សមត្ថភាពកើតឡើងពីការសិក្សា
និងធ្វើតាម
ដែរពិត សមត្ថភាពនេះមាននៅសព្វទូទៅ ក្នុងជីវិតកើតជាគូសាងមកជាមួយគ្នា នឹងចម្រើនឡើងតាមសេចក្ដីចម្រើននៃជីវិត
រហូតដល់ទៅសំដែងអាការៈចេញមកឲ្យឃើញជាក់ស្ដែង ដូចយ៉ាងអាចចាត់ចែងធ្វើអ្វីៗបាន
វិសេសជាងរបស់ដែលធម្មតាតាក់តែងមក
និងអាចនឹយាយរំលឹកដាស់តឿនក្រើនប្រដៅតតបប្រកបដោយតឹកតាង
អាងមកជាគោលឲ្យអ្នកស្ដាប់ឃើញសមពិត កើតចិត្តក្លាហានទទួលជឿស្ដាប់ កាន់យកធ្វើតាមពាក្យនោះៗគ្រប់ប្រការ
តែគ្មានការសិក្សាការបង្វឹកពត់ផ្សំក្នុងខាងដើម ក៏ដូចជាអាហារដែលគ្មានអ្នកផ្សំគ្រឿង
នឹងសម្រេចជាអាហារដ៏ត្រកាលមានប្រភេទផ្សេងៗ ដូចម្ដេចបាន ឬដូចជាភ្នែក តាមធម្មតា
ភ្នែកតោងឃើញរូប បើគ្មានភ្នែក នឹងឃើញអ្វីបាន។ ហេតុនេះ សមត្ថភាព នឹងលោតលេចចេញមកឲ្យឃើញ
លុះតែបានសន្សំបន្ទុំមកដោយការសិក្សា ។ ការសិក្សានោះ និយាយដោយន័យម្យ៉ាងមាន ២ គឺ៖
១. ការសិក្សាអំពីគ្រូ
២.
ការសិក្សាអំពីធម្មតា
១ . ការសិក្សាអំពីគ្រូ គឺការរៀនសូត្រតាមស្ថានទី រៀនសូត្រទាំងឡាយ
ដូចយ៉ាង សាលារៀន វត្ត ភូមិ ផ្ទះជាដើម ។ ការសិក្សាជាន់នេះ ជាហេតុឲ្យបុគ្គលបាននូវសេចក្ដីចេះដឹង និងសេចក្ដីអាចក្នុងករណីយៈតាមកម្លាំង ។
២ . ការសិក្សាអំពីធម្មតា គឺការរៀនចេះដឹងរឿងធម្មតារបស់លោកខាងក្រៅ
និងលោកខាងក្នុងគឺកាយ និងចិត្តរបស់យើងនេះ ដោយវិធីស្រាវជ្រាវរកហេតុផល
គឺស្រាវជ្រាវរកដើមហេតុចុងហេតុរបស់ធម្មតា ដែលបានឃើញ បានស្ដាប់ បានធុំក្លិន
បានបរិភោគ បានប៉ះពាល់ត្រូវ បានដឹងមកដូចម្ដេច, ការសិក្សាជាន់នេះ
ដោយហេតុធ្វើឲ្យបុគ្គលអ្នកសិក្សា ឲ្យបានជ្រួតជ្រាបសព្វគ្រប់ដល់រឿងធម្មតាទាំងឡាយទាំងខាងក្នុងខាងក្រៅថា
មានហេតុផលទាក់ទង់គ្នាទៅមកដូចម្ដេច ជួយជ្រោមជ្រែងឲ្យកើតសេចក្ដីចេះដឹងឆ្លៀវឆ្លាស
ទាល់តែអាចបង្អោនមកគិតចាត់ធ្វើ ឲ្យសម្រេចជាទ្រព្យ មាសប្រាក់ របស់ផ្សេងៗជាច្រើនយ៉ាង
ច្រើនប្រភេទ តាមតម្រូវការ នឹងអាចនាំមកជាគតិប្រដៅចិត្ត
បង្វឹកសន្ដានខ្លួនឲ្យប្រព្រឹត្តទៅតាម ទាល់តែបានជាអ្នកសម្បូណ៌ស្តុកស្ដម្ភសមតាមភូមិ
។
មានរឿងដំណាលថា មនុស្សសម័យព្រេងនាយឯណោះ ឃើញជាងពត់កូនសរ អាចបង្អោនមកពត់ខ្លួនឲ្យស្លូតត្រង់សុចរិតទៅក៏បាន
ឃើញភ្លើងឆេះព្រៃ ព្រិញថ្ងៃ ពពុះទឹក ជាដើម ហើយនាំមកពិចារណាប្រៀបធៀបនឹងកាយ-ចិត្តនេះ ទាល់តែអាចទំលាយគ្រឿងសៅហ្មងចិត្ត
គ្រឿងរុំរឹតចិត្តឲ្យជាប់នៅក្នុងលោក សឹងត្រានៅក្នុងចិត្តឲ្យរលត់សូន្យសោះទៅ បានសុខកាយសប្បាយចិត្តស្មោះស្មាន
គ្មានទុក្ខលាយឡំផង ទើបជាអ្នកមានអំណាចធំក្រៃលែងលើលោក លោកមិនអាចរួបរឹតឲ្យជាប់នៅបានឧទាហរណ៍ អម្បាលនេះលើកមកឲ្យឃើញថា
លោកខាងក្នុង ខាងក្រៅ ជាស្ថានទីរៀនសិក្សាដ៏ធំទូលាយពេញដោយវិជ្ជាសព្វសារពើ ហើយជាគោលសំខាន់យ៉ាងណា
បើត្រូវការចេះដឹងក៏គ្មានអ្នកណាហាមប្រាមឡើយ វៀរតែខ្លួនឯងមិនត្រូវការប៉ុណ្ណោះ ។
ហេតុនោះ សេចក្ដីចេះដឹងដែលកើតអំពីសិក្សា បើមិនធ្វើតាមដែលចេះដឹងហើយ សេចក្ដីចេះដឹងនោះ
ក៏មិនជាការអស្ចារ្យអ្វី ចូលបែបពាក្យបូរាណថា “មនុស្សក្បាលទំពែក បានក្រាស, មនុស្សកំបុតម្រាមដៃបានចិញ្ចៀន” ដូច្នោះ ថាបើយកសេចក្ដីចេះដឹងទៅប្រើក្នុងផ្លូវដែលខុស
ដែលមិនមែនជាប្រយោជន៍ផងហើយ ក៏នឹងប្រព្រឹត្តទៅដើម្បីទុក្ខទោសភ័យមួយម្យ៉ាង ហេតុនោះ ក្នុងព្រះពុទ្ធសាសនា
ព្រះបរមសាស្ដា ទ្រង់សំដែងបរិយត្តិ គឺការសិក្សា ព្រោះអត្ថថា ត្រូវរៀនសូត្រជាខាងដើម ទើបទ្រង់សំដែងបដិបត្តិ គឺការដំណើរតាម
ជាសេចក្ដីរៀងលំដាប់គ្នា, ដោយមានព្រះពុទ្ធបំណងឲ្យប្រព្រឹត្តទៅ
ទាំងដើម្បីរៀនចេះដឹង ទាំងដើម្បីធ្វើតាមឲ្យសមគួរ អំពីនោះក៏នឹងបានទទួលផលសម្រេច តាមបំណងដែលធ្វើមក
ទើបទ្រង់សំដែងបដិវេធជាខបរិយោសាន រួមគោលធម៌ដែលត្រឹមត្រូវមាន ៣ ប្រការដូច្នេះ ។
ដោយន័យនេះ ការសិក្សាដែលអាចឲ្យកើតសេចក្ដីចេះដឹង សេចក្ដីយល់ចូលចិត្តនោះ
ទុកដូចជាមនុស្សនាំផ្លូវ ។ ការធ្វើតាមទុកដូចជាមនុស្សដើរផ្លូវ ដែលខ្លួនបំណងនឹងទៅ ។ ការដើរទៅតាមផ្លូវនោះ
មិនត្រឡប់ក្រោយ ក៏នឹងបានលុះដល់ស្ថានទីនោះ តែអស់វេលាតិចឬច្រើន ស្រេចហើយតែថ្វីជើងដើរលឿនឬយឺត
ព្រោះហេតុនោះ សេចក្ដីចេះដឹងដែលកើតអំពីការសិក្សា នឹងបានសម្រេចផលដូចបំណង ក៏ត្រូវតែធ្វើតាមឲ្យសមគួរ
។ ការរួមសេចក្ដីចេះដឹង ទាំងសេចក្ដីធ្វើតាមចូលផងគ្នា ក៏ជាកម្លាំងដ៏មហិមា ក្នុងការដែលនឹងឲ្យកើតសមត្ថភាព
គឺអង់អាចក្លាហានគ្រប់គ្រាន់ ដល់ករណីយកិច្ចធំបានគ្រប់ផ្លូវជាប្រាកដ ។
ចម្លងចេញពីសៀវភៅ កម្ពុជសុរិយា
បោះពុម្ពដោយពុទ្ធសាសនបណ្ឌិត
ភ្នំពេញ គ.ស. ១៩៣៨ ភាគ ១ ទំ. ៨២-៨៥
No comments:
Post a Comment