Friday, December 29, 2017

រឿងធម្មៈនាំសាងប្រាក់សល់រក្សាទុក


រឿងធម្មៈនាំសាងប្រាក់សល់រក្សាទុក

ធម្មៈនិងជីវិត រឿងធម្មៈនាំសាងប្រាក់សល់រក្សាទុក ប្រិយមិត្តអ្នកអានទាំងឡាយ ប្រហែលជាធ្លាប់បានដឹងឮពាក្យមួយឃ្លាឬអត់ថា ការងារគឺប្រាក់ ប្រាក់គឺការងារ បណ្ដាលសុខ ពាក្យស្លោកមួយឃ្លានេះ សរបញ្ជាក់ឲ្យដឹងច្បាស់ថា ប្រាក់មានសារៈសំខាន់ណាស់សម្រាប់ជីវិតរស់នៅរបស់មនុស្សយើង ។ បញ្ហាជាច្រើនកើតឡើងដោយសារតែរឿងប្រាក់គឺ ការមានចំណូលទាបជាងចំណាយ ហើយនោះក៏ជាមូលហេតុដែលនាំឲ្យគ្មានចំណូលបានសល់រក្សាទុកដែរ ។ វិធីដោះស្រាយបញ្ហានេះ មានលោកអ្នកចេះដឹងទាំងឡាយបានចែករំលែកលក្ខគោលក្នុងការអនុវត្តគួរឲ្យចាប់អារម្មណ៍ទុក ៧ ប្រការ ដូចមានខាងក្រោម៖

១) ឲ្យកាត់ចំណែកលើស មានន័យថា ឲ្យកាត់វត្ថុដែលមិនសូវចាំបាច់ចំពោះជីវិតចេញ ដូចជា គ្រឿងស្រវឹង បារី ជាដើម បើសិនកាត់ចំណែកលើសនេះចោលបាន ក៏ធ្វើឲ្យយើងមានប្រាក់សល់ខ្លះ ពីចំណែកទាំងអស់នេះបាន ។

២) កុំភ្លើភ្លេចចាយវាយ ពេលណាមានចំណូល ដូចជា ពេលបានទទួលប្រាក់បៀវត្សរ៍ ឬប្រាក់ខែមកថ្មីៗនោះ កុំប្រញាប់ប្រញាល់ចាយវាយដោយសេចក្ដីចង់ ប៉ុន្តែត្រូវសួរខ្លួនឯងសិនថា ចាំបាច់ឬមិនចាំបាច់ទេ ការមិនប្រញាប់ទិញរបស់របរ ឬពន្យាពេលមួយរយៈ ក្រោយពីការចង់ ហើយចំណងនោះនឹងថយចុះទៅសន្សឹមៗដោយឯកឯង ។

៣) ឲ្យត្រេកអរក្នុងវត្ថុដែលខ្លួនបាន ពេញចិត្តក្នុងវត្ថុដែលខ្លួនមាន វត្ថុអ្វីសព្វបែបយ៉ាងដែលខ្លួនកំពុងមាន បើសិនវានៅសភាពអាចល្មមប្រើប្រាស់បាន ក៏ប្រើប្រាស់បណ្ដើរៗសិនទៅ កុំមានចិត្តខ្មាសឬអាម៉ាសមុខ ព្រោះតែវាចាស់ឬហួសសម័យកាលនិយម វាអាចគ្រាន់បើជាងមនុស្សប្រើរបស់ទាន់សម័យនិយម តែជំពាក់បំណុលគេវន់កដែរ ។

៤) ឲ្យធ្វើបញ្ជីចំណូល-ចំណាយប្រចាំខែ ឲ្យធ្វើរបាយការណ៍ចំណូលចំណាយរាល់ខែឲ្យជាប្រព័ន្ធ ដើម្បីត្រៀមទុកដាស់តឿនសតិថា វានៅសល់ប៉ុណ្ណេះប៉ុណ្ណោះ កុំឲ្យយើងមានការភ្លេចខ្លួនក្នុងចាយវាយ ដោយមិនដឹងក្បាលដឹងកន្ទុយ ។

៥) កុំភ្លេចពាក្យបង្រៀនរបស់ព្រះបរមគ្រូជាម្ចាស់នៃយើង ទ្រង់អប់រំដាស់តឿនថា ភាពក្រីក្រជាទុក្ខក្នុងលោក ការជាប់ជំពាក់បំណុលគេក៏ជាទុក្ខក្នុងលោក ។

៦) គ្រប់ខណៈឲ្យមានលុយកាក់ជាប់តាមខ្លួនខ្លះ បើមិនច្រើន តែក្នុងមួយថ្ងៃៗយ៉ាងហោចណាស់ក៏អាចមានសល់ជាប់តាមខ្លួនទៅតាមសភាពចាំបាច់ បួកជាមួយលុយបម្រុងទុកដែលចាំបាច់ត្រូវដោះស្រាយ កាលបើមានបញ្ហាភ័យអាសន្នចំពោះមុខកើតឡើង ។ ការប្រតិបត្តិដូចនេះ ក៏ជាការហ្វឹកហាត់ឲ្យមានច្បាប់ទម្លាប់ក្នុងកាយចាយវាយបានមួយផ្នែកទៀត ។

៧) ឲ្យមានសល់ពីចំណាយរាល់ខែ មានន័យថា ក្នុងមួយខែៗ ក៏ឲ្យមានសល់លុយកាក់សន្សំទុកខ្លះ ឬមានចំណូលលើស ហើយការដែលមានចំណូលលើសនោះ គ្រាន់តែខ្លួនអនុវត្តតាមពាក្យណែនាំទាំង ៦ ខាងដើមជាក់លាក់ ក៏អាចទទួលបានលទ្ធផលហើយ ។

ការពិតណាស់ថា លុយកាក់ដែលខ្លួនបានមក មានវិធីរកមកបាននោះសែនលំបាកណាស់ តែបែរជាចាយវាយទៅវិញយ៉ាងធូរ ឬអាចនិយាយម្យ៉ាងទៀតបានថា រកមកបានឪម៉ែអាមហាតឹង តែដល់ចាយវាទៅវិញធូរខ្សុយ ។ បើសិនយើងមានវិធីទាំង ៧ ខាងដើម ដែលជាបទបញ្ញត្តិចាំឃុំគ្រងចិត្ត ចាំដាស់តឿនចិត្តជាប់ជារឿយៗ សង្ឃឹមថា យ៉ាងហោចណាស់ វាក៏ធ្វើឲ្យយើងមានល្មមប្រើ មានល្មមស៊ី និងមានសល់សន្សំទុកបានខ្លះ មិនច្រើនក៏តិចដែរ ៕

ប្រែ.គ.វ
រូបភាព៖ Google.com

No comments:

Post a Comment