Thursday, December 21, 2017

រឿង កណ្ដុរកកេរដែក


រឿង កណ្ដុរកកេរដែក

កាលពីព្រេងនាយយូរលង់ណាស់មកហើយ នៅក្នុងនគរមួយ ដែលមិនមែនជានគរស្រុកខ្មែរយើងនេះទេ មានសេដ្ឋីប្តីប្រពន្ធមួយគូ មានកូនប្រុសទោលតែម្នាក់ ប៉ុន្តែជាមនុស្សមិនដើរតាមគន្លងធម៌ មួយថ្ងៃៗ មិនគិតចាប់ការអ្វីធ្វើសោះ ពឺតតែពីចាយវាយទ្រព្យសម្បត្តិ ក្នុងការដើរលេងប៉ោឡែរ ប៉ាវមិត្តភក្តិស៊ីផឹក តែងខ្លួនហ៊ឺហាតាមកាលសម័យនិយមទៅសព្វថ្ងៃៗ កិច្ចការងារអ្វីក៏មិនធ្លាប់គិតធ្វើ ។ កាលបើឪពុកម្ដាយពោលស្ដីថាជេរប្រដៅដាស់តឿនយ៉ាងណា ក៏មិនធ្លាប់យកត្រចៀកស្ដាប់ ដូចជានិយាយប្រាប់ដង្គត់ឈើគ្មានចិត្តគ្មានវិញ្ញាណអ៊ីចឹងដែរ ។
ក្នុងទីបំផុតលោកសេដ្ឋីទាំងពីរនាក់ប្តីប្រពន្ធក៏ក្រៀមក្រំចិត្តស្លាប់ទៅ ប៉ុន្តែមុននឹងខ្លួនស្លាប់ ខ្លួនបានលួចលាក់យកមាសប្រាក់ដាក់ក្នុងពាងពីរ ពាងមួយដាក់មាស ពាងមួយទៀតដាកប្រាក់​រួចកប់ក្នុងដីកុំឲ្យកូនដឹង ហើយអំពើល្អ ដែលខ្លួនធ្លាប់បានធ្វើទុកមកនោះ ដោយអានិសង្សផលបុណ្យកុសល ទើបហុចផលឲ្យសេដ្ឋីទាំងពីរនាក់ប្ដីប្រពន្ធបានទៅកើតជាទេវតាក្នុងឋានសុគតិភព ឃើញទេថា បុគ្គលណាធ្វើល្អក៏បានល្អ នឹងបានកើតក្នុងឋានសួគ៌ាឡីទាំងអស់ ដូចជាសេដ្ឋីទាំងពីរនាក់ប្ដីប្រពន្ធនេះអ៊ីចឹង ។
រីឯកូនសេដ្ឋីកំខ្ជិលអូសគូថនេះវិញ ពេលអត់ពីម្ដាយឪពុកទៅ ក៏រឹងរឹតតែសប្បាយហ៊ឹកហាក់ជាងមុន ព្រោះលែងមានអ្នកណាមកចាំថាជេរស្តីប្រដៅខ្លួន រឹងរឹតតែស្រើបស្រាលស្រៀវស្រើបមិនចេះភ្ញាក់ខ្លួន មួយថ្ងៃៗចេះត្រឹមតែចាយវាយទ្រព្យសម្បត្តិកេរអាករម៉ែឪ ដែលបានបន្សល់ទុកឲ្យ យកទៅស៊ីផឹងលេងយ៉ាងសប្បាយប៉ោឡែរប៉ុណ្ណោះ ។
តែចាយវាយទៅមិនបានយូរប៉ុន្មាន មាសប្រាក់ដែលមានក៏រលាយរលត់អស់ វាមិនអស់ទៅយ៉ាងម៉េចកើត បើមានតែចេញ មិនមានចូល ឬថាចេះត្រឹមតែចាយវាយមួយមុខ ឥតមានមាសប្រាក់រកចូលបន្ថែមសោះ ។ ពេលមាសប្រាក់ទ្រព្យសម្បត្តិអស់ពីខ្លួន មិត្តភក្តិគូកនដែលធ្លាប់ចោមរោមមុខក្រោយសប្បាយស៊ីចាយ ក៏ចាប់ផ្ដើមបាត់មុខទៅម្ដងមួយៗ ។ រឿងនេះជាលក្ខគោលការពិតនៃការសេពគប់របស់មនុស្សអាក្រក់ មិត្តដែលមិនធ្លាប់អូសទាញគ្នាឲ្យទៅក្នុងផ្លូវចំរើន ហើយច្រើនតែក្លាយទៅជាបែបនេះទាំងអស់ ។ ពេលណាយើងជួបនូវផលលំបាកក្ដីវិបត្តិអ្វីណានីមួយកើតឡើង មិត្តដែលប្លមពួកនេះ ក៏នឹងរត់បាត់អស់រលីង ដូចជាកូនសេដ្ឋីដែលខ្លួនលែងមានលុយកាក់ប៉ាវស៊ីផឹក ទើបលែងមានមិត្តស៊ីផឹកមុខណាមករាប់រកខ្លួនទៀតឡើយ ។
មកដល់ថ្ងៃមួយ មិត្តស៊ីផឹកទាំងឡាយទាំងពួង ក៏នាំគ្នាទៅប៉ាវលៀងស៊ីផឹកយ៉ាងគគ្រឹកគគ្រេងដូចសព្វមួយដង ដោយប្រាប់ដល់កូនសេដ្ឋីធ្លាក់ខ្លួនក្រតោកយ៉ាក ដែលឈរធ្វើមុខយ៉ាងកំសត់គួរឲ្យអាណិតថា
“អើ! អាអ្នកធ្លាប់មានអើយ បើសិនគិត និងចង់ទៅស៊ីផឹកលៀងជាមួយពួកខ្ញុំណ៎ា ឲ្យយកទាទៅចូលរួមក្នុងការស៊ីផឹកមួយក្បាលផង បើខ្លួនគ្មានទាទៅជាប់ដៃទេ កុំចេញមុខឲ្យពួកគេឃើញមុខខ្លួនជាដាច់ខាត ។
ពេលបានឮមិត្តភក្ដិខ្លួននិយាយបែបនោះ កូនសេដ្ឋីក៏ចង់ទៅចូលរួមស៊ីផឹងលៀងយ៉ាងខ្លាំង ព្រោះតែខ្លួននឹកឃើញបរិយាកាសចាស់ៗ និងចង់ទៅជួបមិត្តចាស់ៗខ្លះ ព្រោះមួយថ្ងៃៗនៅសង្ងំតែក្នុងផ្ទះ មិនធ្លាប់ចេញទៅខាងក្រៅឡើយ មិត្តភក្តិដែលខ្លួនធ្លាប់រាប់អានស៊ីផឹកក៏មិនធ្លាប់មករកខ្លួន សូម្បីតែម្នាក់ ។
ទុកណាជាខ្លួនគ្មានប្រាក់ក៏ដោយ ក៏ប្រឹងឧស្សាហ៍ទៅស្វះស្វែងរកទាមកបានមួយក្បាល ក៏ចាត់ចែងស្រុសទឹកក្ដៅបោចរោម រួចវេចខ្ចប់ស្លឹកចេកទុកយ៉ាងស្អាត ត្រៀមខ្លួននឹងទៅចូលរួមកម្មវិធីលៀងស៊ីផឹក ។ ពេលដើរមកតាមផ្លូវ ព្រោះតែខ្លួនហត់នឿយ ទើបឈៀងចូលទៅសម្រាកជ្រកក្រោមដើមឈើមួយដើមនៅក្បែរផ្លូវ ហើយក៏ភ្លើភ្លេចខ្លួនដេកលក់បាត់ទៅ (ធម្មតាទៅហើយរបស់មនុស្សកំខ្ជិលច្រអូសទាំងឡាយ) ។
ចៃដន្យអី មានមេក្អែកអត់ឃ្លានមួយក្បាល កំពុងទំនៅលើដើមឈើមួយដើមនោះដែរ ពេលច្រមុះរបស់វាធុំក្លិនសាច់ទាដែលភាយចេញពីក្នុងស្លឹកចេក ដោយក្ដីស្រេកឃ្លានបែបអស់កំសួល និងលែងគិតខ្លាចស្លាប់តទៅទៀត ទើបវាហើរឆាបចុះមកពាំកញ្ចប់ស្លឹកចេកគេចចេញទៅបាត់ ។
កូនសេដ្ឋីភ្ញាក់ពីដេកឡើង ក៏ភ័យស្រឡាំងកាំងដែលមិនឃើញកញ្ចប់ស្លឹកចេកដែលទុកនៅក្បែរខ្លួន ទើបត្រូវចូលរួមកម្មវិធីស៊ីផឹកលៀងដោយដៃទទេ ។ ពេលទៅដល់ផ្ទះមិត្តដែលជាកន្លែងណាត់ស៊ីផឹក ក៏និយាយរៀបរាប់រឿងដែលកើតឡើងឲ្យមិត្តទាំងអស់គ្នាស្ដាប់ ។
តែគួរឲ្យអនិច្ចា! គ្មានមិត្តណាម្នាក់គេជឿសម្ដីរបស់គេទាល់តែសោះ ពួកគេម្នាក់ៗគិតថា គេប្រហែលគ្មានបញ្ញារកទាមកបានឡើយ ក៏ធ្វើជាប្រឌិតរឿងដោះសាយករួចខ្លួន ថែមទាំងមិត្តភក្ដិទាំងអស់នោះ និយាយចំអកចំអន់មើលងាយមើលថោកទំនងជាថា “មិនមានប្រាក់ មិនមានបញ្ញារកទាមកបានហើយ បែរជារកនឹកទៅបន្ទោសសត្វក្អែកទៀត មានមុខមិនចេះខ្មាសគេ ចង់ស៊ីផឹករបស់ហ្វ្រីៗអ៊ីចឹងមែនទេអាអ្នកមានធ្លាក់ខ្លួន មើលមុខមិនចេះខ្មាសគេ ។
កូនសេដ្ឋីបានស្ដាប់ពាក្យសម្តីលេបខាយចំអកចំអន់ដាក់ខ្លួនរបស់មិត្តៗ ដែលធ្លាប់តែស្រឡាញ់រាប់អានរបស់បក្សពួកខ្លួន តែក្នុងថ្ងៃនេះ វាលែងមានទៀតហើយសភាពបែបនោះ គេទាំងឈឺចិត្តទាំងខ្មាស តាមផ្លូវត្រឡប់មកកាន់ទីលំនៅរបស់ខ្លួនវិញ ដើរសម្រក់ទឹកភ្នែកមករហូតព្រោះតែស្អែតចិត្តនឹងសម្ដីទាំងនេះ ។ ពេលមកដល់ផ្ទះហើយគេនៅតែតូចចិត្តក្នុងរឿងទាំងអស់នេះមិនបាត់ ។
គេនៅតែអង្គុយសម្រក់ទឹកភ្នែក យំខ្សឹកខ្សួលរហូត នឹកដល់អនុស្សាក្នុងកាលដែលខ្លួនធ្លាប់មានសប្បាយចាយវាយហឺហាសប្បាយស៊ីផឹក នឹងទៅណាមកណាមានតែមនុស្សចោមរោមពីមុខពីក្រោយ គេខូចចិត្តទាល់ស៊ីលែងចូលដេកលែងលក់បក់លែងល្ហើយទៅ រាងកាយក៏ស្រកស្រុតឆ្គមឆ្គាំងស្លេកស្លាំងចូលដល់ថ្នាក់សន្លប់បាត់មាត់បាត់ក លែងមានសង្ឃឹមថានឹងរស់ហើយ ។
ចំណែកខាងទេវតាម្ដាយឪពុក ពេលឃើញអាការៈរបស់កូនអ៊ីចឹងទៅ ទោះបីជាខ្លួនមានការខឹងសម្បា និងប្ដេជ្ញាចិត្តនឹងប្រដៅឲ្យមានការរៀងចាលខ្លះ តែទ្រាំអត់អាណិតកូនមិនបាន ទាំងពីរនាក់ប្រឹក្សាគ្នា ចុងក្រោយក៏សម្រេចចិត្តចូលទៅពន្យល់សប្តិដល់កូនប្រុសខ្លួនប្រាប់ថា៖
“កូនអើយ ពេលម្ដាយឪនៅរស់ខំព្យាយាមអប់រំដាស់តឿនកើនរំលឹកអ្នកច្រើនណាស់ ក្នុងរឿងការចាយវាយមាសប្រាក់ទ្រព្យសម្បត្តិកុំឲ្យខ្ជីខ្ជារទៅជាមួយរឿងឥតប្រយោជន៍ ស៊ីចាយមិនគិតមុខមិនគិតក្រោយ ដល់ពេលធ្លាក់ខ្លួនក្រព្រឹប អ្នកណាមុខណាហ្ន៎ គេមករាប់អាន យើងនិយាយរឿងពិត គេប្រកាន់ថាជារឿងកុហកបោកប្រាសទៅវិញ ។ សូមកូនភ្ញាក់ខ្លួនឡើង និងកែប្រែខ្លួនជាថ្មី បើសិនកូនទទួលពាក្យសន្យាពុកម៉ែបាន ពុកម៉ែនឹងជួយកូនឲ្យត្រឡប់ទៅជាមានបានវិញម្ដងទៀត” ។
ក្នុងយល់សប្តិនោះឯង កូនសេដ្ឋីក៏ចាប់ផ្ដើមគិតឃើញ ទើបទទួលពាក្យសន្យាជាមួយពុកម៉ែថា រាប់ចាប់ពីពេលនេះតទៅ កូនឈប់ទៅប្រព្រឹត្តអំពើអបាយមុខដូចមុនទៀតហើយ និងតាំងចិត្តមុខមាត់ធ្វើការងាររកស៊ីចិញ្ចឹមជីវិតខ្លួនឲ្យមានគ្រប់គ្រាន់ឡើង ហើយទទួលពាក្យជាមួយទេវតាពុកម៉ែថា មិនឲ្យអ្នកណាមកមើលងាយមើលថោកដល់វង្សត្រកូលតទៅទៀតជាដាច់ខាត ។ ពេលទេវតាពុកម៉ែបានទទួលពាក្យសន្យាពីកូនដូច្នេះ ក៏សប្បាយចិត្តខ្លាំងណាស់ ពេលកូនប្រុសសន្យាថា នឹងកែប្រែខ្លួនធ្វើជាមនុស្សល្អក្នុងសង្គម ទើបបានចូលមកខ្សឹបប្រាប់កន្លែងកប់ពាងមាសពាងប្រាក់ឲ្យ ក្នុងសុបិនយល់សប្តិនោះឯងទៅ ។
ពេលភ្ញាក់ឡើង កូនសេដ្ឋីក៏សប្បាយចិត្តណាស់ ជឿថាទេវតាដែលជាម្ដាយឪពុកខ្លួនមកជួយប្រាកដមែនហើយ ម្លោះហើយក៏ប្រញាប់ស្ទុះស្ទាម្នីម្នាស្រវារកចប ទៅកាប់គាស់កកាយដីរកកំណប់ទ្រព្យពាងមាសពាងប្រាក់ ក៏បានជួបប្រទះឃើញវាតាមសុបិនយល់សប្តិមែនៗ ទើបនាំយកមាសប្រាក់ក្នុងពាងនោះចេញ មកធ្វើការរកស៊ីលក់ដូរជួញប្រែ តាំងមុខតាំងមាត់ខិតខំធ្វើការងាររកស៊ីមិនយូរប៉ុន្មាន គេក៏ត្រឡប់ក្លាយជាអ្នកមានបានស្ដុកស្ដម្ភឡើងវិញម្ដងទៀត ។
ពួកមិត្តភក្ដិស៊ីផឹកទាំងឡាយ ដែលធ្លាប់គេចបាត់មុខ ក៏ចាប់ផ្ដើមចូលមករកបន្ថែមឡើងរាល់ៗថ្ងៃ ប៉ុន្តែកូនសេដ្ឋីនៅចងចាំថ្ងៃដែលមិត្តភក្តិចំអកចំអន់មើលងាយមើលថោក មិនធ្លាប់មានថ្ងៃបំភ្លេចបាន និងគិតរកចង់ប្រដៅអប់រំមិត្តប្លមទាំងអស់នេះបានម្ដង ។
ថ្ងៃមួយកូនសេដ្ឋីមានឱកាសល្អ ទើបបបួលមិត្តមកស៊ីផឹកលៀងគ្នាម្ដងទៀត ដូចកាលដែលខ្លួនធ្លាប់បានធ្វើពីមុន ។ គ្រានេះគេសម្រិតសម្រាំងជ្រើសរើសជាពិសេស មិត្តដែលគិតតែពីស៊ីផឹក មិនគិតពីការរីកចម្រើន ។ មិត្តប្លមទាំងអស់នោះ កាលបើបានទទួលពាក្យអញ្ជើញ ដូចជាឋានសួគ៌ប្រោសប្រទានឲ្យ ម្នាក់ៗនាំគ្នាគិតថា មាត់មានលាភធំហើយម្ដងនេះ ។
ក្នុងថ្ងៃកម្មវិធីមកដល់ ទើបម្នាក់ៗនាំគ្នាមកព្រមមុខព្រមមាត់គ្នា ខណៈដែលកំពុងស៊ីផឹកប្រព្រឹត្តទៅយ៉ាងគ្រឹកគ្រេងសប្បាយក្អាកក្អាយគ្រប់គ្នាៗនោះ កូនសេដ្ឋីបាននាំយកកាំបិតប៉ាំងតោមួយ ឲ្យមិត្តៗមើលបណ្ដើរ និយាយសំឡេងខ្លាំងៗ ឲ្យគ្រប់គ្នាបានឮបណ្ដើរថា៖......


សូមរង់ចាំចុចអានបន្ត


No comments:

Post a Comment