Tuesday, December 12, 2017

មនុស្សគឺអ្វី?


មនុស្សគឺអ្វី?

មនុស្សយើងនេះ តាមដែលគេយល់ដោយច្រើន ក៏គឺស្រី ប្រុស ទាំងក្មេង ទាំងចាស់ ដែលមានចិត្តខ្ពស់ មានរូបរាងខ្ពស់បញ្ឈរឡើងទៅលើ ហៅថា មនុស្ស ។ តែសេចក្ដីយល់ត្រឹមប៉ុណ្ណេះនូវមិនទាន់ល្មម គួរនឹងបន្ថែមសេចក្ដីយល់ឲ្យល្អិតចេញទៅទៀត ដើម្បីជាឧបាយឲ្យភ្លឺក្នុងបញ្ញាថា បណ្ដាលភាវៈទាំងឡាយ រមែងកើតអំពីហេតុ បើគ្មានហេតុជាអ្នកតាក់តែង នឹងកើតឡើងមិនបាន សឹងប្រៀបដូចផ្ទះ បើគ្មានអ្នកធ្វើ នឹងសម្រេចជាផ្ទះឡើងពុំបាន ។ មនុស្សនេះក៏ជាសភាវៈមួយយ៉ាង ទើបតោងមានហេតុជាដែនកើត ។ ឯហេតុដែលកើតមនុស្សឡើងនោះគឺអ្វី បើកាន់តាមគោលព្រះពុទ្ធសាសនាលោកថា អវិជ្ជា តណ្ហា ឧបាទាន កម្ម ហេតុអំបាលនេះឯងមិនមែនដទៃ តែងឲ្យកើតធម្មតា ២ យ៉ាងគឺ ធម្មតាខាងទាប ១ ធម្មតាខាងខ្ពស់ ១ ។
ធម្មតាខាងទាបលោកថា បានដល់រូបធម៌ ដែលមានចិត្តគ្រប់គ្រងគឺ រូបកាយ ។ ធម្មតាខាងខ្ពស់លោកថា បានដល់នាមធម៌ ដែលមិនអាចឃើញដោយភ្នែក មិនអាចស្តាប់បានដោយត្រចៀក មិនអាចធុំក្លិនដោយច្រមុះ មិនអាចភ្លក់រសដោយអណ្ដាត មិនអាចប៉ះពាល់បានដោយកាយ បើនឹងថាឲ្យខ្លីក៏គឺចិត្ត ដែលអាស្រ័យខាងក្នុងនៃរូបកាយ ។ រាងកាយរស់នៅបានដោយសារអាហារ នឹងខ្យល់ដង្ហើមចេញចូល បើមិនបានបរិភោគអាហារ នឹងដាច់ខ្យល់ដង្ហើមកាលណាហើយ កាលនោះ រាងកាយក៏តោងដេកស្ដឹងស្ដូកលើផែនដី ដូចជា កំណាត់ឈើដែលប្រាសចាកប្រយោជន៍ ។ ភាគផ្សេងៗ ដែលមករួមគ្នា ក៏បែកខ្ញែកចេញពីទីទៃពីគ្នា ភាគដែលរួមគ្នា មានប្រភេទជាធាតុដី ក៏ត្រឡប់ក្លាយទៅជាធាតុដីទៅ ភាគដែលរួមជាធាតុទឹក ក៏ត្រឡប់ក្លាយទៅជាធាតុទឹកទៅ។ល។...
តាមធម្មតារបស់រូបកាយ ដែលត្រូវតែដូច្នេះ ដូចគ្នាគ្រប់រូប ហើយក្នុងវេលានោះ នឹងប្រើធ្វើអ្វីក៏មិនបាន ។ មួយយ៉ាងទៀត ចំពោះតែកាយមួយយ៉ាងគ្មានចិត្ត នឹងធ្វើពុំបាន ដោយន័យនេះ លោកទើបប្រៀបថា ចិត្តជាចៅហ្វាយនាយ កាយដូចជាខ្ញុំ ឈ្មោះថា ខ្ញុំត្រូវធ្វើតាមបង្គាប់របស់ចៅហ្វាយ ចៅហ្វាយប្រើឲ្យធ្វើអ្វី តោងធ្វើតាមគ្រប់យ៉ាងទទឹងមិនបាន ហេតុនេះ កាយទើបបានឈ្មោះធម្មតាខាងទាប ។
នៅមានគោលបាលីថា បណ្ដាលធម្មតាទាំងឡាយ មានចិត្តជាប្រធាន មានចិត្តជាធំ សម្រេចបានដោយចិត្ត បើចិត្តខឹងក្រោធហើយ នឹងធ្វើ នឹងនិយាយអ្វីក៏ដោយ សេចក្ដីទុក្ខរមែងជាប់តាមទៅដូចជាកង់រទេះ ទៅតាមជើងគោដូច្នោះ ។ បើចិត្តថ្លាបរិសុទ្ធហើយ នឹងធ្វើអ្វីនឹងនិយាយអ្វីក៏ដោយ សេចក្ដីសុខរមែងជាប់តាមទៅ ដូចជាស្រមោលអន្ទោលទៅតាមខ្លួនដូច្នេះ ។ ដោយន័យនេះ មនុស្សយើងនឹងបានទុក្ខបានសុខ ក៏ព្រោះចិត្ត នឹងអាក្រក់ឬល្អក៏ព្រោះចិត្ត ចិត្តទើបជាចៅហ្វាយនាយរបស់កាយ ព្រោះហេតុនោះ ចិត្តទើបបានឈ្មោះថា ធម្មតាខាងខ្ពស់ ។
ធម្មតា ២ យ៉ាងនេះឯង រមែងទីកត់សំគាល់ចូលចិត្តជារាល់គ្នាថា មនុស្សគឺស្រី ប្រុសជាដើម ហើយអាចសម្រុតមនុស្សឲ្យធ្លាក់ថោកទាប ដូចយ៉ាងធ្វើសេចក្ដីអាក្រក់ផ្សេងៗ ជាផ្លូវខូចខាតក៏បាន ស្ទួយមនុស្សឲ្យឡើងខ្ពស់ជាភាវៈដើម ដូចយ៉ាងធ្វើសេចក្ដីល្អ ទាល់តែបានលើកឲ្យជានេះជានោះ ដែលផ្លូវចំរើនក៏បាន ព្រោះហេតុនោះលោកទើបឲ្យឈ្មោះថា ធម្មតាខាងទាប និងធម្មតាខាងខ្ពស់ មួយបរិយាយទៀត ។


ចម្លងចេញពីសៀវភៅ កម្ពុជសុរិយា បោះពុម្ពដោយពុទ្ធសាសនបណ្ឌិត
ភ្នំពេញ គ.ស. ១៩៣៨ ភាគ ១ ទំ. ១២៥-១២៨
ដោយ ចាន់

No comments:

Post a Comment