Saturday, November 4, 2017

មួយជីវិតម៉ែកុហកខ្ញុំ ៨ដង


មួយជីវិតម៉ែកុហកខ្ញុំ ៨ ដង

រឿងរ៉ាវចាប់ផ្ដើមពេលដែលខ្ញុំនៅតូច ខ្ញុំកើតក្នុងត្រកូលគ្រួសារក្រីក្រ
គ្រួសាររបស់ខ្ញុំក្រីក្រខ្លាំងណាស់ ពេលខ្លះត្រូវដាច់ពេល ។
ពេលណាក៏ដោយ ដល់ពេលស៊ីបាយម៉ែនឹងបែងចែកបាយសម្លឲ្យខ្ញុំបន្ថែមឡើង
ព្រមទាំងនិយាយថា កូនត្រូវស៊ីបាយបានច្រើនឡើងចំណែកម៉ែមិនសូវជាឃ្លានទេ
នេះជាទីលើកទីមួយហើយដែលម៉ែកុហកខ្ញុំ ។

ពេលខ្ញុំធំឡើង អ្នកម៉ែព្យាយាមរកពេលទំនេរទៅស្ទួចត្រីក្នុងស្ទឹង
ដើម្បីឲ្យខ្ញុំបានស៊ីអាហារដែលមានអត្ថប្រយោជន៍ចំពោះការរីកធំធាត់របស់ខ្ញុំ
ម៉ែស្ងោរត្រី ដែលស្ទួចបានមកធ្វើជាស៊ុបឲ្យខ្ញុំស៊ី  ក្នុងខណៈដែលខ្ញុំស៊ីសម្លត្រីសោរ ។
ម៉ែអង្គុយក្បែរខ្ញុំ បេះហូបត្រីដែលនៅសល់ជាប់នឹងឆ្អឹងត្រី
ក្រោយពីខ្ញុំបានស៊ីសាច់ត្រីអស់ហើយ។ ខ្ញុំមានអារម្មណ៍សង្វេគចិត្តណាស់
ខ្ញុំព្យាយាមចែករំលែកសាច់ត្រីទាំងនោះឲ្យទៅម៉ែ តែម៉ែបដិសេដភ្លាមៗ
ព្រមជាមួយនិយាយថា កូនស៊ីចុះម៉ែមិនសូវជាចូលចិត្តសាច់ត្រីទេ
នេះជាលើកទីពីរហើយដែលម៉ែកុហកខ្ញុំ ។

ពេលខ្ញុំរៀននៅថ្នាក់មធ្យម ខ្ញុំត្រូវការចាយលុយច្រើនឡើង ។
ម៉ែត្រូវរកចំណូលពិសេសដោយការទទួលធ្វើការកំប៉ិកកំប៉ុក ពីរោងចក្រមកធ្វើនឹងកន្លែង ។
ជួនកាលខ្ញុំភ្ញាក់ឡើងមកពេលម៉ោង១ ឬម៉ោង២ ខ្ញុំនៅតែឃើញម៉ែធ្វើការដដែល
 ម៉ែបាទសម្រាក់ចុះ យប់ជ្រៅណាស់ហើយ ស្អែកនេះម៉ែត្រូវទៅធ្វើការទៀត ។
ម៉ែញញឹមដាក់ខ្ញុំរួចនិយាយថា កូនដេកទៅវិញចុះណ៎ា
ម៉ែនៅមិនទាន់នឿយម៉ែដេកមិនលក់ទេកូន
នេះជាលើកទីបីហើយដែលម៉ែកុហកខ្ញុំ ។

ពេលរៀនជិតចប់ថ្នាក់មធ្យម ខ្ញុំត្រូវទៅប្រឡងថ្ងៃចុងក្រោយ
ម៉ែសុំច្បាប់ឈប់ពីការងារទៅកំដរ និងដើម្បីផ្ដល់កម្លាំងចិត្តឲ្យខ្ញុំ
វាជាថ្ងៃក្ដៅខ្លាំងណាស់… ម៉ែរង់ចាំខ្ញុំនៅមាត់របងសាលា ។
ពេលខ្ញុំធ្វើវិញ្ញាសាប្រឡប់ចប់ប្រញាប់ចេញមករកម៉ែ
ឃើញម៉ែខ្ញុំបែកហូរញើសពេញទាំងខ្លួន
តែលោកត្រឡប់ជាហុចទឹកក្លាស្សេត្រៀមទុកឲ្យខ្ញុំផឹកទៅវិញ ។
ខ្ញុំឃើញម៉ែមានអារម្មណ៍ហត់នឿយ និងក្ដៅទើបសុំឲ្យម៉ែហូមមុន
ម៉ែនិយាយឡើងថា កូនផឹកចុះម៉ែនៅមិនទាន់ស្រែកទឹកទេ
នេះជាលើកទីបួនហើយ ដែលម៉ែកុហកខ្ញុំ ។

ក្រោយពីឪពុកខ្ញុំធ្លាក់ខ្លួនឈឺ និងបាត់បង់ជីវិតទៅ
ម៉ែដែលគួរឲ្យអាណិត ត្រូវធ្វើការធ្ងន់ឡើង ដើម្បីរកប្រាក់មកផ្គុតផ្គង់គ្រួសារ
តែក៏នៅតែមិនគ្រប់  មិនថាអ្នកម៉ែព្យាយាមប្រឹងខ្លាំងយ៉ាងណាទេ ។
លោកអ៊ុំដែលនៅក្បែរផ្ទះខ្ញុំ គាត់ជាមនុស្សចិត្តល្អ
ព្យាយាមមកជួយក្រុមគ្រួសារយើងជានិច្ច 
ដូចជាការជុសជុលជញ្ជាំងផ្ទះធ្លុះធ្លាយពុកផុយ។ល។
មិត្តជិតខាងឃើញគ្រួសារខ្ញុំលំបាក ក៏ណែនាំឲ្យម៉ែរៀបការជាមួយអ្នកថ្មី
តែម៉ែប្រកែកមិនយល់ស្របតាម ម៉ែនិយាយជាមួយខ្ញុំថា
 ម៉ែមានកូនទាំងមូល ម៉ែមិនត្រូវការក្ដីស្រឡាញ់អ្នកណាទៀតទេ
នេះម៉ែកុហកខ្ញុំជាលើកទីប្រាំហើយ ។

ក្នុងទីបំផុតខ្ញុំក៏រៀនចប់ និងមានការងារធ្វើពេញដៃ
ខ្ញុំចង់ឲ្យម៉ែឈប់សម្រាក់ខ្លះ ពីធ្វើការងារមករហូតនោះ ។
ប៉ុន្តែម៉ែមិនព្រមត្រឡប់ជាទៅផ្សាររាល់ព្រឹក
លក់បន្លែបង្ការដែលរកមកបានដើម្បីចិញ្ចឹមជីពជន
ទុកជាខ្ញុំព្យាយាមផ្ញើលុយកាក់ជួនទៅគាត់ក៏ដោយ
(ខ្ញុំត្រូវទៅធ្វើការនៅតាមបណ្ដាទីក្រុងឆ្ងាយៗ)
ក៏ម៉ែខ្ញុំមិនសូវជាទទួលយកប្រាក់ខ្ញុំជូនប៉ុន្មានទេ
ពេលខ្លះថែមទាំងផ្ញើលុយកាក់ទាំងនោះមកឲ្យខ្ញុំវិញ
ដោយនិយាយថា ម៉ែមានលុយកាក់ល្មមចាយហើយ
កូនគួរសន្សំទុកសាងអនាគតរបស់កូនវិញចុះ
នេះអ្នកម៉ែកុហកខ្ញុំជាលើកទីប្រាំមួយហើយ ។

ដើម្បីអនាគតរុងរឿងភ្លឺថ្លាត្រចេះត្រចង់ដូចគេឯង
ខ្ញុំសម្រេចចិត្តរៀនបន្ដយកបរិញ្ញាបត្រជាន់ខ្ពស់
ដោយបានអាហារូបករណ៍របស់មហាវិទ្យាល័យដ៏ល្បីឈ្មោះក្នុងអាមេរិក ។
ពេលខ្ញុំបញ្ចប់ការសិក្សាក៏បានការងារធ្វើនៅទីនោះឯង
និងមានប្រាក់ខែខ្ពស់គួរសម ។
ពេលធ្វើការបានមួយរយៈខ្ញុំចង់ឲ្យម៉ែរបស់ខ្ញុំមកនៅអាមេរិក
ក្នុងបំណងឲ្យម៉ែ នឹងបានសម្រាកពីការងារសម្រាកឲ្យសប្បាយចិត្តក្នុងជីវិតចុងក្រោយ ។
ប៉ុន្តែម៉ែខ្ញុំមិនចង់ទៅរំខានខ្ញុំដោយប្រាប់ខ្ញុំថា ម៉ែស៊ាំជាមួយជីវិតស្រុកទេសហើយ
លើកទីប្រាំពីរហើយ ដែលម៉ែព្យាយាមកុហកខ្ញុំ ។

អាយុកាលរបស់ម៉ែចេះតែកើន រាងកាយចេះតែទ្រុឌទ្រោមរឿយៗ
ក្នុងទីបំផុតម៉ែក៏កើតរោកមហារីក និងត្រូវចូលទទួលការវះកាត់នៅឯមន្ទីរពេទ្យ
ខ្ញុំសម្រេចចិត្តសុំច្បាប់ពីការងារ ហើយប្រញាប់ជិះយន្តហោះ
ត្រឡប់មករកម៉ែជាទីស្រឡាញ់បំផុតភ្លាមៗ
ម៉ែខ្ញុំកំពុងសម្រាកនៅលើគ្រែពេលខ្ញុំទៅដល់
ទឹកភ្នែកខ្ញុំហូរស្រក់ស្រោចថ្ពាល់ទាំងគូ ពេលឃើញម៉ែស្គមស្គាំ
និងមើលទៅរាងកាយទ្រុឌទ្រោមខ្លាំងណាស់ហើយ
ម៉ែមានអារម្មណ៍សប្បាយចិត្តណាស់ ដែលបានឃើញមុខខ្ញុំ
ព្យាយាមញញឹមយ៉ាងស្រស់ ដោយភាពលំបាក
ខ្ញុំដឹងច្បាស់ថា ម៉ែប្រឹងទប់ការឈឺចាប់ដោយពេញទំហឹងហើយ
ពីរោគមហារីកដ៏អាក្រក់ដែលរាលដាលទៅសព្វទាំងរាងកាយ
ខ្ញុំឱបម៉ែព្រមជាមួយការស្រែកយំ ដោយក្ដីអាណិតអ្នកម៉ែ
ចិត្តខ្ញុំខណៈនោះសៅហ្មង និងឈឺចាប់ជាទីបំផុត ។
ម៉ែប្រឹងព្យាយាមលួងលោមចិត្តខ្ញុំ ដោយសំឡេងស្អកនិងញ័រៗថា
 កូនសម្លាញ់របស់ម៉ែម៉ែឃើញមុខកូន ម៉ែលែងមានអារម្មណ៍ឈឺចាប់ហើយ
នេះជាលើកទីប្រាំបីហើយ ដែលម៉ែកុហក
និងជាលើកចុងបង្អស់ក្នុងជីវិតរបស់ម៉ែកុហកខ្ញុំដែរ ។

អ្នកម្ដាយដែលខ្ញុំស្រឡាញ់ និងលះបង់ពេញមួយជីវិតបានបិទភ្នែកទៅសន្សឹមៗ
និងលាខ្ញុំទៅដោយគ្មានថ្ងៃត្រឡប់មកវិញឡើយ
ក្រោយពីលោកពោលពាក្យកុហកទាំង៨នេះចប់សព្វគ្រប់

ប្រភព៖ English Forward Mail -"mother's 8 lies"
រូបភាព៖ Khmer poor people search
ប្រែ.គោលគំនិតល្អដើម្បីជីវិត


No comments:

Post a Comment