Monday, December 18, 2017

មតិយោបល់ខ្លះរបស់លោកស្រីរ៉ាមក្រិស្ណជាមហាកវីនៃឥណ្ឌាសម័យថ្មី


មតិយោបល់ខ្លះរបស់លោកស្រីរ៉ាមក្រិស្ណជាមហាកវីនៃឥណ្ឌាសម័យថ្មី

មច្ឆរិយៈ គឺសេចក្ដីកំណាញ់របស់បុរសបុគ្គល មិនដែលចេញផុតស្រឡះពីខ្លួនទេ ទុកជាព្យាយាមលះបង់ជាយូរអង្វែងយ៉ាងណា ក៏នៅតែមានស្នាមគំនូសឲ្យមើលឃើញជានិច្ច, ធម្មតាស្លឹកដូង (ធាងដូង) កាលធ្លាក់ចុះមកដី តែងមានស្នាមជាប់នៅនឹងដើម នេះមានទំនងដូចជាមច្ឆរិយៈដែរ ប៉ុន្តែមានតិចតួចស្ដួចស្ដើងចំពោះមនុស្សដែលមានឥស្សរចិត្ត ។

ប្រសិនបើអ្នកពាក់ស្បែកជើង អ្នកអាចនឹងដើរទៅបានយ៉ាងស្រួលលើបន្លានានា, ស្បែកជើងពោលគឺចំណេះវិជ្ជាដែលស្គាល់កិច្ចការសព្វសារពើ នេះហើយដែលអ្នកអាចឈានជើងត្រាច់រង្គាត់ទៅក្នុងលោក ដែលមានសុទ្ធតែបន្លាច្រូងច្រាងបាន ដោយស្រួលឥតមានគ្រោះថ្នាក់ ។
បណ្ដាត្រីដែលជាប់នៅក្នុងសំណាញ់ មានត្រីជំពួកខ្លះសម្ងំនៅយ៉ាងស្ងាត់ស្ងៀមក្នុងសំណាញ់ ត្រីជំពួកខ្លះខំបម្រះននៀល ដើម្បីឲ្យរួចរបូតទៅ តែមិនអាចរួចរបូតពីសំណាញ់នោះបាន, ឯត្រីជំពួកខ្លះទៀត ខំបម្រះននៀលទាល់តែរហែកសំណាញ់នោះចេញទៅបាន ។ សេចក្ដីឧបមានេះ មានទំនងដូចមនុស្ស ៣ ពួក ដែលមាននៅក្នុងលោកនេះ គឺមនុស្សពួក ១ ជាមនុស្សជាប់ចំណង, មនុស្សពួកមួយ ខំរកឧបាយដោះស្រាយចំណង និងមាន ១ ពួកទៀត ខំរំដោះខ្លួនទាល់តែរួចស្រឡះជាឥស្សរៈឡើងបាន ។

សត្វក្រពើមានស្បែកក្រាស់ជាអាវុធ ទើបគេមិនអាចប្រើអាវុធណាមួយ ចាក់ទៅលើស្បែកវានោះបានឡើយ នេះដូចជាអ្នកមានចិត្តមេត្តាទូន្មានខាងផ្លូវសាសនា ដល់មនុស្សណាមួយដែលមាននិស្ស័យរឡេះរឡោះឲ្យបានល្អឡើង អំពើនេះទៅនឹងមិនមានហេតុភេទអ្វីមួយតាំងនៅក្នុងចិត្តរបស់បុរសនោះបាន ។

មាននំជាចំនួនច្រើនមើលពីខាងក្រៅដូចៗគ្នា តែគេអាចច្របូកច្របល់លាយគ្នាដោយវត្ថុផ្សេងៗជាច្រើនយ៉ាង គឺថានំជំពួកខ្លះដាក់ដូង ជំពួកខ្លះដាក់ទឹកដោះគោជាដើម ។ រឿងនេះមានឧបមាដូចជារាងកាយមនុស្សយើង សឹងមានទ្រង់ទ្រាយដូចៗគ្នា តែពិតដោយនោះមនុស្សយើងសុទ្ធតែផ្សេងៗគ្នា ដោយលក្ខណៈ និងនិស្ស័យសន្តានចិត្ត ។ ហេតុនេះ ចូរប្រយ័ត្នខ្លួន៖
១) ប្រយ័ត្នមនុស្សដែលមានសំដីហូរដូចជាទឹក
២) ប្រយ័ត្នមនុស្សដែលលាក់បិទបាំងចិត្តគំនិតរបស់ខ្លួន
៣) ប្រយ័ត្នមនុស្សដែលអួតពីធម៌អាថ៌ប្រកាសខ្លួនថា ជាអ្នកមានមេត្តាចិត្ត
៤) ប្រយ័ត្នស្ត្រីដែលមានក្ដោងវែង
៥) ប្រយ័ត្នអណ្ដូងទឹកដែលគ្របដោយស្មៅខៀវស្រស់ ហើយមានទឹកត្រជាក់ តែជាទឹកឲ្យទោសដល់អ្នកបរិភោគ ។

ពួកស្ត្រីដែលនៅក្នុងប្រទេសឥណ្ឌាខាងជើង អាចទូលដើរទៅបានដោយមានក្អមទឹក ៤ -៥ ត្រួតនៅលើក្បាលដាក់ត្រួតលើគ្នា ហើយនិយាយស្ដីនឹងមិត្តភក្ដិ ដំណាលពីសេចក្ដីលំបាក និងសេចក្ដីសប្បាយក៏បាន ដោយហេតុស្ត្រីអស់នោះមានគំនិតជាប់នឹងក្អមទឹកអស់នោះជានិច្ច ដើម្បីទប់ក្អមទឹកឲ្យនៅនឹងថ្កល់ មិនឲ្យក្រឡក់កំពប់ទឹកចេញបាន ។ ឯអ្នកដែលធ្វើដំណើរទៅកាន់ទីគោរពប្រតិបត្តិតាមផ្លូវធម៌ ត្រូវតែប្រុងប្រយ័ត្នគ្រប់ៗឱកាស ឬគ្រប់ៗខណៈ កុំឲ្យចិត្តងាកឃ្លាតពេញពីធម៌ ។

ប្រសិនបើអ្នកយកប្រេងមកលាបដៃ ហើយសឹមចាប់ផ្លែខ្នុរដែលប្រឡាក់ដោយជ័រ ឯជ័រខ្នុរមិនប្រឡាក់ជាប់ម្រាមដៃរបស់អ្នកឡើយ សេចក្ដីនេះមានឧបមាយ៉ាងណា មានឧមេយ្យដូចជាអ្នកលាបស្រឡាបខ្លួនឲ្យជោគដោយគុណធម៌ដ៏បរិសុទ្ធ ខ្លួនអ្នកនៅក្នុងលោកនេះបាន ដោយឥតព្រួយកង្វល់ដោយជាប់ចិត្តស្រឡាញ់មាសប្រាក់ ឬមានចិត្តភ្លើទៅក្នុងផ្លូវតណ្ហារាគៈ ។

វាជាការលំបាកណាស់ ក្នុងការបម្រះឲ្យផុតស្រឡះចាកមច្ឆរិយៈគឺ សេចក្ដីកំណាញ់យល់តែប្រយោជន៍ខ្លួន កម្រកំចាត់ចេញបានណាស់ បីដូចចានដែលបុកមើមខ្លឹមស ឬខ្ទឹមក្រហមដាក់ក្នុងចាននុ៎ះ ក្លិនខ្ទឹមរមែងជាប់នៅជានិច្ច ទុកជាព្យាយាមលាងដល់ ១០០ ដង ក៏មិនអស់ក្លិនខ្លឹមដែរ ។ នេះមានទំនងដូចជាការគិតដល់ផលប្រយោជន៍របស់យើង កម្រយើងធ្វើការលះចេញបានជាទីបំផុត ។

អ្នកដែលប្រកាន់ថាខ្លួនជាអ្នកចេះដឹងច្រើន គេទុកជាមនុស្សល្ងង់ខ្លៅទៅវិញ ។ ក្អែកញីជាសត្វឈ្លាសវៃណាស់ តាមចិត្តគំនិតរបស់វា តែបែរជាសត្វក្អែកនេះឯងទៅជាសត្វអភ័ព្វ ស្វែងរកចំណីអាហារបានដោយលំបាកវេទនាពន់ពេក ដោយហេតុខ្លួនឈ្លាសវៃហួសពេក ។ នេះមានទំនងដូចជាមនុស្សទាំងឡាយក្នុងពួកយើងនេះ អ្នកដែលប្រកាន់ខ្លួនជាអ្នកឈ្លាសវៃហួសពេកទៅនោះ ច្រើនតែមានជោគមិនល្អ ទៅជាអភ័ព្វជាងគេទៅវិញ ។

ធម្មតាគ្រប់ដំណាំ ឬគ្រាប់ឈើមិនដែលធ្លាក់ជិតគល់ដើមឈើទេ ប៉ុន្តែត្រូវខ្យល់បក់ផាត់នាំទៅឆ្ងាយ ហើយដុះឫសមានពន្លកឡើងយ៉ាងណា ដូចជាគំនិតមហាសាស្ដាខាងចិត្តវិទ្យា តែងទៅផុសកើតឡើងហើយមានតម្លៃដល់ទីឆ្ងាយ ។

តែងមានម្លប់មួយនៅក្រោមចង្កៀងជានិច្ច ក្នុងពេលដែលអុជបំភ្លឺ សឹងមានពន្លឺចោលទៅឆ្ងាយ មើលឃើញរបស់ដែលនៅឆ្ងាយៗ នេះប្រៀបដូចជាមនុស្សទាំងឡាយ ទុកជាមានព្រះអរហន្តនៅជិតបង្កើយ ក៏មើលមិនឃើញដែរ បែរជាទៅជាប់ចិត្តស្រឡាញ់អ្នកដែលនៅឆ្ងាយវិញ (នេះដូចជាគំនិតចៅចាក់ស្មុគ្គ ដែលមានដំណាលក្នុងរឿងព្រេងខ្មែរ) ៕


-------------------------------------
អ្នកនិពន្ធច្រើនរូប កម្ពុជសុរិយា
ផ្សាយដោយព្រះរាជបណ្ណាល័យ
បោះពុម្ពភ្នំពេញ ព.ស. ២៤៨៤ គ.ស.១៩៤១
ឆ្នាំទី១៣ ភាគ២ ទំ.៣-
រួបភាព៖ Google.com

No comments:

Post a Comment