Friday, November 3, 2017

គតិអប់រំបង្កើនកម្លាំងចិត្តក្នុងថ្ងៃដែលខ្លួនអស់សង្ឃឹម


គតិអប់រំបង្កើនកម្លាំងចិត្តក្នុងថ្ងៃដែលខ្លួនអស់សង្ឃឹម

ខ្សែក្រាហ្វិចជីវិតរបស់មនុស្សយើងដូចជាអក្សរ W
បើសម្លឹងមើលវាឲ្យច្បាស់មែនទែន
វាជាធម្មៈដែលកប់ជ្រៅនៅក្នុងនោះស្រាប់ហើយ
វាមានខ្សែចុះមុនដល់ខ្សែឡើងក្រោយ
បន្ទាប់មកចុះ មន្ទាប់មកឡើង ឡើងចុះៗ
បែបហ្នឹងហើយ គឺជារឿងជីវិត ។
មនុស្សខ្លះចង់បានជីវិត A នៅតែមិនទាន់គ្រប់គ្រាន់
ហើយចង់បានទៅដល់ A+ ទៀត ។
មនុស្សដែលមានមនោគតិបែបហ្នឹង ចាត់ទុកថា
ជាមនុស្សមិនទាន់យល់ពីលោកនេះនៅឡើយទេ ។

ជីវិតមិនខុសពីខ្សែអំបោះ ដែលគេហូតទាញចេញមក
ពីហុងអំបោះជារឿយៗ រួចគេគិតថា
អំបោះដែលនៅរុំហុងអំបោះនោះនៅសល់ច្រើនណាស់
ប៉ុន្តែតាមការពិតទៅ អំបោះនៅជាប់ហុងនោះនៅសល់តិចណាស់
ហុងអំបោះគឺជាមាយាទាក់ទាញចិត្តឲ្យមានក្ដីប្រមាទ
គិតថា យើងនៅសល់ជីវិតច្រើនទៀត ។

ពេលណាចាញ់ក៏ទទួលស្គាល់ថាចាញ់
មិនមែនប្រឹងប្រជែងគិតតែពីយកឈ្នះតែម្យ៉ាងទេ
ការព្រមចុះចាញ់ខ្លះ មិនមានអ្វីត្រូវបង់ខាតនោះឡើយ
ជួនកាលវត្ថុដែលទទួលបានត្រឡប់មកវិញ
អាចមានគុណតម្លៃច្រើនជាងដែលយើងខំប្រឹងយកឈ្នះ ។
ការព្រមចុះចាញ់ ពេលខ្លះ អាចទទួលបានមិត្តភាពត្រឡប់មកវិញ
មិនធ្វើឲ្យបាត់បង់មនុស្សជាទីស្រឡាញ់ បងប្អូន ញាតិមិត្ត
អ្នកជិតខាងជាប់របងផងជាមួយ ឬមិត្តភក្តិរួបការងារ ជាដើម ។
ការព្រមចុះចាញ់ខ្លះទៀត មិនឃើញពិបាកត្រង់ណាឡើយ
ហើយក៏មិនស្រួលត្រង់ណាដែរ បើសិនជាឈ្នះត្រូវបានបាត់បង់
មិត្តភក្តិ បាត់បង់ការងារ បាត់បង់ប្រធានចៅហ្វាយនាយ
ឬក៏បាត់បង់មនុស្សជាទីស្រឡាញ់នោះ ។
អ្នកខ្លះកើតរោគចាញ់គេមិនបាន ក្នុងកន្លែងធ្វើការងារមិនគ្រប់
រាលដាលទៅដល់ឯផ្ទះ ទៅឯគ្រួសារទៀត ។
បែបនេះឲ្យគិតថា បើក្នុងផ្ទះព្រមចុះចាញ់មិនបាន ហើយម្នាក់ៗ
គិតតែពីយកឈ្នះរៀងៗខ្លួន នឹងខ្វល់អម្ពល់ចិត្តប៉ុនណាទៅ
បើចេះដឹងកាន់តែច្រើន ពូកែកាន់តែខ្លាំង អំណាចកាន់តែធំ
ឱកាសយកឈ្នះចាញ់កាន់តែបានច្រើន
ហើយការមិនព្រមចុះចាញ់កាន់តែពិបាកទៅទៀត ។
ចូរព្រមចុះចាញ់ខ្លះៗទៅណ៎ា បើសិនការព្រមចុះចាញ់នោះ
ដើម្បីអ្នកដទៃ ឬឲ្យភាគីរួមឈ្នះខ្លះទៅ ។
ការហ្វឹកហ្វឺនពីការរៀនចេះព្រមចុះចាញ់ខ្លះ កុំឲ្យខ្លួនឯងហ្នឹង
ទទួលបានងារថា “កើតរោគចាញ់មិនបាន” ។

ការដោះស្រាមកម្មនោះ ត្រូវដោះស្រាយទង្វើដែលមានការខ្វះខាតចន្លោះប្រហោង
ឧបមាដូចជាការធ្វើឲ្យមានការប្រឡាក់ប្រឡូកនៅកន្លែងណាមួយ
ក៏ត្រូវតែធ្វើការលាងជម្រះសំអាតត្រង់កន្លែងនោះ
រួចហើយកុំធ្វើឲ្យជីវិតខ្លួន ទៅប្រឡូកប្រឡាក់ជាមួយបញ្ហានោះទៀត ។

តើលុយកាក់ និងដុំដីណាមួយល្អ និងមានតម្លៃច្រើនជាង?
បើសិនមាននរណាមួយមកសួរយើងថា
តើលុយកាក់ និងដុំដីណាមួយល្អ និងមានតម្លៃច្រើនជាង?
មិនថាចម្លើយតបមកនោះបែបណាទេ គឺសុទ្ធតែត្រូវទាំងអស់
ដោយសារតែវាមានចំណុចល្អរៀងៗខ្លួន
ឧបមាដូចជាមនុស្សយើងម្នាក់ៗក៏មានចំណុចល្អ និងចំណុចអាក្រក់រៀងៗខ្លួន
គ្មានអ្នកណាល្អជាងអ្នកណានោះទេ វាអាស្រ័យត្រង់ថា តើអ្នកណាអាច
មើលឃើញពីចំណុចល្អក្នុងខ្លួន និងស្គាល់គុណតម្លៃរបស់ខ្លួនឯងច្រើនជាងប៉ុណ្ណោះ ។

មិនត្រូវហោះហើរខ្ពស់ដូចជាគេទេ
ចូរហោះហើរ តាមដែលខ្លួនឯងអាចហោះហើរបាន
ឥរិយាបថនៃការហោះ មិនចាំបាច់ទៅត្រាប់យកតាមគេមកទេ
គ្រាន់តែហោះឲ្យដល់ “ក្ដីសុបិន” របស់ខ្លួនឯងប៉ុណ្ណោះ
គឺវាគ្រប់គ្រាន់ណាស់ទៅហើយ ។

ឲ្យចិត្តដើរតាម កុំដើរតាមចិត្ត
ចិត្ត… ជាទីសំណាក់អាស្រ័យរបស់ចំណង់តណ្ហា
ហើយបើមិនបានហ្វឹកហាត់អប់រំឲ្យបានគ្រប់គ្រាន់ទេ
ចំណង់តណ្ហានេះនឹងរីកមាឌរីទំហំកាន់តែធំ
រួចហើយចិត្តមួយនេះក៏ក្លាយខ្លួនទៅជាទាសៈ ចង់ស៊ី
ទើបស៊ីតាមរបៀបមិនចេះឆ្អែតស្កប់ស្កល់​ មិនចេះគ្រប់គ្រាន់
ដោយមិនចាំបាច់រកហេតុផលថា ត្រូវឬខុស គួរឬមិនគួរ
ល្អឬអាក្រក់ទេ ។ ចង់ល្បីល្បាញ ទើបខ្លួនធ្វើគ្រប់វិធី
ដោយមិនចាំបាច់ជ្រើសរើសវិធីឡើយ។ល។
មិនមានអ្វីគួរឲ្យខ្លាចស្មើនឹង​ “ចំណង់តណ្ហា” នេះទេ ។
បើចិត្តដឹងមិនទាន់ ចំណង់តណ្ហានេះ
ក៏ពិបាកគ្រប់គ្រងទង្វើ (ហើយចំណង់តណ្ហានេះនឹងគ្រប់គ្រង់ជំនួសវិញ)
ទង្វើដែលខ្វះការគ្រប់គ្រង ខ្វះការថ្លឹងថ្លែងវាស់ស្ទង់ចិត្ត ប្រព្រឹត្តធ្វើទៅ
ដូចជាចិត្តចង់ ដោយការប្រាសចាកការត្រិះរិះគិតពិចារណា
មិនមានការចាំក្លំមើល ឬស្ងប់រម្ងាប់ តែងតែប្រៀបដូចជាតួរថយន្ដដែលរត់ទៅ
ដោយគ្មានបង្កូត និងតៃកុងបើកអ៊ីចឹង គ្រាន់តែបោះពួយ
ទៅតាមកម្លាំងរុញរបស់គ្រឿងម៉ាស៊ីនប៉ុណ្ណោះ ។

ការលាងទឹកសាប៊ូជាមួយទឹកថ្មី យើងម្នាក់ៗ
សុទ្ធតែដឹងវិធីសាស្ត្រ ក្នុងការលាងចាន ឆ្នាំងមែនទេ?
យើងត្រូវការប្រើសាប៊ូ ធ្វើការលាងសំអាតចាន កែវ
ពែង ឆ្នាំង សម ស្លាបព្រាឲ្យបានសស្អាតភ្លឺរលោង
ប៉ុន្តែយើងមានការគិតដល់ការលាងសំអាតរបស់ទឹកសាប៊ូនោះខ្លះទេ
បើទឹកសាប៊ូលាងចានឆ្នាំងនោះមានភាពកខ្វក់
ចាន ឆ្នាំងដែលយើងលាងជំរះនោះ មុខជាមិនស្អាតហើយ
ប្រៀបដូចជាជីវិតរបស់យើង មិនថាយើងស្ទុះស្ទាម្នីម្នា
ឬចាប់ផ្ដើមសាជាថ្មីប៉ុន្មានដងទេ បើមិនបានលាងជំរះចិត្តឲ្យបានស្អាត
ជាមុន ឲ្យអស់ពីភាពអស់សង្ឃឹម ឲ្យអស់សេចក្ដីសោកសៅទេ
ទោះជាយើងចាប់ផ្ដើមសាជាថ្មីប៉ុន្មានដងទៀត
ក៏នៅតែប៉ុណ្ណឹងដដែលហ្នឹង ។

សេចក្ដីសុខនោះមកឯកឯង មិនចាំបាច់រកឲ្យហត់នឿយឡើយ
ក្នុងពេលមានអ្នកណាមួយ និយាយថា “ខ្ញុំត្រូវការសេចក្ដីសុខ” ។
ជួនកាលមានមនុស្សខ្លះ រត់រកសេចក្ដីសុខ រហូតទាល់តែហត់នឿយ ។
តាមការពិតនោះ ការស្វែងរកសេចក្ដីសុខនោះ គឺវាងាយស្រួលខ្លាំងណាស់
ត្រូវតែកាត់ពាក្យថា “ខ្ញុំ” និងកាត់ពាក្យថា “ត្រូវការ” ចោលចេញ
សេចក្ដីសុខនោះ នឹងមកឯកឯង ។

“ទឹកអាចធ្វើឲ្យទូកអណ្ដែតបាន ហើយទឹកក៏អាចពន្លិចទូកនោះវិញបានដែរ” ។
“ទ្រព្យសម្បត្តិមាសប្រាក់ អាចធ្វើឲ្យមនុស្សមានសេចក្ដីសុខបាន
វាក៏អាចធ្វើឲ្យមនុស្សកើតទុក្ខបានផងដែរ” ។
“ការមើលរំលងកិច្ចការតូចៗ
ក៏មិនអាចធ្វើឲ្យការងារធំមហិមាសម្រេចបានដែរ”។
“សម្លឹងគិតរំពៃទោសខ្លួនឯង …ជាជនបណ្ឌិត,
សម្លឹងគិតរំពៃទោសអ្នកដទៃ … ជាជនពាល” ។

សេចក្ដីសុខនៅត្រឹមតែចុងច្រមុះ
សេចក្ដីសុខនៅជិតខ្លួនយើងបង្កើយ ទាល់តែខ្លួនយើង
មើលមិនឃើញដូចជាចុងច្រមុះ
សូម្បីតែវត្ថុដែលជិតភ្នែកបំផុត ដូចជារោមភ្នែក
តែយើងមើលមិនឃើញ យើងច្រើនមើលឃើញអ្វីៗដែលនៅឆ្ងាយ
រហូតដល់លះបង់វត្ថុល្អៗដែលនៅជាប់ជាមួយខ្លួននេះចោល
រួមទាំងសេចក្ដីសុខដែលមានស្រាប់ផង
ប៉ុន្តែយើងមិនធ្លាប់គិត ឬមិនធ្លាប់ដឹងថា ខ្លួនឯងនេះមាន
ហើយយើងបែរជារត់រកសេចក្ដីសុខដែលនៅខាងក្រៅទាំងនោះទៅវិញ
ទាំងដែលសេចក្ដីសុខនៅជាប់ជាមួយខ្លួនយើងជានិច្ច
មិនធ្លាប់បានគេចចេញទៅណាឡើយ
តែមូលហេតុអ្វី បានជាយើងមិនដឹងទៅវិញ?


សូមរង់ចាំអានបន្តទៀត

No comments:

Post a Comment