Tuesday, December 12, 2017

មនុស្សរស់នៅបានព្រោះជីវិត


មនុស្សរស់នៅបានព្រោះជីវិត

មួយបរិយាយទៀត កាយរបស់យើងដែលមើលឃើញច្បាស់ជារូបជារាងនេះ មានគ្រោងឆ្អឹងផ្គុំចូលគ្នា ជាន់ក្រៅមានស្បែកស្រោបស្ដើងខ្លះ ក្រាស់ខ្លះ សមតាមភាពរបស់រាងកាយ ដែលត្រូវប្រើធ្វើការស្រាលខ្លះ ធ្ងន់ខ្លះ ឆ្អឹងអំបាលនេះជាកំណាត់ៗ ភ្ជាប់គ្នាតាមវែងខ្លី មានសាច់និងសរសៃធំតូច រុំរីតយឹតទុកឲ្យបត់ទៅបត់មក នឹងប្រែប្រួលទៅបានផ្សេងៗ តាមត្រូវការ តាមសន្លាក់ដំណមានខ្លាញ់ហាក់ដូចជាយន្ដនៅខាងក្នុង ធ្វើឲ្យកំរើកទៅមកបាន មានសរសៃលោហិត ដាស់ទាំងខ្លួន អប់កាយឲ្យក្ដៅអ៊ុនៗ និងស្រស់នៅជានិច្ច នៅក្បាលមានខួរនិងសរសៃប្រសាទខ្វាត់ខ្វែងទាក់ទាមទូទៅទាំងសព៌ាង្គកាយ សម្រាប់នាំសេចក្ដីដឹងផ្សេងៗមក ។ ក្នុងផ្ទៃមានគ្រឿងសម្រាប់លំអិតអាហារ ដែលបរិភោគចូលទៅរាល់ៗថ្ងៃ អាហារថ្មីចូលទៅជំនួសអាហារចាស់ អាហារចាស់ក៏ក្លាយទៅជាឧច្ចារៈនិងបស្សាវៈទៅ ។ អវយវៈនៃរាងកាយនៅមានច្រើនជាងនេះ កាលនឹងពណ៌នាឲ្យល្អិតល្អសព្វគ្រប់ ក៏ហួសត្រូវការទៅ និងជាការលំបាកផង គួរកំណត់ដឹងតាមដែលអ្នកប្រាជ្ញលោកពោលទុកថា ក្នុងចំណែកអំបាលនេះ ចំណែកឯណាដែលមានលក្ខណៈរឹងទំនងដូចជាដី ដូចយ៉ាងសក់ រោម ក្រចក ធ្មេញ ស្បែក សរសៃ ឆ្អឹង ជាដើម ចំណែកនោះលោកតាំងឈ្មោះហៅថា ធាតុដី ។
ចំណែកឯណាហូរជ្រួតជ្រាបទំនងដូចជាទឹក ដូចយ៉ាង ឈាម ខ្លាញ់ ទឹកមាត់ ទឹកមូត្រជាដើម ចំណែកនោះលោកតាំងឈ្មោះហៅថា ធាតុទឹក ។
ចំណែកឯណាមានលក្ខណៈក្ដៅអប់អ៊ុនទំនងដូចជាភ្លើង  ដូចយ៉ាងចំហាយក្ដៅ ចំហាយអ៊ុនក្នុងខ្លួនមនុស្សយើង ជាដើម ដែលរស់នៅ ចំណែកនោះ លោកតាំងឈ្មោះហៅថា ធាតុភ្លើង ។
ចំណែកឯណា មានលក្ខណៈបក់ទៅបក់មកបាន ទំនងដូចយ៉ាងខ្យល់ ដូចខ្យល់ដង្ហើមចេញចូល ជាដើម ចំណែកនោះ លោកតាំងឈ្មោះហៅថា ធាតុខ្យល់ ។ កាលបើធាតុទាំង ៤ នេះផ្សំគ្នា ត្រូវភាគគ្នាហើយ ទើបផ្គុំគ្នាចូលជារាងកាយ កើតមានទ្វារខាងក្រៅ ៥ អន្លើ គឺភ្នែក ត្រចៀក ច្រមុះ អណ្ដាត កាយ និងមានទ្វារកាយសិទ្ធិ ១ នៅខាងក្នុងគឺចិត្ត ដែលជាទីរួមនៃផ្លូវដែលចូលទៅដោយទ្វារទាំង ៥ អន្លើនោះ រួមចូលជាមួយគ្នាជា ៦ ទ្វារ ។ ទ្វារខាងក្រៅ ៥ អន្លើសម្រាប់តនឹងរូបឲ្យបានឃើញ តនឹងសំឡេងឲ្យបានឮ តនឹងក្លិនឲ្យបានធុំ តនឹងរសឲ្យបានភ្លក់ តនឹងរបស់ដែលប៉ះពាល់កាយឲ្យបានត្រូវ កាលប្រជួបឱកាសស្រួល ក៏រត់ចូលទៅដល់ទ្វារកាយសិទ្ធិគឺចិត្ត កើតជាអារម្មណ៍ឡើងថ្មី ជាចំណែកនាមធម៌ ល្អិតជាងរូបធម៌ជាច្រើនភាគណាស់ ទើបមើលដោយភ្នែកទទេមិនឃើញ គ្រាន់តែដឹងបានដោយអាការៈ គឺមានអាការៈដឹងបានថា មនុស្ស សត្វវត្ថុ ជាដើម ត្រូវប្រជួបអាការៈនោះហើយមានអាការៈជាសុខខ្លះ ទុក្ខខ្លះ ព្រងើយមិនសុខមិនទុក្ខខ្លះ មានអាការកំណត់ដឹងចាំបាន តាំងចិត្តគំនិតអានត្រិះរិះពិចារណាផ្ទៀងផ្ទាត់ពិនិត្យវិនិច្ឆ័យ កើតស្រឡាញ់ពេញចិត្ត នឹងស្អប់ខ្ពើម តាមសមគួរដល់រឿងដែលមកប្រាកដ ត្រូវចិត្តឬខុសចិត្ត ត្រូវបំណងឬខុសបំណង ក៏កើតជាសេចក្ដីត្រូវការឡើង ដូចយ៉ាងត្រូវការឲ្យមានការស្លៀកពាក់ដណ្ដប់សម្រាប់បិទកាយ ត្រូវការឲ្យមានអាហារសម្រាប់បរិភោគ ត្រូវការឲ្យមានទីលំនៅសម្រាប់អាស្រ័យ ។ល។ រហូតដល់ទៅត្រូវការរួមគ្នាចូលជាជាតិមួយៗ ដើម្បីជួយគ្នារក្សាឥស្សរភាព ត្រូវមានសាសនាជាគោលរបស់ជាតិ និងជាគោលរក្សាចិត្ត ត្រូវការមានព្រះមហាក្សត្រីយ៍ជាប្រមុខរបស់ជាតិ ត្រូវការមានរដ្ឋបាលគ្រប់គ្រងប្រទេស ជាដើម ។
បើទ្វារទាំង ៥ ខាងក្រៅគ្មានហើយ កាយនេះក៏គង់ដូចជារូបដែលស្មិទ្ធិទុក ឬនឹងមានតែទ្វារខាងក្រៅចំពោះប្រការខ្លះ ក៏គង់ដូចជាដើមឈើ ដែលចេះជក់យកជាតិទឹកដី ជាអាហារចិញ្ចឹមដើម ក្រៅអំពីនេះមិនចេះដឹងអ្វីឡើយ ព្រោះគ្មាននាមធម៌ ឬទោះបីមានគ្រប់ព្រមទាំងពីរយ៉ាង បើខ្វះជីវិត មនុស្សយើងរស់នៅពុំបាន តោងបែងចែកជាចំណែកៗ ដូចពោលហើយ ។ ឧទាហរណ៍ដែលឲ្យឃើញងាយៗ ដូចយ៉ាងផ្ទះដែលជាងប្រុងដោយគ្រឿងទព្វសម្ភារៈផ្សេងៗ បញ្ចូលមកបានជារូបផ្ទះ បើរើចេញហើយនឹងឃើញទៅជាកំណាត់ឈើយ៉ាងនេះខ្លះ យ៉ាងនោះខ្លះ គឺជាសសរ មេដំបូល ផ្ទោង ផ្លាន ជញ្ជាំង ទ្វារ ជណ្ដើរ ជាដើមប៉ុណ្ណោះ ។ ពាក្យដែលធ្លាប់ហៅថា ផ្ទះក៏បាត់ទៅ ក្លាយទៅជាឈ្មោះ របស់កំណាត់ឈើអំបាលនោះ ដោយយ៉ាងៗទៅ កាលនាយជាងយកកំណាត់ឈើអំបាលនោះមកផ្គុំគ្នាហើយ ឈើអំបាលនោះក៏យឹតទប់គ្នានូវគ្នាក្នុងខ្លួនសម្រេចបានជាផ្ទះឡើង អ្នកម្ចាស់ផ្ទះក៏បានអាស្រ័យនៅខាងក្នុងជាស្ថានទី សម្រាប់ការពារអន្តរាយទាំងឡាយ ដែលកើតអំពីហេតុខាងក្រៅ ដូចយ៉ាងក្ដៅរងាជាដើមក៏បាន ។ ចំណែកឯមនុស្សគឺរួមទាំងកាយ ទាំងចិត្តផងគ្នា កាលមានជីវិតនៅដរាបណា ក៏ឈ្មោះថា រស់នៅដរាបនោះ ។


ចម្លងចេញពីសៀវភៅ កម្ពុជសុរិយា បោះពុម្ពដោយពុទ្ធសាសនបណ្ឌិត
ភ្នំពេញ គ.ស. ១៩៣៨ ភាគ ១ទំ.១២៨-១៣៤

No comments:

Post a Comment