Friday, December 15, 2017

អប់រំចិត្ត


អប់រំចិត្ត 

ចិត្តវិវេក ចិត្តស្ងប់ ចិត្តបរិសុទ្ធ
ចិត្តសូន្យប្រកាន់ សូន្យកង្វល់
ចិត្តសូន្យនិម្មិត សូន្យជំពាក់
ចិត្តសូន្យកិលេស ស្មើនឹងសូន្យសៅហ្មង
គឺរស់នៅស្រាលៗ គ្មានទម្ងន់ រស់នៅធូរៗគ្មានចំណងរួបរឹត ។

មានសីលបរិសុទ្ធ ស្មើនឹងមានទីពឹង
មានវិបស្សនាបញ្ញា ស្មើនឹងមានទីរលឹក
មានទិដ្ឋិវិមុត្ត ស្មើនឹងមានទីបង្អែក ។

បុណ្យបានមកដោយសារការទូន្មានអប់រំ អត់ធ្មត់ សង្កត់ចិត្តឲ្យស្ងប់
បានដល់ការចម្រើនសតិប្បដ្ឋាន សមាធិ វិបស្សនា
ដើម្បីធ្វើចិត្តឲ្យស្ងប់ឋិតនៅនឹងធឹង ស្ងប់រម្ងាប់ បរិសុទ្ធស្អាត ចាកបាបអកុសល
រាល់ទង្វើអាក្រក់ផ្សេងៗ ដែលនាំឲ្យចិត្តកករល្អក់ សៅហ្មង
ឯទង្វើអាក្រក់ដែលធ្វើឲ្យចិត្តមិនស្ងប់មាន ៣ យ៉ាងគឺ៖

១) អភិជ្ឍា គិតសំឡឹងរំពៃ លួច ឆក់ ប្លន់ ចង់បានទ្រព្យសម្បត្តិអ្នកដទៃ ។
២) ព្យាបាទ ការខឹងក្រោធ ច្រណែនឈ្នានីស គំនុំគុំគួន ចងអាឃាត ព្យាបាទអ្នកដទៃ ។
៣) មិច្ឆាទិដ្ឋិ ការយល់ខុសចាកពីហេតុផលពិត ជាក់ស្ដែងដូចយល់ឃើញថា ឪពុកម្ដាយមិនមានគុណ
គ្មានបុណ្យ គ្មានបាប គ្មានជាតិមុន គ្មានជាតិក្រោយ ជាដើម ។

ការអប់រំទូន្មានគ្រប់សង្កត់ចិត្តនេះ គឺសំខាន់ខ្លាំងណាស់ ដែលអាចធ្វើអ្វីផ្សេងៗ
ឬពោលស្ដីនិយាយាអ្វីបាន ក៏ដោយសារចិត្ត ជាអ្នកបង្គាប់បញ្ជាមក ទើបធ្វើ ឬនិយាយស្ដីទៅកើត
បើចិត្តគិតរឿងអាក្រក់ហើយ ទោះធ្វើទង្វើអ្វីក៏ដោយ ពោលក្ដី និយាយក្ដី ធ្វើក្ដី
ក៏សុទ្ធតែអាក្រក់ទៅតាមចិត្តនោះទាំងអស់អ៊ីចឹងដែរ តែបើចិត្តគិតរឿងល្អ រឿងបុណ្យកុសល
ទោះធ្វើក្ដី និយាយក្ដី ក៏សុទ្ធតែល្អ ជាបុណ្យកុសលទាំងអស់ទៅតាមនោះដែរ ។

ដូច្នេះត្រូវខំប្រឹងប្រែងព្យាយាមទូន្មាន អប់រំគ្របសង្កត់ចិត្ត
គឺធ្វើឲ្យចិត្តគិតតែក្នុងរឿងល្អៗតែម្យ៉ាងប៉ុណ្ណោះ ។
មួយវិញទៀត ការអប់រំទូន្មាន គ្របសង្កត់ចិត្តនេះទៀតសោត
ក៏ជាចំណុចសំខាន់បំផុត នៅក្នុងព្រះពុទ្ធសាសនាផងដែរ
ដែលអាចជួយឲ្យបានទៅដល់គោលដៅចុងក្រៅនោះ
ពោលគឺព្រះនិព្វាន ។

អប់រំដោយ
ឆៃ សុផល្លី ភាវនាមយ ភាគ ៣ បោះពុម្ពផ្សាយទី១
ព.ស. ១៥៥៧ ទំ.៧១-៧៣
រូបភាព៖ google.com

No comments:

Post a Comment