Sunday, November 26, 2017

រឿង អណ្ដាត


រឿង អណ្ដាត

ធម្មៈនិងជីវិតៈ រឿងអណ្ដាតអ៊ីសុបជាអ្នកដំណាលរឿងព្រេង ដែលមានបង្កប់នូវអត្ថន័យអប់រំចិត្ត ដែលមានកេរ្តិ៍ឈ្មោះបោះសំឡេង តាមប្រវត្តិដំណាលមកថា គាត់ធ្វើការងារជាទាសៈ(អ្នកបម្រើគេ) ។ ថ្ងៃមួយ ចៅហ្វាយខ្លួនប្រើឲ្យទៅរកទិញរបស់ល្អបំផុត មកធ្វើម្ហូបអាហារ ។ អ៊ីសុប ទិញអណ្ដាតគោមកឲ្យចៅហ្វាយនាយខ្លួនរាល់ថ្ងៃ  ទាល់តែចៅហ្វាយខ្លួនចម្លែកចិត្ត ទើបសួរថា អណ្ដាតគោល្អវិសេសយ៉ាងម៉េច បានជាទិញមករាល់ថ្ងៃ? អ៊ីសុបពន្យល់ប្រាប់ថា អណ្ដាតជារបស់ប្រសើរបំផុត ស្រឡាញ់គ្នាក៏ព្រោះអណ្ដាត ជួយសង្គ្រោះឈឺឆ្អាលគ្នា ក៏ព្រោះអណ្ដាត អណ្តាតជាវត្ថុមានអានុភាពសម្រាប់ផ្សះផ្សារទំនាក់ទំនងចងស្ពានមេត្រី និងញ៉ាំងលោកមួយនេះជាទីគួររីករាយមនោរម្យ ។ ដោយហេតុនេះ អណ្ដាតទើបជារបស់ល្អបំផុត ។ ពេលចៅហ្វាយខ្លួនស្ដាប់ពាក្យពន្យល់របស់អ៊ីសុប ទើបបង្គាប់បញ្ជាជាថ្មីថា ចាប់តាំងពីពេលនេះ ឲ្យទៅទិញរបស់ដែលអាក្រក់បំផុតមកធ្វើអាហារ ។ អ៊ីសុបក៏ទិញអណ្ដាតគោមកទៀត គ្រានេះចៅហ្វាយនាយសួរក៏ឆ្លើយរៀបរាប់ថា អ្វីៗក្នុងលោកមួយនេះ ឲ្យអាក្រក់ខ្លាំងជាងអណ្ដាតនេះ រកដូចជាមិនមានទេ ធ្វើឲ្យមនុស្សស្អប់គ្នាក៏ព្រោះអណ្ដាត ឈ្លោះទាស់ទែងវិវាទគ្នា ក៏ព្រោះអណ្ដាត ជាប់គុកជាប់ច្រវាក់ខ្នោះឃ្នាង ឬដល់បាត់បង់ទ្រព្យសម្បត្តិសព្វបែបយ៉ាង ឬក៏ដល់បាត់បង់អាយុជីវិត ក៏ព្រោះតែអណ្ដាតដែរ ។ ដោយហេតុនេះឯង អណ្ដាតទើបជារបស់អាក្រក់បំផុត  ដូចពាក្យខ្មែរបុរាណពោលទុកថា អណ្ដាតជាអាទិ៍កន្លង បានសុខទុក្ខផង ពីព្រោះអណ្ដាត ។

ការនិយាយប្រាស្រ័យគ្នា ជារឿងមួយគួរឲ្យមានការប្រុងប្រយ័ត្ន និងហ្វឹកហាត់សង្វាតដុសខាត់អប់រំឲ្យបានល្អជានិច្ច  ប្រកបដោយ បិយវាចា ៥ ប្រការគឺ ១. នេឡា និយាយមិនមានទោសភ័យ ២. កណ្ណសុខា ចរចាឲ្យពីរោះស្ដាប់ ៣. ហទយង្គមា រាល់បុគ្គលក្រេបផឹកជាប់ចិត្ត ៤. ពហុជនមនាបា ជនច្រើនគ្នាចូលចិត្ត ៥. បោរី នៅក្នុងក្របនៃភាសាអ្នកក្រុង និងវៀរលែងអប្បិយវាចាជាដាច់ខាត នោះគឺ ពាក្យជេរ ពាក្យបញ្ចើចបញ្ចាល ពាក្យទ្រគោះបោះបោក ពាក្យអុចអាលចាក់ចុច និងពាក្យអសូរោះលាមក ជាដើម ។   

ពេលយើងមានរបស់ដែលមានទាំងផ្នែកល្អ និងអាក្រក់បំផុតនៅក្នុងខ្លួនយ៉ាងនេះហើយ ចូរមានសតិស្មារតីជ្រើសរើស ជាពិសេសផ្នែកខាងល្អបំផុតចុះ ព្រោះជាចំណែកមួយដែលនឹងធ្វើឲ្យខ្លួន និងពួកក្រុមគណៈនៅរួមគ្នាជាសុខ មានការយល់ចិត្តយល់ថ្លើមគ្នា ក៏នឹងប្រព្រឹត្តទៅដើម្បីសេចក្ដីសាមគ្គីភាព ដែលជាបំណងប្រាថ្នាចង់បានរបស់មនុស្សទាំងឡាយទាំងពួង ៕


No comments:

Post a Comment