ចិត្តបរិសុទ្ធហើយ សុគតិគួរគប្បីប្រាថ្នាចុះ
"កាលបើចិត្តបរិសុទ្ធហើយ សុគតិគួរគប្បីប្រាថ្នាចុះ" ។ សេចក្ដីថា
អ្នកណាមួយ ទោះបព្វជិតក្ដី គ្រហស្ថក្ដី កាលបើបានធ្វើចិត្តខ្លួនឱ្យស្អាតបរិសុទ្ធហើយ
អ្នកនោះ នឹងត្រូវបាននូវសុគតិ ។ ឯសុគតិនោះ ប្រែថា ដំណើរល្អ" មានពីរយ៉ាងគឺ៖
ក)
ដំណើរល្អក្នុងការប្រតិបត្តិ ។ សេចក្ដីថា អ្នកដែលមានចិត្តស្អាតបរិសុទ្ធ
តែងប្រតិបត្តិធ្វើតែអំពើល្អ អំពើសុចរិត ។
ខ)
ដំណើរល្អក្នុងគតិ គឺកំណើត ។ សេចក្ដីថា
អ្នកដែលបានប្រតិបត្តិត្រឹមត្រូវតាមសុចរិតធម៌ហើយ លុះធ្វើមរណកាលទៅ
នឹងបានទៅកើតក្នុងកំណើតមនុស្សខ្លះ កំណើតទេវតាខ្លះ ។
ចំណែកអ្នកដែលមានចិត្តសៅហ្មង
នឹងត្រូវបាននូវទុគ្គតិ ផ្ទុយនឹងសុគតិ ។ ក្នុងខុទ្ទកនិកាយ ធម្មបទ ត្រង់ចិត្តវគ្គ
មានពុទ្ធភាសិត ដែលព្រះអង្គទ្រង់ត្រាស់ ប្រកាសសំដែងថា៖
ចិត្ត
គេលំបាកមើលឃើញណាស់,
ចិត្តសុខុមណាស់
ហើយតែងតែធ្លាក់ទៅជាប់នៅក្នុងកន្លែងណាដែលខ្លួនប្រាថ្នា, អ្នកប្រាជ្ញគប្បីរក្សាចិត្តឱ្យបាន,
ចិត្តដែលគេរក្សាបានហើយគឺថា
អាចធ្វើឱ្យចិត្តផុតចាកសេចក្ដីសៅហ្មងបានហើយ តែងតែនាំមកនូវសេចក្ដីសុខ
គឺសុខក្នុងលោកនេះ និងលោកខាងមុខ ព្រមទាំងសុខក្នុងព្រះនិព្វានផង ។
ចិត្ត
គេសង្កត់សង្កិន ផ្ទញ់ផ្ទាល់បានដោយលំបាកណាស់, ចិត្តស្រាលកើតរលត់ភ្លាមៗ រហ័យណាស់,
ចិត្តតែងធ្លាក់ទៅជាប់នៅក្នុងកន្លែងណាដែលខ្លួនប្រាថ្នា, ការទូន្មានចិត្តបានហើយ ជាការប្រពៃ(ព្រោះ) ចិត្តដែលគេទូន្មានបានហើយ
តែងនាំមកនូវសេចក្ដីសុខ ។
ចិត្តឥតមានរូបរាង
ឥតមានពណ៌សម្បុរទេ អាស្រ័យនៅក្នុងគុហា គឺហទយរូប អាចទៅទទួលអារម្មណ៍ក្នុងទីឆ្ងាយបាន
ត្រាច់ទៅតែឯកឯង គឺឥតមានចិត្តពីរបីទៅជាមួយទេ, អ្នកណាអាចសង្រួមចិត្តបាន
គឺអាចធ្វើចិត្តមិនឱ្យសៅហ្មងដោយកិលេសធម៌ណាមួយ ឱ្យចិត្តបរិសុទ្ធស្អាត អ្នកនោះ
នឹងអាចរួចផុតចាកចំណងនៃកិលេសមារ គឺបានសេចក្ដីថា រួចផុតចាកវដ្ដៈ ការវិលកើតស្លាប់
ក្នុងភូមិទាំងបីគឺ កាមាវចរភូមិ រូបាវចរភូមិ និងអរូបាវចរភូមិ ។
សរុបសេចក្ដីថា
"អ្នកដែលមានចិត្តស្អាត នឹងបានសម្រេចនូវសេចក្ដីសុខ យ៉ាងឧដុង្គឧត្តម
គឺបរមសុខក្នុងព្រះនិព្វាន" ។
ព្រះសាក្យមុនីបរមគ្រូរបស់យើង
ព្រះអង្គទ្រង់ជ្រាបថា ចិត្តដែលសៅហ្មងដោយកិលេស នឹងនាំឱ្យមានទោស មានវិបត្តិ
មានសេចក្ដីទុក្ខ វិនាសច្រើនប្រការណាស់, ចិត្តដែលស្អាតបរិសុទ្ធ
នឹងនាំឱ្យមានគុណសម្បត្តិ មានសេចក្ដីសុខ ចម្រើនជាអនេក, ដោយព្រះអង្គ
ទ្រង់មានព្រះទ័យប្រកបដោយមហាករុណាទិគុណដ៏លើសលុប ទើបព្រះអង្គទ្រង់បានប្រោសប្រទាន
នូវឱវាទទី ៣ ថា សចិត្តបរិយោទបនំ "ត្រូវដុសខាត់ជម្រះចិត្តរបស់ខ្លួនឱ្យស្អាត"
។
"សុខដទៃក្រៅពីសេចក្ដីស្ងប់ មិនមានឡើយ" ៕
សម្តេចព្រះពោធិ៍វង្ស ហួត តាត
វិជិរប្បញ្ញោ ពុទ្ធសាសន៍ សង្ខេប
ផ្សាយដោយពុទ្ធសាសនាបណ្ឌិត ភ្នំពេញ ព.ស.
២៥១៣ ទំ.៣៤-៣៩
រូបភាព៖ Google.com
រូបភាព៖ Google.com
No comments:
Post a Comment