Saturday, December 16, 2017

ភរិយា ៧ ប្រភេទ (កាព្យ) តចប់


ភរិយា ៧ ប្រភេទ (កាព្យ) តចប់
                       
ភរិយាទី ៣                  ឥតចិត្តមេត្រី
អាសូរភស្ដា                 គិតតែខាងខ្ជិល
ច្រអូសកាយា               ខ្ជិលថែរក្សា
រៀបចំទុកដាក់ ។            ចិត្តសោតតក់ម៉ក់
សំដីអាក្រក់                  ច្រាសឆ្អេះឥតអាក់
កំហែងគំហក                ដាក់ស្វាមីភ័ក្តិ
ឲ្យស្វែងរកប្រាក់            ចិញ្ចឹមអាត្មា ។
ដំកើងខ្លួនឯង                មិនមានកោតក្រែង
ខ្លាចចិត្តភស្ដា                 ធ្វើឫកដូចម្ចាស់
ចៅហ្វាយឧកញ៉ា            បើប្ដីស្ដីថា
សំឡក់ក្រោធខឹង ។        ភរិយាទី ៤
មារយាទខ្ជាប់ខ្ជួន           ចេះមានដំណឹង
ចេះទុកចេះដាក់             ទោះប្រាក់មួយស្លឹង
ចេះគៃប្រឹតប្រឹង            ស្លឹងមួយជាទ្វី ។
កើតឡើងជាមាន           ព្រោះចិត្តមិនហ៊ាន
ខ្ជះខ្ជាយវក់វី                  ក្រែងចិត្តស្វាមី
ដោយក្ដីសាមគ្គី             តាំងខ្លួនក្នុងទី
មេត្រីចិត្តមួយ ។            ព្យាបាលរក្សា
ស្វាមីអាត្មា                    មិនឲ្យមានព្រួយ
ដូចម្ដាយថែកូន              លើកពបីស្ទួយ
ពិសសត្វអ្វីមួយ            ខាំកូនពុំបាន ។
ភរិយាទី ៥                   ខ្លាចបាបៈកម្ម
ត្រាំក្នុងសន្តាន               ស្លូតត្រង់សុចរិត
គោរពរាប់អាន              ស្វាមីកល្យាណ
មិនឲ្យមានហ្មង ។           ដូចជាប្អូនស្រី
មានចិត្តមេត្រី                កោតខ្លាចប្រុងបង
ស្ដីថាលើសខ្លះ              មិនហ៊ានឆ្លើយឆ្លង
ខុសម្ដងឆ្គងម្ដង             ខំអត់សង្កត់ ។
ភរិយាទី ៦                   ជាមិត្តឥតព្រួយ
ទោះមានទោះខ្សត់           តែងតែរួមសុខ
រួមទុក្ខប្រាកដ                 បើប្ដីនឿយហត់
ហ៊ានជួយរ៉ាប់រង ។         ចិត្តសោតជាល្អ
ប្រព្រឹត្តធម៌ស               សាមគ្គីគ្រប់គ្រង
មានវត្តប្រតិបត្តិ             មិនឲ្យខុសឆ្គង
រីករាយបំព្រង               ទៅរកស្វាមី ។
ដូចមិត្តសម្លាញ់             ពេញចិត្តឥតខ្នាញ់
ជួបគ្នាថ្មីៗ                    មិនដែលពោលពាក្យ
ទ្រគោះអប្រិយ             ឲ្យបែកមេត្រី
សេចក្ដីរាប់អាន ។         ភរិយាទី ៧
ចិត្តមិនវៀចវិល            ពីភស្ដាប្រាណ
ទោះស្ដីជេរថា               យ៉ាងណាប៉ុន្មាន
អាចទប់ចិត្តបាន            មិនតបតវិញ ។
ដូចជាទាសី                  ទោះម្ចាស់ជេរស្ដី
ធ្វើទុក្ខបុកម្នេញ             ក្រេវក្រោធឡូឡា
មិនតវ៉ាវិញ                   អត់ឱនបំពេញ
ចិត្តនាយចៅហ្វាយ ។     ភរិយាទាំងអស់
ខ្លះចិត្តសប្បុរស            ខ្លះពាលក្លែងក្លាយ
ចែកជាពីរផ្នែក              តាមដោយបរិយាយ
អត្ថាធិប្បាយ                នៃព្រះសាស្ដា ។
ទ្រង់ត្រាស់សំដែង         ទេស្នាចាត់ចែង
ដោយព្រះវាចា              ចំពោះនាងស្រី
ឈ្មោះសុជាតា              ជាកូនប្រសា
នៃមហាសេដ្ឋី ។            មានទ្រព្យស្ដុកស្ដម្ភ
ជាទីឧបត្ថម្ភ                  ដល់ជនប្រុសស្រី
ក្រផុតទីពឹង                  ដូចប្រេតអប្រិយ
ចូលដល់សេដ្ឋី             បាត់ក្ដីស្រេកឃ្លាន ។
ឯរឿងសេដ្ឋី                 ឈប់ស្លេះកាត់ខ្លី
មិនបាននិទាន                នឹងសូមសម្ដែង
ថ្លែងតាមបទមាន           កាលព្រះទ្រង់ញាណ
សំដែងចែងថា ។           ស្រី ៣ ខាងដើម
លុះដាច់ដង្ហើម              ស្លាប់ទៅកាលណា
ធ្លាក់ក្នុងអបាយ              ក្រហាយខ្លោចផ្សា
ព្រោះទោសអាត្មា           ប្រមាទស្វាមី ។
ស្រី ៤ ខាងចុង             គំនិតចេះប្រុង
ប្រយ័ត្នស្មារតី               កាន់ធម៌សុចរិត
ចិត្តស្មោះនឹងប្ដី              បើនិយាយស្តី
សុភាពរាបសា ។           ស្រី ៤ នេះឯង
ព្រះទ្រង់សំដែង             ចង្អុលប្រាប់ថា
ស្លាប់ទៅសោយសុខ      សម្បត្តិទេវតា
មានទេពកញ្ញា                ចោមរោមប្រក្រតី ។
បើកើតជាមនុស្ស           ត្រកូលក៏ខ្ពស់
ក្នុងនាលោកិយ              រូបសោតក៏ល្អ
សាច់សល្អិតខ្ចី              ស្រស់លើសជាងស្រី
ព្រោះក្ដីសុចរិត ។           សូមលោកអ្នកប្រាជ្ញ
ប្រតិពលអង់អាច          យល់ច្បាស់ភាសិត
ក្រែងពាក្យខ្ញុំតែង           ខ្វែងទាស់ក្នុងចិត្ត
សូមទានប្រសិទ្ធិ៍            ជួយកែតម្រូវ ។
សត្តៈ ភរិយា                ស្លេះឈប់ពណ៌នា
ពីការខុសត្រូវ               សូរេចនិដ្ឋិតា
សង្ខេបទុកនៅ              លែងតែងតទៅ
ព្រោះគ្មានវេលា ។          សូមលោកអ្នកស្រី
ទោះចាស់ក្មេងក្ដី            កុំស្តីនិន្ទា
ដល់ខ្ញុំអ្នកតែង              ក្រែងមានវេរា
គួរតែនាំគ្នា                   សិក្សាទៅហោង ៕

--------------------------------------
អាចារ្យ ហ. ឈា និងអ្នកផ្សេងទៀត,
កម្ពុជសុរិយា, ផ្សាយដោយពុទ្ធសាសនបណ្ឌិត, បោះពុម្ពភ្នំពេញ
គ.ស ១៩៣៨ ភាគ ២ ឆ្នាំទី១១ ទំ. ២៧៥ - ២៨២ 
រូបភាព៖ Google.com
                                        

No comments:

Post a Comment