Friday, December 29, 2017

កម្លាំងប្រាថ្នា


កម្លាំងប្រាថ្នា

ធម្មៈនិងជីវិតមុនចូលដេកពីកម្លាំងប្រាថ្នា... សេចក្ដីប្រាថ្នារបស់មនុស្សយើង រមែងមិនមានទីបំផុត ព្រោះពេលបានសមដូចប្រាថ្នាក្នុងរឿងអ្វីមួយហើយ មិនយូរឡើយ ក៏មានសេចក្ដីប្រាថ្នាក្នុងរឿងថ្មី រឿងផ្សេងមួយទៀត កើតមានដូចនេះរហូតដល់អស់អាយុសង្ខារ អាយុជីវិតរបស់ខ្លួនស្លាប់ចាកចេញពីលោកមួយនេះ បើមិនអ៊ីចឹងទេ សេចក្ដីប្រាថ្នានេះ ចេះតែដុះក្នុងចិត្តមនុស្សបន្តគ្នាជាប់រដឹក រហូតដល់រកទីដែនបញ្ចប់គ្មានឡើយ ។

ឧទាហរណ៍ បុគ្គលិកធ្វើការងារម្នាក់ ទទួលប្រាក់ខែក្នុងមួយខែថា ទាបបំផុតចុះត្រឹមមួយខែ ៩០ ម៉ឺនរៀល ទៅ ១ លានរៀល (២០០ ទៅ ២៥០ ដុល្លារ) គេសញ្ជឹងគិតទុកក្នុងចិត្តថា បើសិនគេបានប្រាក់ខែក្នុងមួយខែ ២ លានរៀល (៥០០ដុល្លារ) ពេលណា ជីវិតគេនឹងមានសេចក្ដីសុខបំផុត ពេលបានប្រាក់ខែ ២ លានរៀលហើយ គេក៏មានសេចក្ដីមែនៗ ប៉ុន្តែមិនយូរប៉ុន្មាន គេក៏ចង់បានប្រាក់ខែឡើងទៅដល់ ៣ លានរៀល(៧៥០ដុល្លារ) គេក៏បានប្រាក់ខែ ៣ លានរៀល (៧៥០ដុល្លារ) មែន តមកទៀតគេក៏ចង់បានប្រាក់ខែ ៤ លានរៀល (១០០០ដុល្លារ) ។ ខសង្កេតដ៏សំខាន់នៅពេលដែលគេមិនបានប្រាក់ខែដល់ ៤ លានរៀល (១០០០ ដុល្លារ) តើចិត្តរបស់គេទៅជាយ៉ាងណាទៅ? បើសិនសេចក្ដីប្រាថ្នាមានកម្លាំងខ្លាំងឡើងប៉ុនណា ការខកចិត្ត ការខូចចិត្ត និងការអស់សង្ឃឹមរបស់គេក៏ធ្លាក់ធ្ងន់ខ្លាំងប៉ុណ្ណោះដូចគ្នា ហើយអ្វីដែលកាន់តែអាក្រក់ជាងនោះ បើសិនមានពេលណាមួយនោះ គេត្រូវបែរមកទទួលបានប្រាក់ខែ ៧៥០ ដុល្លារវិញ រូបគេដេក ដើរ ឈរ អង្គុយកើតទុក្ខទោមនស្ស ក្រៀមក្រំចិត្ត អាក់អន់ចិត្ត តូចចិត្ត ទាល់តែជីវិតរបស់គេស្ទើរតែលែងមានសេចក្ដីសុខ ។ អ្វីដែលគួរឲ្យចម្លែកចិត្ត និងចាប់អារម្មណ៍នោះគឺ គេជាមនុស្សមួយរូបដែលធ្លាប់មានសេចក្ដីសុខបំផុត ក្នុងពេលដែលគេបានប្រាក់ខែ ២លានរៀល (៥០០ ដុល្លារ) នោះឯង សេចក្ដីសុខខ្លាំងបំផុតរបស់គេឥឡូវនេះវាប្រាស់ព្រាត់បាត់ទៅណាអស់ហើយ តើវារលាយបាត់ទៅដូចម្ដេច?

ចម្លើយគឺ សេចក្ដីសុខរបស់គេមិនបានបាត់ទៅណាឡើយ គ្រាន់តែគេត្រូវកម្លាំងប្រាថ្នាឆបោកបញ្ឆោតឲ្យចិត្តគំនិតរបស់គេរត់ប្រសេចប្រសាចទៅទាល់តែភ្លេចខ្លួន ភ្លេចសតិ ភ្លេចសកម្មភាពថា ត្រូវចាត់ការរៀបចំគ្រប់គ្រង និងបង្កើតវិធីគិតដូចម្ដេចទើបបានត្រឹមត្រូវ ព្រោះសេចក្ដីប្រាថ្នានេះរកទីបញ្ចាប់គ្មានទេ ។ មនុស្សគ្រប់រូបនឹងស្លាប់បង់ទៅក្នុងចំណោមសេចក្ដីមិនសមបំណងប្រាថ្នា វៀរលែងតែចេះមានសេចក្ដីសុខជាមួយរឿងដែលខ្លួនឯងមាន ដែលខ្លួនឯងបានប៉ុណ្ណោះ ។ បន្ទាប់ពីនោះ កាលបើសេចក្ដីប្រាថ្នាចង់បានអ្វី ក៏ត្រូវធ្វើតាមទំនងទៅតាមហេតុផលដែលគួរធ្វើ ។ ការស្គាល់វិធីគិត និងហ្វឹកហាត់គំនិតឲ្យបានយ៉ាងនេះ ទុកណាជាមានកម្លាំងសេចក្ដីប្រាថ្នាខ្លាំងប៉ុនណាក៏ដោយ ក៏មិនធ្លាក់ខ្លួនទៅជាទាសៈរបស់កម្លាំងប្រាថ្នាចង់បាននោះដែរ ហើយសេចក្ដីសុខនឹងកើតមានដល់ជីវិតយើងជាក់ជាមិនខាងឡើយ ៕

ប្រែ.គ.វ
រូបភាព៖ Google.com

No comments:

Post a Comment