រឿងកំពូលអ្នកប្រយុទ្ធ
ធម្មៈអប់រំចិត្តខ្លី
រឿងកំពូលអ្នកប្រយុទ្ធ… ក្នុងសម័យបូរាណដែលវិទ្យាសាស្ត្រផ្នែកផ្សេងៗ
មិនទាន់មានការរីកចម្រើនរីកសាយភាយដូចជាសម័យបច្ចុប្បន្នកាលនេះក្ដី
ក៏ជនជាតិតំបន់ខ្លះក្នុងយុគសម័យនោះមានវិធីសាស្ត្ររៀនកត់ស្គាល់វត្ថុផ្សេងៗ
ពីការសង្កេតមើលអាកប្បកិរិយា និងស្ថានភាពបរិស្ថានជាសំខាន់ ។ ឧទាហរណ៍ បើចង់មើលដំរីថា
មានកម្លាំងខ្លាំងប៉ុនណា គេសង្កេតមើលក្នុងរដូវរងា ព្រោះថារដូវរងាជាកាលវេលាដែលដំរីចុះព្រេង
ផ្លាស់ប្ដូរអាកប្បកិរិយាពីស្លូតបូតទៅជាកាចសាហាវ ម្ចាស់ដំរីអាចមើលបានថា
ដំរីមួយណាមានកម្លាំងខ្លាំងខ្សោយប៉ុនណា ។ បើសិនចង់មើលសម្បុរល្អស្អាតសោភាស្រីក្រមុំ
បូរាណលោកឲ្យមើលក្នុងរដូវក្ដៅ ព្រោះថារដូវក្ដៅស្រីក្រមុំច្រើនតុបតែងស្លៀកពាក់សំលៀកបំពាក់តិចតួច(ស្ដើងល្មម)
ធ្វើឲ្យឃើញរូបរាងកាយពណ៌សម្បុរដ៏ស្រស់ស្អាត រហូតមានពាក្យនិយាយជាប់តគ្នាថា “មើលដំរីឲ្យមើលរដូវរងា មើលនារីស្រីឲ្យមើលរដូវក្ដៅ” ។
ការមើលកម្លាំងរបស់ដំរី
និងសម្បុរល្អរបស់ស្រីក្រមុំតាមវិធីដូចពោលខាងលើ បច្ចុប្បន្ននេះគេលែងប្រើហើយ
ព្រោះឥឡូវនេះ មានវិធីមើលដែលទាន់សម័យនិយមជាង ប៉ុន្តែលក្ខគោលការដែលឲ្យមើលអាកប្បកិរិយា
និងស្ថានភាពបរិស្ថានជាក្រិត្យក្រមនេះអាចនៅប្រើបាន ដូចជា
ត្រូវការមើលថាមនុស្សយ៉ាងម៉េចជាកំពូលអ្នកចម្បាំង អ្នកប្រយុទ្ធ
លោកឲ្យសង្កេតរឿងដែលបុគ្គលនោះមានបំណងយកឈ្នះ បើសិនគេមានបំណងយកឈ្នះខ្លួនឯង
គេនឹងក្លាយជាកំពូលអ្នកប្រយុទ្ធ ដូចពាក្យតម្រាស់របស់ព្រះពុទ្ធអង្គ ទ្រង់សំដែងទុកថា “បុគ្គលណាយកឈ្នះពួកមនុស្សទាំងមួយលាននាក់ក្នុងសង្គ្រាមបាន នៅមិនទាន់ឈ្មោះថា
ជាកំពូលនៃបុគ្គលឈ្នះទេ ចំណែកបុគ្គលណាយកឈ្នះខ្លួងឯងត្រឹមតែម្នាក់បាន បុគ្គលហ្នឹងឯង
ឈ្មោះថា ជាកំពូលនៃបុគ្គលឈ្នះ” ។
ក្នុងកិច្ចការទាំងឡាយ
ការយកឈ្នះអ្នកដទៃ ឬវត្ថុដទៃក៏ជារឿងត្រូវធ្វើពិតមែនហើយ ប៉ុន្តែសេចក្ដីសម្រេចនឹងកើតមានមិនបានឡើយ
បើយកឈ្នះខ្លួនឯងមិនបានសិនទេ ដូចជា ការយកឈ្នះភាពអស់សង្ឃឹមធុញទ្រាន់នឿយណាយមិនបាន
យកឈ្នះចិត្តក្ដៅឆេវឆាវមិនបាន ចុះបើថ្នាក់ល្អិតសុខុមជាងនោះ ដូចជា សេចក្ដីល្មោភលោភលន់ដែលកំពុងតែចាំជ្រៀតជ្រែកមកគ្រប់ខណៈ
កាលបើមានឱកាសល្អ សេចក្ដីស្រវឹងវង្វេងយល់ខុសដោយទ្រឹស្ដីផ្ទាល់ខ្លួនដែលកប់ក្រាស ដែលជាឧបសគ្គចំពោះការសម្រេចអំពើល្អគ្រប់ថ្នាក់
ជាគូខ្មាំងសត្រូវប្រយុទ្ធដែលយកឈ្នះបានដោយលំបាក ។ បុគ្គលដែលដោះខ្លួនរួចមានឥស្សរៈ
ពីវត្ថុទាំងអស់នេះបាន ទើបលោកហៅថា ជាកំពូលអ្នកចម្បាំង ៕
No comments:
Post a Comment