Friday, December 1, 2017

មុននឹងដំណាលនិទាន


មុននឹងដំណាលនិទាន

ក្នុងរយៈកាលច្រើនឆ្នាំកន្លងមកនេះ ឃើញមានការផ្លាស់ប្ដូរអ្វីៗច្រើនយ៉ាង នៅក្នុងសង្គមរបស់ស្រុកទេសយើង និងមានគោលគំនិតក្នុងដំណើរជីវិត ដែលមានមនុស្សជាច្រើន អាចនឹងមើលរំលង ឬមើលទៅក្នុងទិសដៅដែលប្រាសចាកពីការពិត ។
រឿងក្នុងការប៉ុនប៉ងស្វែងរកប្រយោជន៍ដាក់ខ្លួន ឬស្វែងរកសេចក្ដីសុខគ្រប់រូបភាព ទាល់តែវង្វេងភ្លេចពីគុណតម្លៃគុណសម្បត្តិ ដែលមាននៅក្នុងខ្លួនយើងគ្រប់គ្នា ដែលគុណតម្លៃអំពើល្អ ដែលខ្លួនសន្សំមកដល់ក្លាយជាទម្លាប់ជាប់ជានិស្ស័យតាមខ្លួនល្មមសមគួរ ដល់បានកើតមកជា “មនុស្ស” ម្ដងទៀត ។
មនុស្សច្រើនណាស់នៅមានទម្លាប់ និងអាកប្បកិរិយាផ្លាស់ប្ដូរប្រែប្រួលទៅគួរឲ្យខ្លាច ខុសពីមនុស្សមុនដែលខ្លួនធ្លាប់មាន ព្រោះតែជីវភាពក្រីក្រ សេដ្ឋកិច្ចមិនអំណោយផល ក្នុងការទ្រទ្រង់ជីវិតនៅក្នុងសង្គមយុគសម័យបច្ចេកវិទ្យាជឿនលឿន ដែលបានរុញច្រានឲ្យធ្វើសកម្មភាពអាក្រក់ផ្សេងៗ ទាល់តែក្លាយជាទម្លាប់ជាប់ជានិស្ស័យជាប់តាមខ្លួន ឬក៏ព្យាយាមត្រិះរិះគ្រប់មធ្យោបាយដើម្បីបិទបាំងអំពើអាក្រក់បាបលាមក ព្រោះមិនចង់ឲ្យអ្នកណាមួយដឹងឮ ឬគិតថា កុំឲ្យមានផ្លូវណាអ្នកដទៃបានដឹងឡើយ ព្រោះវិធីសាស្ត្រដ៏សម្ងាត់ស្មុគស្មាញខ្លាំងឡើង ។ កាលបើធ្វើសកម្មភាពដដែលៗ ទាល់តែលែងកែប្រែត្រឡប់ខ្លួនត្រឡប់ចិត្តបាន  ហើយមានមនុស្សច្រើនណាស់ លង់គិតថា “លោកនេះមិនមានបុណ្យ មិនមានបាប ចង់សាងកម្មអ្វីក៏បាន” ជារឿងមួយ ដែលគួរឲ្យតក់ស្លុត និងគួរឲ្យព្រួយបារម្ភខ្លាំងណាស់ ។
ការប្រណាំងប្រជែងក្នុងការសិក្សារៀនសូត្រ ប្រណាំងប្រជែងក្នុងការធ្វើការរកស៊ីជួញប្រែ ប្រណាំងប្រជែងក្នុងការមានបាន ទាល់តែលែងមើលសមតុល្យលោក សមតុល្យគុណធម៌ ដែលនាំឲ្យកើតមានកំហុសឆ្គង ឬកម្មអាក្រក់ទាំងខ្លួនមានចេតនា និងអចេតនាឡើងមក ។ បើដល់កាលវេលាដែលកម្មឲ្យផល ព្រោះតែការប្រើប្រាស់ជីវិត ដែលមានសេចក្ដីប្រមាទ ខ្វះគោលធម្មានាំផ្លូវជីវី ផលកម្មដែលខ្លួនបានទទួល ទើបធ្វើឲ្យខ្លួនធ្លាក់ចូលទៅក្នុងស្ថានភាពក្រលំបាក ភាពទ័លច្រក ដែលពិបាកនឹងសូទ្រាំបាន ។
កាលប៉ុន្មានឆ្នាំមកនេះ មានការកើតឡើងនូវគ្រោះធម្មជាតិ ស្លាប់មនុស្សយ៉ាងច្រើននោះកោះពេជ្រ គ្រោះរាំងស្ងួត គ្រោះទឹកជំនន់ជាប់គ្នា នៅក្នុងស្រុកទេសរបស់យើង ដែលមានការបង់ខាតផលប្រយោជន៍ជាតិ បង់ខាតផលប្រយោជន៍ឯកជនអស់យ៉ាងច្រើន ជាមួយប្រជាពលរដ្ឋនៅក្នុងតំបន់ខ្លះ មួយចំនួនត្រូវបានទទួលរងផលប៉ះពាល់ក្នុងរឿងនេះ ដូចជា មនុស្សរាប់ពាន់គ្រួសារត្រូវជួបនូវការអត់ឃ្លាន ខ្វះទីជម្រក ខ្វះប្រពន្ធភ្លើង ខ្វះទឹកស្អាតប្រើប្រាស់ បាត់បង់ខូចខាតទ្រព្យសម្បត្តិគ្រប់យ៉ាង បាត់បង់បងប្អូនសាច់ញាតិ និងបាត់បង់មនុស្សជាទីស្រឡាញ់ ទៅចំពោះភ្នែកច្រមុះរបស់ខ្លួន ធ្វើឲ្យខ្លួនទទួលរងការឈឺចាប់ខ្លោចផ្សាយ៉ាងធ្ងន់ ។
មនុស្សច្រើនណាស់ប្រាប់ថា ជាកម្មដែលពួកខ្លួនត្រូវទទួល ប៉ុន្តែមានមនុស្សមួយចំនួនទៀតប្រាប់ថា ជាតិនេះពួកគេមិនមែនជាដើមហេតុនៃកម្មដែលបានកើតឡើងទេ ចុះហេតុអ្វីដល់ត្រូវមកទទួលកម្មនេះ ត្រូវមកជួបជាមួយក្ដីវិនាសសាបសូន្យនេះទៅវិញ?
ដោយការយល់ចិត្តយល់ថ្លើមក្នុងអារម្មណ៍ជួបក្ដីវិបត្តិ ដែលបានកើតឡើងនេះ ទើបនឹងចង់ប្រាប់ដល់រឿងមួយ ដើម្បីចង់ឲ្យអស់លោក អស់អ្នកគ្រប់គ្នា ដែលកំពុងជួបវិបត្តិគ្រោះធម្មជាតិ ឬរឿងអ្វីមួយ ដែលជាវិបត្តិរបស់ជីវិតថា កុំទៅខ្លាចឡើយ ក្នុងរឿងរបស់កម្ម ព្រោះថា “កម្ម”  នោះប្រែថា “អំពើ”
រឿងរ៉ាវដែលកើតឡើងក្នុងជីវិតគ្រប់យ៉ាង ក្នុងជាតិនេះ សុទ្ធតែមកអំពីអំពើរបស់យើងផ្ទាល់ខ្លួនឯង ដែលបានហុចផលឲ្យជាសុខខ្លះ ជាទុក្ខខ្លះ យើងអាចសាងកម្មក្នុងជាតិនេះក្ដី ឬក៏ធ្លាប់សាងកម្មក្នុងអតីតជាតិក្ដី ដែលយើងគ្មានផ្លូវណាបានដឹងអំពីវាឡើយ ក្នុងភាវៈជាមនុស្សសាមញ្ញ ដែលមិនទាន់ដល់កម្រិតមួយ ដែលបានអភិញ្ញាណ អាចរលឹកជាតិបាន ។
សូមឲ្យរៀនសង្កេតមើលថា មនុស្សម្នាដែលរស់នៅក្នុងភូមិស្រុកតែមួយគ្នា មានផ្ទះជិតខាងជាប់របងផងគ្នា ចុះហេតុអ្វីដល់ទទួលផលប៉ះពាល់មិនស្មើគ្នា មានការបង់ខាតមិនដូចគ្នា? កើតមានដូច្នេះ ព្រោះគេមិនមានសេចក្ដីប្រហ្វែសធ្វេស មិនមានក្ដីប្រមាទមែនឬអត់ទេ? ឬកើតមានដូច្នេះ ព្រោះគេបានត្រៀមលក្ខណៈបង្ការទុកជាមុនមែនឬទេ? ដែលគេអាចដឹងខ្លួនឬក៏មិនបានដឹងទេ? អាចនឹងត្រៀមលក្ខណៈទុកមកយូរហើយ ឬមុខនាទីដែលកើតហេតុការណ៍ក៏ប្រកាន់ថា គេមិនមានសេចក្ដីប្រមាទមែនឬ?
ប៉ុន្តែអ្វីដែលជាអាថ៏កំបាំងចង់នឹងប្រាប់នោះគឺ កម្មដែលខ្លួនយើងខ្លាចខ្លាំងសម្បើម ឬទោសខ្លាំងក្លានេះមកពីខ្លួនយើងទាំងអស់ ។ បើសិនយើងជឿតាមយល់ថា បើយើងទៅបំផ្លិចបំផ្លាញធម្មជាតិ នៅថ្ងៃមួយធម្មជាតិនឹងវិលមកសងសឹកយើងវិញមិនខាន ជារឿងរបស់ច្បាប់នៃធម្មជាតិ ច្បាប់របស់កម្មនុ៎ះឯង ។
បើយើងខ្ជិល មិនធ្វើការងារ ចូលចិត្តទៅបៀតបៀនអ្នកដទៃ គិតរកតែពីចន្លោះប្រហោង រកឱកាសជ្រែកចូលខ្លួន មិនមានបរិវារ សាច់ញាតិ មិត្តភឿន កាលបើយើងក្ដៅក្រហាយ ឬផលកម្មតាមទាន់ដល់ខ្លួន ក៏គង់គ្មានអ្នកអើតមុខបែរខ្នងមកជួយសង្រ្គោះស្រោចស្រង់យើងដែរ យើងក៏ត្រូវកើតទុក្ខធ្ងន់ជាងអ្នកផ្សេងៗ ទៅជារឿងធម្មតា ។
បើយើងជាមនុស្សមិនមានសេចក្ដីប្រមាទ ឧស្សាហ៍ប្រឹងប្រែងព្យាយាមធ្វើការងារ រកស៊ីជួញដូរលក់ប្រែ មានការចេះចាយវាយត្បិតត្បៀតសន្សំសំចៃ ចេះការពាររក្សាទុកដាក់ក្នុងទីសុវត្ថិភាព ជុសជុលប៉ះប៉ូវទ្រព្យសម្បត្តិដែលអាចនៅប្រើប្រាស់បាន មានការយល់ចូលចិត្តធម្មៈ ដែលជាសភាវៈធម្មជាតិ មានការប្រុងជើងការទុកឲ្យហើយ ព្រមទាំងមានផែនការទប់ទល់បង្ការទុកមុនជាស្រេច ព្រោះបើដល់មានបញ្ហា ពេលកើតមានហេតុការណ៍ ឬក្ដីវិបត្តិអ្វីណានីមួយ យើងអាចទប់ទល់បានយ៉ាងងាយស្រួល មិនកើតមានក្ដីក្ដៅក្រហាយស្ដាយក្រោយខ្លាំងក្លា ឬកើតទុក្ខមិនសុខចិត្តធ្ងន់ធ្ងរដែរ ប៉ុន្តែមានសភាពចិត្តធូរស្រាលឡើង ។
ព្រះពុទ្ធអង្គម្ចាស់នៃយើង ទ្រង់បានអប់រំក្នុងរឿងរបស់កម្ម រឿងច្បាប់នៃកម្ម ឲ្យពួកសព្វសត្វលោក បានយល់ជ្រួតជ្រាបក្នុងរឿងនោះៗ ដើម្បីឲ្យមនុស្សម្នាបានអភិវឌ្ឍសក្ដានុពល និងឲ្យមានគុណភាពជីវិតដ៏ល្អផូរផង់ ក្នុងជាតិជាបច្ចុប្បន្ន និងក្នុងអនាគតទៅខាងមុខទៀត ។ ព្រះអង្គទ្រង់ចង្អុលបង្ហាញឲ្យឃើញអំពីផលរបស់កម្មរបស់មនុស្សយើងគ្រប់គ្នាថា បើធ្វើ ឬមិនធ្វើនឹងកើតមានផលល្អ ឬអាក្រក់យ៉ាងណា? កាលបើយើងដឹងហើយថា ផលនោះវាយ៉ាងម៉េច? ជាតិនេះយើងនឹងដំណើរការជីវិតបានត្រឹមត្រូវដែរទេ?
ព្រះពុទ្ធអង្គ ទ្រង់អប់រំឲ្យយល់ក្នុងកម្មអាក្រក់ផ្សេងៗ ដែលហុចផលអាក្រក់ ដើម្បីបានជាប្រយោជន៍ដល់មនុស្សលោក ឲ្យមានការចេះប្រុងប្រយ័ត្នខ្លួន កុំឲ្យធ្វើទៅតាមកម្មនោះៗបន្ថែមចូលមកទៀត ជីវិតនឹងបានក្ដីសុខ ។ ព្រះពុទ្ធអង្គ ទ្រង់អប់រំឲ្យយល់ក្នុងកម្មល្អផ្សេងៗ ទ្រង់អប់រំដល់ផលល្អ ដែលចេញពីទង្វើល្អ យើងនឹងបានធ្វើដោយត្រឹមត្រូវ ជីវិតនឹងបានក្ដីសុខ  មិនមានអាប់ឱនថយទាបចុះ ជួបផលលំបាកអ្វីឡើយ មានតែដើរឆ្ពោះទៅរកសេចក្ដីចំរុងចំរើនរុងរឿងលូតលាស់ជានិច្ចនិរន្តរ៍ ។
ព្រះពុទ្ធអង្គ ទ្រង់ឲ្យមនុស្សលោកគ្រប់គ្នា មានចិត្តសន្ដោស ស្គាល់ប្រមាណខ្លួន មានជីវភាពគ្រាន់តែល្មមសមគួរដល់ជីវិតខ្លួន ដើម្បីជាប្រយោជន៍ឲ្យកើតមានសមតុល្យលោក សមតុល្យធម៌  មិនឲ្យឈានហួសទៅក្នុងទិសដៅដែលនាំមានកំហុសឆ្គងឡើយ ។
ព្រះពុទ្ធអង្គ ទ្រង់មិនបានអប់រំទូន្មានប្រៀនប្រដៅ ឲ្យយើងមានចិត្តសន្តោស ដើម្បីជាការគេចវេសឆ្ងាយទៅពីគ្រួសារ ពីសង្គម ទៅរស់នៅតែម្នាក់ឯង ក្នុងព្រៃភ្នំក្រំថ្ម ដោយការបោះបង់គ្រួសារចោល ប៉ោះបង់អ្វីគ្រប់យ៉ាង ដែលខ្លួនត្រូវទទួលខុសត្រូវចោលនុ៎ះទេ ព្រះអង្គ ទ្រង់មិនបានអប់រំទូន្មានបែបនោះឡើយ ។
មួយវិញទៀត ព្រះអង្គថែមទាំងបង្រៀនអប់រំមនុស្សលោកគ្រប់គ្នា ស្គាល់វិធីធ្វើឲ្យខ្លួនឯងមានសេចក្ដីសុខ មានទ្រព្យសម្បត្តិផងដែរ ។ មនុស្សដែលបានសិក្សាពីគោលធម្មៈក្នុងដំណើរជីវិត នឹងបានជ្រួតជ្រាបយ៉ាងច្បាស់ អំពីរឿងព្រហ្មវិហារធម៌ ៤ រឿងគុណធម៌ជាចំហរឲ្យសម្រេចប្រយោជន៍ (ឥទ្ធិបាទធម៌) ៤ រឿងបេះដូងមហាសេដ្ឋី ឧ. អា. ក. ស. ដែលអាចញ៉ាំងមនុស្សក្លាយជាមហាសេដ្ឋី អាស្រ័យលើយើងដឹងច្បាស់ ឬអត់ប៉ុណ្ណោះ ។
គោលធម្មៈក្នុងព្រះពុទ្ធសាសនានោះ ជាវត្ថុវិសេសទាំងអស់ ប៉ុន្តែមានរឿងមួយ ដែលជាអាថ៏កំបាំង ដែលមនុស្សគ្រប់រូបត្រូវដឹងគឺ ដឹងហើយត្រូវបដិបត្តិប៉ុណ្ណោះ ដល់នឹងបាន ដឹងហើយមិនបានចាប់ផ្ដើមធ្វើ ឥតមានផ្លូវណាកើតផលឡើយ ហើយនរណាៗក៏អាចធ្វើបានទាំងអស់ តែបានតិចឬច្រើននោះ ឋិតនៅត្រង់ទង្វើរបស់ខ្លួនម្នាក់ៗទាំងអស់ ឬលោកហៅថា “កម្មលិខិត” នុ៎ះឯង ។
ព្រះពុទ្ធអង្គ ទ្រង់បង្រៀនអំពីរឿង “ទាន” ដើម្បីត្រូវការឲ្យមនុស្សគ្រប់រូប រស់នៅរួមគ្នាប្រកបដោយសេចក្ដីសុខ មានការលះបង់ចែករំលែក ចេះលះកាត់កិលេស ដែលអាចកើតឡើងងាយៗក្នុងចិត្តសន្ដានរបស់មនុស្សគ្រប់រូប បន្ថយកម្លាំងអត្តាតួខ្លួន អាត្មានិយម ដែលគិតតែពីខ្លួនបាន និងឲ្យមានក្ដីសុខគ្រប់ពេលវេលា ។
ព្រះពុទ្ធអង្គ ទ្រង់បង្រៀនអំពីរឿង “សីល” ដើម្បីជាកំផែងការពាររារាំងសេចក្ដីអាក្រក់ មិនឲ្យជ្រាបចូលមកដល់ខ្លួនរបស់មនុស្សយើងគ្រប់គ្នា មិនឲ្យបៀតបៀនចំពោះខ្លួនឯង និងអ្នកដទៃ  ប្រកាន់ជាមូលដ្ឋានគ្រឹះធម្មតា នៃការប្រព្រឹត្តទៅរបស់មនុស្ស ដែលញ៉ាំងឲ្យសង្គមមានសន្តិ ។
ព្រះពុទ្ធអង្គ ទ្រង់បង្រៀនអំពីរឿង “ភាវនា” ដើម្បីឲ្យកើតមានបញ្ញាដឹងច្បាស់ ដើម្បីប្រើរំលត់កងទុក្ខទាំងពួង ការដឹងទាន់លោកដែលមានចលនាទៅ ស្គាល់ពីខ្លួនឯងឲ្យបានគ្រប់រឿង ។
ពីការពោលសង្ខេបខ្លីៗមកនេះ ដើម្បីនឹងប្រាប់ថា “កម្មនោះកើតឡើងបានជានិច្ច ឋិតនៅត្រង់ខ្លួនយើងផ្ទាល់ ជាអ្នកបង្កឡើងឲ្យមានឬអត់ប៉ុណ្ណោះ” ទោះបីថា ថ្ងៃនេះយើងនឹងបានជួបវិបត្តិក្នុងជីវិតអស់ពីខ្លួនរលីងក្ដី យើងអាចខុសចិត្តខកបំណងក្ដី យើងអាចស្ទើរតែអស់សង្ឃឹមក្នុងជីវិតនេះក្ដី សូមឲ្យតាំង “សតិ” ឡើងសាជាថ្មីម្ដងទៀត ។
សូម្បីសល់ត្រឹមតែខ្យល់ដង្ហើមចេញ និងចូល យើងគ្រប់គ្នាក៏អាចសាងរឿង ដែលបានបាត់បង់ខូចខាតឲ្យកើតមានជាថ្មីម្ដងទៀតបានជានិច្ច ដោយហត្ថាទាំងទ្វេរបស់យើង ដោយចិត្តបេះដូងរបស់យើង ដោយថាមពលរបស់យើង ហើយអ្វីពិសេសជាងនោះទៅទៀត ដែលបាននាំយកធម្មៈប្រការល្អៗ របស់ព្រះពុទ្ធបរមគ្រូជាម្ចាស់នៃយើង មកប្រើក្នុងតម្រែតម្រង់ទិសដៅជីវិតជាថ្មីម្ដងទៀតហ្នឹងឯង ។
ទោះបីយើងជួបប្រសព្វនូវគុណវិបត្តិ ឬហេតុការណ៍លំបាកតោកយ៉ាក ជាច្រើនក្នុងថ្ងៃនេះក៏ដោយ បើយើងមើលឲ្យជ្រៅចូលទៅ យើងនឹងមើលឃើញថា ក្នុងគុណវិបត្តិនោះមានប្រការល្អ យ៉ាងហោចណាស់ក៏ ២ ប្រការដែរគឺ អប់រំប្រដៅចិត្ត និងហ្វឹកហាត់ចិត្តយើង ។
ការអប់រំប្រដៅចិត្តយើង ឲ្យនឹកគិតដល់តថភាពរបស់ជីវិត ដែលមានសេចក្ដីប្រែប្រួលផ្លាស់ប្ដូរទៅជានិច្ច មិនធ្លាប់នៅទ្រឹងឈប់នៅមួយកន្លែងឡើយ ដូចយ៉ាង របស់បាត់ ក៏អប់រំប្រដៅចិត្តរបស់យើងថា សេចក្ដីព្រាត់ប្រាសចាកនិរាស ពីរបស់ជាទីស្រឡាញ់ទៅជារឿយៗ មិនមានអ្វីតាំងនៅជាមួយយើងបាន ឬជារបស់យើងជាប់ម៉ារហូតនោះឡើយ ។
ហ្វឹកហាត់ចិត្តយើង ក្នុងការរឿងវិនាសសាបសូន្យទ្រព្យសម្បត្ត មាសប្រាក់ លុយកាក់ ដីស្រែចម្ការច្បារដំណាំ តួនាទីការងារ  លុយកាក់ដែលគួរនឹងបាន ក៏នឹងជួយហ្វឹកហាត់ចិត្តយើង កុំឲ្យមានក្ដីប្រមាទ មានការប្រុងប្រយ័ត្នក្នុងការចាយវាយ មានការល្អិតល្អន់ម៉ត់ចត់ច្រើនឡើង មើលថែរក្សាផ្ទះសម្បែង ទ្រព្យសម្បត្តិផ្សេងៗច្រើនឡើង ដើម្បីការពារ កុំឲ្យហេតុការណ៍នោះកើតឡើងម្ដងទៀត ឬថាហ្វឹកហាត់ចិត្តឲ្យទំនេរ ដើម្បីទប់ទល់ជាមួយហេតុភេទអាក្រក់ ដែលអាចនឹងខ្លាំងក្លាជាង ក្នុងថ្ងៃអនាគត ។
សម្រាប់អស់ អស់អ្នក ដែលមានជីវិតដ៏ល្អស្រាប់ហើយ បើបានអានរឿងដែលបាននាំយកមកចុះផ្សាយនេះ ក៏បានន័យថា ជីវិតរបស់អស់លោក អស់អ្នក នឹងកាន់តែប្រសើរឡើងថែមទៀត បានអានដាស់តឿនសតិអស់លោក អស់អ្នកគ្រប់ពេលវេលា កុំឲ្យមានក្ដីប្រមាទក្នុងជីវិត មើលគ្រប់យ៉ាងក្នុងលោក ដោយពន្លឺរស្មីនៃព្រះធម៌ថ្លៃ បានអាននិទានពីរោះៗសប្បាយៗ ដែលបានស្វែងរកមកដាក់បង្ហោះនៅក្នុងផេក ឬគេហៈទំព័រ គោលគំនិតល្អដើម្បីជីវិត ជាប្រចាំ វាលែងតែថ្ងៃណាមានការជាប់រវល់ កុំព្យូទ័រមានបញ្ហា ព្រោះកុំព្យូទ័រចាស់ណាស់ហើយ មានបញ្ហាវិនដូកម្មវិធីជាញឹកញាប់ ត្រូវយកឲ្យជាងឈូសចោលតម្លើងកម្មវិធីថ្មី ម្លោះហើយក៏មានថ្ងៃអាក់ខានខ្លះ មិនអីអាចសរសេរកំដរប្រិយមិត្តអ្នកអានបាន តាមដែលខ្លួនអាចធ្វើបាន និងតាមកាលវេលា ។
រឿងទាំងអស់នេះ គឺជាសេចក្ដីប្រាថ្នាចង់ឲ្យប្រិយមិត្តអ្នកអាន អស់លោក អស់អ្នក ដែលស្រឡាញ់ចូលចិត្តផេកនេះ បានអានយកជាគតិអប់រំចិត្តខ្លួនបាន ។
សូមឲ្យព្រះសទ្ធម្ម របស់ព្រះពុទ្ធអង្គ តាំងនៅស៊ប់ក្នុងចិត្តរបស់អស់លោក អស់អ្នកទៅគ្រប់ភពជាតិកំណើត និងរុញច្រានឲ្យអស់លោក អស់អ្នកជួបប្រទះគប់ប្រសព្វជាមួយសេចក្ដីសុខ សេចក្ដីចំរើន តាមអ្វីដែលអស់លោក អស់អ្នក ប្រិយមិត្តអ្នកអានបានធ្វើសមតាមសេចក្ដីប្រាថ្នាគ្រប់ប្រការទៅហោង ៕

សូមរង់ចាំចុចអានបន្ត ខ្នើយពិសេស
ប្រែ.ដោយគោលគំនិតល្អដើម្បីជីវិត
រូបភាព៖ Google.com

No comments:

Post a Comment