Thursday, November 2, 2017

រឿងនិទានសត្វកង្កែបមិនព្រមចាញ់



រឿងនិទានសត្វកង្កែបមិនព្រមចាញ់

កាលពីព្រេងនាយយូរលង់ណាស់មកហើយ
មានសត្វកង្កែបច្រើនក្បាលធ្លាក់ចូលទៅក្នុងអន្លុងដ៏ជ្រៅ
ដែលអ្នកភូមិជីកដាក់សត្វ ។

ពួកវានាំគ្នាលោតដើម្បីព្យាយាមឡើងចេញពីអន្លុងនោះឲ្យបាន
ប៉ុន្តែសម្រាប់ពួកវាអន្លុងមួយនោះគឺជ្រៅណាស់ ។

ដូចនោះទើបគ្មានកង្កែបមួយណាអាចលោតចេញមកបានឡើយ
ពួកមិត្តគូកនរបស់វាដែលនៅខាងលើមួយៗក៏មកចាំមើលនៅឯមាត់អន្លុង
ដំបូងៗមិត្តៗរបស់វាម្នាក់ៗ ក៏ស្រែកផ្ដល់កម្លាំងចិត្តឮសំឡេងលាន់កងរំពងទាំងអស់
ប៉ុន្តែក៏គ្មានកង្កែបណាមួយ អាចលោតចេញពីអន្លុងនោះបានសម្រេចទេ ។

កាលវេលាចេះតែកន្លងផុតទៅរៀងយូរបន្តិច
សំឡេងស្រែកផ្ដល់កម្លាំងចិត្ត ក៏ចាប់ផ្ដើមស្ងាត់ទៅបន្តិចម្ដងៗ
ហើយប្ដូរទៅជាសំឡេង ដែលប្រាប់ថា…

ឈប់ទៅសម្លាញ់អើយ!ទោះជាពួកអ្នកនឹងលោតបន្តទៅទៀត
ប្រហែលជាគ្មានបានប្រយោជន៍អ្វីដែរ
ព្រោះអន្លុងនេះជ្រៅពេកហួសពីសមត្ថភាពពួកយើងលោតឡើងចេញមកបាន
ពួកអ្នកគួររក្សាកម្លាំងទុកវិញល្អជាជាង…”

ពួកកង្កែបដែលនៅខាងក្រោម
ទើបលះបង់ការព្យាយាមក្នុងការលោតឡើង
ម្ដងមួយម្ដងមួយ…
រហូតដល់ចុងបំផុតក៏នៅសល់ត្រឹមតែកង្កែបមួយក្បាល
ដែលនៅតែបន្តប្រឹងព្យាយាមលោតឡើង
ដោយមិនបានស្ដាប់សំឡេងមិត្តភក្ដិរបស់វា
ដែលកំពុងនៅខាងលើ និងនៅខាងក្រោមជាមួយវា
ម្នាក់ៗក៏ព្យាយាមស្រែកប្រាប់ឲ្យវាឈប់លោតទៅ

ប៉ុន្តែវានៅតែបន្តលោតមិនព្រមឈប់
មិត្តៗរបស់វា ម្នាក់ៗក៏នាំគ្នាសើចយ៉ាងហួសចិត្តរួចពោលថា
.
“កង្កែបមួយក្បាលនេះប្រហែលជាឆ្កួតបាត់ទៅហើយ
ប្រឹងលោតឲ្យតែអស់កម្លាំងចោលទៅទទេៗ
អន្លុងនេះជ្រៅពេក
ប្រហែលជាគ្មានអ្នកណាមួយលោតចេញឡើងបានទេ

កាលវេលាចេះតែកន្លងផុតទៅ ភាពអស្ចារ្យក៏កើតមានឡើង
កង្កែបដូចបានពោលខាងលើ អាចលោតចេញឡើងមកពីអន្លុងនោះបានសម្រេច ។

មិត្តៗដែលនៅខាងលើម្នាក់ៗក៏មានអារម្មណ៍ចម្លែកចិត្ត
ហើយនាំគ្នាមកសំដែងការត្រេកអរ ព្រមទាំងសួរថា
តើហេតុអ្វីទើបអ្នកព្យាយាមលោតបន្តរហូតដល់បានសម្រេច
ទាំងដែលកង្កែបផ្សេងៗក៏នាំគ្នាឈប់ និងព្រមចុះចាញ់ទៅទាំងអស់ហើយនុ៎ះ?

កង្កែបមួយក្បាលនោះងាកមុខមកញញឹម ហើយបង្ហាញឫកពារដើម្បីប្រាប់ថា
តើពួកឯងសួរអ្វី?អញមិនយល់ទេ… ព្រោះតែត្រចៀកអញថ្លង់

ការអប់រំក្នុងរឿងនេះ
ឧបសគ្គដែលគួរឲ្យខ្លាចបំផុត
ដែលធ្វើឲ្យមនុស្សមួយចំនួនធំ ព្រមចុះចាញ់គឺ
ពាក្យសម្ដីរបស់អ្នកដទៃនេះឯង ។

សម្ដីដែលប្រាប់ឲ្យយើង ព្រមចុះចាញ់
សម្ដីដែលប្រាប់ឲ្យយើងឈប់
សម្ដីដែលប្រាប់ថា យើងធ្វើមិនបាន
សម្ដីដែលប្រាប់ដល់យើងថា វាមិនអាចទៅរួចទេ ។

ហើយមនុស្សមួយចំនួនធំ ដែលបានស្ដាប់សម្ដីទាំងនេះ
ក៏ច្រើននឹងជឿប្រកាន់  ហើយធ្វើតាមសម្ដីនិយាយនោះៗ ។

ពួកគេទើបឈប់គិត ឈប់សុបិន ឈប់ប៉ងប្រាថ្នារបស់ខ្លួន
ហើយបណ្ដោយឲ្យខ្សែជីវិតប្រព្រឹត្តទៅតាមយថាកម្ម
រង់ចាំឱកាសល្អៗ ដែលខ្លួនមិនដឹងថា ថ្ងៃណានឹងកើតមានឡើង?

ដូចនោះ បើយើងប្រាថ្នាចង់ជោគជ័យទៅហើយ
យើងមុខជាធ្វើដូច កង្កែបត្រចៀកថ្លង់ មួយក្បាលនេះជាគំរូហើយមើលទៅ” ៕
.
ប្រែ.គោលគំនិតល្អដើម្បីជីវិត


No comments:

Post a Comment