ធម្មៈមុនចូលដេកៈ ស្តីពីមនុស្ស ៤ ប្រភេទ
ក្នុងប្រទេស
សង្គម ក្រសួង មន្ទីរ ស្ថាប័ន ក្រុមហ៊ុន អង្គភាព ពួកក្រុម គណៈ ត្រូវមានមនុស្សច្រើននាក់ច្រើនលក្ខណៈច្រើនឥរិយាបថ
និងមានច្រើនទម្លាប់ ។ ប៉ុន្តែចាស់បុរាណលោកបានបែងចែកមនុស្សនេះទុកជា ៤ ប្រភេទគឺ
មនុស្សឆ្លាតហើយឧស្សាហ៍ មនុស្សឆ្លាតតែខ្ជិល មនុស្សល្ងង់ហើយខ្ជិល ហើយមនុស្សចុងក្រោយបំផុតគឺជាមនុស្សល្ងង់តែឧស្សាហ៍
។ តើមនុស្សទាំង ៤ ប្រភេទនេះ លោកពន្យល់បកស្រាយពីភាពខុសប្លែកគ្នាទុកយ៉ាងណាខ្លះ?
មនុស្សប្រភេទទី
១ មនុស្សឆ្លាតហើយឧស្សាហ៍ ៖ បើលើកស្ទួយអបស្ទបឲ្យបានល្អ
អំណើសតទៅមុខ នឹងបានធ្វើជាប្រធានក្រុម ប្រធានអង្គភាព ប្រធានស្ថាប័ន ប្រធានក្រុមហ៊ុន
ដែលមានប្រសិទ្ធភាព មានឥទ្ធិពលគួរដល់ការចិញ្ចឹមទុក
មិនគួរទុកឲ្យនៅឆ្ងាយពីភ្នែកត្រចៀកទេ ហើយក៏កុំឲ្យជិតស្និតហួសពេកដែរ អាចមានអន្តរាយ ។
មនុស្សប្រភេទទី២
មនុស្សឆ្លាតតែខ្ជិលច្រអូស៖
មនុស្សប្រភេទនេះគួរឲ្យធ្វើការក្នុងរឿងដែលមានការពាក់ព័ន្ធជាមួយការប្រើខួរក្បាល
ឬដាក់ផែនការ គឺសក្ដិសមបំផុត ព្រោះជាមនុស្សពូកែគិត គិតរហ័ស
ប៉ុន្តែក្នុងការអនុវត្តត្រូវរកមនុស្សមកជួយ ទើបបាន ។
មនុស្សប្រភេទទី៣
មនុស្សល្ងង់ ហើយខ្ជិល ៖ មនុស្សប្រភេទនេះសមគួរដល់ការយកទៅប្រើកម្លាំងពលកម្មបាន
ប៉ុន្តែត្រូវចាំក្លំមើល ចាំណែនាំឲ្យធ្វើតាម
ឬឲ្យមានតួនាទីអនុវត្តតាមពាក្យបង្គាប់បញ្ជាប៉ុណ្ណោះ ទុកបណ្ដោយឲ្យធ្វើតែម្នាក់ឯងមិនបាន
។
មនុស្សប្រភេទទី៤
មនុស្សល្ងង់តែឧស្សាហ៍ ៖
មនុស្សប្រភេទនេះច្រើនតែបង្កភាពខ្វល់ខ្វាយវរវឹកដល់សង្គម មានគ្រោះថ្នាក់ដល់សង្គម
និងអង្គភាព ស្ថាប័ន មិនថាខ្លួនស្ថិតនៅក្នុងតំណែងណាទេ មានតែបង្ករការវរវឹក
ភាពក្ដៅក្រាយបានដោយងាយៗ ។
ក្នុងសង្គម
ឬអង្គភាព ស្ថាប័នណាក៏ដោយ រមែងមានមនុស្ស ៤ ប្រភេទនេះនៅរួមជានិច្ច ។
ការនឹងប្រើការងារមនុស្សក្នុងសង្គម ឬអង្គភាពនោះៗ ឲ្យសមស្របជាមួយចរិតលក្ខណៈនិស្ស័យ
ឬគុណភាពរបស់មនុស្ស ទើបជារឿងសំខាន់ ដូចមានពាក្យមួយឃ្លាពោលទុកថា put the right
man on the right job ព្រោះការសម្រិតសម្រាំងមនុស្សបានសក្ដិសមជាមួយការងារ
គឺមានតែភាពជោគជ័យ ។ ផ្ទុយមកវិញ
ការរើសប្រើមនុស្សមិនត្រូវនឹងការងារ គឺមានតែភាពបរាជ័យ នឹងកើតមានគ្រោះថ្នាក់ដល់សង្គម
ដល់អង្គភាពស្ថាប័ន ក្នុងរង្វង់កាន់តែធំដូចគ្នា ។ ចុះប្រិយមិត្តអ្នកអានគិតថា
ខ្លួនអ្នកជាមនុស្សនៅក្នុងប្រភេទណាដែរ?
ស្រ.ធម្មៈមុនចូលដេក
ប្រែ.គោលគំនិតល្អដើម្បីជីវិត

No comments:
Post a Comment