ធម្មៈមុនចូលដេក ស្តីពីដឹងថាមិនដឹង
ចំណេះដឹងជាបច្ច័យដ៏សំខាន់ដែលជួយរុញច្រានមនុស្សឲ្យជួបប្រសព្វភាពជោគជ័យក្នុងជីវិត
ផ្គួបផ្សំជាមួយសមត្ថភាព និងចរិយាការប្រព្រឹត្តល្អ ហើយពិសេសជាងនោះ ប្រសិនបើដឹងថា
ខ្លួនឯងនៅមិនទាន់ចេះដឹងទេ ក៏នឹងជាមូលដ្ឋានគ្រឹះដ៏សំខាន់នៃចំណេះដឹង សមត្ថភាព
និងចរិយាការប្រព្រឹត្តក្នុងផ្លូវល្អតាមកាយ វាចា និងចិត្តផងដែរ ។
ក្នុងសម័យពុទ្ធកាលមានចោរ
២ នាក់ ណាត់គ្នាចូលទៅលួចទ្រព្យសម្បត្តិរបស់អ្នកស្រុក
ដែលនាំគ្នាទៅធ្វើបុណ្យនៅឯតាមវត្តអារាម ។ ពេលទៅដល់ ចោរម្នាក់ ចន្លោះពេលដែលរង់ចាំឱកាសចាប់ផ្ដើមធ្វើសកម្មភាពនោះ
ក៏អង្គុយស្ដាប់ទេសន៍ក្នុងពេលនោះទៅ ធ្វើឲ្យខ្លួនកើតនូវសេចក្ដីភ្ញាក់រលឹកដឹងបាបបុណ្យគុណទោស
ក៏ផ្លាស់ប្ដូរចិត្តលែងធ្វើអំពើអាក្រក់តទៅទៀត ។ ចំណែងខាងចោរម្នាក់ទៀត
មិនចាប់អារម្មណ៍អ្វីឡើយ ពេលមានឱកាសល្អដែលអ្នកដទៃភ្លេចខ្លួន ក៏លូកកាបូបយកទ្រព្យគេទៅបាន
។ ពេលត្រឡប់ទៅដល់កន្លែងសម្រាកវិញ ក៏និយាយសួរទៅកាន់ចោរម្នាក់ដែលផ្លាស់ប្ដូរចិត្តថា “ត្រង់ដែលមិនបានអ្វីមកជាប់ដៃជាប់ជើងមកនេះ
ព្រោះល្ងង់ណាស់” ។ ចោរដែលបានផ្លាស់ប្តូរចិត្តគិតថា “មិត្តម្នាក់នេះ សម្គាល់ថាខ្លួនជាមនុស្សឆ្លាត ព្រោះតែភាពល្ងង់ខ្លៅដោយពិត”
។ ថ្ងែបន្ទាប់មក គេមានឱកាសចូលទៅក្រាបទូលសួរព្រះពុទ្ធបរមគ្រូជាម្ចាស់
ព្រះអង្គទ្រង់ត្រាស់ថា “បុគ្គលល្ងង់ ហើយដឹងថា
ខ្លួនជាមនុស្សល្ងង់ បុគ្គលនេះឯងជាមនុស្សឆ្លាតបាន ព្រោះតែការដឹងដូច្នេះ ចំណែកបុគ្គលណាល្ងង់ តែសម្គាល់ខ្លួនថា ឆ្លាត បុគ្គលនោះជាមនុស្សល្ងង់ដោយពិត” ។
ជាទូទៅ
មិនមានអ្នកណាដែលនឹងដឹងទៅគ្រប់រឿងទេ បើមិនដឹងហើយ ដឹងខ្លួនថាមិនដឹង ។ ការមិនដឹងនោះ
ក៏មិនដល់ថ្នាក់បង់ខូចប្រយោជន៍យ៉ាងណាមួយ ព្រោះនៅមានច្រកផ្លូវដែលនឹងឲ្យកើតមានចំណេះដឹងពិតៗឡើងបាន
ប៉ុន្តែបើមិនដឹងហើយគិតថាដឹង ចំណេះដឹងពិតក៏នឹងកើតឡើងមិនបាន សមត្ថភាព
និងការប្រព្រឹត្តក៏ហុចផលទៅតាមនោះផងដែរ ។ ការមិនដឹងថា មិនដឹង
ទើបជាគុណសម្បត្តិមួយយ៉ាងរបស់បុគ្គលឆ្លាតទាំងឡាយ ៕
No comments:
Post a Comment