Monday, December 18, 2017

អានុភាពវិបស្សនា


អានុភាពវិបស្សនា

វិបស្សនា គឺជាតួបញ្ញា ។ បញ្ញាជាគុណជាតិមួយដ៏បរិសុទ្ធ ដែលព្រះដ៏មានព្រះភាគទ្រង់សំដែងថា "បញ្ញាយ បរិសុជ្ឈតិ" ប្រែថា "សត្វបរិសុទ្ធដោយប្រាជ្ញា" ។

សត្វទាំងឡាយដែលមានប្រាជ្ញាកើតឡើងក្នុងខ្លួន តែងស្គាល់នូវហេតុល្អ និងអាក្រក់ ហើយតែងលះបង់នូវអំពើអាក្រក់ សាងអំពើល្អ ។ តួយ៉ាងដូចជា សត្វណាដែលយល់ឃើញតាមហេតុពិតថា "អំពើកាប់សម្លាប់នាំឲ្យដល់នូវសេចក្ដីវិនាសក្នុងសង្គម" កាលបើយល់ឃើញដូច្នេះហើយ សត្វនោះក៏លះបង់នូវអំពើកាប់សម្លាប់ កាត់បន្ថយនូវហឹង្សា រហូតដល់លះបង់ដាច់ស្រឡះ ចំរើនតែមេត្តាចំពោះសត្វដទៃទាំងឡាយ ។
យល់ឃើញថា "ការប្រព្រឹត្តនូវអំពើចោរកម្ម នាំឲ្យវិនាសនូវទ្រព្យសម្បត្តិរបស់មហាជន និងជាតិ បង្កើននូវភាពចលាចល បង្កជំលោះនិងទំនាស់រវាងគ្នានិងគ្នា" កាលបើយល់ឃើញដូច្នេះហើយ ក៏លះបង់នូវអំពើចោរកម្មនានា សមាទានកាន់យកតែសម្មាអាជីវៈ គឺការចិញ្ចឹមជីវិតត្រឹមត្រូវតែម្យ៉ាង ។

យល់ឃើញថា "ការប្រព្រឹត្តល្មើសក្នុងកាម ជាហេតុបណ្ដាលឲ្យកើតរោគធ្ងន់ធ្ងរ មានជំងឺកាមរោគផ្សេងៗជាពិសេសជំងឺអេដស៍ជាដើម" កាលបើយល់ឃើញដូច្នេះហើយ ក៏លះបង់នូវការប្រព្រឹត្តខុសក្នុងកាម ។ បើបុរស ស្រឡាញ់ត្រឹមតែភរិយារបស់ខ្លួនតែប៉ុណ្ណោះ ។ បើស្ត្រី ត្រេកអរត្រឹមតែស្វាមីរបស់ខ្លួនតែប៉ុណ្ណោះ ។

យល់ឃើញថា "អំពើភូតភរកុហកជាហេតុនាំឲ្យសង្គមបែកបាក់ប្រេះឆា បង្កើននូវភាពមិនទុកចិត្តរវាងគ្នានិងគ្នាក្នុងសង្គម និងជាហេតុនាំឲ្យវិនាសដល់ប្រទេសជាតិ និងសេចក្ដីសុខផ្សេងៗ" កាលបើយល់ឃើញដូច្នេះហើយ ក៏លះបង់នូវមុសាវាទ ប្រកាន់ពោលតែសច្ចធម៌តែប៉ុណ្ណោះ ។

យល់ឃើញថា "ការផឹកនូវទឹកស្រវឹងជាហេតុនាំឲ្យកើតរោគផ្សេងៗ មានបូសថ្លើម និងភ្លេចស្មារតី ដែលជាហេតុនាំឲ្យអស់សេចក្ដីអៀនខ្មាស និងដល់នូវការសាបសូន្យភោគសម្បត្តិ និងវិនាសសូន្យនគរជាដើម" កាលបើយល់ឃើញដូច្នេះហើយ ក៏លះបង់នូវការផឹកទឹកស្រវឹង សេពតែភេសជ្ជៈដែលមិនស្រវឹង ។

អ្នកចម្រើនវិបស្សនាពិត តែងស្រឡាញ់នូវសីល ។ អ្នករក្សាសីល ទើបមានចិត្តស្ងប់ ។ អ្នកមានសីលនិងចិត្តស្ងប់ ទើបកើតបញ្ញាជាក់ច្បាស់ ។

ដូច្នេះ អ្នកចំរើនវិបស្សនា ឈ្មោះថាមានកាយក៏ស្ងប់ វាចាក៏ស្ងប់ ឯចិត្តក៏ស្ងប់ ។ កាលបើមនុស្សម្នាក់ៗ សាងតែអំពើល្អ ប្រកបដោយសេចក្ដីសុខស្ងប់តែម្យ៉ាង ឈ្មោះថាមនុស្សក្នុងសង្គមទាំងអស់ នឹងដល់នូវសេចក្ដីចំរើនគ្រប់យ៉ាង៖

ចំរើនទី ១ គឺចំរើននូវអាយុនិងសុខភាព ព្រមទាំងកម្លាំងផង។
ចំរើនទី ២ គឺចំរើននូវភោគសម្បត្តិ និងទ្រព្យសម្បត្តិ ។
ចំរើនទី ៣ គឺចំរើនពលរដ្ឋ ។ កាលបើមនុស្សទាំងឡាយមិនសាងនូវអំពើបាប មានការកាប់សម្លាប់ជាដើម មនុស្សទាំងឡាយក៏មិនមានអាយុខ្លី សុទ្ធតែជាបុគ្គលមានអាយុវែង ។ ភាពវិកលវិការរបស់មនុស្ស មានកំបុតដៃជើងជាដើម និងមិនមាន ។ ការស្លាប់ដោយប្រការផ្សេងៗ មានកាប់និងបាញ់ជាដើម ក៏មិនមាន ។
ចំរើនទី ៤ គឺចំរើននូវសាមគ្គីធម៌ ។ កាលបើចិត្តមនុស្សមានប្រាជ្ញាកើតឡើង ហើយឃើញធម៌ដោយពិត (ក្នុងលោកនេះ មានតែធម៌ ២ ប៉ុណ្ណោះគឺ រូបធម៌ និងនាមធម៌ ទោះជាគេប្រើពាក្យអ្វីហៅក៏ដោយ) ក៏លះបង់នូវសេចក្ដីប្រកាន់ជាតិ ត្រកូល ពូជ សាសន៍ វណ្ណៈ ពណ៌សម្បុរ ហើយក៏រាប់អានគ្នាទៅវិញទៅមក ហើយជិតស្និទ្ធ ។
ចំរើនទី ៥ គឺចំរើននូវសេចក្ដីសុខ ។ សេចក្ដីសុខមាន ២ យ៉ាងគឺ សុខក្នុងបច្ចុប្បន្ន ១ សុខក្នុងបរលោក ១ ។

ក. សុខក្នុងបច្ចុប្បន្ន -សេចក្ដីសុខអ្វីក្នុងលោក មិនស្មើនឹងសេចក្ដីសុខក្នុងចិត្តឡើយ ។ ព្រះពុទ្ធទ្រង់សំដែងថា "ធម្មបីតិ សុខំ សេតិ" ប្រែថា បុគ្គលផឹកនូវធម៌ តែងដេកនៅជាសុខ ។ ការរីកចំរើននៃទ្រព្យសម្បត្តិ និងការសុខស្រួលនៃរាងកាយ នាំឲ្យចិត្តមនុស្សរីករាយសប្បាយ តែការសប្បាយនេះមិនទៀងទាត់ទេ ព្រោះរបស់ទាំងនេះនឹងត្រូវវិនាសទៅវិញ ។ ឯចិត្តបុគ្គលដែលបានអប់រំគ្រប់គ្រងល្អហើយ បានយល់ឃើញច្បាស់នូវធម៌ថា "ធម្មជាតិណាមិនទៀង ធម្មជាតិនោះជាទុក្ខ ។ ធម្មជាតិណាជាទុក្ខ ធម្មជាតិនោះមិនមែនជារបស់ខ្លួន" ។ កាលបើប្រាជ្ញាឃើញច្បាស់យ៉ាងនេះហើយ បុគ្គលនោះក៏នៅជាសុខក្នុងឥរិយាបថទាំង ៤ មាន ដេក ដើរ ឈរ អង្គុយ ។ បុគ្គលនោះមានលក្ខណៈកើតនិងវិនាសជាធម្មតា ។

បុគ្គលដែលឃើញធម៌ច្បាស់ហើយ តែងមានចិត្តនឹងន ហើយមានសតិតាំងនៅជាប្រក្រតី ប្រព្រឹត្តទៅរហូតដល់ខណៈចិត្តចុតិ(ស្លាប់)

ខ. សុខក្នុងបរលោក -បុគ្គលអ្នកឃើញច្បាស់នូវធម៌ កាលបើនៅសល់កិលេសខ្លះនៅក្នុងខន្ធសន្តាន កាលបើអ្នកបែកធ្លាយនូវខន្ធបញ្ចកៈ បន្ទាប់អំពីចុតិទៅ រមែងទៅកើតក្នុងសុគតិសួគ៌ ។

សរុបសេចក្ដីទៅ សុខសន្តិភាពនិងសេចក្ដីចំរើនគ្រប់យ៉ាង ដែលមានដល់សត្វលោកទូទៅក្នុងបច្ចុប្បន្ននេះក្ដី បរលោកក្ដី ហើយពិតប្រាកដនោះ សុទ្ធតែដោយអានុភាពវិបស្សនាជាហេតុទាំងអស់ ៕

-----------------------------
ស្រង់ចេញពី ស.ភ. លក្ខន្ធិក សមាគមទ្រទ្រង់វិបស្សនាធុរ.
ភ្នំពេញ ទំ.៣-៧
រូបភាព៖Google.com

No comments:

Post a Comment