Wednesday, December 13, 2017

សមត្ថភាព និងជីវិតសម្បត្តិផ្សេងគ្នា


សមត្ថភាព និងជីវិតសម្បត្តិផ្សេងគ្នា

បានពោលមកហើយ ជីវិតសម្បត្តិ និងសមត្ថភាព តោងអាស្រ័យគ្នានូវគ្នា តែមិនគួរនឹងចូលចិត្តថា មានសេចក្ដីដូចគ្នា ។ អាការដែលដៃលើកដាក់អ្វីបាន ភ្នែកឃើញរូប ត្រចៀកស្ដាប់សំឡេងដូច្នោះជាដើម ដែលប្រព្រឹត្តទៅតាមហេតុរបស់ខ្លួនឯងដោយធម្មតា ឈ្មោះថា ជីវិតសម្បត្តិ មិនមែនសមត្ថភាព ។ អាការដែលអាស្រ័យធម្មតានោះឯង គិតប្រកបធ្វើករណីយកិច្ចផ្សេងៗ ឲ្យសម្រេចផលដែលល្អតាមត្រូវការ ឈ្មោះថា សមត្ថភាពតួយ៉ាងដែលនឹងលើកឲ្យឃើញ ដូចយ៉ាងដៃ សម្រាប់លើកដាក់អ្វីៗបានតាមធម្មតាកាលមានសេចក្ដីចេះដឹងឡើង អាចប្រើសរសេរអក្សរក៏បាន ប្រើធ្វើការឯទៀតៗ ដែលទាក់ទាមដោយដៃក៏បាន ។ ភ្នែកមានមុខការសម្រាប់មើលរូប ដែលមិនហួសវិស័យរបស់ភ្នែក កាលមានសេចក្ដីចេះដឹងឡើង អាចនឹងធ្វើកែវឆ្លុះពង្រីក សម្រាប់ប្រើឆ្លុះមើលរូបដែលល្អិត សូម្បីហួសវិស័យភ្នែកទទេក៏បាន ។ ត្រចៀកមានមុខការសម្រាប់ស្ដាប់សំឡេង ដែលមិនហួសវិស័យរបស់ត្រចៀក លុះមានសេចក្ដីចេះដឹងឡើង ក៏អាចនាំយកធាតុផ្សំបញ្ចូលគ្នា គិតចាត់ធ្វើវត្ថុផ្សេងៗ ដូចយ៉ាងវិទ្យុជាដើម សម្រេចជាគ្រឿងកំចាយសំឡេងឲ្យបានឮ ទៅក្នុងទៅឆ្ងាយៗ ខុសនឹងសំឡេងប្រក្រតីក៏បាន រហូតដល់ទៅចេះគិតធ្វើគ្រឿងស្លៀកដណ្ដប់ អាហារ ទីលំនៅ យានពាហនៈជាគ្រឿងផ្លូវឆ្ងាយឲ្យជិតបាន ឲ្យសេចក្ដីស្រួលដល់អ្នកទៅមកជាអាទិ៍ ។

សេចក្ដីបំណងនៃសមត្ថភាព
សមត្ថភាពនោះ ដោយសេចក្ដីគឺ សេចក្ដីជាអ្នកអាច ក្នុងករណីយកិច្ចតូចធំទាំងឡាយ គឺប្រកបដោយសេចក្ដីពិចារណាស្ទង់មើល ដោយឧបាយដ៏លែបខាយ ហើយទើបចាត់ទុកធ្វើដំណើរកិច្ចានុកិច្ចនោះៗ ឲ្យដុះដាលជាផលល្អ តាមត្រូវការរបស់ខ្លួន របស់អ្នកដទៃ រហូតដល់ទៅជាតិសាសនា ព្រះមហាក្សត្រ ស្រុកទេសរបស់ខ្លួន ។
បើនឹងពោលជាបុគ្គលាធិដ្ឋាន គួរលើកយកព្រះអានន្ទត្ថេរ ជាឧទាហរណ៍ មានរឿងដំណាលថា លោកគិតធ្វើតួយ៉ាងចីវរឡើង ត្រូវតាមព្រះបរមពុទ្ធាធិប្បាយ ហើយបានសេចក្ដីសរសើរ អំពីព្រះបរមសាស្ដា, ចាប់ដើមអំពីនោះមក ព្រះអង្គបានទ្រង់អនុញាតត្រៃចីវរគឺ សំឃាដី ឧត្តរាសង្គ អន្តរាវាសក ជាសំពត់កាត់តាមសណ្ឋាននោះ ឲ្យព្រះភិក្ខុសង្ឃប្រើដរាបមកដល់ឥឡូវនេះ នេះជាឧទាហរណ៍នៃសមត្ថភាពដោយឯកទេស ទោះនឹងលើកយកបុគ្គលដទៃៗ មកជាឧទារហណ៍ ក៏គប្បីធៀបដោយន័យនេះ ។
គុណខនេះ កាលមានក្នុងបុគ្គលណា រមែងធ្វើឲ្យបុគ្គលនោះ ឲ្យឧស្សាហ៍ខ្មីឃ្មាតអត់ធន់ ធ្ងន់ មិនស្រើបស្រាលហេវហាវ អង់អាច ក្លាហាន មិនខ្ជិលច្រអូសរួញរា ក្នុងករណីយកិច្ចតូចធំទាំងពួង អាចញ៉ាំងកិច្ចការនោះៗ ឲ្យសម្រេចស្រេចទៅបាន ដោយមិនទិសទាក់ជំពាលវីមវាម ឬស្ញប់ស្ញែងក្នុងកិច្ចការនោះ, ហេតុនោះ សមត្ថភាព ទើបជាគុណត្រូវតែប្រាថ្នាទាំងក្នុងផ្លូវលោកទាំងក្នុងផ្លូវធម៌, បើមានសមត្ថភាពហើយ ខ្លាចថ្វីរឿងការធម្ងន់ កុំថាតែធ្ងន់ម្យ៉ាងឡើយ ទោះក្រីក្រលំបាកយ៉ាងណា ក៏គង់មិនផុតវិស័យសមត្ថភាពទូទៅ គង់អាចចាត់ធ្វើឲ្យសម្រេច រួមយកសេចក្ដីជ័យជំនះ ទុកក្នុងកណ្ដាប់ដៃទាល់តែបានជាប្រាកដ, តែសមត្ថភាពនេះ មានសេចក្ដីទូលាយណាស់ ទើបគួររួបរួមកំណត់ទុក ឲ្យនៅក្នុងរង្វេងតាមដែលត្រូវការដូច្នេះ
១. អាចសមតាមអត្តភាព
២. អាចសមតាម ដំណែងមុខងារ
៣. អាចសមតាមពួកគណៈ
៤. អាចសមតាមធម៌ ។

ចម្លងចេញពីសៀវភៅ កម្ពុជសុរិយា បោះពុម្ពដោយពុទ្ធសាសនបណ្ឌិត
ភ្នំពេញ គ.ស. ១៩៣៨ ភាគ ១ ទំ. ២០៤-២០៦

No comments:

Post a Comment