រឿង បុរសកាប់ឈើមិនសំលៀងប៉ូវថៅ
នៅក្នុងភូមិជនបទដាច់ស្រយាលពីក្រុងមួយ
មានបុរសដែលមានសន្ដានចិត្តល្អម្នាក់ រាងកាយក៏សែនរឹងមាំស្វាហាប់
ខ្លួនគេនោះមានមុខរបរជាអ្នកកាប់ឈើក្នុងព្រៃ នាំយកមកធ្វើជាអុស
ដើម្បីនាំយកទៅលក់ឲ្យម្ចាស់ហាងលក់អុសមួយជាប្រចាំ
និងដើម្បីដោះដូរជាមួយប្រាក់ដែលបានមកពីការបញ្ចេញកម្លាំងញើសឈាមនោះ មកចិញ្ចឹមគ្រួសាររបស់ខ្លួន
។
ហើយម្ចាស់ហាងលក់អុសក៏ជាឈ្មួញ ដែលមានសន្ដានចិត្តល្អស្មោះត្រង់
មានទឹកចិត្តដូចគ្នា ប្រតិប័តន៍ចំពោះអ្នកកាប់ឈើល្អណាស់ ។
ម្នាក់ៗរាប់អានគ្នាធ្វើជាមិត្តខុសវ័យ ប៉ុន្តែមានគំនិតសន្ដានចិត្តដូចគ្នា
មានមិត្តភាពដ៏ល្អចំពោះគ្នាជានិច្ចអស់រាប់ឆ្នាំមកហើយ ។
ដូចអ្វីដែលបានរាបរាប់មកខាងលើមកហើយថា អ្នកកាប់ឈើនោះជាមនុស្សល្អ
ដែលចេះដឹងរឿងកតញ្ញូកវេទី ទើបគេគិតចង់តបស្នងអំពើល្អនោះ ដល់ម្ចាស់ហាងលក់អុស
ដោយខ្លួនត្រូវបញ្ចេញកម្លាំងទ្វេឡើង ដើម្បីកាប់ដើមឈើឲ្យបានចំនួនច្រើន
ដើម្បីនឹងជួយធ្វើឲ្យកិច្ចការរបស់ម្ចាស់ហាងលក់អុសនោះ ចម្រើនរុងរឿងខ្លាំងឡើងទៅទៀត ។
ដើម្បីជាការប្រព្រឹត្តទៅតាមអ្វី
ដែលខ្លួនគេតាំងចិត្តក្នុងមួយថ្ងៃដំបូង ដែលគេចូលទៅក្នុងព្រៃ ដើម្បីព្យាយាមកាប់អុសបន្ថែមឡើងនោះ
អ្នកកាប់ដើមឈើ កាប់ឈើបាន ២០ ដើម ហើយនាំយកមកឲ្យម្ចាស់ហាងលក់អុស ។ ឯម្ចាស់ហាងលក់អុស
ក៏ពោលសរសើរ និងប្រតិប័តន៍ចំពោះអ្នកកាប់ឈើយ៉ាងល្អ ដូចដើម ។
បន្តដល់ថ្ងៃស្អែក អ្នកកាប់ឈើតាំងចិត្តកាប់ឈើឲ្យបានច្រើនឡើងទៅទៀត
ជាងថ្ងៃម្សិលមិញ ។ គេព្យាយាមធ្វើយ៉ាងអស់ពីសមត្ថភាព តែអនិច្ចាអី ប្រាកដថា ថ្ងៃនេះគេត្រឡប់កាប់ឈើបានត្រឹមតែ ១៨
ដើមប៉ុណ្ណោះ ហើយក្នុងថ្ងៃតបន្ទាប់មកទៀត គេនៅតែតាំងចិត្តគិតថា
គេនឹងកាប់ដើមឈើឲ្យបានច្រើនថែមទៀត ប៉ុន្តែគេកាប់បានត្រឹមតែ ១៦ ដើម កាន់តែតិចទៅៗ
រាល់លើក ដែលគេចាប់ផ្ដើមកាប់ ។ ថ្ងៃនោះគេត្រឡប់មកផ្ទះវិញ ដោយក្ដីអស់សង្ឃឹម
និងដេកមិនលក់អស់ពេញមួយយប់ ។
ថ្ងៃស្អែកឡើង ដោយសារកម្លាំងចិត្តពេញ ១០០ %
និងបានសម្រាកសម្រាន្តយ៉ាងស្រួល គេក៏ប្រញាប់ចូលទៅក្នុងព្រៃពីព្រលឹមស្រាងៗ
គេសម្រុកកាប់ដើមឈើយ៉ាងពេញកម្លាំង ឡើងអស់ពីសមត្ថភាព ប៉ុន្តែក៏កាប់បានត្រឹមតែ ១០ ដើម
មិនគួរឲ្យជឿសោះថា កាន់តែរាប់ថ្ងៃ បុរសអ្នកកាប់អុសបានកាន់តែតិចទៅរឿយៗ ។
ដល់ទីបំផុត បុរសអ្នកកាប់ឈើអុសម្នាក់នោះ មានអារម្មណ៍ក្រែងរអាចិត្ត
សូម្បីតែការតាំងចិត្តកាប់ឈើ ក៏មិនទាន់បានសម្រេចសមតាមបំណងប្រាថ្នារបស់ខ្លួននៅឡើយ
ទើបសម្រេចចិត្តធ្វើដំណើរទៅសុំទោសម្ចាស់ហាងលក់អុសនោះវិញ ។
“ខ្ញុំត្រូវមកសុំទោសលោកមែនណ៎ា
ខ្ញុំបានសន្យាចំពោះមុខលោកថា ខ្ញុំនឹងព្យាយាមប្រឹងឲ្យអស់ពីកម្លាំងកាយចិត្តទៅជាមួយនឹងកាប់ដើមឈើហើយ
ដោយមូលហេតុសព្វថ្ងៃនេះ ខ្ញុំចូលទៅកាប់ឈើ ក៏កាន់តែបានចំនួនតិចចុះរាល់លើក
ទាល់តែខ្ញុំលែងមានកម្លាំងចិត្តហើយលោក” ។ ប៉ុន្តែអ្នកម្ចាស់ហាងលក់អុស
អ្នកមានចិត្តល្អ និងប្រាជ្ញាល្អិត មើលមុខបុរសអ្នកកាប់អុសដោយមានទឹកមុខញញឹម
រួចក៏សួរសំណួរមួយទៅកាន់អ្នកកាប់ឈើថា
“អើ អ្នកកម្លោះ! ខ្ញុំសុំសួរអ្នកមួយសំណួរបានទេ
តើអ្នកសំលៀងប៉ូវថៅចុងក្រោយនៅពេលណា?”
អ្នកកាប់ឈើក៏ឆ្លើយតបទៅតាមទម្លាប់ដោយមានជំនឿថា
“ខ្ញុំមិនមានពេលឈប់សំលៀងប៉ូវថៅឡើយ
គិតរវល់តែបង្ខំកាប់ដើមឈើឲ្យលោក ព្រោះតែថ្នាក់មិនឈប់កាប់ដើមឈើបានតិចដល់ខ្នាតនេះ”
ហើយពេលអ្នកម្ចាស់ហាងលក់អុសបានចម្លើយ ហើយក៏ញញឹមរីកជាងមុនទៀត
រួចប្រាប់ដល់អ្នកកាប់ឈើបន្តថា
“អ៊ីចេះទៅ! អ្នកជាមនុស្សល្អ និងជាមនុស្សឧស្សាហ៍
តាមអ្វីដែលខ្ញុំធ្លាប់មើលឃើញក្នុងជីវិត ប៉ុន្តែថ្ងៃនេះ អ្នកសាកល្បងវិលទៅផ្ទះវិញ
រួចគិតមើលសិនថា បើអ្នកឈប់សម្រាកទៅកាប់ឈើមួយថ្ងៃ អង្គុយសញ្ជឹងគិតមើលរឿងរ៉ាវនានា
ដែលបានកើតឡើងក្នុងពេលដែលអ្នកកំពុងកាប់ដើមឈើ ។
អ្វីដែលសំខាន់ អ្នកត្រូវអង្គុយសំលៀងប៉ូវថៅឲ្យមុតបំផុត
ដោយអ្នកត្រូវបង់ខាតពេលវេលាទៅបន្តិចបន្តួច អ្នកក៏អាចកាប់ដើមឈើបានច្រើនឡើងជាងនេះ
ជាក់ជាមិនខាងឡើយ” ។
បុរសអ្នកកាប់ឈើ ដែលមានគោលបំណងប៉ងប្រាថ្នានេះ
ពេលបានទទួលការចង្អុលបង្ហាញពីអ្នកម្ចាស់ហាងលក់អុសដែលមានប្រាជ្ញា
និងមើលឃើញលោកនេះបានវែងឆ្ងាយជាង គេក៏បានសុំខ្លួនលាប្រញាប់វិលទៅផ្ទះវិញ ។
ពេលមកដល់ផ្ទះ គេក៏ប្រញាប់ប្រញាល់ដើររកថ្មសំលៀងកាំបិត
មកអង្គុយសំលៀងពូថៅយ៉ាងល្អបំផុត ប្រណិតបំផុតធ្វើទៅតាមអ្វីដែលខ្លួនអាចធ្វើបាន
គ្រប់មុខគ្រប់ជ្រុងរបស់ប៉ូវថៅរបស់ខ្លួន ។
ក្រោយអំពីនោះមកជាដើម ក្នុងមួងថ្ងៃៗ
គេកាប់ដើមឈើបានច្រើនឡើង មានចំនួនច្រើនឡើង ។
គេបានចេះរៀនអំពីគន្លឹះដ៏សំខាន់បំផុតក្នុងអាជីព និងជីវិតរបស់គេថា ពេលណាក៏ដោយ
ដែលខ្លួនដឹងថា គេបញ្ចេញកម្លាំងស្មើមុន តែកាប់ដើមឈើមិនបានច្រើនហើយ គេក៏ឈប់សម្រាក
ដោយសារតែគេដឹងថា ប៉ូវថៅនោះលែងមុតហើយ និងត្រូវវិលត្រឡប់មកអង្គុយសំលៀងប៉ូវថៅសាជាថ្មី
និងត្រឡប់ទៅកាប់ឈើនោះ ដោយសេចក្ដីសុខ ដែលមើលឃើញដើមឈើដួលរលំ ។
តើក្នុងនិទានរឿងបុរសកាប់ឈើមួយនេះ បានអប់រំអ្វីដល់យើងខ្លះ
ជាមួយនឹងជីវិតធ្វើការងារ រកស៊ី លក់ដូរជួញប្រែរបស់យើងក្នុងពេលបច្ចុប្បន្ន ? ជឿដែរទេថា
មនុស្សច្រើនណាស់ ក្នុងលោកមួយនេះ
ដែលបានកំពុងកើតឡើងមានបញ្ហាដូចជាបុរសកាប់ដើមឈើម្នាក់នេះ ក្នុងមួយថ្ងៃៗនោះ
ឱនមុខដាក់ភ្នែកប៉ុនប៉ងព្យាយាមធ្វើការងារ ដែលអាចមានការខ្វះសតិបញ្ញា
និងការយល់ដឹងក្នុងរឿងដែលខ្លួនបានកំពុងធ្វើ ដោយការអស់សង្ឃឹមជាមួយភាពជោគជ័យ
ដែលកំពុងរង់ចាំនៅខាងមុខ ដែលមិនដឹងនឹងទៅដល់ក្នុងពេលណាមួយ ។
ព្រោះតែដើមឈើនៃភាពជោគជ័យនោះ ខ្លួនកាប់រយដងពាន់ដង
វានៅតែមិនរលំឲ្យយើងមើលឃើញម្ដងឡើយ ។
រឹងរឹតតែគួរឲ្យអាណិតអាសូរមនុស្សខ្លះទៀត ដែលយើងឃើញពីការស្លៀកពាក់តុបតែងខ្លួនស្អាតៗ
សង្ហាៗ ទៅធ្វើការងារជារៀងរាល់ថ្ងៃ មានគំនិតគ្រាន់តែថា
វាមានត្រឹមតែជារឿងតួនាទី
ឬជារឿងដែលខ្លួនត្រូវធ្វើៗៗៗ និងត្រូវធ្វើ
ហើយនៅមានមនុស្សមួយចំនួនច្រើនថែមទៀត ដែលខ្លួនសុខចិត្តបង្ខំចិត្តលាឈប់ចេញពីការងារ ។
ក៏ដោយសារគ្រាន់តែត្រូវការឲ្យអ្នកដទៃមើលមកថា
ខ្លួននោះក៏មិនមែនជាមនុស្សគ្មានតម្លៃ នៅមានតួនាទីការងារធ្វើដូចជាមនុស្សទូទៅដូចគ្នា
ឬអ្នកខ្លះបានទទួលប្រគល់ភារៈធ្វើការងារ
ក្នុងរឿងដែលខ្លួនឯងមិនជំនាញស្ទាត់សូម្បីតែបន្តិច ឧបមាដូចជាអុំទូកក្នុងអាង វាមិនអាចចេញទៅណារួច កើតមានដូច្នេះ
ក៏ព្រោះតែភាពក្រែងចិត្ត និងខ្លាចបាត់បង់ការងារ ទើបធ្វើទៅដូចជាគ្មានក្ដីសុខ
ធ្វើការងារដូចជាគ្មានទិសដៅអ្វីឡើយ ។
មនុស្សធ្វើការងារដែលបានពោលឲ្យស្ដាប់មកនេះ
មានជីវិតដូចជាកំណាត់ឈើ ដែលអណ្ដែតរសាត់ទៅតាមក្រសែនៃទឹក
ស្រេចតែវាមកបក់ផាត់ទៅតាមបែបមិនដឹងអំពីជតាកម្ម
មានជីវិតត្រូវឲ្យអ្នកដទៃគេកំណត់គូសវាសឲ្យ ។
អ្នកខ្លះក៏ឈ្ងូកមុខឈ្ងូកភ្នែកធ្វើការងាឆ្ងក់ៗ
ដោយមិនធ្លាប់ងើយមុខងើបក្បាលសម្លឹងមើលទៅឯមនុស្សផ្សេងៗទៀតឡើយថា
គេទាំងនោះបានឈានរីកចម្រើនទៅណាហើយ ធ្វើការងារដដែលៗគ្មានឈប់ឈរ ដូចជាមនុស្សឆ្កួត
ដូចមនុស្សគ្មានគំនិត ធ្វើដូចគ្រឿងចក្រធ្វើតាមគេបង្គាប់បញ្ជា ដូចជាមនុស្សរមៀលត្បាល់ឡើងភ្នំ
ក្នុងពេលអ្នកដទៃគេយកត្បាល់ដាក់លើរថយន្តបើករត់វ៉ាខ្លួនទៅមុខ
ទៅដល់កំពូលភ្នំនៃភាពជោគជ័យបានបាត់ទៅហើយ ។
សតិបញ្ញា និងពុទ្ធិចំណេះចេះដឹង ប្រៀបបានដូចជាប៉ូវថៅដែលមានមុខមុតនោះ
ដែលត្រូវការឲ្យមានការសំលៀងឲ្យបានជារឿយៗ ។ ពេលប៉ូវថៅវាមុតក្រិបដល់ថ្នាក់នោះហើយ កាប់ទៅត្រូវត្រង់ណា
ក៏ដាច់ថ្មិលៗនៅត្រង់នោះ ។ ក្នុងបញ្ហាកម្មនេះ ប្រៀបដូចជាយកបញ្ញាដែលមុតស្រួចទៅកាប់
ទៅដោះស្រាយបញ្ហាត្រង់ណា រឿងរ៉ាវផ្សេងៗដែលកើតឡើងមកជាបញ្ហា ក៏អាចដោះស្រាយបានសម្រេចទៅដោយរលូន
ងាយស្រួលដូចជាការបកចេកទុំអ៊ីចឹងដែរ ។
ការសំលៀងឲ្យមុតនៃប៉ូវថៅ មានន័យថា ការដែលមនុស្សយើងនោះត្រូវស្វះស្វែងរកចំណេះដឹង
មានទស្សនៈ ស្រាវជ្រាវឲ្យយល់ក្នុងរឿងដែលខ្លួនឯងកំពុងធ្វើការងារគ្រប់ពេល
ដឹងពីច្រកចេញ ចេះពីការកែប្រែផ្លាស់ប្ដូរឲ្យចូលជាមួយសភាវៈ
និងស្ថានការណ៍ដ៏ត្រឹមត្រូវស័ក្ដិសមក្នុងកាលលំហនោះ
ដើម្បីឲ្យវានាំទៅដល់លទ្ធផលដ៏ល្អជានិច្ច គ្រប់រឿងដែលខ្លួនបានចាប់ផ្ដើមធ្វើ ។
ការអង្គុយចុះសំលៀងប៉ូវថៅឲ្យមុតម្ដងនោះ
ក៏ដូចជាចេះរៀនទទួលខុសត្រូវនូវប្រការឆកល្វែង ដែលវាកើតឡើងក្នុងការធ្វើការងារម្ដងៗ
ទាំងដែលកើតពីការធ្វើការងាររបស់ខ្លួន ហើយឲ្យឆ្លាតជាងនោះគឺ ចេះរៀនស្គាល់ដឹងពីប្រការខុសឆ្គងរបស់អ្នកដទៃជុំវិញផងដែរ
ជារឿងល្អបំផុត បើសិននាំប្រការខុសភ្លាត់ទាំងនេះ មកធ្វើជាមេរៀនសំខាន់
ដែលវាអាចបង្រៀនតាស់តឿនខ្លួនយើង ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ឡើង
ក្នុងការបំពេញការងារគ្រប់ពេល ។
មិនមានបុគ្គលឈ្នះគេក្នុងលោកនេះ
ដែលបានឈ្នះមកហើយដោយមិនធ្លាប់ចាញ់ មិនធ្លាប់បរាជ័យ មិនធ្លាប់ដួលមកពីមុនឡើយ
និងមិនមានចំណេះដឹងណា ដែលពិបាកជាងសតិបញ្ញារបស់មនុស្សដែលចេះរៀនសូត្រទេ ។
ជាពិសេសក្នុងសម័យបច្ចុប្បន្ននេះ
ចំណេះដឹងនៅជុំវិញខ្លួនយើងពិតមែន សេចក្ដីព្យាយាម សេចក្ដីអត់ធន់ អត់ធ្មត់ខាំមាត់សង្កត់ចិត្ត
។ ការមិនព្រមរួញរាចំពោះមុខឧបសគ្គនោះ ប្រហែលជាមិនទាន់គ្រប់គ្រាន់ទេ ក្នុងការបានក្លាយជាមនុស្សជោគជ័យក្នុងជីវិត
។ រឿងដែលមកចាក់បំពេញគឺ ត្រូវឲ្យមានសតិបញ្ញា និងទស្សនៈ
យកចំណេះដឹងមកធ្វើជាឧបករណ៍ជំនួយ
នាំយកមកប្រើយ៉ាងមានប្រសិទ្ធភាពខ្ពស់បំផុតទាន់កាលទាន់វេលា ។
សូមរង់ចាំចុចអានបន្ត
No comments:
Post a Comment