រៃជាដុំកំភួន ជាដើម ។ ចំណែងខាងពុទ្ធសាសនាវិញ បានមើលឃើញថា មនុស្សដែលមានបំណងប្រាថ្នាចង់រីកចម្រើន លូតលាស់រុងរឿងក្នុងជីវិត ដោយតោងប្រកាន់ក្នុងលក្ខគោលធម៌ ៧ ប្រការគឺ៖

១. ឧដ្ឋានៈ មានន័យថា មានសេចក្ដីព្យាយាមគឺ ឧស្សាហ៍ព្យាយាម មិនខ្ជិលច្រអូស មានការទទួលខុសត្រូវក្នុងនាទី ដែលបានទទួលការនោះ ។

២. សតិ មានន័យថា មានសតិ គឺប្រយ័ត្នប្រយែងគ្រប់ពេលវេលា គ្រប់គ្រងសតិអារម្មណ៍ឲ្យបានជាប់ជានិច្ច គិតមុនធ្វើ មុននិយាយ ។

៣. សុចិកម្មៈ មានន័យថា មានការងារស្អាត ធ្វើការងាដោយសុចរិតភាព មានតម្លាភាព គណនីភាព មិនបង្កទុក្ខ មិនបង្កទោសដល់អ្នកណា ប្រកបធ្វើការងារណាដែលសុចរិត ធ្វើការងារត្រូវ ដែលមិនខុសនឹងច្បាប់រដ្ឋ និងសីលធម៌(ពុទ្ធសាសនា) ។

៤. និសម្មការី មានន័យថា មានភាពម៉ត់ចត់ល្អិតល្អន់គឺ មានភាពលំអិតម៉ត់ចត់ ត្រិះរិះពិចារណាយ៉ាងល្អល្អះ ។

៥. សញ្ញតៈ មានន័យថា មានសេចក្ដីសង្រួមគឺ មានកិរិយាមារយាទរាបរយគួរឲ្យជ្រះថ្លា នឹងននឹងធឹង ចេះបន្ទាបខ្លួន មិនអួតក្អេងក្អាង មិនគំរាមគំហែងសំឡុតបន្លាចអ្នកដទៃ ដោយអាការៈ ឬពាក្យសម្ដី មិនមើលងាយមើលថោកអ្នកផងទាំងឡាយ ដោយការលើកឋានៈខ្លួន និងដោយបានទទួលការអប់រំខ្ពស់នោះទេ ។

៦. ធម្មវិហារី មានន័យថា រស់នៅប្រកបដោយធម៌ គឺឲ្យតាំងនៅក្នុងសីលធម៌ តោងប្រកាន់យកធម៌ជាលក្ខគោលក្នុងការទ្រទ្រង់ជីវិតរបស់ខ្លួន ។

៧. អប្បមត្តៈ មានន័យថា កុំមានសេចក្ដីប្រមាទគឺ មិនស្រវឹងវង្វេង ឬប្រមាទធ្វេសប្រហែស ទាល់តែភ្លាំងភ្លេចការងារដែលខ្លួនទទួលខុសត្រូវ ឲ្យកើតមានកំហុសភ្លាត់រលាយរលត់ទៅជាអសាឥតការ ។

សេចក្ដីរីកចម្រើនលូតលាស់ ជារឿងដែលជាតម្រូវការរបស់មនុស្សធ្វើការងារគ្រប់យុគ គ្រប់សម័យកាល ។ វិធីសាស្ត្រដែលនាំទៅកាន់ភាពរីកចម្រើនរុងរឿងនោះ មិនមែននៅឆ្ងាយឡើយ ថាចាប់មិនបាន ហៅមិនឮនោះទេ ប៉ុន្តែសម្រាប់មនុស្សធ្វើការងារ ដែលមានការតោងប្រកាន់មាំ  តម្កល់ខ្លួនឲ្យតាំងនៅក្នុងលក្ខគោលធម៌ទាំង ៧ ប្រការ ដែលបានពោលមកខាងលើនេះ មានតែភាពរីកចម្រើនរុងរឿងតែម្យ៉ាងគត់ជារៀងរហូតនិរន្តរ៍ ៕




No comments:

Post a Comment